អានតួអត្ថបទ

បារាំង​បើក​ការប្រជុំ​អន្តរជាតិ​បន្ទាន់ ដើម្បី​ជួយ​លីបង់ ដែល​ស្ថិត​ក្នុង​វិបត្តិ​ធ្ងន់ធ្ងរ

លោករដ្ឋមន្ត្រីក្រសួងការបរទេសបារាំង បើកកិច្ចប្រជុំអន្តរជាតិមួយបន្ទាន់ នៅថ្ងៃពុធទី១១ធ្នូនេះ នៅទីក្រុងប៉ារីស ដើម្បី​ព្យាយាមជួយ​ប្រទេសលីបង់ ដែលស្ថិតនៅក្នុងវិបត្តិនយោបាយ និងវិបត្តិសេដ្ឋកិច្ច យ៉ាងធ្ងន់ធ្ងរ។ អស់ប្រមាណ​ជិត​ ជាងមួយខែមកហើយ ដែលលីបង់ គ្មាននាយករដ្ឋមន្ត្រី គ្មានរដ្ឋាភិបាល ហើយប្រជាជនលីបង់ នៅតែបន្តធ្វើបាតុកម្ម ទាមទារឲ្យមានកំណែទម្រង់ជា​បន្ទាន់ ដើម្បីសង្រ្គោះប្រទេស និងស្តារជីវភាពប្រជាជន។

ប្រជាជនលីបង់ធ្វើបាតុកម្ម នៅក្រុង ​Saïda ថ្ងៃទី​១ ​ធ្នូ ​២០១៩​
ប្រជាជនលីបង់ធ្វើបាតុកម្ម នៅក្រុង ​Saïda ថ្ងៃទី​១ ​ធ្នូ ​២០១៩​ Mahmoud ZAYYAT / AFP
ផ្សាយពាណិជ្ជកម្ម

ដោយមាន​ការ​សហការ ជាមួយអង្គការសហប្រជាជាតិ លោកJean Yves Le Drian រដ្ឋមន្ត្រីក្រសួងការបរទេសបារាំង ដឹកនាំកិច្ចប្រជុំអន្តរជាតិមួយ ដែលមានការចូលរួម ពីអ្នកជំនាញសេដ្ឋកិច្ច អ្នកជំនាញនយោបាយ ព្រមទាំងតំណាងអង្គការក្រៅរដ្ឋាភិបាល​ សង្គមស៊ីវីលនៅលីបង់ផងដែរ។

លោក រដ្ឋមន្ត្រីការបរទេសបារាំង បានបញ្ជាក់ថា មានចំណុចជាទិភាព​៣ចំណុច ដែលកិច្ចប្រជុំបន្ទាន់នេះ ត្រូវតែ​ធ្វើឲ្យបាន។ ទីមួយ គឺត្រូវជំរុញឲ្យអាជ្ញាធរ និងថ្នាក់ដឹកនាំលីបង់ទាំងអស់ បើកភ្នែកមើលភាពជាក់ស្តែង នៃស្ថានភាពដែលធ្ងន់ធ្ងរខ្លាំងបំផុត។ ទី២ គឺត្រូវដាក់ស្នើឲ្យថ្នាក់ដឹកនាំលីបង់ បោះជំហានទៅទៅកាន់ការធ្វើកំណែទម្រង់ ចាំបាច់ ហើយទី៣ គឺត្រូវជំរុញធ្វើយ៉ាងណា ឲ្យមានការរៀបចំបង្កើតរដ្ឋាភិបាលថ្មីមួយ ឲ្យបានឆាប់ជាទីបំផុត។

លោករដ្ឋមន្ត្រីបារាំង បន្ថែមថា ដំណាក់កាលនេះបន្ទាន់បំផុត កាលណាកាន់តែយឺតយ៉ាវ វានឹងធ្វើឲ្យស្ថានការណ៍ កាន់តែពិបាកស្តារមកវិញ។ ដូច្នេះ គ្រប់គ្នាត្រូវ​អំពាវនាវ ឲ្យគ្រប់ភាគីនយោបាយទាំងអស់នៅលីបង់ ត្រូវតែធ្វើអ្វីម្យ៉ាង ដើម្បីស្តារស្ថិរភាព​លីបង់មកវិញ។

សូមរំលឹកថា គិតចាប់ពីថ្ងៃទី​១៧តុលាមក ប្រជាជនលីបង់ បានចុះផ្លូវធ្វើបាតុកម្ម ប្រឆាំងនឹងភាពអសកម្ម អំពើពុករលួយរបស់ថ្នាក់ដឹកនាំនយោបាយ​។ មហាបាតុកម្មទូទាំងប្រទេស បានបង្ខំឲ្យលោក សាដ ហារីរី នាយករដ្ឋមន្ត្រីលីបង់ ចុះចេញពីតំណែងនៅថ្ងៃទី​២៩តុលា។ រហូតមកទល់ពេលនេះ គ្មានអ្នកនយោបាយណាម្នាក់ ចេញមុខ ចង់ក្លាយជានាយករដ្ឋមន្ត្រី ដឹកនាំរដ្ឋាភិបាលថ្មីឡើយ។

គួរបញ្ជាក់ផងដែរថា មុននឹងឈានមកដល់វិបត្តិនយោបាយធ្ងន់ធ្ងរនេះ លីបង់ស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចគួរឲ្យព្រួយបារម្ភបំផុត ដោយអ្នកជំនាញអះអាងថា លីបង់អាចនឹងក្ស័យធន សេដ្ឋកិច្ចដួលរលំទាំងស្រុង។ យោងតាមការព្យាការណ៍ របស់ធនាគារពិភពលោក ឆ្នាំ២០១៩នេះ សេដ្ឋកិច្ចលីបង់ត្រូវស្ថិតក្នុង​ភាព​ទីទ័លបំផុត។ ប​ច្ចុប្បន្ននេះ ប្រជាជនលីបង់១ភាគ៣ រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ។​ អត្រាអត់ការងារធ្វើក្នុងចំនោមយុវជនពេញវ័យ មានកម្រិត៣០% ហើយដែលកម្រិតនេះកាន់រីកឡើងធំ។ ការចុះក្រីក្រខ្លាំង យ៉ាងគំហុង របស់ប្រជាជនលីបង់ បានធ្វើឲ្យអ្នកជំនាញសេដ្ឋកិច្ចទាញសញ្ញាអាសន្ន។

អ្វីដែលជាការចង់បានរបស់ប្រជាជន ដែលធ្វើបាតុកម្មប្រមាណជិត២ខែមកនេះ គឺទាមទារឲ្យរដ្ឋាភិបាលថ្មី ជារដ្ឋាភិបាលប្រជាធិបតេយ្យ បំរើប្រជាជនលីបង់ទាំងមូល មិនមែនជារដ្ឋាភិបាល ដែលបំរើតែប្រយោជន៍សហគមន៍សាសនា ណាមួយនោះទេ។ តែយ៉ាងណា ការស្វែរកមនុស្សម្នាក់ ដែលមិនជាប់ពាក់ព័ន្ធនឹងសហគមន៍សាសនា ហើយដែលអាចទទួលបាន​ការគាំទ្រពីមតិសាធារណៈលីបង់បាន​ គឺមិនមែនជារឿងងាយទេ។ សង្គមលីបង់បច្ចុប្បន្ន បានពុះចែក បែកបាក់គ្នាខ្លាំងណាស់​ រវាងសហគមន៍សាសនាអ៊ីស្លាម​ឈីអ៊ីត អ៊ីស្លាមស៊ុនីត និងអ្នកកាន់សាសនាគ្រិស្ត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ