អានតួអត្ថបទ
អាមេរិក-រុស្ស៊ី-ស៊ីរី

អាមេរិក​ថា​រុស្ស៊ី​បញ្ជូន​យន្តហោះចម្បាំង​ទៅ​ស៊ីរី

មន្រ្តី​រដ្ឋាភិបាល​​អាមេរិក​បាន​អះអាង​កាលពីថ្ងៃ​សុក្រ​​ថា គេ​បាន​ឃើញ​យន្តហោះ​ចម្បាំង​រុស្ស៊ី ចំនួន ៤គ្រឿង នៅ​ក្នុង​ប្រទេស​ស៊ីរី។ វត្តមាន​កងទ័ព​រុស្ស៊ី​នៅ​ស៊ីរី​នេះ​បាន​ធ្វើ​ឲ្យ​អាមេរិក​មាន​ក្តីបារម្ភ​កាន់តែខ្លាំង ហើយ​​​ក្រសួង​ការពារជាតិ​អាមេរិក​បាន​ឲ្យដឹង​ថា រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក​បាន​ជជែក​​តាម​ទូរស័ព្ទ​ជាមួយ​រដ្ឋមន្រ្តី​ការពារជាតិ​រុស្ស៊ី​ កាល​ពីថ្ងៃ​សុក្រ ដើម្បី​ចរចា​គ្នា​រកវិធី​ធ្វើ​យ៉ាងណា​បញ្ចៀស​កុំ​ឲ្យមាន​ការ​ប៉ះទង្គិចគ្នា​ រវាង​កងទ័ព​រុស្ស៊ី និង​កងទ័ព​អាមេរិក​ ដែល​បច្ចុប្បន្ន​កំពុងតែ​បើក​ធ្វើ​ប្រតិបត្តិការ​ផ្លូវ​អាកាស​​ប្រឆាំង​នឹង​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​នៅ​ក្នុង​ប្រទេស​ស៊ីរីដែរ។

លោក​អាស្តុន ការទ័រ (Ashton Carter) រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក
លោក​អាស្តុន ការទ័រ (Ashton Carter) រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក REUTERS/Yuri Gripas
ផ្សាយពាណិជ្ជកម្ម

កិច្ចសន្ទនា​​រវាង​រដ្ឋមន្រ្តី​ការពារជាតិ​​អាមេរិក​និង​រុស្ស៊ី កាល​ពីថ្ងៃ​សុក្រ ថ្វីដ្បិត​តែ​ជា​ជំនួប​តាម​ទូរស័ព្ទ តែវា​គឺ​ជា​​កិច្ចសន្ទនា​​​រវាង​ប្រមុខកងទ័ព​លើកដំបូង​បង្អស់​ ដែលអាមេរិក និង​រុស្ស៊ី មិនធ្លាប់​ធ្វើ ចាប់តាំង​ពី​ឆ្នាំ២០១៤ ក្រោយ​ពី​មាន​វិបត្តិ​នៅ​អ៊ុយក្រែន។

ក្រសួង​ការពារជាតិ​រុស្ស៊ី​បាន​ធ្វើការ​កត់សម្គាល់​ថា ជំនួប​តាមទូរស័ព្ទ​នេះ គឺ​ជា​ចំណុច​ចាប់ផ្តើម​នៃ​ការ​តភ្ជាប់ឡើងវិញ​នៃ​ទំនាក់ទំនង​ខាង​ផ្នែក​យោធា រវាង​រុស្ស៊ី និង​អាមេរិក ហើយ​ថា កិច្ចសន្ទនា​បែបនេះ​អាច​នឹង​ត្រូវ​បន្ត​ធ្វើ​នៅថ្ងៃ​អនាគត។ ចំណែក​ឯ​ក្រសួង​ការពារជាតិ​អាមេរិក​វិញ បាន​លើកឡើង​ថា គោលដៅ​សំខាន់​នៃ​ជំនួប​តាម​ទូរស័ព្ទ​នេះ គឺ​គ្រាន់តែ​ដើម្បី​ស្វែងយល់គ្នា​ទៅវិញទៅមក​ទាក់ទង​នឹង​ប្រតិបត្តិការ​យោធា​នៅ​ស៊ីរី ដើម្បី​​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​មាន​ការ​ប៉ះទង្គិចគ្នា​ជា​យថាហេតុតែប៉ុណ្ណោះ តែ​មិនមែន​ក្នុង​ន័យ​ជា​ការ​ចាប់ផ្តើម​កិច្ចសហប្រតិបត្តិការ​យោធា​នឹង​គ្នាឡើងវិញ​នោះទេ។

ទោះជាយ៉ាងណា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីងតោន​បាន​អះអាង​ថា អាមេរិក​​បើក​ទ្វារ​ចំហ​ក្នុង​ការជជែក​គ្នា​ស៊ីជម្រៅ​ជាមួយ​រុស្ស៊ី ដើម្បី​សហការ​គ្នា​​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម ក៏ប៉ុន្តែ ការជជែកគ្នា​នេះ​ត្រូវតែ​ធ្វើឡើង​ស្របគ្នា​ជាមួយ​នឹង​ការស្វែងរក​ដំណោះស្រាយ​នយោបាយ​បញ្ចប់​សង្រ្គាម​ស៊ីវិល​ស៊ីរី។ ដំណោះស្រាយ​វិបត្តិ​នយោបាយ​ស៊ីរី ដែល​អាមេរិក​នៅតែ​ទាមទារ​ដោយទទូច​ថា ត្រូវ​តែ​ធ្វើឡើង​ដោយ​គ្មាន​លោក​បាស្ហា អាល់អាសាដ។

គួរបញ្ជាក់ថា ទាក់ទង​នឹង​វត្តមាន​កងទ័ព​រុស្ស៊ី​នៅ​ស៊ីរី អាមេរិក​បាន​ធ្វើការ​ប៉ាន់ស្មាន​ថា ក្រៅពី​យន្តហោះ​ចម្បាំង ៤គ្រឿង រុស្ស៊ី​​ក៏​បាន​បញ្ជូនទៅ​ស៊ីរី​ផងដែរ​នូវ​​ឧទ្ធម្ភាគចក្រ​ចម្បាំង ​រថក្រោះ​ធុន T-90 រថពាសដែក កាំភ្លើងធំ ទាហាន​ថ្មើរជើង​​រាប់រយនាក់ ព្រមទាំង​គ្រឿងបរិក្ខា​ក្នុងការ​សាងសង់​មូលដ្ឋាន​ទ័ព ដែល​អាច​ដាក់​ទាហាន​រហូតដល់​ទៅ ១៥០០នាក់។

រុស្ស៊ីវិញ​តែងតែ​អះអាង​ថា បុគ្គលិក និង​គ្រឿងបរិក្ខា​យោធា​ ដែល​ខ្លួន​បញ្ជូន​ទៅ​កាន់​ប្រទេស​ស៊ីរី គឺ​​ធ្វើឡើង​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសន្យា​យោធា​ទ្វេភាគី​ជាមួយ​ស៊ីរី​តែ​ប៉ុណ្ណោះ ហើយ​ថា​ទាហាន​ទាំងនេះ​មិនមែន​ជា​ទាហាន​ប្រយុទ្ធ​​នោះទេ។ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា មន្រ្តី​អ្នកនាំពាក្យ​ប្រធានាធិបតី​រុស្ស៊ី​បាន​ប្រាប់​សារព័ត៌មាន​រុស្ស៊ី​ថា រុស្ស៊ី​នឹង​ពិចារណា​អំពី​ការ​បញ្ជូន​ទាហាន​ប្រយុទ្ធ​ទៅ​ស៊ីរី ប្រសិនបើ​មាន​សំណើ​ផ្លូវការ​ពី​រដ្ឋាភិបាល​ស៊ីរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ