អានតួអត្ថបទ
បារាំង-ក្រុមជីហាដ

បារាំង​ចាប់​ផ្តើម​បើក​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​ លើ​ក្រុម​ជីហាដ​នៅ​ស៊ីរី

នៅ​ថ្ងៃ​អាទិត្យ​នេះ ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​បារាំង ​បាន​បញ្ជាក់​ថា ​កងទ័ព​អាកាស​បារាំង ​បាន​ចាប់ផ្តើម​ធ្វើ​ការ​ទម្លាក់​គ្រាប់​បែក​ នៅ​តាម​ទីតាំង​របស់​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម ​នៅ​ក្នុង​ប្រទេស​ស៊ីរី​ បន្ទាប់​ពី​បាន​ចេញ​ប្រតិបតិ្តការ ​ហោះ​ស៊ើប​ការណ៍​យក​ព័ត៌មាន ​អស់​រយៈ​ពេល​២​សប្តាហ៍​កន្លង​មក។ ស្ថិត​ក្នុង​កាលៈទេសៈ​អាសន្ន ​ ដែល​ក្រុម​ជីហាដ​ដ៏​ព្រៃ​​ផ្សៃ​នេះ​​ កំពុងតែ​គម្រាម​កំហែង​សន្តិសុខ​ពិភពលោក​ទាំង​មូល ​ថ្នាក់​ដឹកនាំ​នានា ​ មាន​បារាំង ​អាមេរិក ​និង​រុស្ស៊ី ​កំពុង​តែ​ដុតដៃ​ដុត​ជើង​ ដើម្បី​ស្វែងរក​ដំណោះស្រាយ​រួម​មួយ​ ក្នុង​ការ​បោស​សម្អាត​ក្រុម​ជីហាដ​អ៊ីស្លាម ​នៅ​តំបន់​ដើម​បូព៌ា។

យន្តហោះ​រ៉ាហ្វាល់​ របស់បារាំង ដែល​កំពុង​តែហោះ​ក្រវ៉ែល​ស្រង់​យកទុន្ន័យ មុន​នឹង​ធ្វើការ​បាញ់កម្ទេច​ លើ​​មូលដ្ឋាន​ក្រុម​ជីហាដ​អ៊ីស្លាម នៅ​ក្នុង​ទឹកដី​ស៊ីរី
យន្តហោះ​រ៉ាហ្វាល់​ របស់បារាំង ដែល​កំពុង​តែហោះ​ក្រវ៉ែល​ស្រង់​យកទុន្ន័យ មុន​នឹង​ធ្វើការ​បាញ់កម្ទេច​ លើ​​មូលដ្ឋាន​ក្រុម​ជីហាដ​អ៊ីស្លាម នៅ​ក្នុង​ទឹកដី​ស៊ីរី REUTERS/ECPAD/Armee de l'Air/J. Brunet/Handout via Reuters
ផ្សាយពាណិជ្ជកម្ម

កងទ័ព​បារាំង ​បាន​ចេញ​ប្រតិបត្តិការ​ទម្លាក់​គ្រាប់បែក ​តាម​យន្តហោះ ​ទៅ​លើ​មូល​ដ្ឋាន​របស់​ក្រុម​ជីហាដ​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ស៊ីរី។ តាម​ការ​ឲ្យដឹង​ពី​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​បារាំង ​បាន​បញ្ជាក់​ថា ​កងទ័ព​បារាំង ​បាន​ធ្វើការ​វាយ​ប្រហារ​ ទៅ​លើ​ទីតាំង ​ដែល​គេ​បាន​ស្រង់​យក​ទិន្នន័យ​បាន​ បន្ទាប់​ពី​បាន​ធ្វើការ​ហោះ​ក្រវែល​ ប្រមូល​យក​ព័ត៌មាន​ អស់​រយៈពេល​២​សប្តាហ៍​កន្លង​មក​នេះ។ ធ្វើ​បែប​នេះ ​វា​ជា​ការ​ប្រុង​ប្រយ័ត្ន ​គឺ​មិនមែន​ទម្លាក់​គ្រាប់​តាពីស​តាពាស ​បង្ក​ឲ្យ​ស្លាប់​ប្រជាជន​ស្លូត​ត្រង់​ទេ។ ទោះ​បី​ជា​យ៉ាងណា ​មក​ត្រឹម​ម៉ោង​នេះ ​យើង​នៅ​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ច្បាស់ ​ស្តី​ពី​ចំណុច​ទិសដៅ​ នៃ​ការ​វាយ​​ប្រហារ ​ក៏​ដូច​ជា​តំបន់​ដែល​ត្រូវ​បាន​ទម្លាក់​គ្រាប់​បែក​ ថា​នៅ​ត្រង់​ណា​ទេ។

វាយ​ប្រហារ​តាម​ផ្លូវ​អាកាស ​គឺ​ជា​នយោបាយ​ ការពារ​ខ្លួន​ទុក​ជា​មុន​របស់​បារាំង៖
អ្នក​នាំ​ពាក្យ​វិមាន​ អាលីហ្ស៊េ ​បាន​បញ្ជាក់​ផង​ដែរ​ថា ​ ការ​វាយ​ប្រហារ​នេះ ​គឺ​ធ្វើឡើង​ដោយ​មាន​ការ​ផ្តល់​ដំណឹង​ ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ​ជាមួយ​នឹង​ក្រុម​សម្ព័ន្ធមិត្ត​ផ្សេង​ទៀត ​ដែល​មាន​សហរដ្ឋ​អាមេរិក​ជា​អ្នក​ដឹក​នាំ ​ក៏​ដូច​ជា​បណ្តា​ប្រទេស​ក្នុង​តំបន់​ ដែល​បាន​ចូលរួម​យ៉ាង​សកម្ម ​ក្នុង​ការ​បោស​សម្អាត​ក្រុម​ជីហាដ​អង្គការ​​រដ្ឋអ៊ីស្លាម។

គួរ​រំលឹក​បន្តិច​ថា ​លោក​ប្រធានាធិបតី​បារាំង ​ហ្រ្វង់ស័រ ហូឡង់ ​បាន​ធ្វើការ​ប្រកាស​កាល​ពី​ថ្ងៃ​ទី ៧ កញ្ញា ​កន្លង​ទៅ​ថា​ បារាំង​នឹង​ចាប់​ផ្តើម ​ធ្វើ​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស ​នៅ​ស៊ីរី​​ដើម្បី​កម្ទេច​ទី​តាំង ​មូលដ្ឋាន ​រឺ​បន្ទាយ​របស់​ក្រុម​ជីហាដ​អ៊ីស្លា កន្លង​មក ​បារាំង​តែងតែ​ប្រកែក​ជា​ដាច់ខាត ​គឺ​មិន​ធ្វើ​អន្តរាគមន៍​យោធា ​នៅ​ស៊ីរី​ជា​ដាច់​ខាត។ ទើប​តែ​ពេល​នេះ ​ទាហាន​បារាំង​បាន​ចាប់​ផ្តើម​ ធ្វើ​ប្រតិបត្តិការ​តាម​ផ្លូវ​អាកាស។ ប៉ុន្តែ​រដ្ឋាភិបាល​បារាំង ​បាន​បដិសេធ ​ដាច់​ខាត ​ថា​នឹង​មិន​បញ្ជូន​កងទ័ព​ជើង​គោក ​ឲ្យ​ទៅ​វាយ​នៅ​ស៊ីរី ​ដោយ​ផ្ទាល់​ទេ។
 

លោក​ប្រធានាធិបតីបារាំង​ ក្នុងពេល​ធ្វើ​សន្និុសីទ​ថ្ងៃទី ៧​ កញ្ញា ដែល​បាន​ប្រកាស​វាយ​ប្រហារ​តាម​ផ្លុវ​អាកាស​លើ​ស៊ីរី
លោក​ប្រធានាធិបតីបារាំង​ ក្នុងពេល​ធ្វើ​សន្និុសីទ​ថ្ងៃទី ៧​ កញ្ញា ដែល​បាន​ប្រកាស​វាយ​ប្រហារ​តាម​ផ្លុវ​អាកាស​លើ​ស៊ីរី REUTERS/Philippe Wojazer

បារាំង​បាន​ផ្លាស់​ប្តូរ​ចិត្ត ​ដោយ​យោង​ទៅ​លើ​គោលការណ៍​ ថា​ដើម្បី​ការពារ​ខ្លួន។ ការពារ​ខ្លួន ​យ៉ាងម៉េច​គឺ​ថា ​បារាំង​ចង់​លប់​បំបាត់​ចលនា​ភេរវកម្ម ​ដែល​បាន​ធ្វើឡើង​ រឺ​បាន​ប៉ុនប៉ង​ធ្វើ ​ក្នុង​ទឹកដី​បារំាង​កន្លង​មក។ ក្រុម​អ្នក​ដែល​ធ្វើ​ភេរវកម្ម​ទាំង​នេះ​ គឺ​សុទ្ធសឹង​ជា​ក្រុម​ជីហាដ​ ដែល​បាន​ទទួល​ការ​បណ្តុះ​បណ្តាល ​បំពាក់​បំប៉ន​ស្មារតី ​នៅ​ស៊ីរី។ ដូច​ប្រសាសន៍​លោក​ហ្រ្វង់ស័រ​ហូឡង់ ​បាន​ប្រកាស ​កាល​ពី​ថ្ងៃ​ទី​ ៧កញ្ញា ​លោក​ថា​ បារាំង​នឹង​វាយ​ប្រហារ​ នៅ​ពេល​ណា ​ដែល​សន្តិសុខ​ជាតិ​បារាំង ​ជួប​នឹង​ហនិភ័យ។ នេះ​ហើយ​ដែល​គេ​ហៅ​ថា​ គោលការណ៍ ​ការពារ​ខ្លួន​ជាមុន។

ជីក​ស្មៅ​ ត្រូវ​ជីក​ទាំង​ឫស៖
មាន​មូលហេតុ​មួយ​ទៀត  ​ដែល​ជំរុញ ​ឲ្យ​បារាំង​វាយ​ប្រហារ​នៅ​ស៊ីរី ​គឺ​បញ្ហា​ជន​ភៀសខ្លួន​ស៊ីរី​ ​និង​អ៊ីរ៉ាក់ ​ដែល​បាន​សម្រុក​នាំគ្នា​រត់​មក​សុំសិទ្ធិ​ជ្រកកោន​នៅ​អឺរ៉ុប​ ដោយសារ​តែ​សង្រ្គាម​កាប់​សម្លាប់ ​បង្ករ​ឡើង​ដោយ​ក្រុម​ជីហាដ​អង្គការ​រដ្ឋអ៊ីស្លាម​នេះ​ឯង។ មាន​ឃ្លា​មួយ ​ដែល​គេ​តែង​និយាយ​ថា ​ ជីកស្មៅ ​ត្រូវ​ជីក​ទាំង​ឫស ​គឺ​វា​មិនខុស​ទេ។ ចង់​បញ្ឈប់​ចលនា​រត់​ភៀសខ្លួន​របស់​ប្រជាជន​ទាំង​នោះ ​ទាល់តែ​ធ្វើ​យ៉ាងណា ​បញ្ចប់​សង្រ្គាម ​ហើយ​កសាង​សន្តិភាព ​នៅ​ក្នុង​ប្រទេស​ពួក​គេ។ ដូច្នេះ​ការ​ចូលរួម​វាយ​កម្ទេច ​ក្រុម​ជីហាដ ​គឺ​ជា​វិធី​ចម្បង​បំផុត ​ក្នុង​ការ​រំលាយ​ក្រុម​ព្រៃផ្សៃ​នេះ ​ហើយ​ចាប់ផ្តើម​ស្ថាបនា​ស្ថិរភាព​ ក្នុង​តំបន់​ឡើង​វិញ។

តែ​យើង​សួរ​ថាហេតុអ្វី​ បាន​ជា​បារាំង​ រឺ​ប្រទេស​មហា​អំណាច​ផ្សេង​ទៀត ​មិន​ព្រម​បញ្ជូន​កងទ័ព​ជើង​គោក​ ទៅ​វាយ​នៅស៊ីរី ​ដោយ​ផ្ទាល់​តែ​ម្តង?​ ងាយ​ស្រួល​យល់​ណាស់​ ​គឺ​ថា ​ឆ្លង​កាត់​បទ​ពិសោធន៍ ​របស់​កងទ័ព​អាមេរិក ​នៅ​អាហ្វហ្គានីស្ថាន ​និង​នៅ​អ៊ីរ៉ាក់ ​យើង​ឃើញ​ថា ​ការ​បញ្ជូន​ទ័ព​ជើង​គោក​​ ទៅ​តំបន់​ដើមបូព៌ា ​គឺ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ខ្លាំងណាស់​ ដោយសារ​តែ​កត្តា​អាកាសធាតុ ​និង​ភូមិសាស្ត្រ ​ហើយ​មួយ​ទៀត ​ គឺ​ត្រូវ​ចំណាយ​ថវិការ​ច្រើន​ណាស់។ ឯ​គ្រោះថា្នក់​អាច​ស្លាប់​កងទ័ព​ ក៏​មាន​ច្រើន​ផង​ដែរ ​ បើ​ប្រៀបធៀប​ទៅ​នឹង​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស។
 
មាន​ចំណុច​មួយ​ដែល​ធ្វើ​ឲ្យ​ប្រទេស​មហា​អំណាច​ទាំង​អស់​ កំពុងតែ​ខ្វែង​គំនិត​គ្នា​ គឺ​ត្រង់ថា​ រុស្ស៊ី ​ទាមទារ ​ថា​ត្រូវតែ​ជួយ​រដ្ឋាភិបាល​ស៊ីរី​ របស់​លោក​បាឆា ​អាល់​អាសាដ​ ដើម្បី​កម្ទេច​ក្រុម​ជីហាដ​អ៊ីស្លាម។ ឯ​ចំណែក ​សហរដ្ឋ​អាមេរិក​ និង​បារាំង​វិញ ​ប្រកែក​ដាច់​ខាត​ថា ​គេ​មិន​ចូលដៃ​ ជាមួយ​បាឆា អាល់​អាសាដ​ទេ ព្រោះ​​រដ្ឋាភិបាល​ស៊ីរី​ជា​រដ្ឋាភិបាល​ផ្តាច់ការ​ បាន​ទម្លាក់​គ្រាប់បែក ​និង​អាវុធ​ជីវសាស្ត្រ​សម្លាប់​ប្រជាជន​ស៊ីរី​ច្រើន​ណាស់ ​ពោល​គឺ​វា​មិន​ខុស​ពី​ក្រុម​ជីហាដ​ទេ។ អាមេរិក ​និង​បារាំង ​ទាមទារ​ឲ្យ​បាឆា អាល់អាសាដ ​ចុះ​ចេះ​ពី​តំណែង។

ប្រជាជនស៊ីរី​ ចុះទឹក​ក្រពើ ​ឡើង​លើ​ខ្លា៖
សង្រ្គាម​នៅ​ស៊ីរី​ គឺ​មាន​ក្រុម​បី​ផ្សេង​គ្នា ​ដែល​កំពុងតែ​វាយ​គ្នា​ទៅវិញ​ទៅមក។ ដំបូង​ឡើយ​គឺ​ក្រុម​ឧទ្ទាម​បះបោរ ​ដែល​បាន​នាំគ្នា​ងើប​ប្រឆាំង​នឹង​រដ្ឋាភិបាល​ផ្តាច់​ការ​ស៊ីរី​ ទាមទារ​ឲ្យ​បាឆា​ អាល់​អាសាដ ចុះ​ចេញ​ពី​តំណែង។ បន្ទាប់​មក​ទើប ​ទាហាន​រដ្ឋាភិបាល​ស៊ីរី ​បាន​ធ្វើ​ការ​វាយ​ប្រហារ​បង្រ្កាប​ក្រុម​ប្រឆាំង ​មាន​ជាការ​ទម្លាក់​គ្រាំបែក ​និង​ការ​ប្រើប្រាស់​អាវុធ​គីមី​ជាដើម ​ដែល​ធ្វើឲ្យ​មាន​ប្រជាជន​ស្លូតត្រង់​ស្លាប់​ច្រើន​ណាស់ ។ ចំណែក​ក្រុម​ជីហាដ​អង្គការ​រដ្ឋអ៊ីស្លាម ​បាន​ឆក់​យក​ឱកាស​ចលាចល​នេះ ​ធ្វើ​ការ​វាយ​ប្រហារ​  ដណ្តើម​យក​តំបន់​ធំៗ​ជាច្រើន ​ហើយ​បាន​ពង្រីក​មូលដ្ឋាន​របស់​ពួកវា។

ដូច្នេះ​យើង​ឃើញ​ថា​ ប្រជាជន​ស៊ីរី ​គឺ​មិន​ខុស​ពី​ចុះទឹក​ក្រពើ​ឡើង​លើ​ខ្លា​ទេ​ ​គឺ​ថា ​ម្ខាង​គឺ​ទាហាន​រដ្ឋាភិបាល​ស៊ីរី ​ទម្លាក់​គ្រាប់បែក​មិន​លោះ​ថ្ងៃ ​ហើយ​ម្ខាង​គឺ​ក្រុម​ជីហាដ​រដ្ឋ​អ៊ីស្លាម ​ដែល​ជា​ក្រុម​ផ្តាច់ការ​អ៊ីស្លាម​ជ្រុល​និយម។ តាម​ព័ត៌មាន​ដែល​ទទួល​បាន​កន្លង​មក​នេះ ​អ្វី​ដែល​គេ​បន្ទោស​រដ្ឋាភិបាល​ស៊ីរី​គឺ​ថា ​ទាហាន​​រដ្ឋាភិបាល​ ​ធ្វើ​ការ​វាយ​ប្រហារ​មិន​រើស​មុខ ​មិន​ខ្វល់​ថា​ប្រជាជន​ស្លូត​ត្រង់ ​ក្រុម​ឧទ្ទាម​ ​រឺ​ក្រុម​ជីហាដ​ទេ។

ជាក់​ស្តែង​ ព័ត៌មាន​ដែល​យើង​ទទួល​បាន​នៅ​ថ្ងៃ​នេះ ​នៅ​ទីក្រុង​ហូម ​មូលដ្ឋាន​ចុងក្រោយ ​របស់​ក្រុម​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល ​ត្រូវ​បាន​ទាហាន​ស៊ីរី​ ទម្លាក់​គ្រាប់បែក​ពី​លើ។ ហើយ​ក្នុង​ចំណោម​អ្នក​ស្លាប់​១៧​នាក់ ​គឺ​សុទ្ធសឹង​ជា​ប្រជាជន​សាមញ្ញ។ នេះ​គ្រាន់​តែ​ជា​ឧទាហរណ៍​ មួយ​ករណី​តែ​ប៉ុណ្ណោះ។ ដូច្នេះ​ហើយ​បាន​ជា​បារាំង ​និង អាមេរិក ​បដិសេធ​មិន​ចូល​ដៃ​ជាមួយ​រដ្ឋាភិបាល​ស៊ីរី​ ព្រោះ​ថា​វា​ហាក់​ដូច​ជា​បើកដៃ​ឲ្យ​បាឆា​អាល់អាសាដ ​សម្លាប់​ប្រជាជន​ស៊ីរី ​ហើយ​និង​ក្រុម​ឧទ្ទាម​ប្រឆាំង​អញ្ចឹង។

ថ្ងៃទី ១៥ កញ្ញា លោក បាឆាអាល់អាសាដ ផ្តល់​បទសម្ភាសន៍ ឲ្យអ្នក​កាសែត​រុស្ស៊ី នៅ​​ក្រុងដាម៉ាស ស្តី​ពី​ជំនួយ​​យោធា​រុស្ស៊ី
ថ្ងៃទី ១៥ កញ្ញា លោក បាឆាអាល់អាសាដ ផ្តល់​បទសម្ភាសន៍ ឲ្យអ្នក​កាសែត​រុស្ស៊ី នៅ​​ក្រុងដាម៉ាស ស្តី​ពី​ជំនួយ​​យោធា​រុស្ស៊ី AFP/Ho /Sana

យុទ្ធសាស្ត្រ​ខ្ចី​កាំបិត​សម្លាប់​មនុស្ស៖
តាម​មើល​ទៅ ​បារាំង ​និង​អាមេរិក​ ប្រហែល​ជា​ត្រូវ​ធ្វើ​ចិត្ត​ ទុក​ការ​ស្អប់​រដ្ឋាភិបាល​ស៊ីរី​មួយ​អន្លើ​សិន។ ​បញ្ហា​ស៊ីរី ​ជា​បញ្ហា​ស្មុគស្មាញ ​ដែល​យើង​មិន​អាច​ដោះស្រាយ​ម្តង​ចប់​អស់​នោះ​ទេ។ អ្វី​ជា​បញ្ហា​ចំបង ​ដែល​ត្រូវ​ដោះស្រាយ​បន្ទាន់ ​គឺ​កម្ទេច​ក្រុម​ជីហាដ​រដ្ឋ​អ៊ីស្លាម ​ឲ្យ​រលាយ​ជា​មុន​សិន។ បន្ទាប់​មក​បញ្ហា​លោក ​បាឆា ​អាល់អាសាដ ​ថា​ត្រូវ​ចុះចេញ​ពី​តំណែង​ រឺ​យ៉ាង​ម៉េច​ទៀត ​ចាំ​គិត​ពេល​ក្រោយ។

យុទ្ធសាស្ត្រ​របស់​រុស្ស៊ី​នៅ​ពេល​នេះ​ បើ​តាម​ការ​ស្មាន ​ក៏​វា​មិន​ជា​អាក្រក់​ដែរ​ ពោល​គឺ​យើង​អាច​ហៅ​ថា​ ជា​យុទ្ធសាស្ត្រ​ ខ្ចី​កាំបិទ​សម្លាប់​មនុស្ស។ ពោល​គឺ​ ខ្ចី​ដៃ​ទាហាន​រដ្ឋាភិបាល​ស៊ីរី ​ដែល​មាន​នៅ​ក្នុង​ស្រុក​ស្រាប់ ដើម្បី​ធ្វើការ​វាយ​ប្រហារ​លើក្រុម​ជីហាដ។ តាម​មើល​ទៅ ​លោក​អាសាដ ​ប្រហែល​ជា​បាន​ចរចា​ជាមួយ​រុស្ស៊ី ​រួច​ទៅ​ហើយ ​ ដើម្បី​ធ្វើ​យ៉ាងណា​ អាច​ចុះចេញ​ពី​តំណែង ​តាម​សម្រួល ​ដោយ​មាន​ការ​ការពារ​ ពី​ប្រទេស​មហា​អំណាច ​ព្រោះ​គាត់​ខ្លាច​វាសនា​គាត់​ ដូច​លោក​កាដាហ្វី​ នៅ​លីប៊ី។ អ្នក​វិភាគ​ជាច្រើន ​ក៏​បាន​យល់​ស្រប​ដែរ​ថា ​លោក​អាសាដ ​កំពុង​តែ​ព្យាយាម​រក​ច្រក​ចេញ ​ដើម្បី​យក​រួច​ខ្លួន ​ព្រោះ​ថា​បើ​នៅ​បន្ត​ទៀត ​ស្រួល​មិន​ស្រួល ​ក្រុម​ជីហាដ​សង្រ្គប់​បាន ​គឺ​ច្បាស់​ជា​មិន​រស់​ទេ។

ច្រក​ចេញ​នយោបាយ ​ឲ្យ​អាសាដ​​ចេញ​ពី​តំណែង​តាម​សម្រួល?
ទោះ​បី​ជា​មក​ទល់​ពេល​នេះ​ បារាំង​និង​អាមេរិក ​មិន​សូវ​ជា​ពេញចិត្ត​ នឹង​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី​ក៏​ដោយ ​ក៏​ប៉ុន្តែ​គេ​ក៏​មិន​បដិសេធ​ទាំង​ស្រុង​ដែរ។ រដ្ឋមន្ត្រី​ការបរទេស​រុស៊្សី ​បាន​ថ្លែង​នៅ​ក្រុង​ញូយ៉ក ​នៅ​ថ្ងៃ​នេះ​ថា​ រុស្ស៊ី ​អាច​ចូល​រួម​ជាមួយ​សម្ព័ន្ធមិត្ត​ដើម្បី​វាយ​ក្រុម​ជីហាដ​ ​បើសិន​ជាក្រុម​នេះ​ ព្រម​សហការ​ ជាមួយ​រដ្ឋាភិបាល​របស់​លោក​អាសាដ។ លោក​ឡូរ៉ង់ ហ្វាប្យូស ​រដ្ឋមន្ត្រី​ការបរទេស​បារាំង​បាន​ឆ្លើយ​តប​ថា ​បាឆា ​អាល់អាសាដ​ មិន​អាច​បន្ត​ដឹកនាំ​ស៊ីរី​រហូត​បាន​ទេ។ អ្វី​ដែល​ចាំបាច់​ពេល​នេះ ​គឺ​ចរចា​គ្នា ​រក​ដំណោះ​ស្រាយ​រួម​មួយ ​ដើម្បី​ចាត់​តាំង​នូវ​របៀបវារៈ ​អន្តរកាល​មួយ ​ក្នុង​ការ​ផ្លាស់​ប្តូរ​អំណាច​បន្ទាប់​ពី​បាឆា អាល់អាសាដ។ អញ្ចឹង​មាន​ន័យថា ​បារាំង​ចាប់ផ្តើម​ប្តូរ​ចិត្ត​បន្តិច ​ប៉ុន្តែ​នៅ​តែ​ទាមទារ​ថា​ កិច្ចការ​រួច​ស្រេចបាច់​កាល​ណា ​គឺ​ស៊ីរី​ត្រូវ​មាន​រដ្ឋាភិបាល​ថ្មី ​ ដែល​មិនមែន​ជា​រដ្ឋាភិបាល​របស់​លោក​អាសាដ។

យ៉ាងណា​មិញ ​យុទ្ធសាស្ត្រ​ថ្មី​ ដែល​មាន​រុស្ស៊ី​ចេញ​មុខ​នេះ ហាក់​បាន​ទទួល​ការ​គាំទ្រ​ ពី​ប្រទេស​ផ្សេងទៀត​ដែរ​ ​គឺ​ដូច​ជា​អ៊ីរ៉ាក់ ​និង​អ៊ីរ៉ង់។ ប្រទេស​ពីរ​នេះ ​ទើប​បាន​ចុះ​កិច្ច​ព្រមព្រៀង​នៅ​ថ្ងៃ​នេះ ​ជា​មួយ​រុស្ស៊ី ​ក្នុង​ការ​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​យោធា ​ដោយ​បង្កើត​ជា​មូលដ្ឋាន​ស្រង់​ទិន្នន័យ​រួម​មួយ ​នៅ​ក្រុង​បាដដាត ​ដោយ​មាន​ការ​សហការ​ ពី​យោធា​ទាំង​៣​ប្រទេស ​ក្នុង​គោលដៅ​ កម្ទេច​ក្រុម​ជីហាដ​រដ្ឋ​អ៊ីស្លាម ​នៅ​អ៊ីរ៉ាក់ ​និង​ស៊ីរី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ