អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អារ៉ាប៊ីសាអូឌីត ត្រៀមខ្លួន​ធ្វើ​កំណែទម្រង់​សេដ្ឋកិច្ច​ ខណៈដែល​ចំណូល​ពី​ប្រេង​កាន់តែ​ចុះថយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

អារ៉ាប៊ីសាអូឌីត​ គឺជា​មហាសេដ្ឋី​ប្រេង​កាត ​ធំជាង​គេ​បង្អស់​ នៅ​តំបន់​អារ៉ាប់​ឈូង​សមុទ្រ។ ប៉ុន្តែ​ពីរឆ្នាំ​មកនេះ ​ ជាមួយ​នឹង​តម្លៃ​ប្រេងឆៅ​ដែល​បាន​ចុះ​ដល់ទៅ​៧០% ​បាន​ធ្វើ​ឲ្យ​ចំណូល​តែមួយ​គត់​ប្រទេស​នេះ ​ធ្លាក់​ចុះ ​ដែល​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​មាន​ការ​ព្រួយ​បារម្ភ​ ពី​វាសនា​សេដ្ឋកិច្ច​របស់​ខ្លួន។ កំណែទម្រង់​សេដ្ឋកិច្ច​ ដើម្បី​ស្វែងរក​ប្រភព​ចំណូល​ផ្សេងទៀត ​ត្រូវតែ​ធ្វើ​ជា​បន្ទាន់។ តែ​ទន្ទឹម​គ្នា​នេះ ​គឺ​គ្រប់គ្នា​ ដែល​ធ្លាប់តែ​សោយសុខ​ក្នុង​គំនរ​មាស​រាប់​សិប​ឆ្នាំ​មក​នេះ ​ ត្រូវ​មាន​ការ​អត់ធ្មត់​ ព្រោះ​កំណែ​ទម្រង់​សេដ្ឋកិច្ច​អាច​ចំណាយ​ច្រើន​ ត្រូវ​ការ​ពេល​វេលា​យូរ ​មុន​នឹង​បាន​ទទួល​ជោគជ័យ។

ព្រះចៅសាល់ម៉ាន់ ស្តេចអារ៉ាប៊ីសាអូឌីទ
ព្រះចៅសាល់ម៉ាន់ ស្តេចអារ៉ាប៊ីសាអូឌីទ REUTERS/Bandar al-Jaloud/Saudi Royal Court/Handout
ផ្សាយពាណិជ្ជកម្ម

ឆ្នាំ​២០១៦ ចំណូល​បាន​ពីប្រេង​នឹង​ថយចុះ​១០០ពាន់​លាន​ដុល្លារ៖

យោង​តាម​ការ​ប្រកាស​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​FMI​ កំណើន​សេដ្ឋកិច្ច​សម្រាប់​ប្រទេស​មហាសេដ្ឋី​ប្រេង​ទាំង​៦ ​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែក្ស ​នៅ​ឆ្នាំ​២០១៦​នេះ ​មាន​ប្រមាណ​តែ​១,៨%​ប៉ុណ្ណោះ ​បើ​ប្រៀប​ធៀប​ទៅ​ឆ្នាំ​មុន​ ដែល​មាន​៣,៣%។ សម្រាប់​អារ៉ាប៊ីសាអូឌីត ​ រាជាណាចក្រ​មហាសេដ្ឋី​ប្រេង​ធំ​ជាង​គេ​ក្នុង​តំបន់ ​ នឹង​មាន​កំណើន​សេដ្ឋកិច្ច​តែ​ប្រមាណ​ជា​១,២%​ ប៉ុណ្ណោះ។ មូលនិធិ​នេះ ​ បាន​អំពាវនាវ​ឲ្យ​ប្រទេស​ផលិត​ប្រេង​ទាំង​នោះ ​ត្រូវ​ខិតខំ​ស្វែងរក​ប្រភព​ចំណូល​ផ្សេងទៀត ​ ក្រៅពី​ការ​លក់​ប្រេង ​ហើយ​ត្រូវ​កាត់​បន្ថយ​ការ​ចំណាយ​សាធារណៈ ​ដើម្បី​ទប់ទល់​នឹង​ចំណូល​ដែល​បាន​មក​ពី​ការ​លក់ប្រេង ​កាន់តែ​ថយចុះ។

ជាការពិត​ ចាប់តាំង​ពី​ឆ្នាំ​២០១៤​មក ​ ប្រេងឆៅ​បាន​ធ្លាក់​ថ្លៃ​ដល់​ទៅ​៧០% ​មក​នៅ​ត្រឹមតែ​ប្រមាណ​ជា​៤០​ដុល្លារ ​ក្នុង​មួយ​ធុង​បារីល​ប៉ុណ្ណោះ ​បច្ចុប្បន្ន​នេះ។ យោង​តាម​អ្នក​ជំនាញ ​តម្លៃ​ថោក​នេះ​ អាច​នឹង​នៅ​បន្តទៅ​មុខ​ទៀត ​ហើយ​បើ​សិន​ជាឡើង ​ ក៏មិន​អាច​ឡើង​លើស​ពី​៥០​ដុល្លារ​ដែរ។ យោង​តាម​ តួលេខ​របស់​FMI​ ក្នុង​បណ្តា​ប្រទេស​ផលិត​ប្រេង​ទាំង​៦ ​សមាជិក​ក្រុម​ប្រឹក្សា​ឈូង​សមុទ្រ​ ក្នុង​ឆ្នាំ​២០១៦​នេះ ​ អាច​នឹង​បាត់បង់​ចំណូល​រហូត​ដល់ ​១០០​ពាន់​លាន​ដុល្លារ។

ភ្ញាក់ខ្លួនទាន់មិនទាន់យើតពេល៖
ខុសពី​បណ្តា​ប្រទេស​ដ៏​ទៃ​ទៀត​ក្នុង​តំបន់ ​ដូចជា​ប្រទេស​កាតា ​រឺ​អេមៀរ៉ាត​អារ៉ាប់រួម​  ដែល​ប្រទេស​ទាំងពីរ​នេះ ​ខិតខំ​ធ្វើ​កំណែទម្រង់​សេដ្ឋកិច្ច​ និង​ធ្វើ​វិនិយោគ​ជាមួយ​នឹង​ទីផ្សារ​អន្តរជាតិ ​ ចំលែក​តែ​អារ៉ាប៊ីសាអូឌីត​ ដែល​មាន​សេដ្ឋកិច្ច​បិទ​ជិត ​ ហើយ​រំពឹង​ទាំង​ស្រុង​តែ​នឹង​ចំណូល​ដែល​បាន​មក​ពី​ការ​លក់​ប្រេង​ឆៅ​តែ​ប៉ុណ្ណោះ។ ថ្វីត្បិត​តែ​មាន​ចរន្ត​ទាមទារ​ឲ្យ​មាន​កំណែទម្រង់ ​ តែ​កន្លង​មក​ គ្មាន​វិធានការ​អ្វីមួយ​ត្រូវ​បាន​គេដាក់​ចុះ​ឲ្យ​បាន​ម៉ដ្ឋ​ចត់​ទេ។ ក្រុម​គ្រួសារ​ស្តេច​អារ៉ាប៊ីសាអូឌីត​ និង​មន្ត្រី​អ្នក​គាំទ្រ​ខ្លួន​ ហាក់​ងប់ងុល ​នឹងភាព​ស្រណុក​សុខស្រួល ​មាស​ប្រាក់​គរ​ដូចភ្នំ ​ដែល​បាន​មក​ពី​ការ​លក់ប្រេង។ ប៉ុន្តែ​កាលៈទេសៈ ​នាពេល​នេះ​បាន​ផ្លាស់ប្តូរ​ តម្លៃ​ប្រេងឆៅ​ធ្លាក់​ចុះ​ជា​គំហុគ ​ ជាង​នេះ​ទៅទៀត ​ជាមួយ​នឹង​ការ​វិល​ត្រលប់​មក​វិញ​នៃអ៊ីរ៉ង់​ មក​ក្នុង​ទីផ្សារ​លក់​ប្រេង ​ គឺ​រឹតតែ​ធ្វើ​ឲ្យ​អារ៉ាប៊ីសាអូឌីត ​បាត់បង់​លាភ​សក្ការៈ ​កាន់​តែ​ខ្លាំង។

ពេល​វេលា​ដល់ហើយ ​ដល់​ពេល​ដែល​អារ៉ាប៊ីសាអូឌីត ​ត្រូវ​បើក​ភ្នែក​សម្លឹង​មើល​អនាគត​នៃ​សេដ្ឋកិច្ច​ខ្លួន​ហើយ។ ទោះបី​ជា​គ្រប់​គ្នា​មិន​យល់​ដូច្នេះ​ក៏ដោយ ​ តែ​យ៉ាងណា ​នេះ​ជា​ការ​យល់ឃើញ​របស់​ព្រះអង្គ​ម្ចាស់ ​មូហាម៉េដ បេន សាល់ម៉ាន់ ​ដែល​ជា​មនុស្ស​ដ៏​សំខាន់​ម្នាក់​ ក្នុង​ក្រុម​គ្រួសារ​ព្រះញាតិវង្ស ​នៃ​រាជវង្ស​សាល់ម៉ាន់ ​របស់​អារ៉ាប៊ីសាអូឌីត។

កំណែទំរង់​ ​របស់​ព្រះអង្គម្ចាស់​ម៉ូហាម៉េដ បេន សាល់ម៉ាន់៖

ព្រះអង្គម្ចាស់ ម៉ូហាម៉េដ បេន សាល់ម៉ាន់ វ័យ៣០ឆ្នាំ​និងជា​ស្ថាបនិកនៃគម្រោង​កំណែទម្រង់
ព្រះអង្គម្ចាស់ ម៉ូហាម៉េដ បេន សាល់ម៉ាន់ វ័យ៣០ឆ្នាំ​និងជា​ស្ថាបនិកនៃគម្រោង​កំណែទម្រង់

កាល​ពី​ថ្ងៃ​ចន្ទ​ទី​២៥​មេសា​ គម្រោង​កំណែទម្រង់​សេដ្ឋកិច្ច ​ដ៏​អង់អាច​ក្លាហាន​របស់​ព្រះអង្គ​ម្ចាស់ ​ម៉ូហាម៉េដ ​បេន សាល់ម៉ាន់ ​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​ជា​សាធារណៈ។ គម្រោង​កំណែ​ទំរង់​នេះ ​ សង្កត់ធ្ងន់​ទៅ​លើការ​រំដោះ​ភាគ​ហ៊ុន​ប្រមាណ​ជា​៥% ​នៃ​ក្រុមហ៊ុន​ជាតិ​ផលិត​ប្រេង​អារ៉ាប៊ីសាអូឌីត​ ឈ្មោះ​ថា​ Aramco ​ដើម្បី​លក់​ទៅ​ឲ្យ​ទីផ្សារ​អន្តរជាតិ។ បន្ទាប់​មក​ទៀត​ ភាគហ៊ុន​នេះ ​នឹង​យក​ទៅ​បង្កើត​ជាមូល​និធិ​ឯករាជ្យ​ដាច់​ដោយ​ឡែក​មួយ​ មាន​ទឹកប្រាក់​ស្មើ​នឹង​ ២០០០ពាន់​លាន​ដុល្លារ។ ប្រាក់​នេះ ​នឹង​អាច​អនុញ្ញាតិ ​ឲ្យ​អារ៉ាប៊ីសាអូឌីត​ ធ្វើ​វិនិយោគ ​ទិញ​នឹង​លក់​នៅ​លើ​ទីផ្សារ​អន្តរជាតិ​បាន ​ដើម្បី​យក​ចំណេញ។

ក្រៅពីនេះ ​ព្រះអង្គ​ម្ចាស់​ម៉ូហាម៉េដ ​បេន សាល់ម៉ាន់ ​មាន​គម្រោង ​បង្កើត​ប្រព័ន្ធ​ពន្ធដា​ពន្ធ​លើ​តម្លៃ​បន្ថែម ​TVA ហើយធ្វើ​យ៉ាង​ណា​តម្លើង​ការ​ចំណាយ​របស់​ប្រជាជន​ ទៅ​ក្នុង​វិស័យ​កម្សាន្ត​សប្បាយ ​វិស័យ​ទេសចរណ៍​ជាដើម។ បន្ថែម​ពី​នេះ​ទៀត ​លោក​បាន​ស្នើរ​សុំ​ឲ្យ​មាន​ការ​ធ្វើ​កំណែទំរង់​ស៊ីជំរៅ​ក្នុង​វិស័យអប់រំ​ អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​យោធា ​និង​ការ​ធ្វើ​ឯកជនភាវូបនីយកម្ម​ ផងដែរ។

ឧបសគ្គ​ តែមាន​សុទិដ្ឋិនិយម៖
សួរថា​ តើ​ព្រះអង្គ​ម្ចាស់​មួយ​រូប​ ដែល​ទើប​តែ​មាន​វ័យ​៣០​ឆ្នាំ​ នេះ ​អាច​ធ្វើ​ការងារ​ដ៏​មហិមា​នេះ​បាន​សម្រេច​ដែរ​រឺទេ? ហើយ​តើ​មាន​អ្នក​ណា​ខ្លះ​គាំទ្រ​គម្រោង​នេះ ​ ​នៅ​ក្នុង​បណ្តុំ​ក្រុម​គ្រួសារ​ព្រះញាត្តិវង្ស​អារ៉ាប៊ីសាអូឌីត? បើ​ក្រលេក​មើល​មួយ​ភ្លែត​ វា​ជា​ដំណឹង​មួយ​ដ៏​ល្អ​ណាស់ ​ព្រោះ​អារ៉ាប៊ីសាអូឌីត ​ ពិ​ត​ជា​ត្រូវការ​កំណែ​ទម្រង់​ច្បាស់​លាស់​មែន។ ក្រុម​គ្រួសារ​ស្តេច​អារ៉ាប៊ីសាអូឌីត ​មិន​អាច​បន្ត​ឱប​ក្រសោប​ចំណូលរដ្ឋ ​ដែល​បាន​មក​ពី​ការ​លក់ប្រេង​តែ​ម្នាក់​ឯង​បាន​ទេ។ ក៏​ប៉ុន្តែ​ផែនការ​កំណែទម្រង់​ទាំងអស់​នេះ ​ពិត​ជា​មិន​អាច​ធ្វើទៅ​បាន ​ដោយ​ងាយ​ទេ។ ឧបសគ្គ​មួយ​រយ​ជំពូក​កំពុង​តែ​រងចាំ។ កាលៈទេសៈ​នេះ ​គឺ​ជា​កាលៈទេសៈ​ដែល​អារ៉ាប៊ីសាអូឌីត​ ត្រូវធ្វើ​គ្រប់​យ៉ាង ​ដើម្បី​បង្ហាញ​គេ​ថា​ ខ្លួន​នឹង​រួបរួម​គ្នា ​ខ្លួន​មាន​ចិត្ត​អត់ធ្មត់​ក្នុង​ការ​ធ្វើ​កំណែទម្រង់។

ក្រុម​គ្រួសារ​ស្តេច​អារ៉ាប៊ីសាអូឌីត​ទាំងអស់​ ព្រះអង្គ​ម្ចាស់ ​មហាសេដ្ឋី​នានា ​ដែល​ធ្លាប់តែ​សោយសុខ ​តើ​គេ​អាច​សុខចិត្ត​បាត់បង់​ផលប្រយោជន៍​របស់​គេ​ដែរ​រឺទេ? នយោបាយ​ផ្ទៃក្នុង​របស់​អារ៉ាប៊ីសាអូឌីត​ អាច​នឹង​ជួបភាព​រង្គោះរង្គើរ​ ដោយសារ​តែមាន​អ្នក​គាំទ្រ​កំណែទម្រង់ ​និង​មាន​អ្នក​ក្រាញ​ននាល​ចង់​បន្ត​ដេក​លើ​គំនរ​មាស​តទៅ​ទៀត។

តាមពិតទៅ ​កំណែទម្រង់​សេដ្ឋកិច្ច​នេះ ​ អារ៉ាប៊ីសាអូឌីត​ គួរណា​តែ​ធ្វើ​យូរ​ណាស់​មក​ហើយ ​ ក្នុង​ពេល​ដែលខ្លួន​កំពុង​សំបូរ​ប្រាក់​ហូរ​ចូល​ដូច​ទឹក ​ដែល​កាលជំនាន់​នោះ​ប្រេង​មួយ​ធុង​បារីស​បាន​ថ្លៃ​ដល់​ទៅ​១៥០​ដុល្លារ។ តែយ៉ាង​ណា​ក៏ដោយ ​បើ​ធ្វើ​ពេល​នេះ​ក៏វា​ប្រសើរ​ជាង​មិន​ធ្វើ​ដែរ។ អ្នក​ជំនាញ​មួយចំនួន​ ដែល​តាម​ដាន​ស្ថានភាព​សេដ្ឋកិច្ច​របស់​អារ៉ាប៊ីសាអូឌីត  ​មាន​សុទិដ្ឋិនិយម​ច្រើន ​ជុំវិញ​កំណែ​ទម្រង់​របៀប​នេះ ​ បើយើង​ក្រលេក​មើល​ ទៅលើ​បទពិសោធន៍​ល្អ ​របស់​ប្រទេស​ក្បែរខាង​ ដូច​ជា​កាតា ​និង​អេមៀរ៉ាតអារ៉ាប់រួម។ តែអ្វីៗ​ ស្ថិតនៅ​លើ​ក្រុម​គ្រួសារ​រាជវង្ស​សាលម៉ាន់ ​ថាតើ​ពួក​គេ​សាមគ្គីគ្នា​ គិត​ពី​ប្រយោជន៍​រួម​កំរឹតណា!

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ