អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តួកគី៖ប្រធានាធិបតី​ប្រកាស​ស្ថានភាព​អាសន្ន ដើម្បី​បោស​សម្អាត​មេរោគ​រដ្ឋប្រហារ

ចុះផ្សាយ​នៅ​ថ្ងៃ៖

៦ថ្ងៃ​ក្រោយ​ការ​ធ្វើ​រដ្ឋប្រហារ​មិន​បាន​សម្រេច ​របស់​ក្រុម​យោធា​តួកគី ​ប្រធានាធិបតី​អ៊ែរដូហ្កាន់ ​បាន​ឆ្លើយតប​វិញ ​ដោយ​ប្រើ​កណ្តាប់​ដៃ​ដែក ​ក្នុង​ការ​បោស​សម្អាត​ក្រុម​បក្សពួក ​ដែល​លោក​ហៅ​ថា ​ជា​ក្រុម​ក្បត់​ជាតិ​ រឺក្រុម​ភេរវកម្ម។ ថ្ងៃ​ព្រហស្បតិ៍​ទី ​២១ ​ កក្កដា​នេះ ​ប្រធានាធិបតី​តួកគី ​ បាន​ប្រកាស​ដាក់​ប្រទេស​តួកគី​ទាំងមូល ​ឲ្យស្ថិត​ក្នុង​ភាព​អាសន្ន ​ដើម្បី​អនុញ្ញាតិ​ឲ្យ​រដ្ឋាភិបាល ​ពន្លឿន​ប្រតិបត្តិការ​បោស​សំអាត ​មេរោគ​នៃ​បក្សពួក ​ដែល​បាន​ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ ​ ឲ្យ​បាន​ឆាប់​ជាទី​បំផុត។ សហគម​អន្តរជាតិ​កំពុង​បន្ត​ព្រួយ​បារម្ភ ​ដោយ​ក្រែង​រដ្ឋាភិបាល​លោក​អ៊ែរដូហ្កាន់ ​ប្រើប្រាស់​ហេតុផល​នេះ​ជា​លេស ​ដើម្បី​ចាប់​ខ្លួន​សកម្មជន​នយោបាយ ​ដែល​ប្រឆាំង​នឹង​អំណាច​ផ្តាច់​ការ​របស់​គាត់ ​តែ​ប៉ុណ្ណោះ។

លោកTayyip Erdogan ប្រធានាធិបតី​តួកគី
លោកTayyip Erdogan ប្រធានាធិបតី​តួកគី Kayhan Ozer/Presidential Palace/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

ប្រើ​ស្ថានភាព​អាសន្ន ​ដើម្បី​សម្រួល​និង​ពន្លឿន​យុទ្ធនាការ​បោស​សម្អាត​ខ្មាំង៖

ការ​ប្រកាស​ដាក់​ប្រទេស​ឲ្យស្ថិត​ក្នុង​ភាព​អាសន្ន​នេះ​ បើ​តាម​ការ​ប្រកាស​របស់​លោក​អ៊ែរដូហ្កាន់ ​គឺ​ធ្វើឡើង​ដើម្បី​ចាប់ខ្លួន ​និង​ បោស​សម្អាត​មេរោគ​នៃ​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​គាត់ ​ ឲ្យបាន​ឆាប់​ជា​ទីបំផុត។ អញ្ចឹង​ជារួម​គឺ​មាន​ន័យ​ថា ​ការ​ដាក់​ប្រទេស​ឲ្យ​ស្ថិត​ក្នុង​ស្ថានភាព​អាសន្ន ​ វា​នឹង​សម្រួល​កិច្ចការ​របស់​រដ្ឋាភិបាល ​ក្នុង​ការ​តាមចាប់​ខ្លួន​ក្រុម​បក្សពួក ​ ដែល​រដ្ឋាភិបាល​តួកគី​ចោទ​ថា​ក្បត់ជាតិ។

ការ​ប្រកាស​ដាក់​ប្រទេស​ឲ្យស្ថិត​ក្នុង​ភាព​អាសន្ន​ គឺ​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​តួកគី ​ ត្រង់​មាត្រា​១២០​ ដែលមាន​ចែង​ថា​គេ​អាច​ធ្វើ​វា​បាន ​ ក្នុង​រយៈពេល​យ៉ាង​យូរ​បំផុត​ ៦ខែ ​ក្នុង​ករណី​ដែល​មាន​ការ​គម្រាម​កំហែង​ធ្ងន់ធ្ងរ​ដល់​ស្ថាប័ន​អំណាចរដ្ឋ ​និង​សណ្តាប់​ធ្នាប់​ប្រជាធិបតេយ្យ។ ស្ថានភាព​អាសន្ន ​ នឹង​អនុញ្ញាតិ​ឲ្យ​រដ្ឋាភិបាល ​អាច​មាន​សិទ្ធិ​កាត់​បន្ថយ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ ​ដូចជា​សិទ្ធិ​ជួបជុំ​ធ្វើ​បាតុកម្ម ​ សិទ្ធិ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅណា​មកណា​ជាដើម។

ក្នុងន័យ​នេះ ​រដ្ឋាភិបាល​តួកគី ​ ចង់​ប្រើ​ស្ថានភាព​អាសន្ន​នេះ ​ដើម្បី​ធ្វើ​ការ​អនុម័ត​ច្បាប់​មួយ​ចំនួន​ ដោយ​ទាន់ហន់​ ហើយ​ដោយ​មិន​ចាំ​បាច់​ឆ្លងកាត់​រដ្ឋសភា​ទេ។ ច្បាប់​ដែល​លោក​អ៊ែរដូហ្កាន់​ចង់​ធ្វើ ​ គឺ​សុទ្ធសឹង​ជា​វិធានការ​នានា ​សំដៅ​ចាប់ខ្លួន​ ក្រុម​មនុស្ស​ដែល​គាត់​គិត​​ថា​ជា​បក្ស​ពួក​ធ្វើ​រដ្ឋប្រហារ។ ហើយ​រដ្ឋាភិបាល​ ក៏មាន​សិទ្ធិ ​ធ្វើការ​ហាមឃាត់​ការ​អនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​ របស់​ប្រជាជន​ដែរ ​តួយ៉ាង​ដូចជា​ការ​ចុះ​ឆែកឆេរ​​ រឹបអូស ​ចាប់ខ្លួន​មនុស្ស ​ដោយ​មិន​ចាំបាច់​មាន​ដីកា​បង្គាប់ ​ពី​តុលារ។ យ៉ាងណាមិញ ​លោក​ប្រធានាធិបតី​​អ៊ែរដូហ្កាន់ ​ទើប​បាន​ចេញ​បទ​បញ្ជា​ ហាមឃាត់​មិន​ឲ្យ​មាន​អ្នក​ស្រាវជ្រាវ ​ ​រឺ​សាស្ត្រចារ្យ​សកលវិទ្យាល័យ​តួកគី ​ ធ្វើ​ដំណើរ​ចេញ​ទៅ​ក្រៅ​ស្រុក​ទេ ​ដើម្បី​ចៀសវាង​ការ​រត់​គេច​ខ្លួន។

ស្ថានភាព​អាសន្ន ​ដែល​ចូល​ជា​ធរមាន​ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ គឺ​នឹង​មាន​រយៈពេល​៣ខែ។ សម្រាប់​ពេលនេះ​​ យើង​នៅ​មិន​ទាន់​ដឹង​ថា​ អ្វីទៅ​ជា​វិធានការ​រិត​បន្តឹង ​ពិត​ប្រាកដ ​ ដែល​រដ្ឋាភិបាល​តួកគី ​នឹង​អនុវត្ត​ទេ។ តែយ៉ាង​ណា ​ក៏ដោយ ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំងណាស់ ​ ថា​ស្ថានការណ៍​នេះ ​នឹង​បើកដៃ​ឲ្យ​រដ្ឋាភិបាល​​លោក​អ៊ែរដូហ្កាន់​ ប្រើប្រាស់​អំណាច​ផ្តាច់ការ ​ ដោយ​រំលោភ​លើ​គោលការណ៍​នីតិរដ្ឋ។
 
ទាហាន​ នគរបាល ​ចៅក្រម ​គ្រូ​បង្រៀន ​រាប់ម៉ឺន​នាក់​ ត្រូវ​ចាប់ខ្លួន ​រឺ​បញ្ឈរជើង៖

ទាហានតួកគីម្នាក់ ក្នុងចំណោម៨នាក់​ ដែល​បានរត់​គេច​​ទៅ​​ក្រិក ត្រូវបាន​ចាប់ខ្លួន
ទាហានតួកគីម្នាក់ ក្នុងចំណោម៨នាក់​ ដែល​បានរត់​គេច​​ទៅ​​ក្រិក ត្រូវបាន​ចាប់ខ្លួន REUTERS/Antonis Pasvantis

យុទ្ធនាការ​បោស​សម្អាត​មេរោគ ​នេះ ​មិនមែន​បោស​សម្អាត​ធម្មតា​ទេ ​គឺ​បោស​សម្អាត​ទ្រង់ទ្រាយ​ធំ​តែម្តង។ គ្រាន់តែ​៦ថ្ងៃ ​ក្រោយ​គម្រោង​ធ្វើ​រដ្ឋប្រហារ​មិន​បាន​សម្រេច​ រដ្ឋាភិបាល​តួកគី ​ បាន​ធ្វើ​ការ​ចាប់​ខ្លួន​មនុស្ស​ប្រមាណ​ជា​១ម៉ឺន​នាក់ ​ ដែល​ពួកគេ ​កំពុង​ស្ថិត​ក្នុង​ការ​ឃុំខ្លួន ​ដើម្បី​រងចាំ​ការ​អនុវត្ត​នីតិវិធី​តុលាការ។ ក្នុង​ចំណោម​នោះ ​គឺមាន​ភាគ​ច្រើន​ជា​ទាហាន​ទាំង​មេ​ធំៗ ​ទាំង​កូន​ទាហាន ​មាន​មន្ត្រី​នគរបាល​ ព្រមទាំង​អ្នក​ច្បាប់ ​និង​ចៅក្រម​ផងដែរ។ ក្រៅពី​នេះ ​ នៅ​មាន​មន្ត្រី​រដ្ឋការ​សឹងតែ​គ្រប់​ស្ថាប័ន ​ប្រមាណ​ជា​៥ម៉ឺន​៥ពាន់​នាក់ ​ផ្សេងទៀត ​ដែល​ត្រូវ​គេ​បញ្ឈរ​ជើង ​រឺ​លប់​ឈ្មោះ​ចោល​ពី​ការងារ។ នេះ​គឺ​ជា​តួលេខ​ផ្លូវការ​ ដែល​ក្រុម​អ្នក​យកព័ត៌មាន​បារាំង ​ បាន​ស្រង់​ចេញ​​ពី​សេចក្តី​ប្រកាស​របស់​រដ្ឋាភិបាល​តួកគី។

ក្នុង​ចំណោម​មនុស្ស​ដែល​ត្រូវ​គេ​ចាប់ខ្លួន​ រឺ​លប់​ឈ្មោះ​ពី​ការងារ ​គឺ​មាន​ភាគច្រើន ​នៅក្នុង​ជួរ​កងទ័ព ​ និង​នគរបាល ​និង​គ្រូ​បង្រៀន​តែម្តង។ មេ​បញ្ជាការ​កងទ័ព​ធំៗ​ប្រមាណ​ជា​១២០​នាក់ ​ ពោល​គឺ​ស្មើនឹង​១ភាគ​៣ នៃ​មេ​បញ្ជាការ​កងទ័ព​ទូទាំង​ប្រទេស​​ ត្រូវ​បាន​ចាប់ខ្លួន។ កង​កម្លាំង​ទាហាន ​រាប់តាំង​ពី​សក្តិ៍​តូច​បំផុត​ទៅ ​ប្រមាណ​ជា​៦ពាន់​នាក់ ​ ត្រូវ​បាន​ចាប់​ខ្លួន។ ចៅក្រម ​និង​រដ្ឋ​អាជ្ញារ​ចំនួន​៣ពាន់​នាក់ ​ត្រូវ​បាន​គេ​លប់​ឈ្មោះ​ចោល។ ដូច​គ្នា​ដែរ​ មន្ត្រី​នគរបាល ​រឺ​មន្ត្រី​បំរើ​ការ​ក្នុង​ក្រសួង​មហាផ្ទៃ​សរុប​ទាំងអស់​៨ពាន់​នាក់ ​ត្រូវ​បាន​គេព្យួរ​ និង​លប់​ឈ្មោះ​ចោល​ពី​មុខងារ។ ជាងនេះ​ទៅទៀត ​បុគ្គលិក​បំរើការ​ក្នុង​ក្រសួង​អប់រំ​ រាប់​ចាប់​ពី​មន្ត្រី​រដ្ឋបាល ​រហូត​ដល់​គ្រូ​បង្រៀន​សាស្ត្រាចារ្យ ​សរុប​ទាំង​អស់​១ម៉ឺន​ ៥ពាន់​នាក់ ​ក៏ត្រូវ​គេ​ព្យួរ​ឈ្មោះ​ចោល​ដែរ។

មេ​ខ្មាំង​ធំ​នៅ​អាមេរិក៖
រដ្ឋាភិបាល​តួកគី​ ទើប​បាន​បញ្ជាក់​ថា ​គេ​បាន​ផ្ញើរ​ឯកសារ​ចំនួន​៤​ ទៅ​កាន់​ក្រសួង​ការបរទេស​ អាមេរិក​ដើម្បី​ស្នើសុំ​ឲ្យ​អាជ្ញាធរ​អាមេរិក​ ប្រគល់​ខ្លួន​លោក ​Fathullah Gülen​ ដែល​តួកគី​ចោទ​ថា​ជា​អ្នក​ផ្តើម​គំនិត​ឲ្យ​មាន​រដ្ឋប្រហារ ​កាលពី​ថ្ងៃ​ទី​១៥​កក្កដា។ ​លោក ​Fathullah Gülen​ដែល​បច្ចុប្បន្ន​រស់នៅ​ក្នុង​រដ្ឋ ​Pennsylvanie ​គឺ​ជា​អ្នក​នយោបាយ​មាន​ឥទ្ធិពល​ម្នាក់ ​ហើយ​ដែល​ជា​សម្លេង​ប្រឆាំង ​នឹង​នយោបាយ​របស់​​លោក​អ៊ែរដូហ្កាន់។

លោក​ម្នាក់នេះ ​បាន​បដិសេធ ​ថា​មិនបាន​នៅ​ពីក្រោយ​ការ​ធ្វើ​រដ្ឋប្រហារ​ទេ ​ហើយ​សំណូមពរ​ឲ្យ​សហរដ្ឋ​អាមេរិក​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់។ យ៉ាង​ណា​ក៏ដោយ ​ ការ​ប្រគល់​ខ្លួន​មនុស្ស​ម្នាក់​ទៅ​តាម​ការ​ស្នើសុំ​របស់​ប្រទេស​មួយ ​គឺ​វា​ស្រេចលើ​ការ​សម្រេច​ចិត្ត​របស់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ​ លោក​ចន ឃែរី​ ហើយ​ដោយ​មិនមែន​ឈរ​លើ​តែ​ហេតុផល​គតិយុត្តិ ​មួយ​មុខ​ទេ ​ ​គឺ​វា​ផ្អែក​លើ​ហេតុផល​នយោបាយ​ដែរ។
 
យក​រដ្ឋប្រហារ​ ដើម្បី​បន្លំ​ចាប់​អ្នក​ប្រឆាំង​ទាំងអស់?
សហគមអន្តរជាតិ ​មានជា​អាទិ៍​សហភាព​អឺរ៉ុប​ ប្រទេស​ធំៗ​នៅអឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក​ កំពុង​តែ​មាន​ការ​ព្រួយ​បារម្ភ​ជាខ្លាំង ​ទាក់ទិន​នឹង​ចំណាច់ការ​បែប​ធម៌ក្តៅ ​នឹង​យ៉ាង​តក់ក្រហល់​បំផុត ​របស់​អាជ្ញាធរ​តួកគី ​ក្រោយ​រដ្ឋប្រហារ​មិន​បាន​សម្រេច​នេះ។

បើយើង​ក្រលេក​មើល​លើ​ចំនួន​មនុស្ស​ដែលគេ​ចាប់​ខ្លួន​បាន​ ប្រមាណ​ជា​១ម៉ឺន​នាក់ ​ក្នុង​រយៈពេល​មិន​ដល់​មួយ​សប្តាហ៍​ផង​នោះ ​ ​គឺ​ថា​វា​ជា​រឿង​មួយ​ដែល​មិន​គួរ​ឲ្យ​ជឿ​បាន​ទេ។​ នេះ​យើង​នៅ​មិនទាន់​គិត​ដល់​ ចំនួន​មនុស្ស​៥៥០០០​នាក់ ​ ដែល​ត្រូវ​គេ​បណ្តេញ​ចោល​ពី​ការងារ​ ផង។ ចំនួន​ទាំង​អស់​នេះ​ គឺ​វា​ច្រើន​ខ្លាំង​ណាស់​ហើយ​គេ​មិន​ជឿថា​ ពួក​គេ​ទាំង​អស់​នេះ ​សុទ្ធតែ​បាន​ចូលរួម​ក្នុង​ការ​ធ្វើ​រដ្ឋប្រហារ​ ទាំងអស់​នោះទេ។

សម្រាប់​អ្នក​វិភាគ​ជាច្រើន​យល់ថា​ បើ​យោង​លើ​ចំនួន​ដ៏​មហិមា​នេះ ​គឺ​មាន​ន័យ​ថា ​រដ្ឋាភិបាល​លោក​អ៊ែរដូហ្កាន់ ​បាន​ត្រៀម​លក្ខណៈ​រួច​ទៅ​ហើយ ​ពោលគឺ​គេ​អាច​មាន​បញ្ជីរ​ឈ្មោះ ​អ្នក​ដែល​ត្រូវ​ចាប់ខ្លួន​ រួច​ទៅ​ហើយ។ គេ​មិនមែន​ធ្វើ​វា ​បាន​ក្នុង​រយៈពេល​៦ថ្ងៃទេ​។ មាន​អ្នក​ខ្លះ​ហ៊ានទាំង​និយាយ​ទៀត​ថា ​ រដ្ឋប្រហារ​នេះ ​ គ្រាន់​តែ​ជា​ឆាកល្ខោន​ រៀបចំ​ឡើង​ដោយ​លោក​ប្រធានាធិបតី​អ៊ែរដូហ្កាន់ ​ខ្លួនឯង  ​ដើម្បី​ជា​លេស​បាន​ធ្វើ​ការ​ចាប់ខ្លួន ​និង​បោស​សម្អាត​ក្រុម​ប្រឆាំង ​ពី​ក្នុង​ជួរ​កងទ័ព ​និង​ស្ថាប័ន​រដ្ឋ​នានា​តែ​ប៉ុណ្ណោះ។

លោក​រដ្ឋមន្ត្រី​ការ​បរទេស​អាល្លឺម៉ង់​ បាន​អំពាវនាវ​ថា ​តួកគី​ត្រូវ​គោរព​គោលការ​នីតិរដ្ឋ ​ មិន​ត្រូវ​យក​លេស​រដ្ឋប្រហារ ​ទៅដើរ​បោស​សម្អាត​ក្រុម​អ្នក​មាន​និន្នាការ​ប្រឆាំង​រដ្ឋាភិបាល​ទេ។ មិន​ថា​អាល្លឺម៉ង់ ​មិន​ថា ​បារាំង​រឺ​អាមេរិក ​ គឺ​គ្រប់គ្នា​ថ្កោល​ទោស​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ​ ​ក៏​ប៉ុន្តែ​គ្រប់គ្នា ​សុទ្ធតែ​មិន​យល់​ស្រប ​នឹង​ការ​ដែល​រដ្ឋាភិបាល​តួកគី ​ទៅ​ដើរ​ចាប់​មនុស្ស​រាប់ពាន់​រាប់​ម៉ឺន​នាក់ ​ទាំង​អ្នក​នោះ​ មិនបាន​ចូលរួម ​ រឺ​គ្មាន​អ្វីទាក់ទង​និង​រដ្ឋ​ប្រហារ​ផង។ បើអ្នក​នោះ​បាន​ចូលរួម​យ៉ាង​សកម្ម​ជាក់ស្តែង ​ក្នុង​ការ​ធ្វើ​រដ្ឋប្រហារ ​នោះ​ចាប់​ខ្លួន​យក​មក​កាត់​ទោស​តាម​ច្បាប់​ គឺ​វា​មិន​ខុស​ទេ ​តែនេះ​គឺ​គេ​ចាប់​ទាំងអស់ ​ឲ្យតែ​មាន​និន្នាការ​នយោបាយ​ប្រឆាំង​នឹង​លោក​អ៊ែរដូហ្កាន់។

កន្លែង​នេះ​ហើយ​ដែល​ជា​ការ​ព្រួយ​បារម្ភ​ធំ។ តួកគី ​ ខ្លួនឯង​ទេ ​ ដែល​ជា​អ្នក​ខាត ​ ព្រោះ​ពេល​នេះ​ផល​អវិជ្ជមាន​នៃ​ស្ថានភាព​វិកវរ​នេះ​ កំពុង​តែ​ជះទៅ​លើ​សេដ្ឋកិច្ច​តួកគី។ អ្នក​វិនិយោគ​លែង​មាន​ទំនុក​ចិត្ត​ តម្លៃ​រូបិយបណ្ណ​ធ្លាក់ចុះ ​ហើយ​ផ្សារ​ភាគហ៊ុន​តួកគី​ ធ្លាក់ចុះ​ដល់​ទៅ​ជាង​៩% ​ឯណោះ។ ថ្វីបើ​ពេល​នេះ ​ លោក​អ៊ែរដូហ្កាន់​កំពុង​តែ​សប្បាយ​វក់វី​នឹង​ជ័យជំនះ ​របស់​គាត់ ​ តែ​កុំភ្លេច​ថា​បើ​សិន ​ភាព​វិកវរ​នេះនៅ​តែ​បន្ត​ វានឹង​ធ្វើឲ្យ​មាន​វិបត្តិ​សេដ្ឋកិច្ច ​ហើយថា​មិន​ត្រូវ​វិបត្តិ​នេះ ​នឹង​ត្រលប់​មក​បំផ្លាញ​នយោបាយ ​និង​អំណាច​របស់​លោក​អ៊ែរដូហ្កាន់​ដោយ​ខ្លួនឯង ​ជាក់ជា​មិន​ខាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ