អានតួអត្ថបទ

អារ៉ាប៊ីសាអូឌីតថា គ្មាន​ចេតនា​ប្រើទណ្ឌកម្មប្រេង ប្រឆាំង​បស្ចឹមលោក​ទេ

ក្រោយ​ប្រតិកម្ម​របស់​សហគមន៍​លោក​ខាង​លិច ទាក់ទង​នឹងហេតុការណ៍​សម្លាប់​អ្នក​កាសែត​ហ្សាម៉ាល់ ខាស្ហូហ្ស៊ី Jamal Khashoggi អារ៉ាប៊ីសាអូឌីត បាន​ប្រកាស​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ ថា​គ្មាន​ចេតនា ដាក់​ទណ្ឌកម្ម​ ដំឡើង​ថ្លៃ​ប្រេង ប្រឆាំង​នឹង​ក្រុម​ប្រទេសលោក​ខាង​លិច ដូច​អ្វី​ដែល​អារ៉ាប៊ីសាអូឌីត ធ្លាប់​បាន​ធ្វើ​កាលពី​ឆ្នាំ​១៩៧៣​ទេ។ គ្មាន​ចេតនា​សោះ​ បើ​ទោះ​បី​ជា​ពេល​នេះ​ទំនាក់ទំនង​ជាមួយ​បស្ចឹម​លោក​ហាក់​ដូច​ជា​រអាក់​រអួល​បន្តិច​ក៏​ដោយ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​ថាមពល​អារ៉ាប៊ីសាអូឌីត។

អារ៉ាប៊ីសាអូឌីត មិន​អាច​ធានារក្សា​តម្លៃប្រេង​ឆៅ​មិនឱ្យ​ឡើង​លើស​ពី​១០០​ដុល្លារ​ក្នុង​មួយ​ធុង​បានទេ
អារ៉ាប៊ីសាអូឌីត មិន​អាច​ធានារក្សា​តម្លៃប្រេង​ឆៅ​មិនឱ្យ​ឡើង​លើស​ពី​១០០​ដុល្លារ​ក្នុង​មួយ​ធុង​បានទេ REUTERS/Alkis Konstantinidis
ផ្សាយពាណិជ្ជកម្ម

តម្លៃ​ប្រេង​ឆៅ​អាច​នឹងឡើង​ថ្លៃ តែ​មិន​មែន​ជា​ទណ្ឌកម្ម​របស់​អារ៉ាប៊ីសាអូឌីត​ប្រឆាំង​នឹង​អ្នក​ណា​ឡើយ ! អារ៉ាប៊ីសាអូឌីត ជា​ប្រទេស​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ ! តាំង​ពី​ជា​ច្រើន​ទសវត្សរ៍ អារ៉ាប៊ីសាអូឌីត ប្រើ​វិស័យ​ប្រេង​ជា​ឧបករណ៍​សេដ្ឋកិច្ច​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ និង​ដាក់​ឱ្យ​នៅដាច់​ដោយ​ឡែក​ពី​នយោបាយ ! នេះ​ជា​ការពន្យល់​លម្អិត​របស់​រដ្ឋមន្ត្រី​ក្រសួង​ថាមពល​អារ៉ាប៊ីសាអូឌីត ទៅ​កាន់​ភ្នាក់ងារសារព័ត៌មាន​ផ្លូវការ​រុស្ស៊ី​ ដោយ​អះអាង​ថា​ អារ៉ាប៊ីសាអូឌីត ប្រកាន់​ខ្ជាប់​នូវ​នយោបាយ​រក្សា​ស្ថិរភាព​ទីផ្សារប្រេង​ពិភពលោក និង​សម្រួល​កំណើន​សេដ្ឋកិច្ច​ពិភពលោក។

ប៉ុន្តែ​អារ៉ាប៊ីសាអូឌីត​មិន​អាច​ធានា​ថា​តម្លៃ​ប្រេង​ឆៅ​មិន​ឡើង​ថ្លៃ​លើស​ពី​ ១០០​ដុល្លារ​ក្នុង​មួយ​ធុង​បារីល​បាន​ឡើយ។ ព្រោះ​សក្តានុពលផលិត​​ប្រេង​នៅ​លីប៊ី នីហ្សេរីយ៉ា ម៉ិចស៊ិក និង​វេណេស៊ុយអេឡា ធ្លាក់​ស្រុត​ខ្លាំង​ ហើយ​ម្យ៉ាង​ទៀតគេ​មិន​ដឹង​ថា​តើ​​អ៊ីរ៉ង់​ដែល​ជាប់​ទណ្ឌកម្ម​ពិភពលោក គិត​យ៉ាង​ណា​ចំពោះ​នយោបាយ​ប្រេង​របស់គេ​ទេ។ បើ​តាម​លោក​រដ្ឋមន្ត្រី អារ៉ាប៊ីសាអូឌីត នឹង​បង្កើន​ការ​បូមប្រេង​ពី​១០,៧លាន​ធុង​ក្នុង​ថ្ងៃ ទៅ ១១​ឬ​១២​ធុង ហើយ​ក្រុមហ៊ុន​ប្រេង​ជាតិ​​នឹងសហការ​ចម្រាញ់​ជាមួយ​ក្រុមហ៊ុន​រុស្ស៊ី។

សេចក្តី​ប្រកាស​​របស់​រដ្ឋមន្ត្រី​ក្រសួងថាមពល​​អារ៉ាប៊ីសាអូឌីត ធ្វើ​ឡើង​បន្ទាប់​ពី បណ្តាល​ប្រទេស​លោកខាង​លិចធំៗ​បង្ហាញ​ភាព​មិន​ទុក​ចិត្ត​ចំពោះ​ក្រុង​រីយ៉ាដ ដែល​ព្រម​ទទួល​ស្គាល់​​ថា​អ្នកកាសែត ខាស្ហូហ្ស៊ី ពិត​ជា​ត្រូវ​បាន​សម្លាប់​នៅ​ស្ថាន​កុងស៊ុល​អារ៉ាប៊ីសាអូឌីត។ អាល្លឺម៉ង់​ បាន​ព្រមាន​កាលពី​ថ្ងៃអាទិត្យ​ថា មិន​​នាំអាវុធ​ទៅ​អារ៉ាប៊ីសាអូឌីតទេ ​​ក្នុង​សភាព​បែបនេះ។ លោកដូណាល់​ត្រាំ ក៏​បាន​ប្រកាស​គិត​គូរ​ចង់​ដាក់ទណ្ឌកម្ម​ដែរ ដែលធ្វើ​រីយាដ​​បាន​សន្យា​សងសឹង​តប​វិញ។

សូម​បញ្ជាក់​ថា​ កាលពី​ឆ្នាំ​១៩៧៣ សមាជិក​អង្គការ​Opep ចំនួន​៦​ប្រទេស​នៅ​តំបន់​ឈូង​សមុទ្ទ​ពែក្ស ក្នុង​នោះ​មាន​​អារ៉ាប៊ីសាអូឌីតមួយ​ផង បាន​ដំឡើង​ថ្លៃ​ប្រេង​ ៧០%​ និង​ចេញ​ក្រិត្យ​ដាក់​ទណ្ឌកម្ម​ប្រទេស​លោក​ខាង​លិច​ ពីបទ​គាំទ្រ​អ៊ីស្រាអែល។ ទណ្ឌកម្ម​នោះ​បាន​ជំរុញ​ឱ្យ​តម្លៃ​ប្រេង​ឥន្ធនៈ​ឡើង​ថ្លៃ​ខ្លាំង និង​មាន​វិបត្តិ​ប្រេងពិភពលោក​យ៉ាង​ធ្ងន់ធ្ងរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ