អានតួអត្ថបទ
ស៊ីរី

លោក​ចន ឃែរី ទាមទារ​ឲ្យ​មាន​ការ​ចរចា​បញ្ចប់​វិបត្តិ​ស៊ីរី

លោក​ចន ឃែរី រដ្ឋមន្រ្តី​ការបរទេស​អាមេរិក បាន​អំពាវនាវ​នៅថ្ងៃ​សៅរ៍ ឲ្យ​ចាប់បើក​ធ្វើឡើង​វិញ នូវការចរចា​ការទូត ដើម្បី​បញ្ចប់​វិបត្តិ​នៅ​ស៊ីរី។ លោក​ការទូត​អាមេរិក​បាន​បញ្ជាក់​សាជាថ្មី​ឡើងវិញ​ថា អាមេរិក​នៅតែ​រក្សា​ជំហរ​ទាមទារ​ឲ្យ​លោក​បាស្ហា អាល់អាសាដ ចុះចេញ​ពីតំណែង ក៏ប៉ុន្តែ ចុះចេញ​នៅ​ពេលណា​ គឺ​អាច​ចរចា​គ្នា​បាន។

លោក​ចន ឃែរី រដ្ឋមន្រ្តី​ការបរទេស​អាមេរិក
លោក​ចន ឃែរី រដ្ឋមន្រ្តី​ការបរទេស​អាមេរិក REUTERS/Gary Cameron
ផ្សាយពាណិជ្ជកម្ម

ថ្លែង​នៅ​ក្នុង​អំឡុង​ទស្សនកិច្ច​នៅ​អង់គ្លេស លោក​ចន ឃែរី បាន​លើកឡើងថា អស់រយៈពេល​១ឆ្នាំ​កន្លះ​ហើយ ដែល​អាមេរិក​ទាមទារ​ថា ដើម្បី​បញ្ចប់​សង្រ្គាម​ស៊ីវិល​នៅ​ស៊ីរី​បាន ​លោក​អាសាដ​ត្រូវតែ​ចុះចេញ​ពី​អំណាច ក៏ប៉ុន្តែ នីតិវិធី និង​កាលបរិច្ឆេទ​នៃ​ការ​ចុះចេញ​របស់​លោក​អាសាដ​អាច​ត្រូវ​សម្រេច​តាមរយៈ​កិច្ចចរចា ក្នុងក្របខ័ណ្ឌ​កិច្ចព្រមព្រៀង​ដែល​បាន​ចុះ​ក្នុង​ទីក្រុង​ហ្សឺណែវ ពោលគឺ មិនមែន​ទាមទារ​ឲ្យ​លោក​អាសាដ​ចុះចេញ​ពីតំណែង​ភ្លាមៗ​នោះទេ។ ជំហរ​​នេះ​​ត្រូវ​បាន​ថ្លែង​គាំទ្រ​ភ្លាមៗ ដោយ​រដ្ឋមន្រ្តី​ការបរទេស​អង់គ្លេស ដែល​បាន​បញ្ជាក់​បន្ថែម​ថា ការដោះស្រាយ​វិបត្តិ​ស៊ីរី គឺ​ជា​រឿង​ចាំបាច់ និង​បន្ទាន់ ដើម្បី​បញ្ចប់​វិបត្តិ​ជនភៀសខ្លួន ដែល​កំពុងតែ​សម្រុក​ចូល​មក​ក្នុង​តំបន់​អឺរ៉ុប ហើយ​ដែល​កំពុងតែ​បង្ក​ឲ្យ​មាន​ភាពតានតឹង​យ៉ាង​ខ្លាំង​រវាង​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប។

លោក​ចន ឃែរី បាន​បញ្ជាក់ថា អាមេរិក​ត្រៀមខ្លួន​ក្នុងការ​ចរចា​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ សំខាន់​ឲ្យ​តែ​លោក​អាសាដ​ពិតជា​មាន​ឆន្ទៈ​ចង់ចរចា​បញ្ចប់​វិបត្តិ ហើយ​រុស្ស៊ី​គួរជា​អ្នក​ដើរតួនាទី​សំខាន់​ក្នុងការ​ដាក់សម្ពាធ​ឲ្យ​លោកអាសាដ​វិលត្រឡប់​មក​រក​តុចរចា។

គួរបញ្ជាក់ថា តាំងពីដើម​មក លោក​វ៉ា្លឌីមៀរ ពូទីន ប្រធានាធិបតី​រុស្ស៊ី ក៏​តែងតែ​គាំទ្រ​ឲ្យ​ដោះស្រាយ​វិបត្តិ​ស៊ីរី​តាមរយៈ​ការចរចា​ដូចគ្នា​នេះដែរ ក៏ប៉ុន្តែ សម្រាប់​រុស្ស៊ី ជោគវាសនា​របស់​លោក​អាសាដ ត្រូវ​ទុក​ឲ្យ​ស៊ីរី​ខ្លួនឯង​ជា​អ្នក​សម្រេច ដោយ​មិន​ត្រូវ​មាន​ការ​ជ្រៀតជ្រែក​ពី​ប្រទេស​ខាងក្រៅ​នោះទេ។

ការអំពាវនាវ​របស់​លោក​ចន ឃែរី ឲ្យ​មានការចរចា​ដោះស្រាយ​វិបត្តិ​ស៊ីរី ត្រូវ​បាន​ធ្វើឡើង តែមួយថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក និង​សមភាគី​រុស្ស៊ី បាន​ជួបជជែកគ្នា​តាមទូរស័ព្ទ​រហូតដល់​ទៅ​១ម៉ោង ដើម្បី​និយាយ​អំពី​អន្តរាគមន៍​យោធា​របស់​រុស្ស៊ី និង​អាមេរិក ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម នៅ​ក្នុង​ប្រទេស​ស៊ីរី។

នៅ​ទីក្រុងឡុងដ៍ លោក​ប្រមុខការទូត​អាមេរិក​​បាន​សម្តែង​នូវ​ការ​ស្វាគមន៍​ចំពោះ​អន្តរាគមន៍​យោធា​របស់​រុស្ស៊ី​នៅ​ស៊ីរី ព្រមទាំង​បាន​លើកឡើង​ថា អាមេរិក​ត្រៀម​ខ្លួន​សាកល្បង​ប្រើ​គ្រប់មធ្យោបាយ​ទាំងអស់ ធ្វើ​យ៉ាងណា​ឲ្យ​តែ​អាច​កម្ចាត់​ពួក​ជីហាត​បាន​ឆាប់ និង​ប្រកប​ដោយ​ប្រសិទ្ធភាព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ