អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វេទិកា​សេដ្ឋកិច្ច និង​វិនិយោគ​នៅ​អារ៉ាប៊ីសាអូឌីត​កំពុង​បំពុល​ដោយ​រឿងរ៉ាវ​លោកខាស្ហូហ្ស៊ី

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អង្គារ ទី២៣ តុលា វេទិកា​អន្តរជាតិ​ស្តីពី​គំនិត​ផ្តួចផ្តើម​វិនិយោគ​ទៅ​ថ្ងៃ​អនាគត « Future Investment Initiative » បាន​បើក​ធ្វើ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត​រយៈពេល ៣ថ្ងៃ។ តែ​វេទិកា​មួយ​នេះ​កំពុង​បំពុល​ដោយ​រឿងរ៉ាវ​មរណភាព​អ្នកកាសែត​អារ៉ាប៊ីសាអូឌីត​លោក​ហ្សាម៉ាល់ ខាស្ហូហ្ស៊ី​ក្នុង​ស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីត​ប្រចាំ​ទីក្រុង​អ៊ីស្តង់ប៊ូល ប្រទេស​តួកគី​កាល​ពី​ថ្ងៃទី២ តុលា។ មាន​ថ្នាក់ដឹកនាំ​បរទេស​ជា​ច្រើន អគ្គនាយក​អង្គការ​អន្តរជាតិ អគ្គនាយក​ក្រុមហ៊ុន​បរទេស​គ្រាក់ៗ និង​អ្នកជំនួញ​បរទេស​ជា​ច្រើន​រូប​បាន​ធ្វើ​ពហិការ​មិន​ទៅ​ចូលរួម។ ដោយឡែក​ក្នុង​ថ្ងៃ​នេះ​ដែរ លោក​ប្រធានាធិបតី​តួកគី​អ៊ែរដូហ្កាន​បាន​ប្រកាស​លាតត្រដាង​ការ​ពិត​ជុំវិញ​មរណភាព​លោក​ខាស្ហូហ្ស៊ី។

វេទិកា​អន្តរជាតិ​ស្តីពី​គំនិត​ផ្តួចផ្តើម​វិនិយោគ​ទៅ​ថ្ងៃ​អនាគត « Future Investment Initiative » បាន​បើក​ធ្វើ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត
វេទិកា​អន្តរជាតិ​ស្តីពី​គំនិត​ផ្តួចផ្តើម​វិនិយោគ​ទៅ​ថ្ងៃ​អនាគត « Future Investment Initiative » បាន​បើក​ធ្វើ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត Reuters
ផ្សាយពាណិជ្ជកម្ម

ការ​ថ្លែង​របស់​លោក​អ៊ែរដូហ្កាន​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍​ជា​មួយ​ក្រុម​អ្នកតំណាងរាស្រ្ត​នៃ​គណបក្ស​កាន់អំណាច​ក្នុង​ទីក្រុង​អង់ការ៉ា។ លោក​អ៊ែរដូហ្កាន​បាន​លំអិត​ម្តង​មួយៗ​លើ​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​របស់​ក្រុម​អ្នកស៊ើបអង្កេត​តួកគី។ លោក​អ៊ែរដូហ្កាន​បាន​បញ្ជាក់​ថា នៅ​មួយ​ថ្ងៃ​មុន​ថ្ងៃ​បាត់ខ្លួន​លោក​ខាស្ហូហ្ស៊ី​ក្នុង​ថ្ងៃទី២ តុលា មាន​ភ្នាក់ងារ​អារ៉ាប៊ីសាអូឌីត​ចំនួន ៣នាក់​បាន​មក​ដល់​តួកគី រួច​ធ្វើ​ដំណើរ​ទៅ​កាន់​ព្រៃមួយ​ស្ថិត​ក្បែរ​ទីក្រុង​អ៊ីស្តង់ប៊ូល និង​ស្រុក​មួយ​ជាប់​សមុទ្រ​ម៉ារម៉ារ៉ា​ស្ថិត​ចម្ងាយ ៩០គីឡូម៉ែត្រ​ពី​ទីក្រុង​អ៊ីស្តង់ប៊ូល។ គឺ​នៅ​ម្តុំ​នោះ​ហើយ​ដែល​សាកសព​លោក​ខាស្ហូហ្ស៊ី​កាត់​ជា​កង់ៗ​អាច​ត្រូវ​គេ​កប់​ចោល ឬ​បោះ​ចូល​សមុទ្រ។

បន្ទាប់​មក លោក​អ៊ែរដូហ្កាន​ក៏​បាន​បញ្ជាក់​ដែរ​ថា ក្នុង​ថ្ងៃទី២ តុលា​ដែល​ជា​ថ្ងៃ​បាត់ខ្លួន​លោក​ខាស្ហូហ្ស៊ី​នៅ​ក្នុង​ស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីត​ប្រចាំ​ទីក្រុង​អ៊ីស្តង់ប៊ូល មាន​ភ្នាក់ងារ​អារ៉ាប៊ីសាអូឌីត​ចំនួន ១៥នាក់​បាន​ចូល​ក្នុង​ស្ថានកុងស៊ុល​នោះ ហើយ​កាំមេរ៉ា​នៅ​ខាង​ក្នុង​ស្ថាកុងស៊ុល​ក៏​ត្រូវ​បាន​គេ​ដោះចេញ​ទាំង​អស់​ដែរ។ តាម​រយៈ​ការ​ទម្លាយ​លទ្ធផល​ស៊ើបអង្កេត​ពេល​នេះ លោក​អ៊ែរដូហ្កាន​មិន​បាន​ចោទ​អារ៉ាប៊ីសាអូឌីត​ចំ​មុខ​ទេ តែ​បាន​ទាមទារ​ឲ្យ​អារ៉ាប៊ីសាអូឌីត​កាត់ទោស​ជន​ទាំង ១៨នាក់​ដែល​អារ៉ាប៊ីសាអូឌីត​បាន​ឃាត់ខ្លួន និង​ថា លោក​មាន​ជំនឿ​លើ​ភាព​ស្មោះត្រង់​របស់​ព្រះមហាក្សត្រ​អារ៉ាប៊ីសាអូឌីត​សាលម៉ាន។

អ្វី​ដែល​លោក​អ៊ែរដូហ្កាន​ចង់​ដឹង តើ​អ្នក​ណា​បាន​បញ្ជា​ឲ្យ​សម្លាប់​លោក​ខាស្ហូហ្ស៊ី​នៅ​ក្នុង​ស្ថានកុងស៊ុល និង​ថា ហេតុអ្វី​បាន​ជា​ភ្នាក់ងារ​អារ៉ាប៊ីសាអូឌីត​ទាំង ១៥នាក់​បាន​ចូល​ស្ថានកុងស៊ុង​ក្នុង​ថ្ងៃ​បាត់ខ្លួន​លោក​ខាស្ហូហ្ស៊ី​ថ្ងៃទី២ តុលា?។

គួរ​រម្លឹក​ថា ទោះ​បី​ជា​រដ្ឋអំណាច​អារ៉ាប៊ីសាអូឌីត​ទើប​បាន​ប្រកាស​ទទួល​ស្គាល់​មរណភាព​លោក​ខាស្ហូហ្ស៊ី​ក្នុង​ថ្ងៃ​សៅរ៍ ទី២០ តុលា​ក៏​ដោយ​ក៏​រហូត​មក​ដល់​ពេល​នេះ ទីក្រុង​រីយ៉ាដ​បន្ត​អះអាង​ម្តង​ជា​ពីរ​ដង​ថា ខ្លួន​មិន​ជាប់ពាក់​ព័ន្ធ​នឹង​ឃាតកម្ម​សម្លាប់​លោក​ខាស្ហូហ្ស៊ី​ទេ ហើយ​រឿងរ៉ាវ​មួយ​ក៏​រាជទាយាទ​បេនសាលម៉ាន រួម​ទាំង​ក្រសួង​ស៊ើបការណ៍​សម្ងាត់​អារ៉ាប៊ីសាអូឌីត​មិន​បាន​ដឹង​ដែរ។ សម្រាប់​ទីក្រុង​រីយ៉ាទ គឺ​ជនពាល​មួយ​ក្រុម​ជា​អ្នក​សម្លាប់​លោក​ខាស្ហូហ្ស៊ី។ ក៏​ប៉ុន្តែ ក្រុម​ប្រទេស​បស្ចិមលោក រួម​ទាំង​អាមេរិក និង​តួកគី​មិន​ជឿ​សម្តី​អារ៉ាប៊ីសាអូឌីត ហើយ​បន្ត​ដាក់​គំនាប​ឲ្យ​អារ៉ាប៊ីសាអូឌីត​ឆ្លើយ​ការ​ពិត។

អារ៉ាប៊ីសាអូឌីត​កំពុង​ទទួល​គំនាប​កាន់​តែ​ខ្លាំង

គំនាប​អន្តរជាតិ មាន​ទាំង​អាមេរិក​ដែល​ជា​សម្ព័ន្ធមិត្ត​ចាក់​ទឹក​មិន​លេច​របស់​អារ៉ាប៊ីសាអូឌីត​កំពុង​បន្ត​មាន​កាន់​តែ​ខ្លាំង​ឡើងៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ បន្ទាប់​ពី​ចាត់​ទុក​ចម្លើយ​បដិសេធ​របស់​អារ៉ាប៊ីសាអូឌីត​ថា​ជា​ការ​ភូតកុហក លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​បន្ថែម​នៅ​ថ្ងៃ​ចន្ទ ទី២២ តុលា​ថា លោក​មិន​ពេញចិត្ត​នឹង​ចម្លើយ​របស់​អារ៉ាប៊ីសាអូឌីត​ទេ។ តាម​មើល​ទៅ អារ៉ាប៊ីសាអូឌីត​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ទទួល​ស្គាល់​ការ​ពិត​នៅ​នាទី​ចុង​ក្រោយ។ នៅ​ក្នុង​ដំណាក់កាល​ដំបូង ក៏​អារ៉ាប៊ីសាអូឌីត​ឆ្លើយ​មិន​ដឹង​អ្វី​ទាំង​អស់​ដែរ តែ​ទីបំផុត​បាន​ទទួល​ស្គាល់​ថា លោក​ខាស្ហូហ្ស៊ី​ពិត​ជា​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ស្ថានកុងស៊ុល តែ​ថា មិនមែន​ជា​ស្នាដៃ​របស់​ខ្លួន​ទេ។

គេ​ត្រូវ​រង់ចាំ​មើល​ថា តើ​អារ៉ាប៊ីសាអូឌីត​ទ្រាំ​មិន​ឆ្លើយ​ការ​ពិត​ដល់​ពេល​ណា និង​ថា តើ​រឿងរ៉ាវ​មួយ​នេះ​អាច​នឹង​មាន​ជាប់ពាក់ព័ន្ធ​ភាគី​ណា​ផ្សេង​ក្រៅ​ពី​អារ៉ាប៊ីសាអូឌីត​ដែរ ឬ​ទេ?។

អង្គការ​អន្តរជាតិ និង​អ្នកវិនិយោគ​បរទេស​គ្រាក់ៗ​ធ្វើ​ពហិការ

ក្នុង​ថ្ងៃ​ដែល​លោក​អ៊ែរដូហ្កាន​បាន​ទម្លាយ​លទ្ធផល​ស៊ើបអង្កេត​ជុំវិញ​រឿងរ៉ាវ​លោក​ខាស្ហូហ្ស៊ី អារ៉ាប៊ីសាអូឌីត​ផ្តើម​វេទិកា​អន្តរជាតិ​ស្តីពី​គំនិត​ផ្តួចផ្តើម​វិនិយោគ​ទៅ​ថ្ងៃ​អនាគត « Future Investment Initiative » រយៈពេល ៤ថ្ងៃ។ តែ​គេ​បាន​សង្កេត​ឃើញ​ជា​រួម​ថា រឿងរ៉ាវ​លោក​ខាស្ហូហ្ស៊ី​កំពុង​បំពុល​វេទិកា​មួយ​នេះ​ដោយ​មាន​ថ្នាក់ដឹកនាំ​បរទេស​ជា​ច្រើន អគ្គនាយក​អង្គការ​អន្តរជាតិ អគ្គនាយក​ក្រុមហ៊ុន​បរទេស រួម​ទាំង​អ្នកជំនួញ​បរទេស​គ្រាក់ៗ​ជា​ច្រើន​រូប​បាន​ធ្វើ​ពហិការ​មិន​ទៅ​ចូលរួម​នៅ​ក្នុង​វេទិកា​នោះ​ទេ។

ទន្ទឹម​គ្នា​នេះ មាន​ប្រព័ន្ធ​ឃោសនាមហាជនអន្តរជាតិ​ធំៗ ដូច​យ៉ាង Bloomberg CNN Financial Times ក៏​បាន​ធ្វើ​ពហិការ​មិន​ទៅ​យក​ព័ត៌មាន​ដែរ។ សូម​ជម្រាប​ថា វេទិកា​អន្តរជាតិ​ស្តីពី​គំនិត​ផ្តួចផ្តើម​វិនិយោគ​ទៅ​ថ្ងៃ​អនាគត គឺ​ជា​គម្រោង​កំណែទម្រង់​សេដ្ឋកិច្ច​របស់​រាជទាយាទ​អារ៉ាប៊ីសាអូឌីត​បេន សាលម៉ាន​ក្រោម​ប្រធានបទ « ចក្ខុវិស័យ​ឆ្នាំ ២០៣០ »។ តាម​រយៈ​ស្មារតី « ចក្ខុវិស័យ​ឆ្នាំ ២០៣០ » រាជទាយាទ​បេនសាលម៉ាន​ចង់​ប្តូរ​ពី​សេដ្ឋកិច្ចជាតិ​ដែល​ពឹង​តែ​លើ​ចំណូល​បាន​មក​ពី​ការ​បូមប្រេង​លក់​ទៅ​ជា​សេដ្ឋកិច្ចជាតិ​ដែល​ចំណូល​បាន​មក​ពី​ប្រភព​ផ្សេង ដូច​យ៉ាង​បច្ចេកវិទ្យា ទេសចរណ៍ និង​សេវាកម្ម​ចម្រុះ។

តែ​ដើម្បី​អាច​សម្រេច​បាន​នូវ​មហិច្ឆតា​នេះ​បាន អារ៉ាប៊ីសាអូឌីត​ត្រូវ​ការ​ក្រុមអ្នកវិនិយោគ​បរទេស​ដោយ​ចៀស​មិន​រួច។ ក្រុម​អ្នកវិនិយោគ​បរទេស​នៅ​គ្រប់ជ្រុងជ្រោយ​លើ​លោក​កំពុង​សម្លឹង​ឃើញ​សក្តានុពល​សេដ្ឋកិច្ច​ដ៏​សម្បើម​នៅ​ក្នុង​មហាគម្រោង​សេដ្ឋកិច្ច​របស់​អារ៉ាប៊ីសាអូឌីត​ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​ក្នុង​ពិភពអារ៉ាប់។ តែ​រឿងរ៉ាវ​មរណភាព​លោក​ខាស្ហូហ្ស៊ី​កំពុង​ធ្វើ​ឲ្យ​ក្រុមអ្នកវិនិយោគ​បរទេស​ខ្លះ​បាត់បង់​ជំនឿ​ទុកចិត្ត​លើ​រាជទាយាទ​បេនសាលម៉ាន។ ដូច្នេះ​ដើម្បី​បង្កើត​ឲ្យ​ទំនុកទុកចិត្ត​ឡើង​វិញ​លើ​ឆាកអន្តរជាតិ ពិសេស​ក្រុម​អ្នកវិនិយោគ​បរទេស រាជទាយាទ​បេនសាលម៉ាន​ត្រូវ​ហ៊ាន​ស៊ី ហ៊ាន​សង និង​ត្រូវ​បង្ហាញ​ពី​តម្លាភាព​ក្នុង​រឿងរ៉ាវ​មរណភាព​លោក​ខាស្ហូហ្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ