អានតួអត្ថបទ
លីបង់

អ៊ីស្រាអែល​តាម​សម្លាប់​សកម្មជន​លីបង់​និយមអេបូឡា​ក្នុង​ទឹកដី​ស៊ីរី

នៅ​ថ្ងៃ​អាទិត្យ ទី២០ ធ្នូ​នេះ អង្គការ​លីបង់​និកាយ​ឈីអ៊ីត​ទើប​បាន​បញ្ជាក់​ជា​ផ្លូវការ​ថា សកម្មជន​ជនជាតិ​លីបង់​ឈ្មោះ​សាមៀរ គុនតារ​បាន​បាត់បង់​ជីវិត​នៅ​ក្រោយ​ការ​វាយប្រហារ​ផ្លូវ​អាកាស​ពី​កម្លាំង​ទ័ព​អ៊ីស្រាអែល​នៅ​ក្នុង​តំបន់​ក្បែរ​ទីក្រុង​ដាម៉ាស់​ទឹកដី​ស៊ីរី។ រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​សាទរ​ចំពោះ​មរណៈភាព​របស់​សាមៀរ គុនតារ តែ​មិន​បាន​បញ្ជាក់​ថា​ខ្លួន​ជា​អ្នក​សម្លាប់​ទេ។ គួរ​ជម្រាប​ជូន​ថា សកម្មជន​សាមៀរ គុនតា​ត្រូវ​បាន​អ៊ីស្រាអែល​ចាត់​ទុក​ជាអ្នក​ទទួល​ខុសត្រូវ​នៃ​ការ​វាយប្រហារ​ប្រដាប់​អាវុធ​យ៉ាង​បង្ហូរឈាម​ក្នុង​ទឹកដី​អ៊ីស្រាអែល​កាល​ពី​ឆ្នាំ ១៩៧៩។

យន្តហោះ​ចម្បាំង​អ៊ីស្រាអែល F-15
យន្តហោះ​ចម្បាំង​អ៊ីស្រាអែល F-15 AFP/JACK GUEZ
ផ្សាយពាណិជ្ជកម្ម

មាន​ការ​លើក​ឡើង​ខុសៗ​គ្នា​ទាក់ទង​នឹង​ការ​ស្លាប់​សកម្មជន​សាមៀរ គុនតារ​ក្នុង​ទឹកដី​ស៊ីរី។ សារព័ត៌មាន​ផ្លូវការ​នៃ​របប​ស៊ីរី​ខ្លះ​បាន​យល់​ឃើញ​ថា សាមៀរ គុនតារ​បាន​ស្លាប់​ក្រោម​កណ្តាប់ដៃ​របស់​ពួក​ភេរវជន តែ​សារព័ត៌មាន​ផ្លូវការ​នៃ​របបស៊ីរី​ផ្សេង​ទៀត​បាន​ទម្លាក់​កំហុស​លើ​កម្លាំងទ័ព​អាកាស​អ៊ីស្រាអែល​ដែល​មាន​ចេតនា​តាម​សម្លាប់​សកម្មជន​សាមៀរ គុនតារ​ដល់​ទឹកដី​ស៊ីរី​តែ​ម្តង។

ប្រតិកម្ម​ពី​ប្រទេស​អ៊ីស្រាអែល លោក​រដ្ឋមន្រ្តី​សំណង់ និង​លំនៅដ្ឋាន Gallant បាន​សាទរ​ចំពោះ​មរណៈភាព​សាមៀរ គុនតារ តែ​មិន​បាន​បញ្ជាក់​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​អ៊ីស្រាអែល​ទេ។ ថ្លែង​តាម​វិទ្យុ​ក្នុង​ស្រុក​មួយ​នៅ​អ៊ីស្រាអែល លោក Gallant បាន​អះអាង​យ៉ាង​ដូច្នេះ​ថា វា​ជា​ដំណឹង​ដ៏​ល្អ​មួយ​ដែល​មនុស្ស​ដូច​សាមៀរ គុនតារ​លែង​មាន​វត្តមាន​នៅ​លើ​ផែនដី​ទៀត​ឡើយ តែ​ឆ្លើយ​នឹង​សំណួរ​ដែល​ថា តើ​អ៊ីស្រាអែល​ជា​អ្នក​បាញ់​សម្លាប់​ជន​សាមៀរ គុនតារ​មែន ឬ? លោក Gallant បាន​អល់អែក​ដោយ​បញ្ជាក់​ថា ខ្ញុំ​មិន​បញ្ជាក់ ហើយ​ក៏​មិន​បដិសេធ​ចំពោះ​រឿង​នេះ​ទេ។

គួរ​បញ្ជាក់​ថា​ជា​ផ្លូវការ អ៊ីស្រាអែល​បាន​បដិសេធ​មិន​លូកដៃ​ចូល​ទៅ​ក្នុង​វិបត្តិ​ស៊ីរី​ទេ តែ​ក្រៅ​ផ្លូវការ កងទ័ព​អ៊ីស្រាអែល​តែងតែ​ទម្លាក់​គ្រាប់បែក​លើ​ស៊ីរី​ដើម្បី​រារាំង​ពួក​អេបូឡា​ដែល​កំពុង​ជួយ​វាយប្រហារ​នៅ​ខាង​ទ័ព​រដ្ឋាភិបាល​ស៊ីរី​ប្រឆាំង​នឹង​ពួក​បះបោរ។ អ្វី​ដែល​អ៊ីស្រាអែល​បារម្ភ គឺ​ក្លាយ​ពួក​អេបូឡា​លីបង់​ប្រើប្រាស់​ទឹកដី​ស៊ីរី​ដើម្បី​វាយប្រហារ​លើ​ខ្លួន។

គួរ​ជម្រាប​ជូន​ថា មាន​កំណើត​ក្នុង​ឆ្នាំ ១៩៦២ ជន​សាមៀរ គុនតារ​ធ្លាប់​បាន​អ៊ីស្រាអែល​ចាប់​ដាក់​គុក​ពី​បទ​បាន​ចូលរួម​នៅ​ក្នុង​ការ​វាយប្រហារ​ផ្លូវអាវុធ​ក្នុង​ទឹកដី​អ៊ីស្រាអែល​កាល​ពី​ខែ​មេសា ឆ្នាំ ១៩៧៩ ដោយ​បាន​ផ្តាច់​ជីវិត​ជនជាតិ​អ៊ីស្រាអែល ៤នាក់។ តែ​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​ដោះដូរ​អ្នក​ទោស​ជាមួយ​ចលនា​ឈីអ៊ីត​លីបង់​អេបូឡា ជន​សាមៀរ គុនតារ​ត្រូវ​បាន​អ៊ីស្រាអែល​ដោះលែង​ក្នុង​ឆ្នាំ ២០០៨៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ