អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម​រាលដាល​ឆ្លង​ចូល​ទៅ​ដល់​អាហ្វហ្កានីស្ថាន?

ចុះផ្សាយ​នៅ​ថ្ងៃ៖

អាហ្វហ្កានីស្ថាន​បាន​ទទួល​រង​អំពើភេរវកម្ម កាលពីថ្ងៃ​សៅរ៍ ទី ១៨​មេសា ដែល​បាន​ផ្តាច់​ជីវិត​ជនស៊ីវិល ៣៤​នាក់ និង​បង្ក​ឲ្យ​មាន​អ្នករបួស ជាង ១០០​នាក់។ អំពើភេរវកម្ម​សម្លាប់​ជីវិត​មនុស្ស​មិន​មែន​ជា​រឿង​ថ្មី នៅ​អាហ្វហ្កានីស្ថាន ជាទី​ដែល​ក្រុមប្រដាប់​អាវុធ​តាលីបង់ ឧស្សាហ៍​វាយប្រហារ​លើ​កងទ័ព​រដ្ឋាភិបាល និង​កម្លាំង​ទ័ព​បរទេស។ ប៉ុន្តែ អ្វី​ដែល​ប្លែក ខុសពីមុន គឺ​លើក​នេះ ក្រុម​ជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម ដែល​កំពុង​មាន​វត្តមាន​នៅ ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់ បាន​ប្រកាស​ទទួល​ខុសត្រូវ​លើ​ការវាយប្រហារ​សម្លាប់​ជីវិត​មនុស្ស កាលពីថ្ងៃ​សៅរ៍។ 

ភេរវកម្ម​អត្តឃាត​នៅ​ទីក្រុង​ចាឡាឡាបាត កាលពីថ្ងៃ​សៅរ៍ ទី ១៨​មេសា សម្លាប់​ប្រជាជន​ស៊ីវិល​៣៤​នាក់
ភេរវកម្ម​អត្តឃាត​នៅ​ទីក្រុង​ចាឡាឡាបាត កាលពីថ្ងៃ​សៅរ៍ ទី ១៨​មេសា សម្លាប់​ប្រជាជន​ស៊ីវិល​៣៤​នាក់ REUTERS/Parwiz
ផ្សាយពាណិជ្ជកម្ម

នៅក្រោយ​អំពើ​ភេរវកម្ម​វាយប្រហារ​ទៅលើ​ប្រជាជន​ស៊ីវិល​ដែល​កំពុង​ឈរ​តម្រង់ជួរ ចាំដក​លុយ​នៅ​ធនាគារ ក្នុង​ទីក្រុង​ចាឡាឡាបាត ភាគខាងកើត​អាហ្វហ្កានីស្ថាន គេ​ឃើញ​ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម​បង្ហោះ​រូបថត​អត្តឃាតជន នៅលើ​វិបសៃត៍។ ដោយ​ផ្អែក​លើ​ចំណុចនេះហើយ ទើប​ប្រធានាធិបតី​អាហ្វាហ្កានីស្ថាន លោក​អាស្រាហ្វ ហ្កានី បាន​ប្រកាស​ថា គឺ​ក្រុម​ជីហាត​នៃ​អង្គការ​រដ្ឋអ៊ីស្លាម​ជាអ្នកបង្ក​អំពើភេរវកម្ម​សម្លាប់​ប្រជាជន​ស៊ីវិល កាលពីថ្ងៃ​សៅរ៍។

 
តើ​ក្រុមជីហាត​នៃអង្គការ​អ៊ីស្លាម ដែល​កំពុង​ធ្វើ​សង្រ្គាម​នៅ​ស៊ីរី និង​អ៊ីរ៉ាក់ ជាអ្នក​នៅ​ពី​ក្រោយ​ការវាយប្រហារ​អំពើ​ភេរវកម្ម​នោះ​មែន ឬ​យ៉ាងណា? រហូត​មក​ដល់​ពេលនេះ ក្រុមនេះ​នៅ​មិន​ទាន់​បាន​ប្រកាស​ជា​ផ្លូវការ​នោះទេ។ ចំណែក ក្រុមតាលីបង់​វិញ គឺ​ដូច​ទម្លាប់​ចាស់ មិនដែល​ចេញ​មុខ​ទទួល​ខុសត្រូវ នៅពេល​អំពើភេរវកម្ម​សម្លាប់​ជនស៊ីវិល​នោះទេ។ ក្រុម​ឧទ្ទាម​តាលីបង់ ដែល​ត្រូវ​ទ័ព​អាមេរិក​បណ្តេញ​ចេញ​ពី​អំណាច នៅ​ឆ្នាំ ២០០១ មាន​គោលដៅ​វាយប្រហារ​តែ​ទៅលើ​កងកម្លាំង​បរទេស ដែល​រក្សា​សន្តិភាព នៅ​អាហ្វហ្កានីស្ថាន និង​ក្រុមទាហាន​អាហ្វហ្កានីស្ថាន​តែប៉ុណ្ណោះ។

បើគ្មាន​ក្រុម​ណា​មួយ ចេញ​មុខ​ទទួល​ខុសត្រូវ ជា​ផ្លូវការ ហេតុអ្វី បានជា​ប្រធានាធិបតី​ថ្មី​របស់​អាហ្វហ្កានីស្ថាន​ប្រញាប់​សន្និដ្ឋាន ថា គឺ​ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម​ដែល​ជា​បង្ក​ភេរវកម្ម សម្លាប់​មនុស្ស​កាលពីថ្ងៃ​សៅរ៍? ​សូម្បី​តែ​ក្រុមអ្នកជំនាញ និង​មន្រ្តី​ក្នុង​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន ក៏​ប្រយ័ត្ន​ប្រយែង មិនទាន់​ហ៊ាន​ចោទ​ថា អំពើភេរវកម្ម នៅ​ទីក្រុង​ចាឡាឡាបាត ថា ជាស្នាដៃ​របស់​ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម​ដែរ។ រហូតមកដល់​ពេលនេះ គ្មាន​ភស្តុតាង​ណាមួយ ដែល​បញ្ជាក់ថា ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម ឈរ​ជើង​បោះទីតាំង​នៅក្នុង​ទឹកដី​អាហ្វហ្កានីស្ថាន​នោះ​ទេ។ បើនិយាយ​ពី​កត្តា​ភូមិសាស្រ្ត និង​មនោគមវិជ្ជា អាហ្វហ្កានីស្ថាន មិន​អាច​ជា​ទីតាំង​យុទ្ធសាស្រ្ត​របស់​ក្រុម​ជីហាត​បានទេ។ នេះ​បើតាម​អ្នកជំនាញ​ខាង​ប្រទេស​អាហ្វហ្កានីស្ថាន លោក​Graeme Smith។

តាម​អ្នកជំនាញ​មួយចំនួន គេ​អាច​ជឿថា ការដែល​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​ប្រញាប់​ប្រកាស សន្និដ្ឋាន​ថា ក្រុមជីហាត​ជាអ្នកបង្ក​ភេរវកម្ម កាលពីថ្ងៃ​សៅរ៍ ក៏​ព្រោះ​តែ​លោក​ចង់​ទាញ​ចំណាប់​អារម្មណ៍​របស់​អន្តរជាតិ។ អាហ្វហ្កានីស្ថាន​ដែល​ត្រូវការ​ទាំងជំនួយ​សេដ្ឋកិច្ច និង​កងទ័ព ចង់​បញ្ជាក់ថា ក្រៅតែ​ពី​តាលីបង់ នៅ​មាន​ក្រុមជីហាត មួយទៀត ដែល​គំរាមកំហែង​សន្តិសុខ​អាហ្វហ្កានីស្ថាន។ ដូច្នេះ គេមិនត្រូវ​ព្រងើយកន្តើយ​នោះទេ។

សព្វថ្ងៃនេះ កងទ័ព​អាហ្វហ្កានីស្ថាន​កំពុង​ប្រឈម​តទល់​តែម្នាក់ នឹង​ក្រុមឧទ្ទាម​តាលីបង់ បន្ទាប់​ពី​កម្លាំង​ទ័ព​អូតង់ ដក​អស់​ពី​អាហ្វហ្កានីស្ថាន កាលពី​ចុងខែ​ឆ្នាំមុន។ កាល​ពី​ថ្ងៃ​អាទិត្យ នៅក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​អ៊ីរ៉ង់ លោក​ប្រធានាធិបតី ហ្កានី ថែម​ទាំង​ស្វែងរក​ការសហការ​ពី​អ៊ីរ៉ង់​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត​ផង​ដែរ។

ជីហាត ឬ​តាលីបង់ គឺ​សុទ្ធ​តែ​ជាក្រុម​គ្រោះថ្នាក់ ដែល​បង្ក​អន្តរាយ​ដល់​ជីវិត​មនុស្ស​ដូចគ្នា។ មួយ​រយៈ​ចុងក្រោយ​នេះ ក្រុមតាលីបង់ ដែល​បដិសេធ​មិន​ចរចា​សន្តិភាព​ជាមួយ​រដ្ឋាភិបាល​ បាន​ចាប់ផ្តើម​វាយប្រហារ​ជា​ច្រើន​លើក ទៅ​លើ​ទាហាន​អាហ្វហ្កានីស្ថាន។ ជាទម្លាប់​របស់​ក្រុម​តាលីបង់ ដែល​បើក​ការវាយប្រហារ​នៅ រដូវ​ផ្ការីក បន្ទាប់ពី​ផ្អាក​មួយរយៈ​នៅ​រដូវ​ធ្លាក់​ទឹកកក នៅ​អាហ្វហ្កានីស្ថាន។

តាម​អ្នកជំនាញ​ខ្លះទៀត បើទោះបី​ជា​ក្រុមជីហាត​មិនមែន​ជាអ្នកបញ្ជា រៀបចំ​ផែនការធ្វើ​ភេរវកម្ម​សម្លាប់​មនុស្ស​នៅ​អាហ្វហ្កានីស្ថាន ក៏ដោយ ប៉ុន្តែ ក្រុមនេះ​អាច​ទទួល​បាន​សមានចិត្ត​ពី​ក្រុម​ប្រដាប់​អាវុធ នៅក្នុង​ទឹកដី​អាហ្វហ្កានីស្ថាន ដូចជា​ពួក​តាលីបង់ ឬ​សមាជិក​របស់​អាល់កៃដា​ជាដើម ដែល​មួយរយៈ​ចុងក្រោយនេះ ត្រូវ​គេ​កត់សំគាល់​ឃើញថា បាន​លើក​គ្រវី​ទង់​ពណ៌​ខ្មៅ របស់​ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម។

អាហ្វហ្កានីស្ថាន​ជា​ទីកំណើត កកើត​បណ្តាញ​អាល់កៃដា និង​ក្រុមតាលីបង់​ក៏ពិតមែន ប៉ុន្តែ គេ​សង្កេត​ឃើញថា ការផ្សព្វផ្សាយ​របស់​ក្រុមជីហាត​បាន​ទាក់ទាញ​ក្រុម​ប្រដាប់​អាវុធ​តាលីបង់​មួយចំនួន​ឲ្យ​ប្រកាស​ភ្ជាប់​ខ្លួន​ទៅ​ក្រុម​ជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម។ គេ​អាច​ជឿថា សមាជិក​របស់​ក្រុមតាលីបង់ ឬ​អាល់កៃដា មួយ​ចំនួន ដែល​ចង់​ចុះចូល​ក្នុង​ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម អាច​បង្ក​អំពើភេរវកម្ម សម្លាប់​មនុស្ស​យ៉ាងសាហាវ ដូច​ដែល​ក្រុមជីហាត​ធ្វើ​កន្លងមក ដើម្បី ទាក់​ទឹកចិត្ត​ឲ្យ​ក្រុមនេះ​យក​ខ្លួន​ជា​សមាជិក។ ក្រុមតាលីបង់​ជឿថា ក្រុមជីហាត​ពេលនេះ កំពុង​មាន​អំណាច មាន​លុយពេញដៃ សម្រាប់​ធ្វើ​សង្រ្គាម​ប្រឆាំង​នឹង​បរទេស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ