អានតួអត្ថបទ
លីបង់

ជនដៃដល់​ភេវកម្ម​លីបង់៖​ ក្រុម​និកាយ​ស៊ុននីត​ដែល​ពាក់ព័ន្ធ​អាល់កៃដា​ ​ក្រុម​អេស្បូឡា​ ​រឺ​ក៏​​លោក​អាសាដ?​

យោងតាម​ទាហាន​លីបង់ អំពើ​ភេរវកម្ម​ពីរ​ផ្ទួនគ្នា​ ​​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ម្សិលមិញ​​ នៅ​ក្រុងទ្រីប៉ូលី​ ប្រទេស​លីបង់​ គឺ​ជា​ស្នាដៃ​របស់​​ក្រុម​ភេរវជន​និកាយស៊ុននីត​ដែល​ជាប់ពាក់ព័ន្ធ​នឹង​ក្រុមអាល់កៃដា។ ផ្ទុយទៅវិញ ក្រុម​ឧទ្ទាម​អាល់កៃដា នៅ​តំបន់​ម៉ាហ្ក្រេប​ បាន​ចោទ​ទៅក្រុម​អេស្បូឡា​ថា ជាអ្នក​បង្កអំពើ​ភេរវកម្ម​ទាំងពីរ​នេះ។ រីឯ​បក្ស​ប្រឆាំង​ស៊ីរី​​វិញ បាន​​ចោទ​​ប្រធានាធិបតី​ស៊ីរី​អាសាដ​តែម្តង​ ថា​​នៅ​ពីក្រោយ​ខ្នង​អំពើភេរវកម្ម​ទាំងពីរ។ មាន​មនុស្ស​យ៉ាង​ហោច​៤២​​នាក់​បាន​​ស្លាប់​ និង​រាប់​រយ​នាក់​ទៀត​រងរបួស ដោយ​ការ​បំផ្ទុះ​រថយន្ត​ពីរ​ផ្ទួន​គ្នា​ កាលពី​ម្សិលមិញ​ នៅ​​​​លីបង់។ ​​​អង្គការ​សហប្រជាជាតិ​ និង​បណ្តា​ប្រទេស​ជាច្រើន​ ​ថ្កោលទោស​អំពើ​ភេរវកម្ម​​​នេះ​ យ៉ាង​ខ្លាំងក្លា។​​

ភេរវកម្ម​បំផ្ទុះ​រថយន្ត​ផ្ទួនគ្នា​ នៅ​ក្រុង​ទ្រីប៉ូលី កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​៤២នាក់។
ភេរវកម្ម​បំផ្ទុះ​រថយន្ត​ផ្ទួនគ្នា​ នៅ​ក្រុង​ទ្រីប៉ូលី កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​៤២នាក់។ REUTERS/Mohamed Azakir
ផ្សាយពាណិជ្ជកម្ម

ទាហាន​លីបង់​គិតថា ក្រុម​អ៊ីស្លាម​ជ្រុលនិយម​និកាយ​ស៊ុននីត​ ដែល​ជាប់​ពាន់ព័ន្ធ​ក្រុម​ឧទ្ទាម​អាល់កៃដា គឺ​ជា​ដើមហេតុ​នៃ​ភេរវកម្ម​បំផ្ទុះ​រថយន្ត​ពីរ​ផ្ទួន​គ្នា ដែល​បាន​កើតឡើង​ កាលពី​ម្សិលមិញ នៅ​ក្រុងទ្រីប៉ូលី។

ផ្ទុយទៅវិញ ក្រុម​អាល់កៃដា នៅ​តំបន់​ម៉ាហ្កេ្រប​ បាន​ចោទ​ក្រុម​អេស្បូឡា​​នៅលីបង់ ថា​ជាក្រុម​ដៃដល់នៃ​អំពើភេរវកម្ម ហើយ​បាន​គំរាម​ថា ខ្លួន​នឹង​សងសឹក​ក្រុម​នេះ​វិញ។ ដោយឡែក ​បក្ស​ប្រឆាំង​ស៊ីរី​បាន​​​ទំលាក់​ការ​ចោទប្រកាន់​នេះទៅ​លើ​ប្រធានាធិបតី​ស៊ីរី បាសារ អាល់អាសាដ វិញ។ យោងតាម​បក្ស​ប្រឆាំង​ស៊ីរី​ លោកអាសាដ​ជា​អ្នក​នៅពីក្រោយខ្នង​អំពើភេរវកម្ម​ទាំងពីរ រួម​ទាំង​អំពើ​ភេរវកម្ម​​ដែល​បាន​កើតឡើង​​នាពេល​ថ្មីៗ​នេះ នៅ​ទីក្រុង​បីរូដ ប្រទេស​លីបង់​ ផងដែរ។

នៅ​ថ្ងៃ​សៅរ៍​នេះ ទាហាន​លីបង់​​បាន​នាំគ្នា​ដើរ​ល្បាត​ នៅតាម​ក្រុង​​ទ្រីប៉ូលី។ នៅទីនោះ​ សំបូរ​​អ្នកកាន់​សាសនា​អ៊ីស្លាម​និកាយ​ស៊ុននីត​រស់នៅ។ ទាហាន​លីបង់​បាន​ប្រាប់​ថា ក្រុមខ្លួន​នឹង​ធ្វើសង្គ្រាម​យ៉ាងពេញ​ទំហឹង ​ដើម្បី​ប្រយុទ្ធ​អំពើ​ភេរវកម្ម​​​​ក្នុង​ប្រទេស។ ​

អំពើ​ភេរវកម្មទាំងពីរ ​នៅលីបង់ ត្រូវ​បាន​ប្រទេស​ទាំង​១៥​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​​​អង្គការ​សហប្រជាជាតិ ​និង​​​ប្រទេស​ជាច្រើនទៀត​ថ្កោលទោស​យ៉ាង​ខ្លាំងក្លា។ អង្គការ​សហប្រជាជាតិ​​បាន​គូស​បញ្ជាក់​ពី​ភាព​ចាំបាច់​ ក្នុង​ការ​នាំ​ខ្លួន​ជនដៃដល់​ទៅកាន់​តុលាការ។ ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប បាន​អំពាវនាវ​អោយ​ប្រជាជន​លីបង់​​អត់ធ្មត់ និង​ចាប់ដៃរួបរួម​​គ្នា​​ ដើម្បី​​ទប់ស្កាត់​រាល់​ការប៉ុនប៉ង​បង្ក​​ចលាចល​នៅលីបង់។

ដោយឡែក អង្គការ​សហប្រជាជាតិ​​​បាន​រំលឹកឡើងវិញ​ដល់​គ្រប់​បក្ស​នយោបាយ​លីបង់​ ​អោយ​ចៀសវាង​លូកដៃ​ចូល​ក្នុង​វិបត្តិ​ប្រទេស​ស៊ីរី។ ប្រធានាធិបតី​បារាំង​ ហ្វ្រង់ស៊័រ​ ហូឡង់ បាន​​​លើកឡើង​សារ​ជាថ្មី​ ពី​ការគាំទ្រ​របស់​បារាំង​​ដល់​រដ្ឋាភិបាល​លីបង់​​ដើម្បី​ជួយលីបង់​អោយ​ចៀសផុតពី​ផលវិបាក​បង្កឡើង​ដោយ​វិបត្តិសង្គ្រាម​​​ស៊ីរី។

អាមេរិក​បាន​ជំរុញ​អោយ​គ្រប់​ភាគី​នៅលីបង់​​​អត់ធ្មត់​ និង​ធ្វើយ៉ាងណា​​ចៀស​ពី​សកម្មភាព​​ដែល​អាច​បង្ក​ជា​អំពើ​ហិង្សា ​​​និង​ការ​សងសឹក​ដដែល​ជាដដែល។

ប្រទេស​អ៊ីរ៉ង់​​ដែល​គាំទ្រ​រដ្ឋាភិបាល​ស៊ីរី និង​ក្រុមនិកាយ​ស៊ីអ៊ីតអេស្បូឡា​​​នោះ ក៏​បាន​ចេញមុខ​ថ្កោលទោស​អំពើ​ភេរវកម្ម​នៅលីបង់​ផងដែរ។ អ៊ីរ៉ង់​បាន​បរិហារបណ្តា​ក្រុម​​និកាយជ្រុលនិយម​​ស៊ុននីត ដែល​មាន​ឈ្មោះថា តាក់ហ្វ៊ីរី ថា​ជា​អ្នក​​​បង្ក​ការ​បែកបាក់​​​ជាតិ​លីបង់ និង​បំផ្លាញសុខ​​​សន្តិភាព​ដែលកសាង​ឡើងរួមគ្នា​ដោយ​​​សហគមន៍​ស៊ុននីត និង​ស៊ីអ៊ីត នៅលីបង់​​​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ