អានតួអត្ថបទ
ស៊ីរី​

ទស្សនកិច្ច​បេសកជន​អង្គការ​សហប្រជាជាតិ​ Lakhdar Brahimi ​នៅ​ស៊ីរី​

លោក​​​ Lakhdar Brahimi បេសកជន​អង្គការ​សហប្រជាជាតិ ទទួលបន្ទុក​សំណុំរឿង​​ស៊ីរី បានចុះ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ដាម៉ាស ប្រទេស​ស៊ីរី​ នៅ​ថ្ងៃ​ចន្ទ​នេះ ក្នុង​ក្របខណ្ឌ​ទស្សនកិច្ច​ក្នុង​តំបន់ ដើម្បី​ត្រៀម​រៀបចំ​​សន្និសីទ​​អន្តរជាតិ​ក្រុងហ្សឺណែវលើកទី២​​​ ស្វែង​រក​ដំណោះស្រាយ​សន្តិភាព​សំរាប់​ស៊ីរី។ នេះ​ជាលើកទីមួយ​ហើយ ដែល​បេសកជន​ ប្រាហ៊ីមី ចុះ​ទៅ​ប្រទេស​ស៊ីរី​ តាំង​ពី​ចុងឆ្នាំ​២០១២មក។

លោក Lakhdar Brahimi បេសកជន​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​កិច្ចការ​ស៊ីរី
លោក Lakhdar Brahimi បេសកជន​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​កិច្ចការ​ស៊ីរី REUTERS/Denis Balibouse
ផ្សាយពាណិជ្ជកម្ម

ទិសដៅ​នៃ​បេសកកម្ម​របស់​​បេសកជន​អង្គការ​សហប្រជាជាតិ ឡាក់ដារ ប្រាហ៊ីមី​ នៅ​ក្រុងដាម៉ាស ប្រទេស​ស៊ីរី នៅថ្ងៃ​ចន្ទ​​​នេះ គឺ​ដើម្បី​ត្រៀម​រៀបចំ​សន្និសីទ​អន្តរជាតិ​ក្រុងហ្សឺណែវ​លើកទី២​ ស្វែង​រក​ដំណោះស្រាយ​សន្តិភាព​សម្រាប់ស៊ីរី។ លោកឡាក់ដារ​ ប្រាហ៊ីមី អាយុ ៧៩ឆ្នាំ ត្រូវ​បាន​​អង្គការ​សហប្រជាជាតិ​តែងតាំង​​ជាអ្នកទទួលខុសត្រូវ​កិច្ចការ​នៅស៊ីរី កាលពី​ខែ​កញ្ញា​ឆ្នាំ​២០១២។ ក្រៅពី​ស៊ីរី លោក​ក៏ត្រូវ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​តួកគី និង​នៅ​អ៊ីរ៉ង់ផងដែរ ក្នុង​ក្របខណ្ឌ​នៃ​សន្និសីទ​ក្រុងហ្សឺណែវ​នេះ។​

លោក​ប្រាហ៊ីមី ធ្លាប់​បាន​អំពាវនាវ​អោយ​មាន​ការ​ផ្លាស់ប្តូរ​ពិតប្រាកដ​មួយ​នៅស៊ីរី ហើយ​ក៏ធ្លាប់​ចង់​​អោយ​មាន​រដ្ឋាភិបាល​បណ្តោះអាសន្ន​ប្រកប​ដោយ​អំណាច​ពេញលេញ​ នៅ​ស៊ីរី​ផងដែរ។ កន្លងមក សារព័ត៌មាន​ស៊ីរី​ឈ្មោះ​ al-Watan ដែល​ជិតដិត​នឹង​រដ្ឋាភិបាល​លោកអាសាដ ធ្លាប់​បានចុះផ្សាយ​ថា ដោយសារ​តែ​លោក​ប្រាហ៊ីមី​ចង់ដឹង​ពី​ព័ត៌មាន​ទាក់ទង​បេក្ខភាព​ប្រធានាធិបតី​ស៊ីរី​ឆ្នាំ​២០១៤ លោកអាសាដ​បាន​ផ្តាច់​​ការចរចា​ជាមួយ​លោកប្រាហ៊ីមី។

នៅ​ក្រុងដាម៉ាស នៅថ្ងៃ​ចន្ទនេះ លោក​ប្រាហ៊ីមី ​មាន​បេសកកម្ម​​​ជំរុញ​​រដ្ឋាភិបាល​លោក​អាសាដ និង​ក្រុមឧទ្ទាម​ស៊ីរី អោយ​ចូល​រួមសន្និសីទ​ក្រុងហ្សឺណែវ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ខែវិច្ឆិកា​​ខាងមុខ​នេះ។ គួររំលឹកថា កន្លងមក​ ក្រុមឧទ្ទាម​ស៊ីរី​​​ដែល​បានធ្វើការ​ប្រយុទ្ធ​​ប្រឆាំង​រដ្ឋាភិបាល​លោកអាសាដ បាន​​ជំទាស់​នឹង​សន្និសីទ​នេះ។ សម្ព័ន្ធប្រឆាំង​ស៊ីរី​​ដែល​មាន​ការ​ជួយជ្រោមជ្រែង​ពី​ក្រុមឧទ្ទាម​នោះ ធ្លាប់​បាន​ប្រាប់​រួចមកហើយ​ថាខ្លួន​មិន​ចូលរួមសន្និសីទ​ក្រុងហ្សឺណែវ​ នៅ​ពេល​ខាងមុខ​នោះទេ។

​កាលពី​ថ្ងៃសៅរ៍​​កន្លងទៅ​ ក្រុម​ឧទ្ទាម​ស៊ីរី​​សំខាន់ៗ​ចំនួន​១៩ ​បានធ្វើការ​គំរាម​ រាល់​បណ្តា​ជន​​ដែល​នឹង​ទៅ​ចូលរួម​សន្និសីទ។ ការចូលរួម​សន្និសីទ​ក្រុងហ្សឺណៃវ​ ជាបញ្ហា​ដែល​ធ្វើ​អោយ​ក្រុមឧទ្ទាម​ស៊ីរី​​បែកបាក់គ្នា។ ក្រុមឧទ្ទាម​ស៊ីរី​នឹង​ជួបជុំគ្នា​ នៅ​ប្រទេស​តួកគី នៅថ្ងៃ​១៩​វិច្ឆិកា​នេះ។ ពួកគេ​ទាមទារ​អោយ​សន្និសីទ​ក្រុងហ្សឺណែវ​នេះសំរេច​ចេញអោយបាន​​ថា​ ប្រធានាធិបតីអាសាដ​ ត្រូវ​តែ​ចុះចេញ​ពីតំណែង។

ការគំរាម​អ្នកចូលរួម​សន្និសីទ​ក្រុងហ្សឺណែវ​ពី​សំណាក់​ក្រុមឧទ្ទាម​ បាន​ធ្វើអោយ​រុស្ស៊ី​មាន​ការ​ព្រួយបារម្ភ។ ប្រមុខការទូត​រុស្ស៊ី ស៊ែរហ្កី ឡាវ្រ៉ូវ បាន​បញ្ចេញប្រតិកម្ម​ថា មិន​អាច​ទទួលយក​ការគំរាម​នេះ​បានឡើយ ហើយ​អ្នក​ដែល​បាន​ជួយ​ឧបត្ថម្ភ​និង​ផ្តល់អាវុធ​អោយ​ក្រុមប្រឆាំង​ស៊ីរី គឺ​ជា​អ្នក​ដែល​ត្រូវ​ទទួល​ខុសត្រូវ​​ក្នុង​បញ្ហា​គំរាម​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ