អានតួអត្ថបទ
លុចសំបួរ

រឿង​អាស្រូវ​គេច​ពន្ធ​នៅ​លុចសំបួរ​ ដំណឹង​អាក្រក់​សម្រាប់​ប្រធាន​គណៈកម្មការ​អឺរ៉ុប

លុចសំបួ ដែល​គេ​ចាត់​ទុក​ថា​ជា​ប្រទេស​ឋានសួគ៌​​​ពន្ធដារ​​មួយ​ នៅ​លើ​ពិភពលោក​ កំពុង​ត្រូវ​រងការ​ចោទ​ប្រកាន់​ ថា​បាន​រៀប​ចំ​ប្រព័ន្ធ​គេច​ពន្ធ​ ទ្រង់ទ្រាយ​ធំ​ ជាមួយ​​ក្រុមហ៊ុន​អន្តរជាតិ។ រឿង​អាស្រូវ​ដែល​បាន​ធ្វើ​ឱ្យ​ប្រទេស​រក​ស៊ី​ជាមួយ​ក្រុមហ៊ុនទាំង​នោះ​ ខាត​ពន្ធ​​​រាប់​ពាន់​លាន​ក្នុង​មួយ​ឆ្នាំៗ។ ​​​ប្រធាន​គណៈកម្មការ​អឺរ៉ុប ដែល​ជា​អតីត​នាយក​រដ្ឋមន្ត្រី​លុចសំបួ អាច​នឹង​​ត្រូវរង​ការ​រិះគន់​​ខ្លាំងក្នុង​សំណុំ​រឿង​នេះ​។

លោក Pierre Gramegna រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​លុចសំបួ ធ្វើ​សន្និសីទ​កាសែត​ក្រោយ​ការ​បង្ហើប​រឿង​អាស្រូវ​គេច​ពន្ធ
លោក Pierre Gramegna រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​លុចសំបួ ធ្វើ​សន្និសីទ​កាសែត​ក្រោយ​ការ​បង្ហើប​រឿង​អាស្រូវ​គេច​ពន្ធ AFP PHOTO/Emmanuel Dunand
ផ្សាយពាណិជ្ជកម្ម

ការ​អង្កេត​ ដែល​មាន​ចុះ​ផ្សាយ​ក្នុង​ទំព័រ​សារព័ត៌មាន​អន្តរជាតិ​ចំនួន ៤០ នៅ​ថ្ងៃ​នេះ​ បាន​បង្ហាញ​ថា​លុចសំបួ​ មាន​ការ​ព្រមព្រៀងសម្ងាត់​​ជាមួយ​៣៤០​ក្រុមហ៊ុន​អន្តរជាតិ រកស៊ី​ឆ្លង​ប្រទេស​​ មានជាអាទិ៍​ក្រុមហ៊ុន​Apple Amazone Ikea Pepsi …  ឱ្យ​បង់​ពន្ធ​ក្នុង​អត្រា​ទាប​​បំផុត។ ការ​តាមដាន​រយៈ​ពេល​៦​ខែ របស់​ក្រុម​អ្នក​កាសែត​ផ្នែក​អង្កេត​ បាន​រក​ឃើញ​ភស្តុតាង​២៨០០០​ទំព័រ​ បញ្ជាក់​អំពី​កិច្ច​ព្រមព្រៀង​សម្ងាត់​គេច​ពន្ធ​ ឬ Tax Ruling។

 
កិច្ចព្រមព្រៀង​ដែល​​ស្រប​ច្បាប់ និង​មាន​អនុវត្ត​តែ​នៅ​​ប្រទេស​លុចសំបួ​មួយ​ប៉ុណ្ណោះនេះ អាចអនុញ្ញាតឱ្យ​ក្រុមហ៊ុន​ស៊ើប​សួរ​ដឹង​ជាមុន​ថាតើ​ក្រុមហ៊ុន​ខ្លួន​ត្រូវ​បង់​ពន្ធ​ប៉ុន្មាន​នៅ​ក្នុង​ប្រទេស​មួយ និង​បាន​ការ​ធានា​រ៉ាប់រង​មួយ​ចំនួន​តាម​ផ្លូវ​ច្បាប់​ទៀត ដូច​ជា​រក្សា​ការ​សម្ងាត់​​ធនាគារ​ជា​ដើម​។ ការ​ដឹង​ជាមុន​ដែល​អនុញ្ញាត​ឱ្យ​ ក្រុមហ៊ុន​អាច​បង្វែរ​ប្រាក់​ចំណេញ​ពី​សាខា​មួយ​ទៅ​សាខា​មួយ ក្នុង​ប្រទេស​ផ្សេងគ្នា ធ្វើ​យ៉ាងណា​កុំ​ឱ្យ​មានការ​បង់​ពន្ធ​ច្រើន។

នរណា​ក៏​ដឹង​ដែរ​ថា លុចសំបួ ជា​ឋានសួគ៌គេច​ពន្ធ ប៉ុន្តែ​អ្វី​ដែល​គួច​ឱ្យ​ភ្ញាក់​ផ្អើល គឺលុចសំបួ អាច​គេច​ផុត​ពី​ភ្នែក​អ្នក​ត្រួតពិនិត្យ​បាន​ដោយ​សារ​អ្នក​ទទួល​ខុស​ត្រូវ​នយោបាយ​ និង​ធនាគារ​ តែង​បដិសេធ​​ តាំង​ពី​ជា​ច្រើន​ឆ្នាំ​មក​ និង​អះអាង​ថា​Tax ruling របស់​លុចសំបួ​​ឆ្លើយ​តប​ទៅ​នឹង​បទ​ដ្ឋាន​ច្បាប់​អន្តរជាតិ និង​ស្តង់ដារ​សហភាព​អឺរ៉ុប ឬ​អង្គការ​OCDE។ លុច​សំបួរ​បាន​សន្យាលុប​បំបាត់​ចោល​ ការ​សម្ងាត់​ធនាគារ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​វិធាន ​អឺរ៉ុប​​ស្តី​ពី​ការ​ពង្រឹង​ច្បាប់​​ពន្ធ​ដារ ចាប់​ពី​ឆ្នាំ​២០១៧​ទៅ។

​ការ​ទម្លាយ​រឿង​អាស្រូវ​ រដ្ឋ​លុចសំបួ​ សុំ​គ្រលំ​ជាមួយ​ក្រុមហ៊ុន​ធំៗ​ឆ្លង​ប្រទេស​ បាន​ធ្វើ​ឱ្យ​ដៃគូ​អឺរ៉ុប​​មិន​អាច​នៅ​ស្ងៀម​បាន​ឡើយ។ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាល្លឺម៉ង់ យល់​ថា​លុចសំបួ​ត្រូវ​ធ្វើ​កែប្រែ​ទម្លាប់​​ក្នុង​ផ្នែក​ពន្ធដារ ចំណែកក្រុម​អ្នក​បរិស្ថានអឺរ៉ុប​​វិញ​បាន​បរិហារ​ថា​ លុចសំបួ​ការពារ​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន និង​ធ្វើ​ឱ្យ​គេ​បាត់​ជំនឿ​។

ម្យ៉ាង​វិញ ​រឿង​អាស្រូវ​ លុចសំបួ​​មាន​ប្រព័ន្ធ​ជួយ​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ​គេច​ពន្ធ កំពុង​តែ​ធ្វើ​ឱ្យ​ប្រធាន​គណៈកម្មការ​អឺរ៉ុប​ថ្មី ទើប​ចូល​បំពេញ​តួនាទី​កាលពី​ដើម​សប្តាហ៍​ លោក Jean-Claude Juncker ស្ថិត​ក្នុង​ស្ថានភាព​ស្អុះ​ស្អាប់​បំផុត រហូត​សុខ​ចិត្ត​លុប​ចោល​ មិន​ទៅ​ចូល​រួម​សន្និសីទ​ក្រុង​ព្រុចសែល រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ ព្រោះ​លោក​គឺ​ជា​អតីត​នាយក​រដ្ឋមន្ត្រី​លុច​សំបួរ ចំនួន​១៨​ឆ្នាំ (ពី​ឆ្នាំ ១៩៩៥-២០១៣)៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ