អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប្រទេស​មហា​អំណាច​មិន​ស្រប​គ្នា ​ពី​វាសនា​របស់​បាឆា អាល់​អាសាដ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ដំណោះស្រាយ​​ពន្លត់​ភ្លើង​សង្រ្គាម​នៅ​ស៊ីរី​ ​គឺ​ជា​មធ្យោបាយ​ដែល​ត្រូវ​តែ​ស្វែងរក​ឲ្យ​កាន់តែ​ឆាប់​បំផុត​ ដើម្បី​ស្តារ​ស្ថិរភាព​តំបន់​ដើមបូព៌ា ​និង ​ទប់​ស្កាត់​ចំណាក​ស្រុក​របស់​ប្រជាជន​ស៊ីរី​ទៅកាន់​ទ្វីប​អឺរ៉ុប។ ក៏​ប៉ុន្តែ​ ការ​កម្ទេច​ក្រុម​ជីហាដ​នៅ​ស៊ីរី​ បាន​ក្លាយ​ជា​ឆាក​ប្រកួត​នយោបាយ​គ្នា​​ រវាង​ប្រទេស​មហា​អំណាច ​ដែល​ម្ខាង​មាន​រុស្ស៊ី ​និង​អ៊ីរ៉ង់ ​និង​ម្ខាង​ទៀត ​មាន​សហរដ្ឋ​អាមេរិក ​និង​ក្រុម​ប្រទេស​អឺរ៉ុប។ មិន​ចុះ​សម្រុង​គ្នា ​គឺ​នៅ​ត្រង់​វាសនា​របស់​មេដឹកនាំ​ផ្តាច់ការ​ស៊ីរី​ លោក​ បាឆាអាល់អាសាដ ​ដែល​រុស្ស៊ី​និង​អ៊ីរ៉ង់​ ព្យាយាម​ការពារ ​តែ​ចំណែក​សហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប ​ទាមទារ​ឲ្យ​បាឆា អាល់អាសាដ​ចុះចេញ​ពី​តំណែង។

ប្រជាជន​ស៊ីរី គាំទ្រ​លោក​ប្រធានាធិបតី​បាស្ហា អាល់អាសាដ និង​លោក​ពូទីន ប្រធានាធិបតី​រុស្ស៊ី
ប្រជាជន​ស៊ីរី គាំទ្រ​លោក​ប្រធានាធិបតី​បាស្ហា អាល់អាសាដ និង​លោក​ពូទីន ប្រធានាធិបតី​រុស្ស៊ី Reuters
ផ្សាយពាណិជ្ជកម្ម

ចាប់តាំង​ពី​ដើមខែ​កញ្ញា​នេះ ​រុស្សី​បាន​ចេញ​មុខ​ចេញ​មាត់ ​ជា​ផ្លូវការ​ ក្នុង​ការ​ការពារ​របប​ផ្តាច់ការ​ស៊ីរី​ ដឹកនាំ​ដោយ ​បាឆា អាល់អាសាដ ​ដែល​នៅ​ក្រាញ​ននាល​នឹង​អំណាច ​តាម​រយៈ​ការ​បញ្ជូន​ជំនួយ​សព្វាវុធ ​ទាហាន ​និង​បរិក្ខា​ជាច្រើន ​ទៅជួយ​ទាហាន​ស៊ីរី។ ដូចគ្នា​ដែរ ​អ៊ីរ៉ង់​ ដែល​ជា​ដៃគូ​សម្ព័ន្ធ​មិត្ត​របស់​ស៊ីរី ​ក៏​កំពុង​តែ​ចាប់ដៃ​ ជាមួយ​រុស្ស៊ី​ដែរ ​ដើម្បី​ការពារ​លោក​បាឆា អាល់អាសាដ។ អ្វី​ដែល​ប្រទេស​ទាំងពីរ​នេះ​អះអាង​គឺ ​ត្រូវ​ជួយ​រដ្ឋាភិបាល​របស់​ស៊ីរី ​ដើម្បី​ធ្វើការ​កម្ទេច​ក្រុម​ជីហាដ​អង្គការ​រដ្ឋអ៊ីស្លាម។ វាគឺ​ជា​មធ្យោបាយ​តែ​មួយ​គត់។

 
ក្រុម​អង្គការ​រដ្ឋអ៊ីស្លាម ​និង​របប​ផ្តាច់ការ​ស៊ីរី ​អាក្រក់​និង​ព្រៃផ្សៃ​ម្យ៉ាងម្នាក់៖
ក្នុង​ក្រសែរ​ភ្នែក ​អាមេរិក​ និង​មហា​អំណាច​លោក​ខាង​លិច​ផ្សេង​ទៀត ​មាន​បារាំង ​អាល្លឺម៉ង់ ​និង​អង់គ្លេស ​របប​ផ្តាច់ការ​ស៊ីរី​ ដែល​ដឹកនាំ​ដោយ​បាឆា អាល់អាសាដ ​គឺ​វា​មិន​ខុស​ពី​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម​ប៉ុន្មាន​ទេ។ បាឆា​ អាល់អាសាដ ​បាន​ទម្លាក់​គ្រាប់​បែក ​សម្លាប់​ប្រជាជន​ស៊ីរី​រាប់​លាន​អ្នក ​ក្នុង​រយៈ​ពេល​៤-៥​ឆ្នាំ​មក​នេះ។ ជន​ភៀស​ខ្លួន ​ស៊ីរី ដែល​នាំគ្នា​រត់​មក​សុំ​សិទ្ធិ​ជ្រក​កោណ​ នៅ​អឺរ៉ុប​ គឺ​មិនមែន​រត់​គេច​ពី​ក្រុម​ជីហាដ​ តែ​មួយ​មុខ​ទេ ​គឺ​គេ​រត់​គេច​ពី​របប​ផ្តាច់ការ​ កាប់​សម្លាប់​ ដែល​ដឹកនាំ​ដោយ​បាឆា អាល់អាសាដ​នេះ​ឯង។ តាំង​តែ​ពី​មាន​ជម្លោះ​ផ្ទុះ​សង្រ្គាម​នៅ​ស៊ិរី ​អាមេរិក​ និង​មហា​អំណាច​អឺរ៉ុប ​ទាមទារ​ជា​និច្ច​ថា​ បាឆា អាល់អាសាដ ​ត្រូវ​ចុះចេញ​ពី​ដំណែង ​ដោយ​គ្មាន​លក្ខខណ្ឌ​អ្វី​ទាំង​អស់។

ប៉ុន្តែ​សម្រាប់​ពេល​នេះ ​អ្វីៗ​ហាក់​កំពុង​តែ​ប្រែប្រួល។ មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ ​កំពុងតែ​ធ្វើឡើង​នៅ​ក្រុង​ញូយ៉ក ​ជាទី​ដែល​ប្រទេស​មហាអំណាច​ទាំង​អស់​ នឹង​ជួប​និយាយ​គ្នា ​ហើយ​ប្រធានបទ​ក្តៅ ​ជាង​គេ​គឺ ​ការ​ពន្លត់​ភ្លើង​សង្រ្គាម​នៅ​ស៊ីរី​ និង​នៅ​អ៊ីរ៉ាក់​នេះ​ឯង។ រុស្ស៊ី​ និង​អ៊ីរ៉ង់​ បាន​ចេញ​មុខ​ជា​ផ្លូវការ​ស្នើរ​ឲ្យ​គេ​ឯង​ធ្វើ​តាម​ខ្លួន​ ថា ត្រូវ​ជួយ​លោក​បាឆា អាល់អាសាដ ​ដើម្បី​កម្ទេច​ក្រុម​អង្គការ​រដ្ឋអ៊ីស្លាម។ ថ្ងៃ​ចន្ទ​នេះ ​លោក​ពូទីន ​នឹង​ជួប​ជាមួយ​លោក​បារ៉ាក់អូបាម៉ា ​និយាយ​តទល់​គ្នា​តែ​ពីរ​នាក់។

អាមេរិក ​និង​អឺរ៉ុប ​នៅ​រអៀស​ខ្លួន៖
បើ​យើង​ក្រឡេក​មក​មើល​តថៈភាព​ជាក់ស្តែង ​គឺ​គ្រប់គ្នា​ទទួល​ស្គាល់​ថា ​ក្រុម​អង្គការ​រដ្ឋអ៊ីស្លាម​គឺ​ជា​គ្រោះថ្នាក់​ធំ​ណាស់​ សម្រាប់​ពិភព​លោក​ទំាងមូល។ អាទិភាព​ចំបង​នា​ពេល​នេះ ​គឺ​កម្ទេច​ក្រុម​នេះ​ឲ្យ​វិនាស។ តែ​៤ឆ្នាំ​កន្លង​មក​នេះ តើ​សហរដ្ឋ​អាមេរិក​ រឺ​ប្រទេស​លោក​ខាង​លិច​ផ្សេង​ទៀត ​បាន​ធ្វើ​អ្វី​ខ្លះ ​ហើយ​បាន​ហុច​ផល​ជា​វិជ្ជមាន​ដែរ​រឺ​ទេ? ចម្លើយ​គឺ​អត់​សោះ។ ផ្ទុយ​ទៅ​វិញ ​ចំនួន​កម្លាំង​ប្រយុទ្ធ​របស់​ក្រុម​ជីហាដ ​បាន​កើន​ឡើង​កាន់​តែ​ច្រើន។ តាម​តួលេខ​ចុង​ក្រោយ ​អ្នក​ស្ម័គ្រចិត្ត​បរទេស ​មក​ពី​បណ្តា​ប្រទេស​ផ្សេងៗ​ បាន​ចូល​ទៅ​បំរើ​ក្រុម​ព្រៃផ្សៃ​នេះ ​បាន​កើនឡើង​មួយ​ទ្វេរ​ជាពីរ ​ក្នុង​ឆ្នាំ​២០១៥​នេះ ​គឺ​ស្មើ​៣ម៉ឺន​នាក់។

ចំណុច​ទាំង​នេះ​ហើយ ​ដែល​កំពុង​តែ​ធ្វើឲ្យ​សហរដ្ឋ​អាមេរិក ​ក៏​ដូច​ជា​មហាអំណាច​ នៅ​អឺរ៉ុប​នាំគ្នា​រអៀស​ខ្លួន ​ ហើយ​កំពុងតែ​បន្ទន់​ឥរិយាបថ ​ដោយ​ធ្វើ​យ៉ាងណា​ មិន​អោយ​បាក់មុខ ​ជាមួយ​នឹង​សំណើ​ថ្មី​របស់​រុស្ស៊ី ​និង​អ៊ីរ៉ង់។ កុំឲ្យ​គេ​ថា ស្តោះ​ហើយ​លេប​វិញ ​ធ្លាប់​ទាមទារ​ឲ្យ​អាសាដ​ចេញ​ពី​តំណែង ​តែ​ពេល​នេះ​ បែរ​ជា​មក​យល់ព្រម​ ជួយ​អាសាដ​តាម​សំណើ​របស់​រុស្ស៊ី។

អង្ករ​ក្លាយ​ជាបាយ​ រុស្ស៊ី​ចាប់ផ្តើម​ជួយ​របប​ស៊ីរី​ទៅ​ហើយ៖
ចង់​មិន​ចង់​ពេល​នេះ ​អង្ករ​វា​ជិត​ក្លាយ​ជា​បាយ​ទៅ​ហើយ ​ព្រោះថា​ រុស្ស៊ី​បាន​បញ្ជូន​កម្លាំង ​និង​សម្ភារៈ​សន្ធឹក​សន្ធាប់​ទៅ​ដល់​ស៊ីរី ​ដើម្បី​ជួយ​ទាហាន​របស់​លោក​អាសាដ​ទៅ​ហើយ។ អ៊ីរ៉ាក់ ​និង​អ៊ីរ៉ង់​ បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​រុស្ស៊ី​ កាល​ពី​ម្សិលមិញ ​ដើម្បី​បង្កើន​សហប្រតិបត្តិការ​យោធា​រួមគ្នា ​ក្នុងការ​បំបែក​សំបុក​របស់​ក្រុម​ជីហាដ​អង្គការ​រដ្ឋអ៊ីស្លាម។

ពេល​នេះ ​មិនមែន​ជា​ពេល​ដែល​ត្រូវ​បែក​ខ្ញែក​គ្នា​ រឺ​ គិត​រឿង​មុខមាត់​ទៀត​ទេ។ សហរដ្ឋ​អាមេរិក​ បារាំង​ អាល្លឺម៉ង់​ និង​អង់គ្លេស ​មិន​អាច​ព្រងើយ​កន្តើយ​ទៀត​បាន​ទេ។ ទាហាន​បាឆា អាល់អាសាដ ​ដែល​មាន​ស្រាប់​នៅ​ស៊ីរី ​អាច​ជា​កម្លាំង​ជួរមុខ​ ដ៏​សំខាន់ ​ក្នុង​ការ​កម្ទេច​ក្រុម​ជីហាដ។ លោក​ហាសាន់រូហ៊ីនី​ ប្រធានាធិបតី​អ៊ីរ៉ង់ ​ពន្យល់​ថា ​ការ​ជួយ​ទំនុកបំរុង​រដ្ឋាភិបាល​ស៊ីរី​ គឺ​ជួយ​ពង្រឹង​ស៊ីរី ​ឲ្យ​មាន​អំណាច​នយោបាយ​មួយ​ខ្លាំង​ នៅ​កណ្តាល ​ដើម្បី​ធ្វើការ​ប្រយុទ្ធ​ជាមួយ​ក្រុម​ជីហាដ ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព។

ទុក​បាឆាអាល់អាសាដ​បណ្តោះ​អាសន្ន​សិន ​តែ​ត្រូវ​ចរចា​ឲ្យ​ចេញ​ពី​តំណែង​ នៅ​ពេល​ក្រោយ?
អ្នក​ការទូត​អាមេរិក​ម្នាក់​បាន​បញ្ជាក់​ថា ​អាមេរិក​កំពុងតែ​សញ្ជប់​សញ្ជឹង ​ហើយ​ព្យាយាម​ស្វែងយល់​ឲ្យ​បាន​ច្បាស់​ថា ហេតុអ្វី​បាន​ជា​រុស្ស៊ី​ចេញមុខ​ចេញ​មាត់​ជួយ​ របប​ផ្តាច់ការ​ស៊ីរី? អ្វី​ដែល​សហរដ្ឋ​អាមេរិក​ខ្លាច ​គឺ​ថា​ក្រោយ​ពី​ជួយ​អាសាដ ​វាយ​ក្រុម​ជីហាដ​រួចរាល់ ​តើ​នឹង​មាន​អ្វី​កើត​ឡើង​ទៀត? តើ​ត្រូវ​ទុក​អាសាដ ​ឲ្យ​នៅ​បន្ត​តំណែង​ទៀត​រឺ​យ៉ាងណា?

ត្រង់​ចំណុច​នេះ​ បារាំង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​អានាគត​ទៅ ​បាឆា អាល់អាសាដ ​ត្រូវ​តែ​ចុះ​ចេញ​ពី​តំណែង។ លោកស្រី​អធិការ​បតី​អាល្លឺម៉ង់​ ថ្មីៗ​នេះ ​បាន​និយាយ ​យើង​ប្រហែល​ជា​ត្រូវ​ជជែក​គ្នា​ជាមួយ​បាឆា អាល់អាសាដ។ ដូច្នេះ​តាម​មើល​ទៅ​ សហរដ្ឋអាមេរិក​ បារាំង​ អាល្លឺម៉ង់ ​និង​អង់គ្លេស ​កំពុងតែ​បត់ក្បាល​មក​ធ្វើ​តាម​រុស្ស៊ី ​រក្សា​បាឆា អាល់អាសាដ​ឲ្យ​កាន់​តំណែង​បណ្តោះ​អាសន្ន​សិន  ​ហើយ​ត្រូវ​រៀបចំ​ឲ្យ​អាសាដ​ ចុះចេញ​ពី​តំណែង​តាម​សម្រួល ​នៅ​ពេល​ក្រោយ។

ជា​ការ​ពិត​ រុស្ស៊ី​មិនមែន​សុខៗ​ មក​ជួយ​របប​ស៊ីរី​ទេ ​គេ​ពិត​ជា​មាន​មូលហេតុ​អ្វី​មួយ​នៅ​ពីក្រោយ ​ដែល​ធ្វើឲ្យ​អាមេរិក​ និង​អឺរ៉ុប ​មិន​ទុកចិត្ត។ តែ​ទោះជា​យ៉ាង​ណា ​ម្នាក់ៗ​ត្រូវតែ​ហ៊ាន​លះបង់។ ក្នុង​នយោបាយ​ការបរទេស ​អ្វីៗ​ក៏​អាច​កើត​ឡើង​បាន​ដែរ។ ស្រួល​មិន​ស្រួល ​ទៅ​ថ្ងៃ​មុខ​ រុស្ស៊ី​ព្រលែង​បាឆា អាល់អាសាដ​ចោល​ ក៏​ថា​បាន​ ដោយសារ​គេ​សម្លឹង​ឃើញ​ប្រយោជន៍​ផ្សេង​ទៀត។ ប៉ុន្តែ​សម្រាប់​ពេល​នេះ ​សត្រូវ​រួម​របស់​យើង​ទាំង​អស់​គ្នា ​គឺ​ក្រុម​ជីហាដ​ អង្គការ​រដ្ឋ​អ៊ីស្លាម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ