អានតួអត្ថបទ
សហរដ្ឋអាមេរិក-ដើមបូព៌ា

វត្តមានដ៏ទើសទ័ល​របស់​លោក​អូបាម៉ា ក្នុង​កិច្ច​ប្រជុំ​ប្រទេស​ឈូង​សមុទ្រ

ថ្ងៃ​​ព្រហស្បត្តិ៍​ទី​ ២១​ មេសា ​នេះ ​មាន​បើក​កិច្ច​ប្រជុំ​កំពូល​មួយ​ នៃ​ក្រុមប្រឹក្សា​ប្រទេស​ឈូង​សមុទ្រ ​ដែល​សុទ្ធតែ​ជា​ប្រទេស​ផលិត​ប្រេង​តំបន់​អារ៉ាប់ ​ដូចជា​អេមៀរ៉ា-អារ៉ាប់រួម​ អារ៉ាប៊ីសាអូឌីត ​អូម៉ង់ ​កូវ៉ែត ​បារ៉ែន ​និង​កាតា ​ហើយ​ដែល​មាន​វត្តមាន​លោក​អូបាម៉ា​ផងដែរ។ កិច្ចប្រជុំ​នេះ ​គឺ​ផ្តោត​សំខាន់​ទៅ​លើ​ជា​ពិសេស​ស្ថានការ​ជម្លោះ​បច្ចុប្បន្ន ​នៅ​ក្នុង​តំបន់​ដើមបូព៌ា ​និង​វិបត្តិ​តម្លៃ​ប្រេងឆៅ ​ដែល​នៅ​តែ​មិន​ទាន់​មាន​ដំណោះស្រាយ។ វត្តមាន​របស់​លោក ​អូបាម៉ា ​ហាក់​ដូច​ជា​មិន​សូវ​ធ្វើ​ឲ្យ​ប្រទេស​អារ៉ាប់​ស៊ុនីត​ទាំង​៦​នេះ ​សប្បាយ​ចិត្ត​ប៉ុន្មាន​ទេ​ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​ បាន​បើកទ្វារ​ទំនាក់ទំនង​ជាមួយ​អ៊ីរ៉ង់​ ដែល​ប្រទេស​អ៊ីស្លាម​ឈីអ៊ីត​ មេគេ​ក្នុង​តំបន់។

លោក អូបាម៉ា​ និងព្រះចៅសាលម៉ាន់ របស់អារ៉ាប៊ីសាអូឌីត ថ្ងៃទី​២០ មេសា ២០១៦
លោក អូបាម៉ា​ និងព្រះចៅសាលម៉ាន់ របស់អារ៉ាប៊ីសាអូឌីត ថ្ងៃទី​២០ មេសា ២០១៦ Reuters
ផ្សាយពាណិជ្ជកម្ម

លោក​អូបាម៉ា​ធ្វើមុខ​ក្រាស៖

វត្តមាន​របស់​លោក​អូបាម៉ា ​នៅ​ទីក្រុង​រីយ៉ាដ ​រដ្ឋធានី​អារ៉ាប៊ីសាអូឌីត ​ថ្ងៃនេះ ​មាន​លក្ខណៈ​ខុស​ពី​សព្វមួយ​ដង ​ដែល​ធ្វើ​ឲ្យ​គេ​គ្រប់គ្នា​ឃើញ​នឹង​ភ្នែក​តែម្តង​ថា ​លោក​អូបាម៉ា ​មិន​សូវ​ត្រូវ​បាន​គេ​ស្វាគមន៍​ខ្លាំងក្លា​ប៉ុន្មាន​ទេ ​នៅក្នុង​ជំនួប​កំពូល​នេះ។

តាមធម្មតា ​ព្រះចៅ​សាលម៉ាន់​ ត្រូវទៅ​ទទួល​ប្រធានាធិបតី​អាមេរិក ​ ដល់​ជើង​ជណ្តើរ​យន្តហោះ​តែម្តង​ ហើយ​ដំណើរ​មក​ដល់​នេះ​ ក៏ត្រូវ​ធ្វើ​ការ​ផ្សាយ​បន្ត​ផ្ទាល់​ តាម​ទូរទស្សន៍​ជាតិ ​របស់​អារ៉ាប៊ីសាអូឌីត​ដែរ។ ក៏ប៉ុន្តែ​លើក​នេះ​ គឺ​ស្ងាត់​ឲ្យ​សូន្យ​តែ​ម្តង។​ ស្តេច​អារ៉ាប៊ីសាអូឌីត​ មិន​បាន​ទៅ​ទទួល​លោក​អូបាម៉ា​ទេ ​ហើយ​ក៏អត់​មាន​ផ្សាយ​បន្ត​ផ្តាល់ ​តាម​ទូរទស្សន៍​ដែរ។

នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ ព្រះចៅ​សាលម៉ាន់ ​បាន​អនុញ្ញាតិ​ឲ្យ​លោក​អូបាម៉ា ​ចូល​គាល់​រយៈពេល​ប្រហែល២​ម៉ោង ​ មុននឹង​ចាប់​ផ្តើម​បើក​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​ប្រទេស​អារ៉ាប់​ឈូង​សមុទ្រ ​ដែល​មាន​ទាំង​អស់​៦​ប្រទេស ៖​ អារ៉ាប៊ីសាអូឌីត​ អេមៀរ៉ា-អារ៉ាប់រួម​ អូម៉ង់​ កូវ៉ែត ​បារ៉ែន​ និង​កាតា។ នេះគឺ​ជា​លើក​ទីមួយ​ហើយ​ សម្រាប់​លោក​អូបាម៉ា ​ដែល​ចូលរួម​ក្នុង​ជំនួប​កំពូល​នៃ​ក្រុម​ប្រឹក្សា​នេះ។ កាលៈទេសៈ​នេះ ​ លោក​អូបាម៉ា ​កំពុង​ធ្វើ​មុខ​ក្រាស ​បើយើង​និយាយ​ឲ្យ​តាមត្រង់ ​ព្រោះអី​គេ​មិន​សូវ​ជា​ពេញចិត្ត​គាត់​ទេ ​តែ​គាត់​ត្រូវ​បង្ខំ​ចិត្ត​ទៅ ​ដើម្បី​ទីមួយ​ពន្យល់​គេ​ឲ្យ​យល់ ​ថា​ត្រូវ​ជួយ​គ្នា​ដោះស្រាយ​បញ្ចប់​សង្រ្គាម​ក្នុង​តំបន់ ​ហើយ​មួយទៀត​គឺ​ ស្តារ​ទំនុកចិត្ត​ ថា​អាមេរិ​នៅ​តែ​ជា​មិត្ត​ជា​មួយ​ក្រុម​ប្រទេស​អារ៉ាប់​ស៊ុនីត​ទាំង​នេះ ​ដដែល។

អាមេរិក​ត្រូវការ​ការ​សហការ​ពី​ក្រុម​ប្រទេស​ស៊ុនីត ​ដើម្បី​កម្ទេច​ក្រុម​ជីហាដ​ជ្រុល​និយម៖
កម្មវត្ថុ​របស់​សហរដ្ឋ​អាមេរិក ​គឺ​ចង់​បាន​ការ​ចូលរួម​ឲ្យ​សកម្ម​ ពី​សំណាក់​ប្រទេស​អារ៉ាប់​ស៊ុនីត​ទាំង​៦​នេះ។​ ការ​ចូលរួម​នេះ​ គឺ​​ទីមួយ​ចូលរួម​ប្រើ​ឥទ្ធិពល​ទៅ​លើ​ភាគី​ជម្លោះ​នានា ​ដើម្បី​បញ្ចប់​សង្រ្គាម ​ហើយ​បន្ទាប់​មក​ទៀត​ នាំគ្នា​ផ្តោត​សកម្មភាព​ចំបង​ទៅ​លើ​ការ​កម្ទេច​បណ្តាញ​ជីហាដ​ជ្រុល​និយម ​ដែល​ជា​សត្រូវ​របស់​ទាំង​អស់​គ្នា ​មិន​ថា​សាសនា​អ៊ីស្លាម​និកាយ​អ្វី​ទេ។

ក្នុង​រយៈពេល​ចុងក្រោយ​នេះ ​អន្តរាគមន៍​របស់​កងទ័ព​អាមេរិក​នៅ​អ៊ីរ៉ាក់ ​បាន​ហុច​ផល​បាន​ច្រើន។ ក្នុង​ពេល​នេះ ​លោក​អូបាម៉ា ​បាន​ប្រកាស​ថា​អាមេរិក​នឹង​ប្រឹងប្រែង​ជួយ​កងទ័ព​អ៊ីរ៉ាក់​ទៀត ​តាម​រយៈ​ការ​បន្ថែម​កម្លាំង​ពិសេស ​២២០​នាក់ ​និង​ឧត្ថម្ភាគចក្រ​ចម្បាំង ​ជាច្រើន​គ្រឿង ​ដើម្បី​ធ្វើ​យ៉ាងណា​ជួយ​កងទ័ព​អ៊ីរ៉ាក់ ​ឲ្យ​ដណ្តើម​យក​ក្រុង​មូស៊ូល​មក​វិញ​ឲ្យ​បាន។

ស្ថិត​ក្នុង​កម្មវត្ថុ​ជួយ​អ៊ីរ៉ាក់​ដដែល​នេះ​ ​ សហរដ្ឋ​អាមេរិក ​ចង់ឲ្យ​ប្រទេស​អារ៉ាប់​ស៊ុនីត​ទាំង​៦នេះ​ មិន​គ្រាន់​តែ​ចូលរួម​ក្នុង​វិស័យ​យោធា​តែមួយ​មុខ​ទេ ​តែ​ត្រូវ​ចូលរួម​ក្នុង​វិស័យ​នយោបាយ ​រួម​ទាំង​សេដ្ឋកិច្ច​ផង​ដែរ ​ដើម្បី​ជួយស្តារ​ និង​កាសាង​ប្រទេស​អ៊ីរ៉ាក់​ឡើងវិញ។ ដូចគ្នា​ដែរ ​ ជុំវិញ​សង្រ្គាម​នៅ​យេមែន ​និង​នៅ​ស៊ីរី ​ក្រុម​ប្រទេស​អារ៉ាប់​ស៊ុនីត​ទាំង​៦​នេះ ​ មាន​តួនាទី​សំខាន់​ណាស់ ​ក្នុង​ការ​បញ្ចុះបញ្ចូល​ភាគី​ជម្លោះ ​ឲ្យ​ដាក់​អាវុធ។

លោក​ រ៉ុប ម៉ាលៃ ​ទីប្រឹក្សា​ផ្ទាល់​របស់​លោក​អូបាម៉ា ​បាន​មាន​ប្រសាសន៍​ថា ​សហរដ្ឋ​អាមេរិក​ចង់​ឲ្យ​​ប្រទេស​អារ៉ាប់​បញ្ចប់​សង្រ្គាម​រវាង​និកាយ​និង​និកាយ ​ហើយ​ងៀក​មក​ធ្វើ​សង្រ្គាម​ជា​មួយ​ពួក​ភេរវកម្ម​ជ្រុលនិយម ​ដែល​ជា​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម ​និង​ក្រុម​អាល់កាយដា ​ជាដើម។ ក្រុមទាំងពីរ​នេះ​ហើយ​ ដែល​កំពុងតែ​បំផ្លាញ​ស្ថិរភាព​ និង​សន្តិភាព​នៅ​តំបន់​ដើម​បូព៌ា។
 

លោក​​អូបាម៉ា​កំពុងព្យាយាមលើក​អំណះ​អំណាង ​ជាមួយ​​​បណ្តារ​​ប្រទេស​អារ៉ាប់ស៊ុនីត ទាំង​៦
លោក​​អូបាម៉ា​កំពុងព្យាយាមលើក​អំណះ​អំណាង ​ជាមួយ​​​បណ្តារ​​ប្រទេស​អារ៉ាប់ស៊ុនីត ទាំង​៦ REUTERS/Kevin Lamarque

កែវ​ដែល​ប្រេះស្រាំ ​មិន​អាច​បិទផ្គុំ​ឲ្យ​ដូច​ដើម​បាន​ទេ៖
តំបន់​ដើម​បូព៌ា ​ទាំង​មូល​ត្រូវ​ពុះចែក​ជាពីរ​ ទីមួយគឺ​ក្រុម​ស៊ុនីត ​ដែល​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអូឌីត ​និង​ទី​ពីរគឺ​ក្រុម​ឈីអ៊ីត ​ដែល​ដឹកនាំ​ដោយ​អ៊ីរ៉ង់។ ការ​ប្រជែង​ឥទ្ធិពល​រវាង​អារ៉ាប៊ីសាអូឌីត​ និង​អ៊ីរ៉ង់​ មិន​អាច​បញ្ចប់​ទៅ​ងាយៗ​បាន​ទេ។

តែយ៉ាង​ណា​ក៏ដោយ ​ យើង​កុំភ្លេច​ថា ​សហរដ្ឋ​អាមេរិក​ ធ្លាប់​ជា​សម្ព័ន្ធមិត្ត​ល្អូកល្អឺន ​របស់​អារ៉ាប៊ីសាអូឌីត​ ព្រមទាំង​ប្រទេស​ស៊ុនីត​ដ៏​ទៃ​ទៀត។ សហរដ្ឋ​អាមេរិក​ បើក​ផ្លូវ​ឲ្យ​អ៊ីរ៉ង់​ពេល​នេះមែន ​តែ​មិនមែន​មាន​ន័យថា​ អាមេរិក ​និង​អ៊ីរ៉ង់​ ក្លាយជា​មិត្ត​នឹង​គ្នា​ទេ។ សហរដ្ឋ​អាមេរិក​ នៅតែ​ប្រយ័ត្ន​ជាប់​ជានិច្ច ​ទាក់ទិន​នឹង​មហិច្ឆិតា​របស់​អ៊ីរ៉ង់។ ត្រង់នេះ​ហើយ​បាន​ជា​លោក​អូបាម៉ា ​ទៅ​ថ្ងៃ​នេះ​ដើម្បី​សម្តែង​ប្រាប់​ក្រុម​ប្រទេស​ស៊ុនីត​ឲ្យយល់។

ក្រុម​ប្រទេស​អារ៉ាប់​តំបន់​ឈូង​សមុទ្រ ​បាន​សំណូមពរ​ឲ្យ​អាមេរិក​ ចុះ​ហត្ថលេខា​ជាមួយ​ពួក​គេ​លើ​កិច្ច​ព្រមព្រាង​សហប្រតិបត្តិការ​យោធា ​ដោយ​យក​គម្រូ​តាម​កិច្ច​ព្រមព្រាង​របស់​អូតង់​ តែ​អាមេរិក​បាន​បដិសេធ​មិន​គាំទ្រ​សំណើរ​នេះ​ទេ។ ប៉ុន្តែ ​ដើម្បី​យក​ចិត្ត​ក្រុម​ប្រទេស​អារ៉ាប់​ស៊ុនិត ​សហរដ្ឋ​អាមេរិក​ ទើបតែ​បើក​ភ្លើង​ខៀវ​លក់​សម្ភារៈ​យោធា ​និង​អាវុធ​សរុប​ទឹកប្រាក់​ទាំង​អស់​ ៣៣ពាន់​លាន​ដុល្លារ។ ជាមួយ​គ្នា​នេះ ​កងទ័ព​អាមេរិក ​មាន​គម្រោង​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា ​ក្នុង​ឈូង​សមុទ្រ​ផង​ដែរ។ បន្តែ​ទន្ទឹម​នឹង​នេះ ​លោក​អូបាម៉ា ​គាត់នៅ​តែ​ព្យាយាម​ការពារ​ទ្រឹស្តី​នយោបាយ​របស់​គាត់ ​គឺ​នយោបាយ​សនិ្តភាព​និយម ​មិន​កាន់​ជើង​ខាង​ណា ​ខ្លាំង​ជ្រុល​ពេក​នោះ​ទេ។

អតីត​ប្រធាន​ក្រុម​ស៊ើប​ការណ៍​សំងាត់​របស់​អារ៉ាប៊ីសាអូឌីត​ ម្នាក់​ បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​CNN​ ថា​ នយោបាយ​លោក​អូបាម៉ា ​បាន​ធ្វើ​ឲ្យ​អារ៉ាប៊ីសាអូឌីត​ បាន​ភ្លឺ​ភ្នែក។ ចាប់​ពី​ពេល​នេះ​ទៅ ​អារ៉ាប៊ីសាអូឌីត ​ត្រូវ​រក​វិធី​ផ្សេង​ ដោយ​មិន​អាច​រំពឹង​តែ​ទៅ​លើ​អាមេរិក ​ដូច​ពី​មុន​ទៀត​ទេ។ ប៉ុន្តែ​បើ​យោង​តាម​អ្នក​វិភាគ​ជា​ច្រើន ​ដែល​បាន​សម្លឹង​ឃើញ​ពី​កាយវិការ​សោះអង្គើយ​របស់​​មេដឹកនាំ​អារ៉ាប៊ីសាអូឌីត​ ​ចំពោះ​លោក​អូបាម៉ា​នាពេល​នេះ ​គឺ​ធ្វើ​ឲ្យ​គេ​យល់​ថា ​បញ្ហា​មក​ពី​គេ​នៅ​អន់ចិត្ត​ជាមួយ​អាមេរិក​ ជុំវិញ​បញ្ហា​អ៊ីរ៉ង់ ​ជា​ចំណុច​មួយ ​តែ​ចំណុច​មួយ​ទៀត ​គឺ​ថា​អាណត្តិ​លោក​អូបាម៉ា​ នឹង​ត្រូវ​ចប់​នៅ​ចុង​ឆ្នាំ​នេះ​ហើយ។ ដូច្នេះ ​លោក​អូបាម៉ា ​លែង​មាន​សារៈសំខាន់​ទៀត​ហើយ ​នៅ​ក្នុង​ក្រសែរ​ភ្នែក​អារ៉ាប៊ីសាអូឌីត។ ​ពីពេល​នេះ​ទៅ​ គឺ​គេ​សម្លឹង​ទៅ​ចាប់​អនាគត​ប្រធានាធិបតី​ថ្មី ​របស់​អាមេរិក​ទៅ​វិញ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ