អានតួអត្ថបទ
ពិភពលោក

ធញ្ញជាតិ​ ស្រូវ អង្ករ​ ប្រែប្រួល​តម្លៃ​ទៅ​តាម​អាកាសធាតុ

តម្លៃ​គ្រាប់​ធញ្ញជាតិ ចំបង​បី​ប្រភេទនៅ​លើ​ពិភពលោក ៖ អង្ករ ស្រូវ​សាលី ពោត​ បាន​ឡើង​ថ្លៃ​យ៉ាង​ខ្លាំង​ ជា​ហេតុ​ធ្វើ​ឲ្យ​ចំណី​អាហារ​ផលិត​ពី​ធញ្ញជាតិ​បី​នេះ​ក៏​ឡើង​ថ្លៃ​​ទៅ​តាម​ នោះ​ដែរ។ ជាង​នេះ​ទៅ​ទៀត តម្លៃ​នៅ​តាម​ទីផ្សារ​ កំពុង​តែ​ផ្តោត​ចក្ខុ​ទៅ​លើ​បញ្ហា​អាកាស​ធាតុ។​ អាកាសធាតុ​មិន​អំណោច​ផល ដែល​អាច​នឹង​​ធ្វើ​ឲ្យ​តម្លៃ​ចំណីអាហារ​កាន់​តែ​ពិបាក​ដោះស្រាយ​មួយ​កំរិត​ បន្ថែម​ទៀត។

កសិករ​ចិន​បង្ហាញ​ដើមស្រូវ​ស្កក
កសិករ​ចិន​បង្ហាញ​ដើមស្រូវ​ស្កក ©AFP
ផ្សាយពាណិជ្ជកម្ម

 

02:05

សេចក្តី​រាយការណ៍​របស់ អៀង សុខម៉ិញ

អាកាសធាតុ​ក្តៅ​ហួត​ហែង​ខ្លាំង​មិន​ធ្លាប់​មាន​នៅ​ប្រទេស​រុស្ស៊ី គ្រោះ​ទឹក​ជំនន់​ជា​ប្រវត្តិសាស្ត្រ​នៅ​ប្រទេស​អូស្រ្តាលី និង​នៅ​អាស៊ី គ្រោះ​ធម្មជាតិ​ស្ទើរ​គ្រប់ជ្រុង​នៃ​​ពិភពលោក បាន​បង្ក​​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​លើ​ដំណាំ​កសិកម្ម ស្រូវ​ អង្ករ​ ពោត​ ដែល​ជា​វត្ថុធាតុ​ដើម​ និង​អាហារ​​ចាំ​បាច់ របស់​មនុស្ស​លោក​។ ជាង​នេះ​ទៅ​ទៀត ក្នុង​ពេលនេះ​ចិន ដែល​ប្រទេស​ជា​ជង្រុក​ស្រូវ​សាលី​ទីមួយ​នៅ​លើ​ពិភពលោក​ កំពុង​ទទួល​រង​ភាព​រាំង​ស្ងួត។ ភាព​រាំង​ស្ងួត​នៅ​ភាគ​ខាង​ជើង​ អាច​នឹង​​ធ្វើ​ឲ្យ​ផលិត​ផល​ស្រូវ​សាលី​ធ្លាក់​ចុះ។ ​

បើ​តាម​ទី​ភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​ផែ្នក​ចំណី​អាហារ​ និង​កសិកម្ម ហៅកាត់​ថា​អង្គការ​FAO ​ការ​ប្រមូល​ផល​ស្រូវ​សាលី​នៅ​ឆ្នាំ​នេះ​អាច​នឹង​មាន​កំរិត​ទាប ជាង​ឆ្នាំ​មុន និង​​អាច​បង្ក​​ឲ្យ​មាន​បញ្ហា​តម្លៃ​កាន់​តែ​​ធ្ងន់​ធ្ងរ​។ ពេល​នេះ ពិភពលោក​មិន​ទាន់ធ្លាក់​ចូល​ដល់​ដំណាក់​កាល​​វឹក​វរ​ទេ ប៉ុន្តែ​មិន​ត្រូវ​ឲ្យ​ស្ថានភាព​បែប​នេះ​អូស​បន្លាយ​បាន​បន្ត​ពីរ​បី​ខែ​ទៀត​ឡើយ។

បរិមាណ​គ្រាប់​ពោត​ស្តុក​ទុក​ មាន​​កំរិត​ទាប​បំផុត​ ហើយ​មួយ​ភាគ​ធំ​សហរដ្ឋ​អាមេរិក​បំរុង​ទុក​សម្រាប់​ផលិត​ជីវៈប្រេងឥន្ធនៈ។

ចំណែក​ឯ​ស្រូវ​សាលី​វិញ តាម​ការពិត​ ​​ពិភពលោក​មាន​ស្តុក​ទុក​ច្រើន​ជាង​ឆ្នាំ​២០០៧-២០០៨​ ឆ្នាំ​ដែល​មាន​ផ្ទុះ​វិបត្តិ​អត់​ឃ្លាន​ទៅ​ទៀត ប៉ុន្តែ​​ជង្រុក​ស្រូវ​​ដ៏​ស្តុកស្តម្ភនេះ មាន​​នៅ​តែ​ក្នុង​សហរដ្ឋ​អាមេរិក​មួយ​កន្លែង​ប៉ុណ្ណោះ។

ចំពោះ​ស្រូវ-អង្ករ​វិញ មាន​ស្ថាន​ភាព​ខុស​ពី​ស្រូវ​សាលី។ អង្ករ​ដែល​ចំណី​អាហារ​គ្រឹះ​របស់​បណ្តា​ជន​ពាក់​កណ្តាល​នៅ​លើ​ពិភពលោក មិន​បាន​ទទួល​រង​ផល​ប៉ះពាល់​ពី​អាកាសធាតុ​ទេ និង​មាន​នៅ​ក្នុង​ស្តុក​គ្រប់​គ្រាន់ ប៉ុន្តែ​តាំង​ពី​ចូល​ឆ្នាំ​២០១១​មក តម្លៃ​អង្ករ​ក៏​ស្រាប់​តែ​ឡើង​ថ្លៃ​ ដល់​ទៅ​១០%។ ការ​ឡើង​ថ្លៃ​នេះ​គឺ​បណ្តាល​មក​ពី​កសិករ​អាមេរិក អ្នក​នាំ​អង្ករ​ចេញ​ដ៏​ធំ បាន​ប្តូរ​​ពី​ធ្វើ​ស្រូវ​ទៅ​ដាំ​ដុះ​ពោត​​ សណ្តែក ឬ​កប្បាសវិញ​ ព្រោះ​បាន​ផល​កម្រៃ​ច្រើន​ជាង។

ដូច្នេះ​ជា​សរុប​មក​អ្នក​ឯកទេស​បាន​យល់​ព្រម​គ្នា​ថា តម្លៃ​ធញ្ញជាតិ​នឹង​បន្ត​ពុះ​កញ្ជ្រោល​ មិន​អាច​បញ្ឈប់​បាន​ឡើយ​ ម្យ៉ាង​ដោយ​សារ​តម្រូវការ​កាន់​តែ​ច្រើន និង​ម្យ៉ាង​ទៀត​គឺ​ដោយ​ហេតុ​តែ​មានចលនា​​​កេង​យក​ចំណេញ កាន់​តែ​​រីក​ធំធាត់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ