អានតួអត្ថបទ
រុស្ស៊ី

លោក Medvedev និង​លោក Poutine ជល់​សំដី​គ្នា​ជុំវិញ​បញ្ហា​លីប៊ី

កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ម្សិលមិញ លោក​នាយករដ្ឋមន្ត្រី Poutine​បាន​ថ្លែង​ថា សេចក្តី​សម្រេច លេខ​១៩៧៣​របស់​ក្រុមប្រឹក្សា​សន្តិសុខ អ.ស.ប. អនុញ្ញាត​ឲ្យ​កងទ័ព​អាកាស​បរទេស​វាយប្រហារ​ស្រេច​តែ​ចិត្ត​ទៅលើ​លីប៊ី ជា​រដ្ឋ​អធិបតេយ្យ គឺ​ប្រៀបបាន​ជា​សេចក្តី​អំពាវនាវ​នៃ​សម័យ​យុគកណ្តាល​ឲ្យ “ពួក​គ្រិស្ត​សាសនិក​លើក​ឈើ​ឆ្កាង​ធ្វើ “បូជនីយកិច្ច​ទៅក្នុង​លោក​អ៊ីស្លាម”។ ភ្លាមនោះ លោក​ប្រធានាធិបតី Medvedev បាន​បញ្ចេញ​ប្រតិកម្ម​ថា​ ការ​ប្រៀបប្រដូច​នេះ គឺ​ជា​ “ការ​មិនអាច​ទទួល​យក​បាន​ឡើយ” ពីព្រោះ​វា​នាំ​ទៅកាន់​ការ​ប៉ះទង្គិច​គ្នា​រវាង​អារ្យធម៌ គឺ​អារ្យធម៌​គ្រិស្ត​សាសនា និង​អារ្យធម៌​សាសនា​អ៊ីស្លាម។

លោក​ពូទីន (ឆ្វេង) នាយករដ្ឋមន្រ្តី និង​លោក​មេដវេដេវ ប្រធានាធិបតី​រុស្ស៊ី
លោក​ពូទីន (ឆ្វេង) នាយករដ្ឋមន្រ្តី និង​លោក​មេដវេដេវ ប្រធានាធិបតី​រុស្ស៊ី ©Reuters/Mikhail Klimentyev/RIA Novosti/Kremlin
ផ្សាយពាណិជ្ជកម្ម

02:46

សេចក្តីរាយការណ៍​របស់ កែវ ឆាយា ពីម៉ូស្គូ

ថ្លែង​ល្ងាច​ម្សិលមិញ ក្នុង​ក្របខ័ណ្ឌ​នៃ​ដំណើរទស្សនកិច្ច​ការងារ​ នៅ​ខេត្ត​មួយ​នៃ​ប្រទេស​រុស្ស៊ី​ តបនឹង​សំនួរ​កម្មករ​ម្នាក់​ ដែល​ស្នើសុំ​យោបល់​គាត់​ អំពី​ប្រតិបត្តិការ​យោធា​នៃ​កម្លាំង​សម្ព័ន្ធ​ប្រទេស​លោក​ខាងលិច​ទល់នឹង​លីប៊ី លោក​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី Poutine បាន​បញ្ចេញ​ថា សេចក្តី​សម្រេច លេខ​១៩៧៣​ដែល​ឲ្យ “ភ្លើងខៀវ” សម្រាប់​ធ្វើ​ការ​វាយប្រហារ​នោះ គឺ​ជា​ឯកសារ “មិនពេញ​លក្ខណៈ និង​នាំមក​នូវ​ការ​ខូច​ហិនហោច”។​ប្រាកដ​ណាស់​ដែល​របប​កាដាហ្វ៊ី ទោះ​យោងលើ​លក្ខណៈ​វិនិច្ឆ័យ​ណា​ក៏ដោយ មិនអាច​ត្រូវ​ចាត់ទុក​ជា​រដ្ឋ​ប្រជាធិបតេយ្យ​ក្តី ក៏​ការ​នេះ​មិនមែន​មានន័យ​ថា អនុញ្ញាត​ឲ្យ​នរណា​មួយ​ជ្រៀតជ្រែក​ពីក្រៅ​ទៅ​កាន់ជើង​តែ​ភាគីម្ខាង​ នៅក្នុង​ទំនាស់​នយោបាយ​ផ្ទៃក្នុង​របស់​ប្រទេស​មួយ​ជា​រដ្ឋ​អធិបតេយ្យ​សោះ ហើយ​អ្វី​ដែល​គួរឲ្យ​ព្រួយបារម្ភ គឺ​ភាពងាយ​ធូររលុង នៃ​ការ​សំរេចចិត្ត​ប្រើ​កម្លាំង​អាវុធ​នោះ។

លោក Poutine​ក៏​កត់​សំគាល់ ពី​ទំនោរ​ដែល​មាន​លក្ខណៈ​ខ្ជាប់ខ្ជួន​ជាទម្លាប់​ទៅហើយ ក្នុង​នយោបាយ​អាមេរិកាំង ខាង​វាយប្រហារ​ទៅលើ​រដ្ឋ​ដទៃ។ ឧទាហរណ៍ ឆ្នាំ​១៩៩៩ គឺ​វាយប្រហារ​ទៅលើ​យូហ្គោស្លាវី ឆ្នាំ​២០០៣ ទៅ​លើអ៊ីរ៉ាក់។ អស់ទាំងនេះ​សុទ្ធតែ​ក្រោម​លេស​ថា “ការពារ​បណ្តាជន​ស្លូតត្រង់” ប៉ុន្តែ ពិតជា​បណ្តាជន​នេះឯង ដែល​ធ្លាក់ខ្លួន​រងគ្រោះ។ ដូច្នេះ ពួក​ដែល​ចាត់ចែង​ទាំង​ការ​វាយប្រហារ​ឥឡូវ​នេះ ទៅលើ​លីប៊ី គឺ​ជា​ពួក​ដែល “គ្មាន​មនសិការ ឥត​អៀនខ្មាស់” ឡើយ។

ចំណែក លោក​ប្រធានាធិបតី Medvedev បាន​បញ្ចេញ​ប្រតិកម្ម​តបវិញ​ភ្លាម​ថា “ខ្ញុំ​មិន​ចាត់ទុក​សេចក្តី​សម្រេច លេខ​១៩៧៣​ថា​ជា​សេចក្តី​សម្រេច​មិន​ត្រឹមត្រូវ​ឡើយ។ គឺ​ខ្ញុំ​ផ្ទាល់​ដែល​បាន​បង្គាប់​ទៅ​ក្រសួង​ការបរទេស​រុស្ស៊ី កុំឲ្យ​ប្រើ​សិទ្ធិវ៉េតូ ប្រឆាំង​នឹង​សេចក្តី​សម្រេច​នោះ។ ប្រតិបត្តិការ​យោធា​ដែល​កំពុង​បន្ត​ទល់​នឹង​កងទ័ព​រដ្ឋាភិបាល​លីប៊ី គឺ​វា​ហូរ​ចេញ​មកពី “ឧក្រិដ្ឋកម្ម​ប្រព្រឹត្ត​ដោយ​របប​កាដាហ្វ៊ី ទៅលើ​ប្រជាជន​ឯង​ផ្ទាល់”។ តបនឹង​សំនួរ​ថា តើ​រុស្ស៊ី​អាច​ចូលរួម​ឬ​ទេ​ក្នុង​ប្រតិបត្តិការ​យោធា​ទល់នឹង​លីប៊ី លោក Medvedev បាន​ថ្លែង​បដិសេធ​ជាមុន​ទៅហើយ ប៉ុន្តែ​ប្រសិន​បើ​តម្រូវ​ឲ្យ​មាន​​ទ័ព​មួកខៀវ​សម្រាប់​ថែរក្សា​សន្តិភាព​នៅ​លីប៊ី​នោះ រុស្ស៊ី​ពិតជា​ត្រៀមខ្លួន​រួម​ចំណែក។

កាសែត​ក្រុង​ម៉ូស្គូ​ថ្ងៃនេះ​នាំគ្នា​បកស្រាយ​ថា តាមរយៈ​ការ​ជល់សំដីគ្នា​នេះ លោក Medvedev​ទោះ​ក្នុង​ឋានៈ​ជា “សិស្ស” ក្តី មិនខ្លាច​ប្រដៅ​លោក Poutine ជា “គ្រូ”​ខ្លួន​ថា​ វិស័យ​នយោបាយ​ក្រៅប្រទេស គឺ​ជា​បុព្វសិទ្ធិ​ប្រធានាធិបតី​សុទ្ធសាធ ព្រមទាំង​ចង់​បង្ហាញ​ឲ្យ​បស្ចិមលោក​ឃើញ​ថា គាត់​លែង​ស្ថិត​នៅក្រោម​ឥទ្ធិពល​លោក Poutineទៀត​ឡើយ ហើយ​គាត់​បើកទៅ​ហើយ​យុទ្ធនាការ​សម្រាប់​ចូល​ប្រឡូក​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ២០១២​ខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ