អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

នយោបាយ​អាណានិគមកិច្ច​អ៊ីស្រាអែល​កំពុង​រុញ​ភាព​ជា​​មិត្ត ទៅ​ជា​ការ​ធ្វើ​ពហិការ​ប្រឆាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោកស្រី​អង់ហ្គឺឡា មែរគែល ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​ កំពុង​បំពេញ​ទស្សនកិច្ច​ពីរ​ថ្ងៃ​នៅ​ប្រទេស​អ៊ីស្រាអែល ​នា​​ឱកាស​ខួប​៥០​ឆ្នាំ​មិត្តភាព​អ៊ីស្រាអែល​-អាល្លឺម៉ង់។ មាន​ចំណង​ ​មិត្ត​ដ៏​ចំណាស់ និង​ចាក់​ទឹក​មិន​លិច​ ប៉ុន្តែ​មួយ​រយៈ​ចុងក្រោយ​នេះ នៅ​​ចំពោះ​មុខ​ការ​បង្កើន​ល្បឿន​​ធ្វើ​អាណានិគមកិច្ច​សាង​សង់​លំនៅដ្ឋាន ក្នុង​ដែន​ដី​ជាប់​ជម្លោះ​ជាមួយ​ប៉ាឡេស្ទីន អាល្លឺម៉ង់​បាន​រិះគន់​កាន់​តែ​ខ្លាំង​ឡើង​ និង​ច្រើនឡើងៗ ដៃគូ​យុទ្ធ​សាស្ត្រ​របស់​ខ្លួន។ ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​ ហាក់​ដូច​ជា​កាន់​តែ​សង្ស័យ​លើ​ចេតនា​របស់​អ៊ីស្រាអែល​ក្នុង​ស្វែង​រក​សន្តិភាព​ជាមួយ​នឹង​ប៉ាឡេស្ទីន។ ទាំង​អាល្លឺម៉ង់​ទាំង​អឺរ៉ុប បាន​សម្តែង​ការ​មិន​ពេញ​ចិត្ត​ខ្លាំង​ឡើង​ៗ​ចំពោះ​ឥរិយាបថ​របស់​អ៊ីស្រាអែល។ ប៉ុន្តែ​សួរ​ថា​ តើ​ការ​ដាក់​​សម្ពាធ​ជុំ​ទិស​ពី​សម្ព័ន្ធ​មិត្ត​ អាច​នឹង​ធ្វើ​ឱ្យ​អ៊ីស្រាអែល​ក្រែង​រអា​ដែរឬ​ទេ ?!​

រដ្ឋមន្ត្រី​ការបរទេស​អ៊ីស្រាអែល Avigdor Liebermanទទួល​ស្វាគម​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោកJohn Kerry (ឆ្វេង) មុន​ចូល​ប្រជុំ​ថ្ងៃ​ទី ៣ មករា ២០១៤
រដ្ឋមន្ត្រី​ការបរទេស​អ៊ីស្រាអែល Avigdor Liebermanទទួល​ស្វាគម​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោកJohn Kerry (ឆ្វេង) មុន​ចូល​ប្រជុំ​ថ្ងៃ​ទី ៣ មករា ២០១៤ REUTERS/Brendan Smialowski/Pool
ផ្សាយពាណិជ្ជកម្ម

សហរដ្ឋ​អាមេរិក​ បានគាស់​កកាយ​​កិច្ច​ចរចា​សន្តិភាព​អ៊ីស្រាអែល-​ប៉ាឡេស្ទីន ឱ្យ​រស់​​ឡើង​វិញ​ បាន​​ជាង​៦​ខែ​មក​ហើយ ប៉ុន្តែ​តាំង​ពី​ពេល​នោះ​មក គេ​ពុំ​ឃើញ​មាន​ការ​អ្វី​ជឿន​លឿន​ជា​ផ្លូវការ​ទៀតសោះ ... បើទោះ​បី​ជា​ប្រមុខ​ការទូត​អាមេរិក បាន​ធ្វើ​ដំណើរ​ជា​ច្រើន​លើក​ច្រើន​សា ទៅ​កាន់​តំបន់​នោះ​ក៏​ដោយ​ក្តី។ គម្រោង​គោល​​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ ក៏​មិន​អាច​លេច​ចេញ​ជា​រូប​រាងបាន នេះ​បើ​តាម​​លោក​ប្រមុខ​ដឹកនាំ​ដែនដី​ប៉ាឡេស្ទីន មាម៉ូត​អាប៉ាស ដែល​ បាន​ជួប​ពិភាក្សា​ដល់​ទៅពីរ​ដង​​ ​ លោក​ ចន​ ឃែរី នៅទី​ក្រុង​ប៉ារីស កាលពី​សប្តាហ៍​មុននេះ។

នៅ​ក្នុ​ងចំណោម​ចំណុច​សំខាន់​ ក្នុង​ផែនការ​គោល មាន​ជាអាទិ៍​បញ្ហា​ព្រំដែន ទីក្រុង ជោគ​វាសនា​ជន​ភៀស​ខ្លួន​ប៉ាឡេស្ទីន ឬ​ក៏​បញ្ហា​សន្តិសុខ អាមេរិក​ចង់​​​បង្ខំ​ឱ្យ​អ៊ីស្រាអែល​បញ្ឈប់​ការ​សាង​សង់​លំនៅដ្ឋាន ក្នុង​តំបន់​អាណានិគមកិច្ច​នៅ​តំបន់​ស៊ីហ្ស័កដានី។ គំនិត​ដែល​គ្រាន់​តែ​លេច​ឮ​ក្រៅ​ផ្លូវការ​សោះ ក៏​ត្រូវ​បាន​ភាគី​កាន់​អំណាច សាសនា​ ជាតិ​និយម​​អ៊ីស្រាអែល​រិះគន់​រួច​ជា​ស្រេច​ទៅ​ហើយ។ ប៉ុន្តែ​សម្រាប់​ប៉ាឡេស្ទីន​វិញ តើ​ត្រូវ​ទទួល​ចរចា​យ៉ាង​ដូចម្តេច​ទៅ​កើត បើ​ការ​ធ្វើ​អាណា​និគមកិច្ច​នៅ​តែ​បន្ត​ឥត​ឈប់​យ៉ាង​ដូច្នេះនោះ ?!

ទន្ទឹម​នឹង​ការ​ព្រមព្រៀង​ចូល​ចរចា​ស្វែង​រកសន្តិភាព​ជាមួយ​ប៉ាឡេស្ទីន អ៊ីស្រាអែល​បាន​បង្កើន​ល្បឿន​ធ្វើ​អាណានិគមកិច្ច។ ដូច្នេះ​សួរ​ថា​តើ​នេះ​ជា​កាយវិការ​ល្អ​ឬ ?! គឺ​ការ​ធ្វើ​អាណានិគម​កិច្ច​នេះ ហើយ​ ដែល​ជំរុញ​ឱ្យ​ប្រទេស​ជា​មិត្ត​ ចាប់​ផ្តើម​ស្រងាក​ចិត្ត​ ពី​អ៊ីស្រាអែល។ វិធី​សាស្ត្រ​​​លួង​លោម​អង្អែល ​ប្រហែល​ត្រូវ​បញ្ចប់​ដោយ​ងាក​មក​ប្រើ​វិធី​គំរាម​កំហែង​ម្តង ! ផ្តើម​ពី​សហរដ្ឋ​អាមេរិក សម្ព័ន្ធ​មិត្ត ការពារ​អ៊ីស្រាអែល​ដូច​កែវ​ភ្នែក​តាំង​ពី​ដើម​មក បាន​គំរាម​ថា​នឹង​មាន​ការ​ធ្វើ​ពហិការ​ប្រឆាំង​អ៊ីស្រាអែល ប្រសិន​បើ​ការ​ចរចា​សន្តិភាពត្រូវ​បរាជ័យ។

ចលនា​ឃោសនា​អន្តរជាតិធ្វើ​​ពហិការ​មិន​វិនិយោគ​ និង​ដាក់​ទណ្ឌកម្ម​អ៊ីស្រាអែល ដែលពីមុន​មក​ បាន​ទទួល​ការ​គាំទ្រ​ដ៏​តិច​តួច​ បាន​រីក​ធំធាត់ មិន​ត្រឹម​តែ​ជា​ស្ថាប័ន ឬ​អង្គការ​​​ការពារ​សិទ្ធិមនុស្ស​ មាន​និន្នាការ​ការពារ​ប៉ាឡេស្ទីន​ទេ តែ​បាន​ពង្រីក​ខ្លួន​ចូល​ទៅ​ក្នុង​ស្ថាប័ន​ហិរញ្ញវត្ថុ​ នយោបាយ​ ស្រុះស្រួល​ចាត់​ទុក​នយោបាយ​ធ្វើ​អាណានិគមកិច្ច​អ៊ីស្រាអែល​​លើ​ដែនដី​អនាគត​របស់​ប៉ាឡេស្ទីន​ ថា​មិន​អាច​ទទួល​យក​បាន​ឡើយ។

ទំនាក់ទំនង​ជា​មួយ​បណ្តា​ប្រទេស​ជា​មិត្ត នៅ​អឺរ៉ុប ​ផ្សេង​ទៀត ក៏​ធ្លាក់​ចុះ​ដុន​ដាប​ដូច​គ្នា​ រាប់​ទាំង​អាល្លឺម៉ង់ផង។ អាល្លឺម៉ង់​ដែល​គាំទ្រ​អ៊ីស្រាអែល​ដោយ​គ្មាន​លក្ខខណ្ឌ តាំង​ពី​៥០​ឆ្នាំ​មក​ ពេល​នេះ​បាន​បញ្ចេញ​សំឡេងរិះគន់។ អ៊ីស្រាអែល​ខ្លួន​ឯង​ក៏​ដឹង​ខ្លួន​ ថា​មិន​អាច​ពឹង​លើ​អាល្លឺម៉ង់​ដូច​ពី​មុន​បាន​ឡើយ។ មេរៀន​ថ្មីៗ​មិន​អាច​បំភ្លេច​បាន​​ គឺ​អាល្លឺម៉ង់បាន​បោះឆ្នោត​អនុប្បវាទ ​ ចំពោះ​ការ​បញ្ជូល​ប៉ាឡេស្ទីន​ជា​រដ្ឋ​មិន​មែន​សមាជិក​នៅ​អង្គការ​សហប្រជាជាតិ (មិន​មែន​បោះឆ្នោត​ប្រឆាំង​​​ដើម្បី​ការពារ​អ៊ីស្រាអែល​ឡើយ)។

ធនាគារ​​អាល្លឺម៉ង់​ ដ៏​ធំ​ជាង​គេ​បង្អស់​របស់​ប្រទេស ទើប​បាន​បញ្ជូល​ឈ្មោះ​ក្រុមហ៊ុន​ធនាគារ​អ៊ីស្រាអែល​ទៅ​ក្នុង​បញ្ជី​ខ្មៅ។ មូលនិធិ​វិនិយោគ​ហូឡង់​ដ៏​សំខាន់​មួយ បាន​កាត់​ផ្តាច់​ទំនាក់ទំនង​ជាមួយ​អ៊ីស្រាអែល​ដែរ កាលពី​ថ្មីៗ​នេះ។ ហើយ​បើ​គេ​ជឿ​តាម​​សារព័ត៌មាន​ ក្រុមហ៊ុន​អ៊ីតាលី​បាន​ដក​ខ្លួន​ចេញ​ មិន​ទៅ​ទទួល​ការងារ​សាង​សង់​កំពង់​ផែ​ឱ្យ​អ៊ីស្រាអែល​ទេ។ ស្ថាប័ន​ជា​ច្រើន​ទៀត​របស់​អឺរ៉ុប​ខាង​ជើង (ដាណឺម៉ាក ន័រវេស ស៊ុយអែត) បាន​បញ្ឈប់​ទំនាក់ទំនង​ជាមួយ​នឹង​ធនាគារ​អ៊ីស្រាអែល​ណា​ដែល​ពាក់ព័ន្ធ​នឹង​ការ​​សង់​លំនៅដ្ឋាន​ធ្វើ​​តំបន់​អាណានិគមកិច្ច។

ចលនា​ធ្វើ​ពហិការ​មិន​រាប់​អាន​អ៊ីស្រាអែល ដែល​មាន​នយោបាយ​ធ្វើ​អាណានិគម​កិច្ច​ ហាក់​មាន​ទ្រង់ទ្រាយ​កាន់​តែ​ធំ។ អ៊ីស្រាអែល​កាន់​តែ​ឯកា ប៉ុន្តែ​ សម្រាប់​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ ដែល​មាន​ទំនុក​ចិត្ត​យ៉ាង​ខ្លាំង​លើ​សមត្ថភាព​ផ្នែក​បច្ចេកវិទ្យា​ដ៏​ឆ្នើមរបស់​​ពលរដ្ឋ​ ក្នុង​ការទាក់ទាញ​អ្នក​វិនិយោគ ​និង​ដែល​ចាត់​ទុក​ការ​ធ្វើ​ពហិការ​របស់​អឺរ៉ុប​ថាមាន​លក្ខណៈ​រើស​អើង​ពូជសាសន៍​ ការ​ធ្វើ​អាណានិគមកិច្ច​មិន​មែន​ជា​ឧបសគ្គ​នៃ​កិច្ច​ចរចា​ឡើយ តែ​បាន​ទម្លាក់​កំហុស​ទៅ​លើ​ប៉ាឡេស្ទីន​ថា​គ្មាន​ចេតនា​ទទួល​ស្គាល់​រដ្ឋ​អ៊ីស្រាអែល។

ក្នុង​ពេល​ភ្លាមៗ​ដូច្នេះ​ ​អ៊ីស្រាអែល​​មិន​​ញញើតទេ​​ និង​បាន​បញ្ជាក់​ថា​ ចលនា​នេះ​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​អ៊ីស្រាអែល​មែន។ ប៉ុន្តែ​ប្រសិន​បើ​ការ​ចរចា​សន្តិភាព​​ត្រូវ​ជួប​បរាជ័យ​មែន​ នោះ​ទើប​ជា​គ្រោះ​ថ្នាក់​ខ្លាំង។ ព្រោះ​សូម​រំលឹក​ថា​អ៊ីស្រាអែល​​មាន​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ជាមួយ​អឺរ៉ុប​ប្រមាណ​ជាង​៣០%​ ផលវិបាក​អាច​នឹង​នាំ​ឱ្យ​មាន​ ការ​បាត់​បង់​រាប់​ពាន់​ការងារ​ ទោះ​បី​អឺរ៉ុប​ធ្វើ​ពហិការ​តែ​មួយ​ភាគ​តូច​យ៉ាង​ណា​ក្តី។ ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អ៊ីស្រាអែល​បាន​គន់​គិត​ពី​ផលវិបាក​នេះ​ដោយ​ផ្ទាល់​រួច​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ