អានតួអត្ថបទ
លីបង់-អ៊ីស្រាអែល

ក្រុមហេស្បួឡា​លីបង់​បើក​ប្រតិបត្តិការ​ប្រឆាំង​អ៊ីស្រាអែល

ក្រុម​ហេស្បូឡា (Hezbollah) ​របស់​លីបង់ បាន​ប្រកាស​នៅ​ថ្ងៃ​ពុធ​ទី ២៨​មករា​នេះ បើក​ប្រតិបត្តិការ​​មួយ​ប្រឆាំង​នឹង​ក្បួន​ទ័ព​អ៊ីស្រាអែល​ដែល​​​​ធ្វើ​ចរាចរណ៍ តាម​តំបន់​ជាប់​​ព្រំដែន​។ មាន​ទាហាន​អ៊ីស្រាអែលយ៉ាង​ហោច​ណាស់​ពីរ​នាក់​បាន​ស្លាប់ និង​​​រង​របួសជា​ច្រើន​នាក់ ... នេះ​គឺ​ជា​ការ​វាយប្រហារ​ដ៏​ធ្ងន់ធ្ងរ​មួយ​ គិត​ចាប់​តាំង​ពី​សង្គ្រាម​​ឆ្នាំ​២០០៦​មក​ ហើយ​បើ​តាម​ការ​កាត់​យល់​ខ្លឹម​សារ​នៃ​សេចក្តី​ថ្លែងការណ៍របស់ហេស្បូឡា​​​​លីបង់ ទំនង​ជា​​អាច​មាន​ការ​វាយ​ប្រហារ​បន្ត​បន្ទាប់​ទៀត នៅ​ថ្ងៃ​ខាង​មុខ។

ហេស្បូឡា​លីបង់​វាយប្រហារ​ដោយ​មីស៊ីល​លើ​ក្បួន​រថយន្ត​យោធា​អ៊ិស្រាអែល ថ្ងៃទី ២៨ មករា ២០១៥
ហេស្បូឡា​លីបង់​វាយប្រហារ​ដោយ​មីស៊ីល​លើ​ក្បួន​រថយន្ត​យោធា​អ៊ិស្រាអែល ថ្ងៃទី ២៨ មករា ២០១៥ © Reuters
ផ្សាយពាណិជ្ជកម្ម

មាន​ស្លាប់​និង​របួស​ទាហាន​អ៊ីស្រាអែល​ជា​ច្រើន​នាក់​ និង​រថយន្តយោធា​ ​ប្រមាណ​៩​គ្រឿង​ត្រូវ​បាន​បំផ្លាញ ! នេះ​បើ​តាម​ប្រភព​​លីបង់។ ចំណែក​ខាង​​អ៊ីស្រាអែល​ បានប្រកាស​​ទទួល​ស្គាល់​ថាមាន​ទាហាន​ស្លាប់ដែរ និង​ប្រកាស​បញ្ជូន​​​ឧទ្ទម្ភាគចក្រ​ចម្បាំង​ ជា​ច្រើន​គ្រឿង​​​ទៅ​​តបត​​វិញ ទាហាន​ថ្មើរ​ជើង​ក៏​កំពុង​ត្រៀម​ប្រយុទ្ធ​ក្រែង​មាន​ការ​ប៉ុន​ប៉ង​ចូល​ចាប់​យុទ្ធជន​អ៊ីស្រាអែល​ជា​ចំណាប់​ខ្មាំង ដូច​ពាក្យ​លេច​ឮ​មក​ពី​ខាង​លីបង់។

 
គ្រាប់​បែក​ជាច្រើន ត្រូវ​បាន​ផ្លោង​ចេញ​ពី​អ៊ីស្រាអែល​សំដៅ​ភាគ​ខាង​ត្បូង​លីបង់​ ត្រង់​ចំណុច​ដែល​ទាហាន​ហេស្បូឡា​ភេទ​ស្រី​​ជា​អ្នក​កាន់​កាប់។ ​​ទាហាន​មួក​ខៀវ​អង្គការសហប្រជាជាតិ​ម្នាក់​ជាតិ​អេស្ប៉ាញ​ស្លាប់​ ក្នុង​ហេតុការណ៍នោះ ប៉ុន្តែ​មិន​ទាន់​មាន​ការ​បញ្ជាក់​អំពី​មូលហេតុ​ច្បាស់​លាស់​នៅ​ឡើយ​ទេ។

ការ​វាយប្រហារ​មីស៊ីលពី​សំណាក់​ក្រុម​ហេស្បូឡា​​​នេះ បាន​ផ្ទុះ​ឡើង​ ក្នុង​បរិបទ​ដ៏​តាន​តឹង​រវាង​​អ៊ីស្រាអែល​និង​លីបង់  ព្រោះ​កាលពី​ថ្ងៃ​ទី ១៨​មករា ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​របស់​អ៊ីស្រាអែល​លើ​ស៊ីរី បាន​សម្លាប់​ឧត្តមសេនីយ៍​អ៊ីរ៉ង់​ម្នាក់​ និង​សមាជិក​ចលនា​ហេស្បូឡា​លីបង់​ជាច្រើន​នាក់​ ក្នុង​នោះ​មាន​ម្នាក់​ជា​កូន​ប្រុស​មេ​ប្រតិបត្តិការ​យោធា​ចលនា​ឈីអ៊ីត​ ស្លាប់​កាលពី​ឆ្នាំ​២០០៨​នៅ​ស៊ីរី​ក្នុង​ការ​ភេរវកម្មបំផ្ទុះ​រថយន្ត។

ក្រុម​ហេស្បូឡា បាន​សន្យា​សង​សឹក។ ដូច្នេះ​ការ​វាយប្រហារ​នៅ​ថ្ងៃពុធ​នេះ គឺ​គ្រាន់​តែ​ជា​ចម្លើយ​តប​​របស់​ក្រុម​ឈីអ៊ីត​ប្រឆាំង​នឹង​ប្រតិបត្តិការ​ផ្លូវ​អាកាស​អ៊ីស្រាអែល។ ហើយ​ការ​វាយប្រហារ​អាចមានជា​បន្ត​បន្ទាប់​ទៀត ព្រោះ​ហេស្បូឡា​បាន​ប្រើ​ពាក្យ​ “សេចក្តីថ្លែងការណ៍​ទី​១"។ អ៊ីស្រាអែល តាំង​ពីព្រលឹម​មក​ ក៏​បាន​​​​បញ្ចេញ​យន្តហោះ​ទៅ​ទម្លាក់​គ្រាប់​បែក​លើ​​ទីតាំង​ពីរ​របស់​ទាហាន​ស៊ីរី​ក្នុង​ខេត្ត​ Kouneïtra ជិត​ខ្ពង់រាប​Golan ជាប់​ព្រំដែន​ជាមួយ​លីបង់​-ហ្ស័កដានី​និង​អ៊ីស្រាអែល។ លោក នេតាន់យ៉ាហ៊ូ​ បាន​ព្រមាន​​បើក​សមរភូមិ​គ្រប់​ជ្រុង​ ប្រើ​គ្រប់​កម្លាំង​ទាំង​អស់ ព្រោះ​អាទិភាព​ដំបូង​របស់​អ៊ីស្រាអែល​គឺ​សន្តិសុខ​ជាតិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ