អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លីបង់៖ នាយករដ្ឋមន្រ្តីថ្មី ជា​អតីតរដ្ឋមន្រ្តីអប់រំ​ ​​ដែលត្រូវ​រៀបចំបង្កើតរដ្ឋាភិបាល ក្នុង​ប្រទេសកំពុង​ជាប់គាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពី​​យប់​ថ្ងៃ​ព្រហស្បតិ៍​ ទី​១៩ធ្នូ ប្រធានាធិបតីលីបង់ បាន​ចាត់តាំងអតីតរដ្ឋមន្រ្តីអប់រំ ដែលគាំទ្រដោយក្រុមស៊្ហីអ៊ីត ឱ្យ​ធ្វើជានាយករដ្ឋមន្រ្តីថ្មី រៀបចំបង្កើតគណៈ​រដ្ឋមន្ត្រី​និង​រដ្ឋាភិបាលថ្មី ដើម្បីបិទ​បញ្ចប់វិបត្តិនយោបាយនិងសេដ្ឋកិច្ច ដែលបាន​និង​កំពុងជាប់គាំងខ្លាំង ប្រមាណ​ជិត​២ខែមកហើយ​ នៅលីបង់​​។ គួររម្លឹកថា ពលរដ្ឋលីបង់​ បាន​ងើបបះបោល ធ្វើ​បាតុកម្មទូទាំង​ប្រទេស​ប្រឆាំងរដ្ឋាភិបាល ដោយចោទថា រដ្ឋអំណាចពុករលួយស៊ីរូង និងគ្មានសមត្ថភាពដឹកនាំប្រទេស។​នាយករដ្ឋមន្ត្រី​​លីបង់​ថ្មី លោក​ ហាស់សាន ឌីយ៉ាប (Hassan Diab) ជាអតីតរដ្ឋមន្រ្តីអប់រំ និង​ជា​សាស្ត្រាចារ្យ​មហាវិទ្យាល័យ ប៉ុន្តែ​​​គេ​មិន​សូវ​ស្គាល់​រូប​លោក​ច្រើននៅ​​ទេ នៅ​ក្នុង​​ពិភព​នយោបាយ​។ រូប​លោក ហាស់សាន ឌីយ៉ាប ខ្លួន​ឯង​ក៏បានទទួល​ស្គាល់​ចំណុច​នេះដែរ​ និង​បាន​​ប្រកាសដោយ​ខ្លួន​ថា​​ ​ គឺរូប​លោក​ជា«អ្នក​បច្ចេកទេស​»ច្រើន​ជាង«​អ្ន​ក​នយោបាយ» ហើយ​លោកយល់ឃើញ​ថា តួនាទី​ថ្មី​របស់​ខ្លួន​​នឹង​ជួយ​សម្រន់ ឬ​​រំងាប់​​ភាព​តាន​តឹង​នយោបាយ​និង​សេដ្ឋកិច្ច ហើយស្រុក​ទេស​​ចាប់​ផ្តើម​ស្តារ​សេដ្ឋកិច្ច​ជាតិ​ឡើងវិញ​។ ក៏ប៉ុន្តែ កិច្ចការ​នេះ​ ពុំ​មែន​ជារឿង​ងាយ​ស្រួល​ឡើយ ព្រោះ​ក្រុម​ស៊ុននីតនិង​បាតុករ​ប្រឆាំង បាន​សម្តែង​ការ​មិនគាំទ្រ និង​បាន​ផ្តើម​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​នាយករដ្ឋមន្ត្រី​ថ្មី នៅ​ថ្ងៃ​សុក្រ​ទី​២០ធ្នូ​​។ ដូច្នេះ តើ​ស្ថានការណ៍​លីបង់នឹង​​ទៅ​ជាយ៉ាងណា?

នាយករដ្ឋមន្ត្រី​​លីបង់​ថ្មី បណ្ឌិត​​ ហាស់សាន ឌីយ៉ាប (Hassan Diab) ជាអតីតរដ្ឋមន្រ្តីអប់រំ និង​ជា​សាស្ត្រាចារ្យ​មហាវិទ្យាល័យ​ដែល​តាំងខ្លួន​ឯង​ជាអ្នក​បច្ចេកទេស​។​
នាយករដ្ឋមន្ត្រី​​លីបង់​ថ្មី បណ្ឌិត​​ ហាស់សាន ឌីយ៉ាប (Hassan Diab) ជាអតីតរដ្ឋមន្រ្តីអប់រំ និង​ជា​សាស្ត្រាចារ្យ​មហាវិទ្យាល័យ​ដែល​តាំងខ្លួន​ឯង​ជាអ្នក​បច្ចេកទេស​។​ REUTERS/Mohamed Azakir
ផ្សាយពាណិជ្ជកម្ម

នាយករដ្ឋមន្ត្រី​ថ្មី ហាស់សាន ឌីយ៉ាប ជានរណា? មានប្រវត្តិនយោបាយដូចម្តេចខ្លះ​?

លោក ហាស់សាន ឌីយ៉ាប (Hassan Diab) តាំងខ្លួន​ឯង​ថា​អ្នក​បច្ចេកទេស គឺ​ច្រើន​តែ​នៅ​ពី​ក្រោយ​ខ្នង​អ្ន​កនយោបាយ។ លោក​ធ្លាប់​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ នៅឆ្នាំ​២០១១-២០១៤។ ពី​​កាលនោះ លោករដ្ឋមន្ត្រី បាន​ធ្វើ​កំណែទម្រង់ក្នុង​​វិស័យ​សិក្សា​ធិការ​ជាតិ បាន​យ៉ាង​ច្រើន។ ជាហេតុធ្វើ​ឱ្យ​មជ្ឈដ្ឋាន​អ្ន​ករៀន​សូត្រ គោរព​ស្រឡាញ់​ចូលចិត្ត​រូប​លោក ប៉ុន្តែ​​មជ្ឈដ្ឋាន​សាធារណៈ​ទូទៅ​វិញ មិន​សូវ​ស្គាល់​នោះ​ទេ។ តាម​ពិត​ទៅ លោក ហាស់សាន ឌីយ៉ាប មាន​អាយុ​៦០​ ជា​សាស្ត្រាចារ្យ​សកលវិទ្យាល័យ​ និង​ជា​វិស្វករ​​ព័ត៌មាន​វិទ្យា។ កាលពីឆ្នាំ​១៩៨៥ ​​​ បញ្ញវន្ត​លីបង់​​រូបនេះ​ ​បា​នរៀន​ចប់​និង​ទទួល​សញ្ញា​បត្រ​កម្រិត​​បណ្ឌិត​ខាងប្រព័ន្ធ​ព័ត៌មាន​វិទ្យា​​ ពីសកលវិទ្យាល័យ​ Bath ​ប្រទេស​អង់គ្លេស​។

នៅ​ពេល​ដែល​បា​នទទួល​ដំណឹង​​ពីការ​តែង​តាំង​រូប​លោក ឱ្យ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​របស់​លីបង់ លោក ហាស់សាន ឌីយ៉ាប បាន​ប្រកាស​តាម​បណ្តាញសង្គម​ធ្វីតធ័រ​របស់​លោក ថា ​រូប​លោក​គឺ​ជាអ្នក​បច្ចេសទេសទី១ក្នុង​ប្រវត្តិ​សាស្ត្រ​លីបង់​ ដែល​បាន​ត្រូវ​ចាត់​តាំង​ឱ្យ​ដឹងនាំ​គណៈ​រដ្ឋមន្ត្រី គិត​ចាប់​តាំង​ពី​ប្រទេស​លី​បង់ បាន​បញ្ចប់​សង្គ្រាម​ស៊ីវិល នៅឆ្នាំ​១៩៩០ មក។ គឺ​ជិត​៣០ឆ្នាំហើយ។​ នៅ​យប់​ថ្ងៃព្រហស្បតិ៍ទី​១៩ធ្នូ ពេល​ទទួល​ការ​ផ្តល់​ទំនុក​ចិត្ត​ពី​សភា និង​ក្រោយ​ជួប​ជជែក​ជាមួយ​ប្រធានាធិបតី​លីបង់​រួច​មក, លោកនាយករដ្ឋមន្ត្រីថ្មី ហាស់សាន ឌីយ៉ាប បាន​ប្រកាស​បន្ថែមថា «លោក​គឺ​ជាបុគ្គលឯករាជ្យ គ្មាន​ជាប់​បក្ស​នយោបាយ​ណាមួយ ហើយ​លោក​រំពឹង​ថា កំហឹងបាតុកម្ម​របស់​​ប្រជាពលរដ្ឋ​ បា​នទទួល​លទ្ធ​ផល​ហើយ​។ ប្រទេស​ជាតិ​នឹង​ងើប​ចេញ​ពី​វិបត្តិ។ ស្រុក​ទេស​នឹង​វិល​ត្រឡប់​មក​ដើរ​ផ្លូវ​ត្រូវ​វិញ»។​ លោក​ក៏​ជឿជាក់ទៀត​ថា «វិបត្តិ​សង្គម នយោបាយ និង​សេដ្ឋកិច្ច នឹងត្រូវ​បាន​ដោះស្រាយ ហើយ​ឈាន​ទៅ​កំណែទម្រង់​ជឿន​លឿន កាត់​បន្ថយ​បញ្ហា​អត់ការងារធ្វើ និង​ពង្រឹង​វិស័យ​អប់រំឱ្យ​មាន​គុណភាព​ ​ជាដើម»​។

ក្តី​សង្ឃឹម​និងការ​រំពឹងទុក​របស់​លោកនាយករដ្ឋមន្ត្រីថ្មី​ ដូច​ជា​ច្រើន​ពេក​ហើយ​។ ក្នុង​ដំណាក់​កាល​នេះ ការរៀបចំគណៈរដ្ឋមន្ត្រីជាការលំបាកណាស់​និងប្រឈមខ្លាំង។ ប្រទេស​ជាតិ​លីបង់ ក៏​មាន​ការ​មិន​យល់​ស្រប​គ្នា​ជាច្រើន​នៅ​លើ​ផ្លូវ​សាសនា​។ 

រឿង​លំបាក​សម្រាប់​លោក​នាយករដ្ឋមន្ត្រីថ្មី​ គឺ​ពិត​ជា​​ខ្លាំង​ ចាប់ពី​ពេ​លនេះតទៅ។ ជាក់​ស្តែ​ង ក្រោយ​ពី​សម្រេច​តែង​តាំង​រូប​លោកឱ្យ​រៀបចំ​រដ្ឋាភិបាល​​ភ្លាម, ក្រុម​អ្នក​កាន់​សាសនា​អ៊ីស្លាម​និកាយស៊ុននីត មិន​ពេញ​ចិត្ត​សោះឡើយ ហើយ​អតីត​នាយករដ្ឋមន្ត្រី​លីបង់ លោក Saad Hariri និង​ក្រុម​សមាជិក​សភា មកពី​បក្ស​របស់​លោក​អតីត​នាយករដ្ឋមន្ត្រី គឺ​មិនគាំទ្រ​បេក្ខភាព​នាយករដ្ឋមន្ត្រីថ្មី​​នោះឡើយ​។

គួរ​បញ្ជាក់ថា កា​របោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​នៅ​សភា​លីបង់​ គឺ​មាន​សំឡេង​៦៩​សំឡេង​គាំទ្រ គឺ​ច្រើន​ជាង​សំឡេង​៥០ភាគរយ​តែប៉ុន្មាន​បួន​ប្រាំង​សំឡេងតែប៉ុណ្ណោះ​ ក្នុង​ចំណោម​អាសនៈ​សភា​១២៨​។ នៅក្នុង​នោះ មាន​ក្រុម​សមាជិក​សភា​មកពី​បក្ស​ផ្សេង​ៗ​និងមកពី​គណ​​បក្ស​និយម​និកាយ​សាសនា​ស៊ុននីន ចំនួន​ជិត​៤០នាក់ មិន​បោះឆ្នោត​​ផ្តល់​ក្តីទុក​ចិត្ត​នោះទេ។ គឺមាន​តែតំណាងរាស្ត្រ​និកាយ​សាសនា​ស៊ុននីត៦នាក់​ប៉ុណ្ណោះ ដែល​​បន្ទន់​ឥរិយាបថគាំទ្រ​បេក្ខភាព​នាយករដ្ឋមន្ត្រីថ្មី។ ដូច្នេះ ចំពោះ​ក្រុម​អ្នក​ប្រឆាំង ពិសេស​ក្រុម​អ្នកអ៊ីស្លាម​​​និកាយ​សាសនា​ស៊ុននីត បាន​ប្រតិកម្មធ្វើ​បាតុកម្ម​​ប្រឆាំង នៅ​ថ្ងៃសុក្រ​ទី​២០ធ្នូ និងសម្តែង​ការ​មិន​ពេញចិត្ត​​ថា «នាយកមន្ត្រីថ្មី មិនមែន​ជា​ប្រមុខរដ្ឋាភិបាល​សម្រាប់​ទាំងអស់​គ្នា​នោះឡើយ»។

នៅលើ​ទិដ្ឋភាព​នយោបាយ​ទៅថ្ងៃ​ខាងមុខ​! អ្នក​វិភាគ​ស្ថានការណ៍​លីបង់ គេយល់​ថា ទម្ងន់​នយោបាយ​ពី​អាច​នឹង​ផ្អៀង​ទៅលើរក​ខាង​ក្រុម​និកាយស្ហ៊ីអ៊ីត និងគ្រិ​ស្តសាសនា ហេសបូឡា​។ ​ផ្ទុយ​ខុស​ពី​​កាល​ពីរដ្ឋាភិបាល​មុន ​គឺ​មាន​ការ​បែក​ចែក​អំណាច​សាសនា​ច្រើន ពោល​គឺអំណាច​ប្រធានាធិបតី ទៅ​ខាង​ក្រុម​និយកាស្ហ៊ីអ៊ីត ប្រធាន​សភា ខាងគ្រិ​ស្តសាសនា ហេសបូឡា​ ហើយ​រដ្ឋាភិបាល គឺ ខាងស៊ុននីត។ ពេ​លនេះ ចំពោះក្រសែភ្នែក​អ្នក​វិភាគនយោបា​លីបង់ គឺ​រដ្ឋាភិបាល​លីបង់​នាពេល​អនាគត អាច​ទំនោរ​ខាង​ ហេសបូឡា ច្រើ​នជាង បើ​ទោះបី​ជា ​នាយករដ្ឋមន្ត្រីថ្មី ប្រកាស​ខ្លួន​ឯង​ថា​ជា​មនុស្ស​ឯករាជ្យ មិន​ចំណុះ​នឹង​បក្ស​ខាង​ណា​ក្តី។

ប្រសិន​ពលរដ្ឋ​និងអ្នក​នយោបាយ​លីបង់ ​មិនព្រមស្រុះ​ស្រួលគ្នា​​​ងើប​ចេញ​ពី​វិបត្តិ​នោះទេ​ គឺ​ប្រទេសជាតិ​កាន់តែ​ផុង​ខ្លួន​កាន់តែជ្រៅ ធ្ងន់ធ្ងរ​ទៅ​ៗ ជា​មិន​ខាន​។ ពី​ព្រោះថា ពេលនេះ លីបង់ បាន​ជំពាក់​បំណុល​សាធារណៈ​ ដល់ទៅជាង​១៥០ភាគរយ​ទៅហើយ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប។

រឿង​បំណុល​សាធារណៈ​ដ៏​សន្ធឹក​នេះហើយ ដែល​អ្ន​កសេដ្ឋកិច្ច​បារម្ភ។ ប្រជាជន​លីបង់ មា​នប្រមាណ​ជា​ជិត​៧លាន​នាក់ ប៉ុន្តែ​ពលរដ្ឋ​ចំនួនមួយ​ភាគ​បី កំពុងតែ​រស់​នៅ​ក្រោម​បន្ទាត់​​នៃភាព​ក្រីក្រ។​​ ធនាគារ​ពិភព​លោក​ បង្ហាញ​​ថា សេដ្ឋកិច្ច​លីបង់ ​កំពុង​ដក​ក្រោម​សូន្យ​ គឺ​ ០,២ភាគរយ​ទៅ​ហើយ​ សម្រាប់​ឆ្នាំ​២០១៩​ ហើយ​​​មជ្ឈដ្ឋាន​សហគម​អន្តរជាតិ ក៏​បាន​ក្រើន​រំលឹក​លីបង់​ដែរ ចំពោះ​បញ្ហា​វិបត្តិ​សេដ្ឋកិច្ច​នេះ​។ កាលពី​សប្តាហ៍​កន្លងទៅ  ប្រទេស​សំខាន់ៗ​នៃ​សហគម​អន្តរជាតិ បាន​ជួយ​ខ្នះខ្នែង​គិត​គូរ​ដល់​លីបង់ ដោយ​បាន​ប្រមូល​ផ្តុំ​ជុំ​គ្នា​នៅ​ក្រុង​ប៉ារី​ស​ប្រទេស​បារាំង​ ដើម្បី​ជួយ​រក​មធ្យោបាយ​ដោះស្រាយ​ឱ្យ​លីបង់។ សហគម​អន្តរជាតិ បាន​ជំរុញ​ឱ្យ​លីបង់​បញ្ចប់​វិបត្តិ​សង្គម​និង​នយោបាយ​ដែល​ជាប់​គាំង​ ចំនួន​២ខែ​មកនេះ​ ដោយ​ត្រូវ​សម្រន់​បង្អន់​កំហឹង​ពលរដ្ឋ​ ហើយត្រូវ​​ស្តារ​ប្រទេស​ឡើងវិញ តាមរយៈ​កម្ចី​​អន្តរជាតិ ពី​អង្គការ​រូបិវត្ថុ​អន្តរជាតិ​ ជាដើម​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ