អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

ជម្លោះ​ដើមបូព៌ា ៖ អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន គ្មាន​សុទិដ្ឋនិយម​ដូច​អាមេរិក

លោក​ប្រមុខ​ការទូត​អាមេរិក ចន ឃែរី (John Kerry) បន្ត​បំពេញ​ទស្សនកិច្ច​នៅដើម​បូព៌ា​ ដើម្បី​សាក​ល្បង​​ផ្តល់​ដង្ហើម​ថ្មី​ដល់​កិច្ច​ចរចា​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ ម្សិលមិញ លោក​រដ្ឋមន្ត្រី​ការបរទេស បាន​ជួប​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល នៅ​ទីក្រុង​Jérusalem បន្ទាប់​មក​ជាមួយ​នឹង​ប្រមុខ​ដឹកនាំ​ដែនដី​ប៉ាឡេស្ទីន​ នៅក្រុង​ Ramallah​។ ទោះ​បី​ជា​ភាគី​បក្សដិបក្ស​ទាំង​ពីរ​មើល​ឃើញ​តែ​ទុទ្ទិដ្ឋនិយម​យ៉ាងណា​ក៏​ដោយ ក៏​លោក​ចន ឃែរី នៅ​តែ​មាន​ទំនុក​ចិត្ត​និង​សុទិដ្ឋនិយម​ជានិច្ច​ ថា​នឹង​អាច​មាន​ការ​ចុះ​ហត្ថលេខ​លើ​ផែន​ទី​ចង្អុល​ផ្លូវ​ ឬ​កិច្ចព្រមព្រៀង​អន្តរកាល ឆ្ពោះ​ទៅ​រក​ការ​ចរចា​សន្តិភាព។

លោក John Kerry (ឆ្វេង) និង​លោក​ប្រធាន​រដ្ឋ​អំណាច​ប៉ាឡេស្ទីន Mahmoud Abbas នៅ​ក្រុង​Ramallah
លោក John Kerry (ឆ្វេង) និង​លោក​ប្រធាន​រដ្ឋ​អំណាច​ប៉ាឡេស្ទីន Mahmoud Abbas នៅ​ក្រុង​Ramallah REUTERS/Brendan Smialowski/Pool
ផ្សាយពាណិជ្ជកម្ម

ក្រៅ​អំពី​​បរិបទ​អាប់អួរ​ ​លោក​ ចន​ ឃែរី ត្រូវ​ប្រឈម​នឹង​កំហឹង​របស់​ប៉ាឡេស្ទីន​ទៀត ! មាន​គ្នា​រាប់​សិប​នាក់ បណ្តា​ជន​ប៉ាឡេស្ទីន​បាន​ប្រមូល​ផ្តុំ​គ្នា​ នៅ​ទីក្រុង Ramallah​​ ដើម្បី​ ប្រឆាំង​នឹង​ទស្សនកិច្ច​​របស់​ប្រមុខ​ការទូត​អាមេរិក​ ព្រោះ​សម្រាប់​ពួកគេ អាមេរិក​​ចង់​បានតែ​កិច្ចព្រមព្រៀង តែ​មិន​ទទួល​គិតពី​សំណើរបស់​ប៉ាឡេស្ទីន​សោះ។​​ ប៉ាឡេស្ទីន​ចង់​បាន​ការ​ធានា​ ច្បាស់​លាស់​ ឈប់មាន​អាណានិគមកិច្ច​​អ៊ីស្រាអែល និង​ចង់​ឱ្យ​ជនភៀស​ខ្លួន​ប៉ាឡេស្ទីន​អាច​ធ្វើ​មាតុភូមិនិវត្តន៍។

 
លោក ឃែរី ដែលបាន​គាស់​កាយ​ការ​ចរចា​ឱ្យ​រស់​ឡើង​វិញ​ បន្ទាប់​ពីជាប់​គាំង​ជិត​បីឆ្នាំ​ កាលពី​ខែ​កក្កដា បាន​ជួបពិភាក្សា​​ជាមួយ​លោក Mahmoud Abbas រយៈពេល​ជាង​៥ម៉ោង​ នៅល្ងាចមិញ ដោយ​​គ្មាន​ព័ត៌មាន​អ្វីធ្លាយ​ចេញ​មក​ក្រៅ​សោះ​។ ប៉ុន្តែ​គេ​អាច​ដឹង​បាន​ថា​ពិត​ជា​​និយាយ​អំពី កិច្ចព្រមព្រៀង​អន្តរកាល ដែល​លោក​ ចន​ ឃែរី ចង់​ឱ្យ​ភាគី​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ចុះ​ហត្ថលេខា។ ខ្លឹម​សារ​នៃ​កិច្ចព្រមព្រៀង​ ដែល​ទំនង​ជា​មាន​ចោទ​ពី​បញ្ហា​ព្រំដែនក្រោយ​ការ​បង្កើត​​រដ្ឋ​ប៉ាឡេស្ទីន​ សន្តិសុខ​អ៊ីស្រាអែល និង​លក្ខន្តិកៈ​ក្រុង Jérusalem​។

កិច្ចព្រមព្រៀង​គ្មាន​ប្រយោជន៍​ នេះ​បើ​តាម​ថ្នាក់​ដឹកនាំ​អង្គការ​រំដោះ​ប៉ាឡេស្ទីន ដោយសំអាង​ថា​ សេចក្តីថ្លែងការណ៍​ជា​គោលការណ៍​ គ្មាន​សារៈសំខាន់ទេ។ ក្នុង​ពេល​រង់ចាំលទ្ធផល​ជាក់ស្តែង​​ លោក ចន ឃែរី បន្ត​ធ្វើ​ដំណើរ​ទៅ​-មក​ រវាង​​ក្រុង Jérusalem និង​ក្រុង Ramallah។ ល្ងាច​នេះ លោក​ត្រូវ​ជួប​ជា​ថ្មី​ជាមួយ​នឹង​ប្រមុខ​ដឹកនាំ​ដែនដី​ប៉ាឡេស្ទីន Mahmoud Abbas បន្ទាប់​មក​​លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ Benjamin Netanyahu ទៀត។ បើ​តាម​អ្នក​ការទូត​អាមេរិក​ផ្សេងៗ​ទៀត ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ភាគី​ទាំងពីរ​មិន​ងាយ​ទទួល​យក​សំណើ​របស់​អាមេរិក​លើក​នេះ​ទេ។ លោក​ចនឃែរី ខ្លួន​ឯង​ក៏​បាន​ទទួល​ដែរ​ ថា​ត្រូវ​ការ​ប្រើ​ពេល​វេលា​ច្រើន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ