អានតួអត្ថបទ
រុស្ស៊ី

ក្រុងម៉ូស្គូ ផ្តើម​អនុវត្ត​ទណ្ឌកម្ម​ដែល អ.ស.ប ដាក់​ទល់​នឹង​​លីប៊ី ​

ការ​នេះ​មាន​ចែង​ក្នុង​ក្រិត្យ ដែល​ទើប​ចុះ​ហត្ថលេខា ដោយ​លោក​ប្រធានាធិបតី Medvedev “ស្តី​អំពី​វិធានការ​នានា ខាង​បំពេញ​តាម​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ អ.ស.ប. លេខ ១៩៧០ ចុះ​ថ្ងៃ ២៦​កុម្ភៈ​ឆ្នាំ​២០១១” ទាក់ទង​នឹង​ការ​ដាក់​ទណ្ឌកម្ម​ទល់​នឹង​របប​លោកកាដាហ្វី នៅ​លីប៊ី។

ប្រធានាធិបតី​រុស្ស៊ី លោក  Dmitri Medvedev
ប្រធានាធិបតី​រុស្ស៊ី លោក Dmitri Medvedev Reuters/Mikhail Klimentyev/RIA Novosti/Kremlin
ផ្សាយពាណិជ្ជកម្ម
02:39

សេចក្តី​រាយការណ៍​របស់ កែវ ឆាយា ពីទីក្រុង​ម៉ូស្គូ

តាម​ដែល​វិមាន​ក្រេមឡាំង ប្រកាស​ឲ្យ​ដឹង ៖ ដោយ​បំពេញ​តាម​ទណ្ឌកម្ម ដែល​មាន​ប្រមើល​​ក្នុង​សេចក្តី​សំរេច​នោះ ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប. ក្រិត្យ​ចេញ​ដោយ ប្រមុខ​រដ្ឋ​រុស្ស៊ី ហាម​គ្រប់​តែ​ស្ថាប័ន​រដ្ឋ​ សហគ្រាស​ឧស្សាហកម្ម ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ដឹកជញ្ជូន ធនាគារ នីតិបុគ្គល រូបវន្តបុគ្គល ដែល​ស្ថិត​នៅ​ក្រោម​យុត្តាធិការ​សហព័ន្ធ​រុស្ស៊ី មិន​ឲ្យ​នាំ​ចេញ​ពី​ដែនដី​សហព័ន្ធ​រុស្ស៊ី ទៅ​កាន់​ប្រទេស​លីប៊ី ក៏​ដូចជា​ប្រើ​​នៅ​ក្រៅ​ព្រំដែន​រុស្ស៊ី​យន្ដហោះ​ឬ​នាវា​ក្រោម​ទង់​ជាតិ​រដ្ឋ​រុស្ស៊ី សំរាប់​ដឹក​ទៅ​ប្រទេស​លីប៊ី គឺ​ សព្វាវុធ​គ្រប់​ប្រភេទ ក្នុង​នោះ​មាន​កាំភ្លើង​ គ្រាប់​រំសេវ គ្រឿង​ផ្ទុះ សម្ភារៈ​យោធា​សព្វ​បែប និង​ហាម​មិន​ឲ្យ​លក់​ទៅ​លីប៊ី​យន្តហោះ​ចម្បាំង​នាវា​ ចម្បាំង​រថក្រោះ ប្រព័ន្ធ​ការពារ​ដែន​អាកាស ។ល។

សេចក្តី​នៃ​ក្រិត្យ ដែល​នឹង​បន្ត​មាន​សុពលភាព រហូត​ដល់​ពេល​ទំរាំ មាន​បទ​បញ្ជា​ថ្មី ក៏​ហាម​មិន​ឲ្យ​ផ្តល់​ទៅ​លីប៊ី នូវ​សេវា បែប​យ៉ាង​ការបង្ហាត់​បង្រៀន​វិជ្ជា​យោធា ហាម​មិន​ឲ្យ​ផ្តល់​ទៅ​នូវ​ជំនួយ​បច្ចេកទេស​ ឬ​ហិរញ្ញវត្ថុ​ពាក់ព័ន្ធ​នឹង​សកម្មភាព​យោធា​នៅ​លីប៊ី។ ស្រប​នឹង​ក្រិត្យ​នេះ ​នៅ​លើ​ដែនដី​សហព័ន្ធ​រុស្ស៊ី បូក​ទាំង​នៅ​តាម​ផែ​សមុទ្រ និង អាកាសយានដ្ឋាន អាជ្ញាធរ​រុស្ស៊ី​ធ្វើការ​ឆែកឆេរ​រាល់​តែ​ទំនិញ​ណា​ដែល​ដឹក​ទៅ​កាន់​ប្រទេស​លីប៊ី ក៏​ដូច​ជា​ដឹក​ចេញ​មក​ពី​ប្រទេស​នេះ ហើយ​ក្នុង​ករណី​បើ​ឈ្មោះ​ទំនិញ​នោះ ស្រាប់​តែ​ជាប់​ក្នុង​បញ្ជី​ហាម​ប្រាម​របស់​ អ.ស.ប នោះ​វា​នឹង​ត្រូវ​រឹប​អូស​ទុក ឬ​មួយ​ត្រូវ​កម្ទេច​ចោល ឬមួយ​យក​វា​ទៅ​ស្តុក​ទុក​សិន ដើម្បី​បន្ទាប់​មក​ប្រគល់​ទៅ​ឲ្យ​​ប្រទេស​ម្ចាស់​ដើម​របស់​វា​សំរាប់កម្ទេច​ចោល។

ក្រិត្យ​ផ្ទុកផ្តាក់​ក្រសួង​ការបរទេស​រុស្ស៊ី ឲ្យ​រាយ​ការណ៍ អំពី​វិធានការ​ឆែកឆេរ​ខាង​លើ​នោះ ទៅ​គណៈកម្មាធិការ​ក្រុមប្រឹក្សា​សន្តិសុខ អ.ស.ប ដែល​មាន​ចាត់តាំង​បង្កើត​ឡើង​ដោយ​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ អ.ស.ប. លេខ ១៩៧០ ចុះ​ថ្ងៃ ២៦​កុម្ភៈ​ឆ្នាំ​២០១១។

ទាក់ទង​នឹង​បញ្ហា​លក់-ទិញ​អាវុធ​នៅ​ក្នុង​លោក វិជ្ជាឋាន​ស្រាវជ្រាវ​សន្តិភាព​ក្រុង​Stockholm មាន​ឈ្មោះ​ថា SIPRI ​បាន​លើក​យក​ទិន្នន័យ​ខ្លួន ពី​ឆ្នាំ ២០០៥ ដល់​២០០៩ មក​បង្ហាញ​ដូច​តទៅ៖
- ខាង​ទីផ្សារ​លក់​អាវុធ នាំ​មុខ​គេ គឺ​ស.រ.អា -៣០%  ជាប់​លេខ​២ គឺ​រុស្ស៊ី -២៣% ជាប់​លេខ​៣ គឺ អាល្លឺម៉ង់-១១%  ជាប់​លេខ៤ គឺ​បារាំង-៨% ជាប់​លេខ​៥ គឺ អង់គ្លេស -៤%។
- ខាង​ទិញ​អាវុធ​វិញ ច្រើន​ជាង​គេ គឺ​ប្រទេស​ចិន -៩%  បន្ទាប់​មក គឺ​ឥណ្ឌា - ៧% ជាប់​លេខ​៣ គឺ អារ៉ាប៊ីសាអ៊ូឌីត -៦% ជាប់​លេខ​៤ គឺ​កូរ៉េ​ខាងត្បូង-៦%ដែរ ហើយ ៧២% សល់​ពី​នេះ គឺ​ធ្លាក់​ទៅ​លើ​រាប់​សិប​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​លោក៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ