អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អ៊ីស្រាអែល និង​ហេស្បូឡា​លីបង់ អាច​ផ្ទុះ​សង្គ្រាម​នឹង​គ្នា​ទៀត​ឬ​យ៉ាងណា ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយ​ការ​វាយប្រហារ​ផ្លូវអាកាស​របស់​អ៊ីស្រាអែល​សម្លាប់មេដឹកនាំ​ចលនា​ហេស្បូឡា  (Hezbollah) ​លីបង់​ម្នាក់​ដល់​ទឹកដី​ស៊ីរីមក គេ​មិន​អាចធ្វេស​ប្រហែស​បាន​ឡើយ​នឹង​ការ​ផ្ទុះ​អំពើ​ហិង្សា​ប៉ះទង្គិច​គ្នា​ជា​ថ្មី​ នៅក្នុង​តំបន់។ អ៊ីស្រាអែល​និង​ហេស្បូឡា​លីបង់ ជា​សត្រូវ​ចាស់​​នឹង​គ្នា​ យូរ​ឆ្នាំ​មក​ហើយ និង​ជា​ប្រភព​បង្ក​អស្ថិរភាព​ដ៏​សំខាន់​មួយ​ប្រចាំ​ភូមិភាគ។ តើ​ជម្លោះអ៊ីស្រាអែល និង​ហេស្បូឡា​លីបង់ មាន​ប្រភព​ និង​ដើមហេតុ​យ៉ាង​ដូចម្តេច ?

កង​កាំភ្លើង​ធំ​អ៊ីស្រាអែល​នៅ​ខ្ពង់រាប​ Golan ថ្ងៃទី ២៨​មករា ២០១៥
កង​កាំភ្លើង​ធំ​អ៊ីស្រាអែល​នៅ​ខ្ពង់រាប​ Golan ថ្ងៃទី ២៨​មករា ២០១៥ REUTERS/Baz Ratner
ផ្សាយពាណិជ្ជកម្ម

អ៊ីស្រាអែល​និង​ហេស្បូឡា (Hezbollah) ធ្វើ​សង្គ្រាម​នឹង​គ្នា និង​បន្ត​ប្រឈម​អាវុធ​ដាក់​គ្នា​ តាំង​ពី​ជាង​៣០​ឆ្នាំ​មក​ហើយ។ យូរ​រហូត​ដល់​គេចាត់​ទុក​ជា​រឿង​បន្ទាប់​បន្សំ​​មួយ​រយៈ​ ជាពិសេស​ក្រោយ​ពី​ការ​​ផ្ទុះ​បដិវត្ត​អារ៉ាប​នៅ​ស៊ីរី​និង​លីប៊ី​។ ប៉ុន្តែ​គូ​សត្រូវពីរ​នាក់​មិន​ដែល​បាន​បញ្ឈប់​សកម្មភាព​ញុះញង់​គ្នា​ទេ។ កាលពី​ថ្ងៃអាទិត្យទី ២០​ធ្នូ អ៊ីស្រាអែល​បានវាយប្រហារ​តាម​ផ្លូវ​អាកាស​សម្លាប់​សកម្មជន​ជាន់ខ្ពស់​របស់​ហេស្បូឡា​ម្នាក់ ដល់​ប្រទេស​ស៊ីរី ហើយ​ជា​ការ​តប​ស្នង​មក មាន​ការ​បាញ់ចេញ​ពី​លីបង់​ សំដៅ​ទឹកដី​អ៊ីស្រាអែល វិញ​ភ្លាម។ ប៉ុន្តែ​ ទោះ​ពុំ​បង្ក​ឱ្យ​ជនរងគ្រោះ​ឬ​របួស​ក៏​ដោយ ក៏​អ៊ីស្រាអែល​​មិន​បង្អង់​នឹង​បញ្ចេញ​ប្រតិកម្ម​បាញ់​កាំភ្លើង​ធំ​តប​ដាក់​វិញ​ដែរ។

 

តើ​ដំណាក់កាល​បន្ទាប់ ជា​​ការ​ប្រយុទ្ធ​គ្នា​ឬ ?! ជា​សម្មតិកម្ម​ដែល​មិន​អាច​ច្រាន​ចោល​បាន​ឡើយ ! ព្រោះ​គូ​សត្រូវ​មួយ​គូ​នេះ​ធ្លាប់​ច្បាំង​ញយ​ដង​មក​ហើយ និង​ដែល​បាន​ធ្វើ​ពលរដ្ឋ​ប៉ាឡេស្ទីន មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង។

តើហេស្បូឡា​ជា​នរណា ? ហេតុអ្វី​ធ្វើ​សង្គ្រាម​ជាមួយ​អ៊ីស្រាអែល ?​

ហេស្បូឡា ជា​ចលនា​នយោបាយ​និកាយ​ឈីអ៊ីត នៅ​លីបង់។ ចលនា​នេះ​លេច​ជា​រូប​រាង​ឡើង​នៅ​ឆ្នាំ ១៩៨២ និង​មាន​ឈ្មោះ​ជា​ផ្លូវការ​នៅ​ឆ្នាំ​១៩៨៥ ដើម្បី​ប្រឆាំង​​នឹង​ការ​ឈ្លានពាន​​អ៊ីស្រាអែល​លើ​លីបង់។ នៅ​ឆ្នាំ​១៩៨២ ទាហាន​អ៊ីស្រាអែល​បាន​ចូល​លុកលុយ​ប្រទេស​លីបង់ ក្នុង​រង្វង់​៤០​គីឡូម៉ែត្រ​ពី​ព្រំដែន ដើម្បី​​ទប់ទល់​និង​​បោសសម្អាត​ពួក​ភេរវជន​​នៃ​អង្កការ​រំដោះ​ប៉ាឡេស្ទីន​អាច​ឈរ​ជើង​នៅ​ភាគ​ខាង​ជើង​ប្រទេស​អ៊ីស្រាអែល​បាន។

កម្មវត្ថុនេះ​បាន​សម្រេច ប៉ុន្តែ អ៊ីស្រាអែល​លោភលន់​ ឈ្លានពាន​ភាគ​ខាង​ត្បូងមិន​អស់​ចិត្ត ចង់​លុកលុយ​ដល់​ក្រុង​បេរ៉ូត ដើម្បី​កម្ចាត់​ឱ្យ​អស់​ក្រុម​រំដោះប៉ាឡេស្ទីន និង​ចង់​ប្តូរផ្លាស់​លីបង់​ ប្រទេស​ពហុ​វប្បធម៌​និង​សាសនា ទៅ​ជា​ប្រទេស​កាតូលិក​ ដូច​មិត្ត​អ៊ីស្រាអែល​ផ្សេង​ទៀត។​ មិន​តែ​ប៉ុណ្ណោះ​ អ៊ីស្រាអែល​បាន​ប្រើ​ទម្លាប់​ចាស់ ធ្វើ​ទារុណកម្ម សាបព្រោះ​អំពើ​ឃោរឃៅ បង្ក្រាប​ ​ដូច​ធ្លាប់​ធ្វើ​បាប​ពលរដ្ឋ​ប៉ាឡេស្ទីន ទើបពលរដ្ឋ​លីបង់​ដែល​ភាគ​ច្រើន​ជា​អ្នក​កាន់​និកាយ​ឈីអ៊ីត ​លេច​គំនិត​បង្កើត​ចលនា​តស៊ូ​បះបោរ​ប្រឆាំង​ឡើង ដែល​មាន​ឈ្មោះ​ថា​ហេស្បូឡា​នេះ​ឯង។

ការ​ស្អប់​ខ្ពើម និង​ប្រឆាំង​អ៊ីស្រាអែល បាន​រុញ​ច្រាន​ឱ្យ​ចលនា​ហេស្បូឡា ចូល​ស៊ុប​ក្នុង​ផ្នត់​គំនិត​មនោគមន៍វិជ្ជា​យុទ្ធសាស្ត្រ ដែល​ប្រឆាំង​គ្នា​រវាង​ក្រុម​ឈីអ៊ីត​អ៊ីរ៉ង់​ព្រមទាំង​​សម្ព័ន្ធ​មិត្ត​ស៊ីរី និង​ក្រុម​មហាអំណាច​បស្ចឹម​លោក​ព្រមទាំង​ក្រុម​ស៊ុននីត​ដូច​យ៉ាង​អារ៉ាប៊ីសាអូឌីត។ ដូច្នេះ​ហើយ​បាន​ជាចលនា​ហេស្បូឡា ត្រូវ​បាន​ពង្រឹង​កាន់​តែ​នៅ​ខ្លាំង​ ​នៅ​ពេល​អ៊ីរ៉ង់​ក្រោមការ​ដឹកនាំ​របស់​ខាមេណី​ចូល​លូក​ដៃ​ជួយ​ក្រុម​អ្នក​ឈីអ៊ីត​ដូច​គ្នា។ ហេស្បូឡា បាន​ផ្តល់​មេរៀន​​ដល់​អ៊ីស្រាអែល​តាម​រយៈ​ការ​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​វាយ​អ៊ីស្រាអែល ដែល​មិន​ដឹង​ខ្លួន និង​ដែល​មិនបាន​​នឹងស្មាន​ថា​មានសត្រូវ​​ខ្លាំង​ដល់​ម្លឹង។

ដើម​សង្គ្រាម​អ៊ីស្រាអែល-លីបង់

នៅ​ឆ្នាំ​១៩៩២​​ហេស្បូឡា​ ក្លាយ​ជា​បក្ស​នយោបាយ​មួយ​របស់​​លីបង់ ដែល​មាន​ចំណុច​ខ្លាំង​ផ្នែក​សន្តិសុខ តែ​ក៏​មិន​ព្រមបោះបង់​អាវុធចោល​ទេ ​ព្រោះអ៊ីស្រាអែល​មិន​ទាន់​ដក​ទ័ពទាំង​ស្រុង​​ចេញ​ពី​ភាគ​ខាង​ត្បូង​លីបង់​ ទាហាន​អ៊ីស្រាអែលបន្ត​វត្តមាន​នៅ​តំបន់​ខ្ពង់រាប​ហ្គោឡង់​ដដែល។​​ ការ​ប៉ះ​ទង្គិច​ និង​ប្រយុទ្ធ​គ្នា​តែ​កើត​មានជា​រឿយ​នៅ​ភាគ​ខាង​ត្បូង​លីបង់ ម្តង​នៅ​ឆ្នាំ​១៩៩៣​រយៈ​ពេល​៧​ថ្ងៃ ទើប​បិទ​បញ្ចប់​ទៅ​ដោយបទ​ឈប់​បាញ់ ជា​​សេចក្តី​សម្រេចចិត្ត​អង្គការ​សហប្រជាជាតិ និង​ម្តង​ទៀត​ នៅ​ឆ្នាំ​​១៩៩៦​ ដែល​នៅ​ទីបំផុត​ភាគី​ទាំងពី​រ​បាន​ព្រមព្រៀង​គ្នា​ក្រៅ​ផ្លូវការ​ ជា​លាយ​លក្ខណ៍​អក្សរ​ឈប់​បាញ់​នៅ​តំបន់​មានមនុស្ស​នៅ។

នៅ​ឆ្នាំ​២០០០ អ៊ីស្រាអែល​បាន​ដក​ទ័ព​ចេញ​អស់​ពី​តំបន់​ភាគ​ខាង​ត្បូង​លីបង់ តែ​ហេស្បូឡា​មាន​ការ​ប្រុងប្រយ័ត្ន​ខ្លាំង សំងំ​នៅ​​ដើម​ទសវត្សរ៍​២០០០-២០០៦ អភិវឌ្ឍន៍​អាវុធ​មីស៊ីល​និង​ក្បាល​គ្រាប់​ដល់​ទៅ​១​ម៉ឺន​គ្រាប់ ក្រោម​ក្រសៃភ្នែក​ព្រួយ​បារម្ភ​របស់​អ៊ីស្រាអែល ហើយ​គ្រាន់​តែ​បាន​ឮ​ហេស្បូឡា​ប្រកាស​សាមគ្គីភាព​ជាមួយ​ចលនា​ហាម៉ាស​ប៉ាឡេស្ទីន​ភ្លាម សង្គ្រាម​ក៏​បាន​ផ្ទុះ​ឡើងនៅ​ឆ្នាំ​២០០៦។ ក្នុង​រយៈ​ពេល​ ​៣៣​ថ្ងៃមាន​ស្លាប់​ពលរដ្ឋ​លីបង់​១២០០​នាក់ និង​អ៊ីស្រាអែល​១៦៥​នាក់។ រដ្ឋាភិបាល​លីបង់​ការពារ​ហេស្បូឡា​និង​អាវុធ​ជាង​ពេល​ណាៗ​ទាំង​អស់។

ក្រោយ​ពី​បានស្ងប់​ស្ងាត់​បន្តិច​ ដោយ​មាន​ព្យុះ​បដិវត្ត​អារ៉ាប​គ្រប​ដណ្តប់​តំបន់​ខ្លាំង​ពេក​ នៅ​ឆ្នាំ​២១០៥​នេះ ងងើក​ភ្លើង​សង្គ្រាម​ហាក់​​ផ្តើម​មាន​អណ្តា​ត​​ឡើង​វិញ។ ការ​ប៉ះទង្គិច​និង​បាញ់​សម្លាប់ទាហាន​​គ្នា​នៅ​តំបន់​ហ្គោឡង់ ទៅវិញ​ទៅ​មក។ មរណភាព​របស់​​សកម្មជន​ហេស្បូឡា​លីបង់​ ពិត​ជា​បញ្ចេះ​ភាព​តាន​តឹងដាក់​​គូសត្រូវ​ចាស់​ទាំងពីរ​។ បើ​នរណា​ហ៊ាន​ជ្រុល ​តែ​មួយ​ជំហាន​នោះ​សង្គ្រាម​ពិត​ជា​អាច​ផ្ទុះ​ឡើង​បាន។ ភាគី​មិន​ចង់​ល្បង​សង្គ្រាម​ជា​ថ្មី​ទេ​ ប៉ុន្តែ​តើ​គេ​អាច​ទប់​បាន​ប៉ុណ្ណា និង​រហូត​ដល់​ពេល​ណា ?!

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ