អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ.ស.ប.បានសម្រេច​ឲ្យ​អ៊ីស្រាអែល​បង់ប្រាក់សំណង​ដល់​លីបង់​ចំនួន ៨៥៦លានដុល្លារ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​សៅរ៍ ទី២១ ធ្នូ អង្គការសហប្រជាជាតិ​បាន​តម្រូវ​ឲ្យ​អ៊ីស្រាអែល​បង់ប្រាក់​ចំនួន ៨៥៦លានដុល្លារ​ឲ្យ​ប្រទេស​លីបង់។ គឺ​ជា​ប្រាក់សំណង​នៃ​ការ​បែក​ធ្លាយ​អាង​ស្តុកប្រេង​ហូរ​ចូល​ក្នុង​សមុទ្រ​របស់​មជ្ឈមណ្ឌល​អគ្គិសនី​មួយ​នៅ​លីបង់ ក្នុង​ពេល​ដែល​អ៊ីស្រាអែល​បាន​ធ្វើ​សង្រ្គាម​ប្រឆំាង​ពួក​អេបូឡា​លីបង់​កាល​ពី​ឆ្នំា ២០០៦។ រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​ជំទាស់ ដោយ​បាន​ចាត់​ទុក​ការ​សម្រេច​ចិត្ត​នោះ​ថា មាន​លក្ខណៈ​លំអៀង និង​មាន​ចេតនា​ប្រឆំាង​អ៊ីស្រាអែល។ ដោយឡែក រដ្ឋាភិបាល​នៃ​ប្រទេស​លីបង់​បាន​សាទរ​ចំពោះ​សេចក្តីសម្រេចចិត្ត​របស់​អង្គការសហប្រជាជាតិ និង​ថា នេះ​ជា​មហាជោគជ័យ​នយោបាយ និង​ការទូត​របស់​ប្រទេស និង​ប្រជាជន​លីបង់។ 

ឆ្នេរសមុទ្រ​ក្នុង​ទីក្រុង​បេរូត​ដែល​​បំពុល​ដោយ​ប្រេង​បែកធ្លាយ​កាល​ពី​ឆ្នំា ២០០៦​
ឆ្នេរសមុទ្រ​ក្នុង​ទីក្រុង​បេរូត​ដែល​​បំពុល​ដោយ​ប្រេង​បែកធ្លាយ​កាល​ពី​ឆ្នំា ២០០៦​ © AFP/Patrick BAZ
ផ្សាយពាណិជ្ជកម្ម

រឿងរ៉ាវ​ដំបូង​បាន​កើត​មាន​ឡើង​កាល​ពី​ឆ្នំា ២០០៦ ដែល​កងទ័ព​អ៊ីស្រាអែល​បាន​បើក​ការ​វាយប្រហារ​លើ​ពួក​អេបូឡាលីបង់​ស្ថិត​នៅ​ប៉ែកខាងត្បូង​ប្រទេស​លីបង់។ ការ​វាយប្រហារ​របស់​ទ័ពអ៊ីស្រាអែល​ប្រឆំាង​ពួក​អេបូឡា​កាល​ណោះ​ក៏​បាន​ធ្វើ​ប៉ះពាល់​បែកធ្លាយ​អាងស្តុក​ប្រេង​មួយ​របស់​មជ្ឈមណ្ឌល​អគ្គិសនី​លីបង់​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា ៣០គីឡូម៉ែត្រ​ប៉ែក​ខាងត្បូង​​ទីក្រុង​បេរូត។ ឧប្បត្តិហេតុ​បែក​ធ្លាយ​អាងស្តុង​ប្រេង​កាល​ណោះ​បាន​បណ្តាល​ឲ្យ​មាន​បរិមាណ​ប្រេង​ពី ១០ ០០០ ទៅ ១៥ ០០០តោន​ហូរ​ចូល​ក្នុង​សមុទ្រ អណ្តែត​តៀបត្រា​​ខ្មៅ​ងងឹត​នៅ​លើ​ផ្ទៃ​ទឹកសមុទ្រ​តាម​បណ្តោយ​ឆ្នេរ​ជាង ១០០គីឡូម៉ែត្រ និង​បំពុល​បរិស្ថាន​នៅ​ក្នុង​តំបន់​មួយ​ដែល​កំពុង​ផុយស្រួយ​ស្រាប់។ នេះ​ជា​មហន្តរាយ​បរិស្ថាន​ដ៏​ធំ​ទី២ នៅ​ក្នុង​សមុទ្រ​មេឌីទែរ៉ានេ បន្ទាប់​ពី​គ្រោះថ្នាក់​លេច​កប៉ាល់ដឹកប្រេង Erika ក្នុង​ប្រទេស​បារំាង​កាល​ពី​ឆ្នំា ១៩៩៩។

 
គេ​ត្រូវ​រង់ចំា​រយៈពេល ៣សប្តាហ៍ ពោល​ចំា​ដល់​ទ័ពអ៊ីស្រាអែល​បញ្ឈប់​ការ​វាយប្រហារ​លើ​ពួក​អេបូឡា ទើប​គេ​អាច​ចាប់​ផ្តើម​ប្រតិបត្តិការ​បោសសំអាត បូមប្រេង​លើ​ផ្ទៃសមុទ្រ​នៅ​លីបង់​បាន។ តែ​អ្វីៗ​ហាក់​ដូច​ជា​យឺត​ពេល​ខ្លំាង ព្រោះ​ប្រេង​បាន​រសាត់អណ្តែត​ទៅ​បំពុល​ទីតំាង​បង្កាត់ពូជ​របស់​សត្វអណ្តើក និង​កំពុងផែ​ជា​ប្រវត្តិសាស្រ្ត​មួយ​របស់​លីបង់។ តំាង​ពី​ពេល​នោះ​មក រដ្ឋាភិបាល​លីបង់ និង​ក្រុម​អង្គការ​អ្នក​ការពារបរិស្ថាន​បាន​ប្តឹង​អ៊ីស្រាអែល​ឲ្យ​បង់ថ្លៃ​ខូតខាត។ ៨ឆ្នំា​ក្រោយ​មក អង្គការ​សហប្រជាជាតិ​បាន​តម្រូវ​ឲ្យ​អ៊ីស្រាអែល​សង​ថ្លៃ​ខូចខាត​ក្នុង​រឿង​បរិស្ថាន​ចំនួន ៨៥៦លានដុល្លារ គឺ​មិនមែន​ខូចខាត​ក្នុង​រឿង​សង្រ្គាមប្រឆំាង​អេបូឡា​ទេ។ តែ​សេចក្តីសម្រេចចិត្ត​​របស់​អង្គការសហប្រជាជាតិ​ពេល​​នេះ​មិន​មាន​លក្ខណៈ​បង្ខិតបង្ខំ​ឲ្យ​អ៊ីស្រាអែល​ត្រូវ​គោរព​តាម​ដោយ​ខាន​តែ​បាន​នោះ​ទេ។

អ៊ីស្រាអែល​ចាត់​ទុក​ជា​សេចក្តីសម្រេចចិត្ត​មិន​យុត្តិធម៌ និង​លំអៀង

អ៊ីស្រាអែល​បាន​ចេញ​មុខ​ជំទាស់​នឹង​សេចក្តីសម្រេចចិត្ត​ថ្មី​ប្រឆំាង​ខ្លួន​ពី​សំណាក់​អង្គការសហប្រជាជាតិ ទោះ​បី​ជា​សេចក្តីសម្រេចចិត្ត​នេះ​មិន​មាន​លក្ខណៈ​បង្ខិតបង្ខំ​ក៏​ដោយ។ សម្រាប់​រដ្ឋាភិបាល​អ៊ីស្រាអែល នេះ​ជា​រឿង​អាម៉ាស់​មួយ​ខ្លំាង​ណាស់​នៅ​ចំពោះ​មុខ​លីបង់​ដែល​ជា​ប្រទេស​ជិតខាង និង​សត្រូវ​របស់​ខ្លួន។ អ៊ីស្រាអែល​បាន​ចាត់​ទុក​ការ​សម្រេច​របស់​អង្គការ​សហប្រជាជាតិ​ថា មិន​យុត្តិធម៌ មាន​ភាព​លំអៀង និង​បាន​ចោទ​ស្ថាប័នកំពូល​អន្តរជាតិ​មួយ​នេះ​ថា កំពុង​បន្ត​តាម​រករឿង​អ៊ីស្រាអែល​មិន​ឈប់​មិន​ឈរ ដោយ​រាប់បញ្ចូល​ទំាង​អធិករ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ផង។

អ្វី​ដែល​រដ្ឋាភិបាល​អ៊ីស្រាអែល​កំពុង​បារម្ភ​ខ្លំាង​នោះ គឺ​ខា្លច​តែ​ការ​សម្រេចចិត្ត​របស់​អង្គការសហប្រជាជាតិ​ពេល​នេះ​ត្រូវ​បាន​ប្រទេស​សត្រូវ​ផ្សេង​របស់​អ៊ីស្រាអែល​យក​ទៅ​ធ្វើ​មូលដ្ឋាន​ដើម្បី​ទាមទារ​ឲ្យ​អ៊ីស្រាអែល​សងថ្លៃ​ខូចខាត​នៅ​ក្នុង​សង្រ្គាម​ផ្សេង​ទៀត​ដែល​អ៊ីស្រាអែល​ខ្លួន​ឯង​យល់​ឃើញ​ថា ខ្លួន​មិន​គួរ​ខ្លាច​ជា​ជនរងគ្រោះ​តែ​ម្នាក់​ឯង​ទេ ដូច​យ៉ាង​សង្រ្គាមអ៊ីស្រាអែល​លើ​តំបន់​ហ្គាហ្សា​ក្នុង​ទឹកដី​ប៉ាឡេស្ទីន​នា​រដូវក្តៅ​កន្លង​មក។ ក្រៅ​ពី​នោះ អ៊ីស្រាអែល​ក៏​កំពុង​ជាប់​ចោទ​ពី​បទ​ធ្វើ​ឲ្យ​ធ្លាយ​បំពុង​បង្ហូរប្រេង​កាល​ពី​ខែ​វិច្ឆិកា​ដែល​បំពុល​បរិស្ថាន​នៅ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​ប្រទេស​ហ្ស៊កដានី។

លីបង់​ចាត់​ទុក​ជា​មហាជោគជ័យ​នយោបាយ និង​ការទូត

ទោះបី​ជា​ប្រទេស​លីបង់​ដឹង​ថា អ៊ីស្រាអែល​នឹង​មិន​គោរព​តាម​សេចក្តីសម្រេចចិត្ត​របស់​អង្គការសហប្រជាជាតិ​ពេល​នេះ​ក៏​ដោយ ក៏​ខ្លួន​បាន​ចាត់​ទុក​ជា​មហាជោគជ័យ​នយោបាយ និង​ការទូត​មួយ​សម្រាប់​ខ្លួន។ សម្រាប់​ទីក្រុង​បេរូត នេះ​ជា​ផ្លៃផ្កា​ដែល​លីបង់​បាន​ប្រឹងប្រែង និង​បាន​ទន្ទឹង​រង់ចំា​អស់ ៨ឆ្នំា​មក​ហើយ។ លីបង់​បាន​យល់​ឃើញ​ថា មហោជោគជ័យ​តាម​ផ្លូវទូត​លើ​អ៊ីស្រាអែល​ពេល​នេះ​នឹង​អនុញ្ញាត​ឲ្យ​ខ្លួន​យក​ទៅ​ធ្វើ​ជា​មូលដ្ឋានច្បាប់​ដើម្បី​បន្ត​ប្តឹង​អ៊ីស្រាអែល​នៅ​ក្នុង​សំណុំរឿង​ផ្សេង​ទៀត។

នៅ​ចំពោះ​មុខ និង​អ្វី​ដែល​លីបង់​ត្រៀម​ប្តឹង​អ៊ីស្រាអែល​ដោយ​ប្រើ​វេទិកា​អន្តរជាតិ​នោះ គឺ​ទី១ ទាមទារ​ឲ្យ​អ៊ីស្រាអែល​បិទបញ្ចប់​ការ​ត្រួតត្រា​តំបន់​ឈឺបា និង​តំបន់​កូនភ្នំ​ហ្វាឈូបា​ស្ថិត​ចុង​ប៉ែក​អាគ្នេយ៍​នៃ​ប្រទេស​លីបង់ និង​ទី២ ទាមទារ​ពី​សិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​អាជីវកម្ម​អណ្តូង​ប្រេងកាត និង​ឧស្ម័ន​នៅ​ក្នុង​តំបន់​សមុទ្រ​ដែល​អ៊ីស្រាអែល​កំពុង​ទាមទារ​កម្មសិទ្ធ​មួយ​ភាគ​របស់​ខ្លួន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ