អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​បាន​ជា​ពួក​អេស្បូឡាលីបង់​បាន​បើក​សមរភូមិ​នៅ​អ៊ីរ៉ាក់?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​ថ្ងៃទី១៦ កុម្ភៈ លោក​ប្រមុខ​ចលនា​អេស្បូឡា​ក្នុង​ប្រទេស​លីបង់​ហាសាន ណាស្រាឡា​បាន​ប្រកាស​ឲ្យ​ដឹង​ថា ចលនា​និកាយ​ឈីអ៊ីត​របស់​ពួក​គេ​បាន​បើក​សមរភូមិ​ប្រយុទ្ធ​ទល់​នឹង​ពួកជីហាត​រដ្ឋអ៊ីស្លាម​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។ បន្ទាប់​ពី​បាន​ចូលរួម​ប្រយុទ្ធ​ជាមួយ​ទ័ព​រដ្ឋាភិបាល​ក្នុង​ទឹកដី​ស៊ីរី​ប្រឆំាង​នឹង​ក្រុមបះបោរ នេះ​ជា​លើកទី១ បង្អស់​ដែល​ចលនា​អេស្បូឡាលីបង់​​បាន​ប្រកាស​ជា​ផ្លូវការ​ពី​ការ​បើក​សមរភូមិ​ថ្មី​នៅ​ប្រទេស​អ៊ីរ៉ាក់។ មួយ​វិញ​ទៀត ការ​ប្រកាស​របស់​លោក​ហាសាន ណាស្រាឡា​ពេល​នេះ ក៏​ជា​ការ​ឆ្លើយ​តប​នឹង​លោក​អតីត​នាយករដ្ឋមន្រ្តី​លីបង់​សាដ ហារីរី​ដែល​បាន​អំពាវនាវ​ឲ្យ​ពួក​អេស្បូឡា​ដក​ចេញ​ពី​ទឹកដី​ស៊ីរី។

ប្រមុខ​ចលនា​អេស្បូឡាលីបង់ Hassan Nasrallah
ប្រមុខ​ចលនា​អេស្បូឡាលីបង់ Hassan Nasrallah REUTERS/Khalil Hassan
ផ្សាយពាណិជ្ជកម្ម

រហូត​មក​ដល់​សព្វ​ថ្ងៃ យុទ្ធជន​អេស្បូឡាលីបង់​កំពុង​ចូលប្រឡូក​នៅ​ក្នុង​សមរភូមិ​ចំនួន ៣ សមរភូមិ​ទី១ គឺ​នៅ​ប៉ែកខាងត្បូង​លីបង់​ដែល​ពួក​គេ​កំពុង​ប្រឈម​នឹង​ប្រទេស​អ៊ីស្រាអែល សមរភូមិ​ទី២ គឺ​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​រវាង​ស៊ីរី និង​លីបង់​ដែល​ពួក​គេ​កំពុង​ទប់​ស្កាត់​ការ​ហូរ​ចូល​របស់​ពួក​ភេរវជន និង​សមរភូមិ​ទី៣ គឺ​នៅ​ផ្ទៃក្នុង​ប្រទេស​ស៊ីរី​ដែល​ពួក​គេ​បាន​ជួយ​ប្រយុទ្ធ​ទ័ព​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ​ប្រឆំាង​នឹង​ពួកឧទ្ទាម​បះបោរ។ តែ​ចាប់​ពី​ពេល​នេះ​ត​ទៅ ពួក​អេស្បូឡា​បាន​បើក​សមរភូមិ​ទី៤ ជា​ផ្លូវការ គឺ​សមរភូមិ​នៅ​អ៊ីរ៉ាក់​ដើម្បី​ប្រយុទ្ធ​ទល់​នឹង​ពួក​ជីហាតរដ្ឋអ៊ីស្លាម។

បើ​គេ​ស្តាប់​សុន្ទរកថា​របស់​ប្រមុខ​អេស្បូឡា​កាល​ពី​ថ្ងៃទី១៦ កុម្ភៈ​កន្លង​ទៅ លោក​ហាសាន ណាស្រាឡា​មិន​បាន​លាក់កំបំាង​នូវ​ព័ត៌មាន​ជុំវិញ​វត្តមាន​របស់​យុទ្ធជន​អេស្បូឡា​នៅ​ក្នុង​ទឹកដី​អ៊ីរ៉ាក់​ទេ ហើយ​រឿង​សម្ងាត់​មួយ​នេះ ក៏​បាន​បែក​ធ្លាយ​តំាង​ពី​ខែ​កក្កដា ឆ្នំា ២០១៤ មក​ម្ល៉េះ ពោល​តំាង​ពី​ក្រោយ​ដែល​មាន​មេបញ្ជាការ​ម្នាក់​របស់​ពួក​គេ​ត្រូវ​បាន​ពួកជីហាត​រដ្ឋអ៊ីស្លាម​សម្លាប់ចោល​ក្បែរ​ទីក្រុង​ម៉ូស៊ូល​ក្នុង​ទឹកដី​អ៊ីរ៉ាក់។ តំាង​ពី​ពេល​នោះ​មក រូប​លោក​ហាសាន ណាស្រាឡា​បាន​និយាយ​ច្បាស់ៗ​ថា យុទ្ធជន​អេស្បូឡា​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ធ្វើ​ពលីកម្ម​នៅ​អ៊ីរ៉ាក់​ឲ្យ​ខ្លំាង​ជាង​នៅ​ស៊ីរី។

វត្តមាន​របស់​យុទ្ធជន​អេស្បូឡា​នៅ​អ៊ីរ៉ាក់​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​អង្គការ​រដ្ឋអ៊ីស្លាម​កំពុង​មាន​ឥទ្ធិពល​កាន់​តែ​ខ្លំាង​ឡើងៗ​នៅ​ក្នុង​តំបន់ និង​ដែល​សូម្បី​តែ​កម្លំាង​សម្ព័ន្ធមិត្ត ព្រម​ទំាង​រដ្ឋាភិបាល​អ៊ីរ៉ាក់​ក៏​ពិបាក​ទប់ទល់​ដែរ។ អ៊ីចឹង​ហើយ​បាន​ជា​មាន​អ្នក​ខ្លះ​យល់​ឃើញ​ថា វត្តមាន​របស់​ចលនា​ឈីអ៊ីត​មួយ​នេះ​ក្នុង​ទឹកដី​អ៊ីរ៉ាក់​បាន​កើត​មាន​ឡើង​ចំ​ពេល​ល្អ​ណាស់។ តែ​សម្រាប់​អ្នក​ខ្លះ​ទៀត​បែរ​ជា​កំពុង​សម្តែង​ក្តី​បារម្ភ​ទៅ​វិញ។ បារម្ភ ព្រោះ​ចលនា​ប្រដាប់​អាវុធ​ដែល​មាន​ទំនោរ​រក​ប្រទេស​អ៊ីរ៉ង់​មួយ​នេះ​បាន​ប្រកាស​ចូល​ប្រឡូក​ជា​ផ្លូវការ​នៅ​ក្នុង​សង្រ្គាមសាសនា​ដែល​កំពុង​ពុះ​កញ្ជ្រោល​ខ្លំាង​នៅ​ក្នុង​តំបន់​ដើមបូព៌ា​រវាង​ក្រុម​និកាយ​ស៊ុយនីត និង​និកាយ​ឈីអ៊ីត។

ចូរ​កុំ​ភ្លេច​ថា អំណាច​នៅ​អ៊ីរ៉ាក់​សព្វថ្ងៃ​កំពុង​ស្ថិត​ក្នុង​ដៃ​របស់​ពួក​ឈីអ៊ីត និង​ដែល​ពួក​អេស្បូឡា​មាន​និកាយ​ឈីអ៊ីត​ដូច​គ្នា​មិន​អាច​បន្ត​ឈរ​ឱបដៃ​មើល​ពួក​នេះ​កំពុង​ត្រូវ​បាន​ពួកជីហាត​រដ្ឋអ៊ីស្លាម​តាម​ឈ្លានីស​ធ្វើ​បាប​នោះ​ទេ។ តែ​លោក​ហាសាន ណាស្រាឡា​បាន​បញ្ជាក់​ថា​នៅ​ជំហាន​ដំបូង វត្តមាន​របស់​យុទ្ធជន​អេស្បូឡា​នៅ​អ៊ីរ៉ាក់​នឹង​កម្រិត​ត្រឹម​តែ​រយនាក់​ប៉ុណ្ណោះ ពោល​មិន​ដូច​នៅ​ស៊ីរី​ដែល​ប្រភព​ក្រៅ​ផ្លូវការ​ឲ្យ​ដឹង​ថា មាន​ប្រមាណ​ជា ៥ ០០០នាក់។ មនុស្ស​ដែល​ចលនា​អេស្បូឡា​គ្រោង​នឹង​បញ្ជូន​មុន​គេ​ទៅ​អ៊ីរ៉ាក់ គឺ​គ្រូបង្វឹកល្បិច និង​បច្ចេកទេសយោធា រួម​ជា​មួយ​យុទ្ធជនច្បំាង​មួយ​ក្រុម​តូច​ដើម្បី​ជួយ​គំាទ្រ​ចលនាប្រដាប់អាវុធ​អ៊ីរ៉ាក់​ឈីអ៊ីត​ដែល​បាន​បង្កើត​ឡើង​ដោយ​ឆ្មំាបដិវត្តន៍​អ៊ីរ៉ង់ ដូច​យ៉ាង​ចលនា Kataëb Hezbollah។

តាម​ពិត​ទៅ តួនាទី​របស់​ចលនា​អេស្បូឡា​ក្នុង​ការ​ជួយ​ហ្វឹកហ្វឺន​កម្លំាង​ប្រដាប់អាវុធ​ឈីអ៊ីតអ៊ីរ៉ាក់​មិន​មែន​ជា​ថ្មី​ទេ។ ជាក់ស្តែង​ក្នុង​ពាក់​កណ្តាល​ទសវត្ស​ឆ្នំា ២០០០ និង​ចំ​ពេល​ដែល​ចលនា​បះបោរ​ប្រឆំាង​នឹង​វត្តមាន​ទ័ពអាមេរិកំាង​កំពុង​ឡើង​ដល់​កំពូល ចលនា​អេស្បូឡា​ក៏​ធ្លាប់​បាន​លួច​បញ្ជូន​មន្រ្តី​របស់​ខ្លួន​ទៅ​អ៊ីរ៉ាក់​ដើម្បី​ជួយ​បង្រៀន​ពី​បច្ចេកទេសច្បំាង​តាម​របៀប​ទ័ពព្រៃ​ដល់​ពលរដ្ឋ​អ៊ីរ៉ាក់​ក្នុង​ការ​ប្រឆំាង​នឹង​វត្តមាន​ទ័ពអាមេរិកំាង​ក្នុង​ទឹកដី​អ៊ីរ៉ាក់​ដែរ។ តែ​ចាប់​ពី​ពេល​នេះ​ត​ទៅ វត្តមាន​ជា​ថ្មី និង​ជា​ផ្លូវការ​របស់​ពួក​អេស្បូឡា​ក្នុង​ទឹកដី​អ៊ីរ៉ាក់​នា​កាលៈទេសៈ​សព្វថ្ងៃ​នឹង​អាច​ធ្វើ​ឲ្យ​ចលនា​ឈីអ៊ីត​មួយ​នេះ​ក្លាយ​ជា​ជន្ទល់​មួយ​មិន​អាច​ខ្វះ​បាន​សម្រាប់​រដ្ឋាភិបាល​អ៊ីរ៉ាក់​នៅ​ក្នុង​យុទ្ធនាការ​ប្រឆំាង​នឹង​ពួក​ជ្រុលនិយម​ឈីអ៊ីត​ដូច​ជា​ពួកជីហាត​រដ្ឋអ៊ីស្លាម​ជា​ដើម។ ក្នុង​ន័យ​នេះ លោក​ប្រមុខ​អេស្បូឡា​ហាសាន ណាស្រាឡា​បាន​សន្យា​ប្រើ​យុទ្ធសាស្រ្ត​ដូច​ដែល​ពួក​គេ​បាន​ប្រើ​ក្នុង​ការ​ប្រឆំាង​អ៊ីស្រាអែល​ជា​សត្រូវ​ស៊ូពូជ​អ៊ីចឹង។

ជា​ការ​ពិត គេ​មិន​អាច​ប្រៀបប្រដូច​ស្ថានការណ៍​នៅ​ស៊ីរី​ទៅ​នឹង​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ពេល​នេះ​ទេ តែ​គេ​ក៏​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា អសមត្ថភាព​របស់​សហគមន៍​អន្តជាតិ​ក្នុង​ការ​ប្រឈម​ទប់​នឹង​ឥទ្ធិពល​របស់​អង្គការ​រដ្ឋអ៊ីស្លាម ក៏​ដូច​ជា​ភាព​វឹកវរ​ខ្លំាង​នៅ​ក្នុង​ប្រទេស​លីប៊ី​សព្វថ្ងៃ នឹង​អាច​ជួយ​ជម្រុញ​ចលនា​អេស្បូឡា​ឲ្យ​ដើរ​តួនាទី​យ៉ាង​សំខាន់​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​តំបន់​មួយ​ដែល​សង្រ្គាមសាសនា​រវាង​ក្រុមនិកាយឈីអ៊ីត និង​ក្រុមនិកាយស៊ុយនីត​កំពុង​កើត​មាន​យ៉ាង​ក្តៅ​គគុក។ គឺ​ជា​តួនាទី​មួយ​ដែល​ចលនា​ឈីអ៊ីត​មួយ​នេះ​មាន​អ៊ីរ៉ង់​ជា​អ្នក​គំាទ្រ​យ៉ាង​ពេញ​ទំហឹង។ តែ​អ្នក​​ដែល​កំពុង​ក្រពុល​មុខ និង​ទើសទាល់​ចិត្ត​ខ្លំាង គឺ​ប្រទេស​លោកខាងលិច​មួយ​ចំនួន ពិសេស​អាមេរិក និង​សហភាពអឺរ៉ុប​ដែល​បាន​ចាត់​ទុក​អេស្បូឡា ជា​ចលនា​ភេរវនិយម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ