អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​កិច្ចព្រមព្រៀងសន្តិភាព​រវាង​ប្រទេស​ហ្សកដានី និង​ប្រទេស​អ៊ីស្រាអែល​ផ្តើម​រង្គោះរង្គើ​ឬ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អាទិត្យ ទី២១ តុលា ព្រះមហាក្សត្រ​នៃ​ប្រទេស​ហ្សកដានី​អាប់ដាឡា​ទី ២ បាន​ប្រកាស​ថា ព្រះអង្គ​មិន​បន្ត​កុងត្រា​ទុក​ដី​ចំនួន ២កន្លែង​នៅ​តាម​ព្រំដែន​ឲ្យ​ប្រទេស​អ៊ីស្រាអែល​ដូច​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ឆ្នាំ ១៩៩៤ ទៀត​ឡើយ។ ព្រះចៅ​អាប់ដាឡា​ទី២ បាន​លើក​ហេតុផល​ទៅ​ពន្យល់​ដោយ​គូសបញ្ជាក់​ថា ព្រះអង្គ​គោរព​តាម​ឆន្ទៈ​របស់​ប្រទេស និង​ប្រជារាស្រ្ត។ អ្វី​ទៅ​ជា​មូលហេតុ​ពិត និង​ថា តើ​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​ប្រទេស​ហ្សកដានី និង​ប្រទេស​អ៊ីស្រាអែល​ផ្តើម​រង្គោះរង្គើ​ហើយ ឬ​យ៉ាង​ណា?

ព្រះមហាក្សត្រនៃប្រទេសហ្សកដានីអាប់ដាឡាទី ២
ព្រះមហាក្សត្រនៃប្រទេសហ្សកដានីអាប់ដាឡាទី ២ SAJJAD HUSSAIN / AFP
ផ្សាយពាណិជ្ជកម្ម

កាល​ពី ២៥ឆ្នាំ​មុន ពោល​ក្នុង​ឆ្នាំ ១៩៩៤ ប្រទេស​អ៊ីស្រាអែល និង​ប្រទេស​ហ្សកដានី​បាន​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​គ្នា។ នៅ​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​កាល​ណោះ រដ្ឋាភិបាល​ទីក្រុង​អាម៉ាន់​បាន​យល់ព្រម​ទុកដី​ចំនួន​ពីរ​កន្លែង គឺ​តំបន់​បាគូរ៉ា ណាហារ៉ាយីម និង​តំបន់​អាល់ហ្កាម ហ្សូហ្វារ​នៅ​តាម​ព្រំដែន​ឲ្យ​កសិករ​អ៊ីស្រាអែល​ធ្វើ​ស្រែ ចំការ​ដោយ​មិន​យក​ឈ្នួល​រយៈពេល ២៥ឆ្នាំ និង​អាច​ពន្យារ​ពេល​បាន។ តាម​ធម្មតា កុងត្រា ២៥ឆ្នាំ​នឹង​ត្រូវ​ផុតកំណត់​នៅ​ឆ្នាំ ២០១៩ ខាង​មុខ តែ​ព្រះមហាក្សត្រ​ហ្សកដានី​អាប់ដាឡាទី២ បាន​ប្រាប់​ឲ្យ​ដឹង​ជា​មុន​ថា ព្រះអង្គ​មិន​ចង់​ពន្យារ​ពេល​បន្ថែម​ទៀត​ទេ។ ហេតុអ្វី?

ព្រះអង្គ​បាន​គូសបញ្ជាក់​នៅ​ក្នុង​សារ​បណ្តាញសង្គម Twitter ថា គ្រប់​ការ​សម្រេចចិត្ត​របស់​ព្រះអង្គ​គឺ​ដើម្បី​បម្រើ​ប្រទេស និង​ប្រជារាស្រ្ត​ហ្សដានី។ ការ​លើកឡើង​របស់​ព្រះចៅ​អាប់ដាឡាទី២ យ៉ាង​ដូច​នេះ​ពិត​ជា​មិន​ខុស​ទេ មិន​ខុស​ព្រោះ​អស់​រយៈពេល​ជា​ច្រើន​ខែ​កន្លង​មក​ហើយ​ដែល​មាន​ក្រុម​អ្នកតំណាងរាស្រ្ត​ហ្សកដានី​ជិត ៨០នាក់ រួម​ទាំង​សង្គមស៊ីវិល​បាន​អំពាវនាវ​ដល់​ព្រះអង្គ​កុំ​ឲ្យ​បន្ត​កុងត្រាពិសេស​ឲ្យ​អ៊ីស្រាអែល និង​យក​ដី​ទាំង​ពីរ​តំបន់​នោះ​ត្រឡប់​វិញ។ គួរ​រម្លឹក​ថា​បន្ទាប់​ពី​ប្រទេស​អេហ្ស៊ីប ហ្សកដានី​ជា​ប្រទេស​អារ៉ាប់ទី២ នៅ​ក្នុង​តំបន់​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​អ៊ីស្រាអែល។

លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​នេតាន់យ៉ាហ៊ូ​បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ តែ​ជា​ប្រតិកម្ម​ប្រយ័ត្នប្រយែង​ដោយ​ត្រឹម​អះអាង​ថា កិច្ចព្រមព្រៀង​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ហ្សកដានី​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន​រវាង​ប្រទេស​ទាំង​ពីរ។ ចំណែក​មន្រ្តីផ្លូវការ​អ៊ីស្រាអែល​សង្ឃឹម​ថា ទីក្រុង​តេឡាវី និង​អាម៉ាន់​អាច​រក​ឃើញ​ដំណោះស្រាយ​មួយ​ដែល​ទទួល​យក​បាន​ទាំង​អស់​គ្នា​ដោយ​រក្សា​ទុក​ខ្លឹមសារ​ទាំង​ស្រុង​របស់​កិច្ចព្រមព្រៀងសន្តិភាព​ដែល​មាន​ស្រាប់។ បើ​ពិនិត្យ​មើល​មួយ​ភ្លែត​ទៅ ប្រតិកម្ម​របស់​ព្រះចៅ​អាប់ដាឡាទី២ ដែល​ចង់​លុប​ចោល​ឧបសម្ព័ន្ធ​ចំនួន​ពីរ​នៅ​ក្នុង​កិច្ចព្រមព្រៀងសន្តិភាព​ឆ្នាំ ១៩៩៤ ជាមួយ​អ៊ីស្រាអែល ក៏​ដោយសារ​តែ​ព្រះអង្គ​ទទួល​គំនាបផ្ទៃក្នុង​ខ្លាំង​ពេក។

តែ​បើ​ពិនិត្យ​មើល​ឲ្យ​បាន​ស៊ីជម្រៅ​បន្តិច​ទៅ​ទើប​ឃើញ​ថា មាន​ហេតុផល​ចំនួន ៣ ដែល​ព្រះចៅ​អាប់ដាឡា​ទី២ ក្តៅក្រហាយ​មិន​សប្បាយចិត្ត​នឹង​ជំហរ​របស់​រដ្ឋាភិបាល​អ៊ីស្រាអែល​ក្រោម​ការ​ដឹកនាំ​របស់​លោក​នេតាន់យ៉ាហ៊ូ។ ហេតុផលទី១ អវត្តមាន​កិច្ចចរចា​នយោបាយ​ពិតប្រាកដ​ជាមួយ​ភាគី​ប៉ាឡេស្ទីន និង​ការ​ដែល​រដ្ឋាភិបាល​អ៊ីស្រាអែល​បន្ត​សាងសង់​លំនៅដ្ឋាន​ឲ្យ​ពលរដ្ឋ​អ៊ីស្រាអែល​លើ​ដែនដី​ប៉ាឡេស្ទីន​ក្នុង​តំបន់​ស៊ីហ្សកដានី។ ស្ថានការណ៍​មួយ​នេះ​ហាក់​កាន់​តែ​ដុនដាប​ខ្លាំង​ជាមួយ​នឹង​ការ​ឡើង​កាន់​តំណែង​ប្រធានាធិបតី​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ។ ធ្ងន់ធ្ងរ​ជាង​នេះ គឺ​ការ​ដែល​លោក​ត្រាំ​ផ្តាច់​លុយកាក់​ដល់​អង្គការ UNRWA ដែល​ទទួល​ជួយ​ជនភៀសខ្លួន​ប៉ាឡេស្ទីន ក្នុង​នោះ​​មាន ២លាននាក់​កំពុង​ជ្រកកោន​ក្នុង​ទឹកដី​ហ្សកដានី។

ហេតុផល​ទី២ ហ្សកដានី​ក្តៅក្រហាយ​នឹង​អ៊ីស្រាអែល​ទាក់ទង​នឹង​ការ​គ្រប់គ្រង​ទីលាន​វិហារ​អ៊ីស្លាម​ដែល​ជា​ទីកន្លែងសក្ការៈ​ក្នុង​ទីក្រុង​ហ៊្សេរុយសាឡិមខាងកើត។ ទីកន្លែងសក្ការៈ​មួយ​ទទួល​បន្ទុក​ចាត់ចែង​ដោយ​ប្រទេស​ហ្សកដានី​តាម​រយៈ​អង្គការ Waqf។ ជា​គោលការណ៍ ទីកន្លែងសក្ការៈ​មួយ​នេះ​ត្រូវ​រក្សា​ស្ថានភាព​ដដែល មាន​ន័យ​ថា អ្នក​កាន់​សាសនា​ផ្សេង ក្រៅ​ពី​អ៊ីស្លាម​ក៏​មាន​សិទ្ធិ​ចូល​ដែរ។ ពលរដ្ឋ​ជ្វីហ្វ​អាច​ទៅ​កាន់​កន្លែង​នោះ​ដូច​ភ្ញៀវ​ទេសចរណ៍​បរទេស​ផ្សេង​ទៅ​តាម​ពេល​ម៉ោង​កំណត់ និង​គ្មាន​សិទ្ធិ​បន់ស្រន់​ទេ។ តែ​រយៈពេល​ចុង​ក្រោយ​នេះ មាន​ពួក​ជ្វីហ្វ​ជ្រុលនិយម​កាន់​តែ​ច្រើន​នាំ​គ្នា​ទៅ​កាន់​ទីនោះ ពិសេស​ក្នុង​ពេល​បុណ្យ​ជ្វីហ្វ​ដោយ​មាន​ទាំង​ការ ការពារ​ពី​កម្លាំង​ប៉ូលិស​អ៊ីស្រាអែល​ទៀត​ផង។ ទីក្រុង​អាម៉ាន់​យល់​ឃើញ​ថា ពួក​ស្តាំនិយម​អ៊ីស្រាអែល​កំពុង​បំផ្លាញ​លក្ខន្តិក​របស់​ទីកន្លែង​សក្ការៈ​នោះ។

ចំណែក​ហេតុផល​ទី៣ ចុង​ក្រោយ គឺ​ការ​មើល​មុខ​គ្នា​មិន​ចំ​រវាង​អ៊ីស្រាអែល និង​ហ្សកដានី​ក្នុង​រឿងរ៉ាវ​មួយ​ចំនួន។ ជាក់ស្តែង​ក្នុង​ខែ​កក្កដា ឆ្នាំ ២០១៧ ឆ្មាំ​ការពារ​ស្ថានទូត​អ៊ីស្រាអែល​ប្រចាំ​ហ្សកដានី​បាន​សម្លាប់​ពលរដ្ឋ​ហ្សកដានី​ម្នាក់​ដោយ​ចោទ​ថា​បាន​ព្យាយាម​ចាក់​រូប​គេ។ កាល​ណោះ អ៊ីស្រាអែល​បាន​ដក​មន្រ្តីការទូត​របស់​ខ្លួន​ទាំង​អស់​ពី​ប្រទេស​ហ្សកដានី។ គេ​ត្រូវ​រង់ចាំ​ដល់​ខែ​មករា ឆ្នាំ ២០១៨ ទើប​រដ្ឋាភិបាល​អ៊ីស្រាអែល​សម្តែង​ការ​សោកស្តាយ​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង។ បន្ទាប់​មក ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​បាន​ផ្តើម​មក​រក​ភាព​ប្រក្រតី​ឡើង​វិញ។ តើ​កិច្ចព្រមព្រៀងសន្តិភាព​រវាង​អ៊ីស្រាអែល និង​ហ្សដានី​ផ្តើម​រង្គោះរងើ្គ​ហើយ​ឬ​យ៉ាង​ណា?។

វា​ហាក់​ដូច​ជា​រហ័ស​ពេក​ដែល​គេ​ត្រូវ​ហ៊ាន​សន្និដា្នន​យ៉ាង​ម៉េច​នោះ។ អ្វី​ដែល​គេ​ដឹង ហ្សកដានី​គ្មាន​ហេតុផល​អ្វី​ដែល​ត្រូវ​សើរើ ពិនិត្យមើល​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​អ៊ីស្រាអែល​ឡើង​វិញ​ទេ។ ចំណែក​អ៊ីស្រាអែល​សង្ឃឹម​រក្សា​ទុក​ទាំង​ស្រុង​នូវ​ខឹ្លមសារ​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​នោះ។ តែ​ចង់ ឬ​មិន​ចង់​នៅ​ចំពោះ​មុខ ភាគី​ទាំង​ពីរ​ត្រូវ​ខិតខំ​សម្រុះសម្រួល​ភាព​ប្រេះឆា និង​ព្យាយាម​ព្យាបាល​បន្ថែម​ទៀត​លើ​ស្នាមរបួស​ដែល​មាន​ស្រាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ