អានតួអត្ថបទ
អាមេរិក-អាហ្វហ្កានីស្ថាន

ប្រធានធិបតីថ្មី​របស់​អាហ្វហ្កានីស្ថាន​ថ្លែង​ដឹងគុណ​អាមេរិក

 នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះលោក Ashraf Ghani ប្រធានាធិបតីថ្មី​របស់​ប្រទេស​អាហ្កានីស្ថាន​ថ្លែង​ទៅ​កាន់​សភា​អាមេរិក​ដែល​ជា​វេទិការ​ដ៏​មាន​កិត្យានុភាព និង​ជា​ឧឡារិក​សម្រាប់​​មេដឹកនាំ​បរទេស​​ជាមិត្ត​របស់​អាមេរិក។ នៅ​ចំពោះ​មុខ​សមាជិកសភា និង​ព្រឹទ្ធសភា​​អាមេរិក លោក Ghani ថ្លែង​ពី​ការ​ដឹងគុណ​របស់​ប្រទេស​​អាហ្វហ្កានីស្ថាន​ចំពោះ​ពលរដ្ឋ​អាមេរិក​ដែល​គំាទ្រ និង​ស្វែង​រក​សេរីភាព​ជូន​អាហ្កានីស្ថាន។ 

លោក Ashraf Ghani និង​លោក Barack Obama
លោក Ashraf Ghani និង​លោក Barack Obama REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

 

«លើស​ពី​អ្វីៗ​ទាំង​អស់ ខ្ញុំ​សូម​ចាប់​ផ្តើម​ដោយ​អរគុណ​ពលរដ្ឋ​សហរដ្ឋអាមេរិក ចំពោះ​ការ​គាំទ្រ​ដ៏​សប្បុរស ដល់​ប្រទេស​របស់​ខ្ញុំ ដែល​ការ​គាំទ្រ​នេះ​មាន​តម្លៃ​ដ៏​ធំ​សម្បើម និង​ជួយ​ឲ្យ​អាហ្វហ្កានីស្ថាន​បោះជំហាន​ទៅ​មុខ​ក្នុង​បុព្វហេតុ​នៃ​សេរីភាព»។ នេះ​សេចក្តីផ្តើម​នៃ​បទសុន្ទរកថា​​ប្រហែល​មួយ​ម៉ោង​ថ្លែង​ទៅ​កាន់​សភាពេញអង្គ​អាមេរិក​ដែល​រួមប្រជុំ​គ្នា ទាំង​សមាជិកសភា និងព្រឹទ្ធភា។ លោក Ghani បាន​ថ្លែង​ថា ប្រទេស​របស់​លោក​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ «ភាពក្លាហាន របស់​ទាហាន និង​ការលះបង់បូជា​យ៉ាងច្រើន​ដែល​ពលរដ្ឋអាមេរិក​បាន​ធ្វើ​ដើម្បី​ឲ្យ​អាហ្វហ្កានីស្ថាន​រក្សា​បាន​នូវ​សេរីភាព»។

ក្នុង​កិច្ច​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​នា​ឱកាស​សម័យ​ប្រជុំសភា​រួមគ្នា​នោះ លោក Ghani បាន​កោត​សរសើរ​លោក​ប្រធានាធិបតី​បារ៉ាក់អូបាម៉ា​សម្រាប់​វិធីសាស្ដ្រ​ប្រកប​ដោយ​វិន័យ និង​ច្បាស់លាស់​ក្នុង​ការចូលរួម​របស់​អាមេរិក និង​សម្រាប់​ការ​ដក​កងទ័ព​អាមេរិក​ជាង​មួយ​សែន​នាក់។ សូម​រំលឹក​ផង​ដែរ​ថា ការថ្លែង​នេះ​គឺ​ប្រព្រឹត្តទៅ​មួយថ្ងៃ ក្រោយ​ការ​ប្រកាស​របស់​លោក​ប្រធានាធិបតី​អូបាម៉ា​ដែល​ថា​នឹង​រក្សា​ទ័ពអាមេរិក​ចំនួន​៩៨០០​នៅ​អាហ្វហ្កានីស្ថាន​ដដែល​រហូត​ដល់​ចុង​ឆ្នាំ២០១៥ ខុស​អំពី​ គម្រោង​ដើម​ដែល​ថា​នឹង​កាត់​ឲ្យ​មក​នៅ​ត្រឹមតែ​ចំនួន ៥៥០០នាក់។ ការ​រក្សា​ចំនួននេះ​ជា​ការ​ឆ្លើយ​តប​តាម​ការ​ស្នើសុំ​របស់​លោក​ប្រធានាធិបតី Ghani ដើម្បី​នៅ​ជួយ​គាំទ្រ​ប្រឆាំង​ភេរវកម្ម និង​ផ្តល់​មធ្យោបាយ​បច្ចេកទេស​យោធា​ក្នុង​ដំណើរការ​សន្តិភាព​នៅ​អាហ្វហ្កានីស្ថាន។

លោក Ghani ក៏​បាន​រំលឹក​ផង​ដែរ​ពី​សោកនាដកម្ម​ថ្ងៃ១១ កញ្ញា​របស់​អាមេរិក និង​បាន​ប្តេជ្ញា​ថា៖ ប្រទេស របស់​យើង​ខ្ញុំ​នឹង​លែង​ក្លាយ​ជា​ជម្រក​របស់​ភេរវជន​ទៀត ជា​ដាច់ខាត។ ហើយ​យើង​ក៏​លែង​ផ្តល់​ទីលាក់ ខ្លួន​ដល់​ពួកជ្រុលនិយម​ដើម្បី​រៀបចំ​គម្រោង​បំភ្លេច​បំផ្លាញ​របស់​ពួក​គេ​ទៀត​ដែរ។ ប្រទេស​អាហ្វហ្កានីស្ថាន​បាន​ចូលរួម​ជាមួយ​នឹង​ប្រទេស​នៅ​មជ្ឈិមបូព៌ា​ដែល​បដិសេធ​ចំពោះ​ការ​មិន​អត់ឱន​ភាព​ជ្រុលនិយម និង​ការធ្វើសង្គ្រាម។ សុន្ទរកថា​របស់ Ghani នៅ​សភា​អាមេរិក​នៅ​ពេល​នេះ ជា​និមិត្តរូប​នៃ​បើក​ទំព័រ​ថ្មី​មួយ​ក្នុង​ទំនាក់ទំនង រវាង​អាមេរិក​និង​អាហ្វហ្គានីស្ថាន។ ព្រោះប្រធានាធិបតីមុនលោក Hamid Karzaï មាន ទំនាក់ទំនង​ដ៏​រឹង ថ្អឹង​ជាមួយ​​សេតវិមាន ដែល​បាន​បង្ក​ភាព​ស្មុគស្មាញ​បន្ថែម​លើ​សង្គ្រាម​ដ៏​យូរ​បំផុត​រួច​ទៅ​ហើយ​របស់​សហរដ្ឋអាមេរិក ដែល​បណ្តាល​ឲ្យ​ទាហាន​អាមេរិក​ជាង២៣០០នាក់ស្លាប់ និង រាប់ម៉ឺន​នាក់​ទៀត​បាន​រងរបួស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ