អានតួអត្ថបទ
ប៉ាឡេស្ទីន​

ប៉ាឡេស្ទីន​ដាក់​ពាក្យ​សុំ​ជា​ផ្លូវការ ចូល​ជា​សមាជិក​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ

អាជ្ញាធរ​​ប៉ាឡេស្ទីន​ បាន​ធ្វើ​ការ​ស្នើសុំ ជា​ផ្លូវការ ​ដើម្បី​បាន​ចូល​ជា​សមាជិក​ របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ បើ​បាន​សម្រេច ​ប៉ាឡេស្ទីន ​និង​មាន​លទ្ធភាព​ អាច​ដាក់​ពាក្យ​ប្តឹង​ ទៅ​តុលាការ​នេះ ដើម្បី​នាំ​យក​មេ​ដឹកនាំ​អ៊ីស្រាអែល​ មក​កាត់​ទោស ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ អង្គការ​សហប្រជាជាតិ​ មិន​ទាន់​សម្រេច​នៅ​ឡើយ​ទេ ​ប៉ុន្តែ​អ៊ីស្រាអែល​ និង ​អាមេរិក​មាន​ការ​ក្រេវក្រោធ​យ៉ាងខ្លាំង ​ព្រោះ​ទង្វើ​នេះ កាន់តែ​ធ្វើឲ្យ​ អ៊ីស្រាអែល​ និង​ប៉ាឡេស្ទីន ​មើល​មុខ​គ្នា​មិន​ត្រង់។

លោក ម៉ាមូដ អាប្បាស ចុះ​ហត្ថលេខា លើ​ពាក្យសុំ ចូលជាសមាជិក តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICJ
លោក ម៉ាមូដ អាប្បាស ចុះ​ហត្ថលេខា លើ​ពាក្យសុំ ចូលជាសមាជិក តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICJ REUTERS/Osama Falah/Palestinian President Office
ផ្សាយពាណិជ្ជកម្ម

ពាក្យ​សុំ​ចូល​ជា​សមាជិក របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដែល​លោក ម៉ាមូដ អាប្បាស បាន​ចុះ​ហត្ថលេខា ពេល​នេះ​ បាន​ទៅ​ដល់​ដៃ លោក​ បាន គីមូន អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ហើយ។ គេ​កំពុង​រង់ចាំ ស្តាប់ ថា​តើ​ពាក្យសុំ​នេះ នឹង​ត្រូវ​អង្គការ​សហប្រជាជាតិ​ យល់​ព្រម​ដែរ​ឬទេ។ បើ​សិន​ជា ប៉ាឡេស្ទីន អាច​ចូល​ជា​សមាជិក​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បាន​សម្រេច មាន​ន័យ​​ថា ​ប៉ាឡេស្ទីន នឹង​មាន​លទ្ធភាព​ដាក់​ពាក្យ​បណ្តឹង​ផ្សេងៗ ទៅ​តុលាការ​នេះ។

 
លោក ម៉ាមូដ អាប្បាស ប្រមុខ​ដឹកនាំ ដែន​ដី​ប៉ាឡេស្ទីន ធ្លាប់​បាន​ប្រាប់​ហើយ​ថា លោក​មាន​ចេតនា រក​យុត្តិធម៌ ជូន​ប្រជាជន​ប៉ាឡេស្ទីន​ ដែល​បាន​ស្លាប់ ដោយសារ​គ្រាប់​ផ្លោង​របស់ អ៊ីស្រាអែល។ ដូច្នេះ លោក មាន​គម្រោង​ដាក់​ពាក្យ ​ប្តឹង អ៊ីស្រាអែល​ នៅ​ចំពោះ​មុខ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ពីបទ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។

អ៊ីស្រាអែល បាន​សម្តែង ការ​មិន​ពេញចិត្ត​ជា​ខ្លាំង ក្រោយ​ដឹង​ដំណឹង ដែល​ថា ប៉ាឡេស្ទីន បាន​ដាក់​ពាក្យ​សុំចូល​ ជា​សមាជិក​ របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ អ៊ីស្រាអែល ទាមទារ ឲ្យ​ទាត់ចោល​ ពាក្យ​ស្នើសុំ​នេះ ព្រោះ​ថា ​ប៉ាឡេស្ទីន មិនមែន​ជា​ប្រទេស​ទេ ដូច្នេះ មិនមាន​សិទ្ធិ​ចូល​ជា​សមាជិក​តុលាការ​នេះ​ទេ។ លោក​នេតាន់ យ៉ាហ៊ូ នាយក​រដ្ឋមន្រ្តី អ៊ីស្រាអែល បាន​ថ្លែង​ទៀត​ថា ក្រុម​ហាម៉ាស ប៉ាឡេស្ទីន ជា​ក្រុម​ភេរវករ ដែល​បាន​ប្រព្រឹត្ត​អំពើ​ភេរវកម្ម​ លើ​អ៊ីស្រាអែល​ ច្រើន​រាប់​មិន​អស់។ ដូចនេះ គេ​មិន​អាច​អនុញ្ញាត ឲ្យ​ក្រុម​ភេរវករ​ ក្លាយ​ជា​សមាជិក តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន​ទេ។

ចំណែក​រដ្ឋាភិបាល អាមេរិក ដែល​ជា​គូកន ចាក់​ទឹក​មិន​លិច​ជាមួយ​អ៊ីស្រាអែល វិញ ក៏​បាន​សម្តែង​ការ​មិន​ពេញចិត្ត​ដែរ។ អាមេរិក​យល់​ថា ទង្វើ​នេះ វា​ប្រៀប​បាន​ដូច​ជា​ ផ្លុំ​រងើក​ភ្លើង​ដែល កំពុង​តែ​រលត់ ឲ្យ​ឆាប​ឆេះ​ឡើង​វិញ។ ពោល គឺ​វា​ធ្វើ​ឲ្យ អ៊ីស្រាអែល​ និង​ប៉ាឡេស្ទីន មើល​មុខគ្នា​ កាន់​តែ​មិន​ត្រង់។ សន្តិភាព​រវាង​ភាគី​ទាំងពីរ គឺ​ត្រូវ​ធ្វើឡើង​ តាម​រយៈ​ការ​ចរចា សម្រុះសម្រួល​គ្នា​ មិនមែន​តាម​រយៈ​ការ​ប្តឹងផ្តល់​គ្នា​នោះ​ទេ។

យ៉ាងណា​ក៏​ដោយ ពាក្យ​សុំ​របស់ ប៉ាឡេស្ទីន អាច​មាន​សំណាង​ ទទួល​បាន​ការ យល់​ព្រម​ ព្រោះ​ប៉ាឡេស្ទីន​ បាន​បំពេញ​គ្រប់​លក្ខខណ្ឌ។ ថ្វីត្បិត​តែ​ប៉ាឡេស្ទីន មិនមែន​ជា​ប្រទេស​សមាជិក​ពេញសិទ្ធិ​ របស់ អង្គការ​សហ​ប្រជាជាតិ​មែន​ពិត តែ​អង្គការ​នេះ​ បាន​តែងតាំង ប៉ាឡេស្ទីន ជា​សមាជិក​សង្កេតការណ៍ តាំង​ពី​ឆ្នាំ​២០១២ ម្ល៉េះ។ ទាក់ទិន​ទៅនឹង​អំណះ​អំណាង​ របស់​លោក នេតាន់ យ៉ាហ៊ូ ដែល​ថា ក្រុម​ហាម៉ាស ប៉ាឡេស្ទីន ជា​ក្រុម​ភេរវករ ក៏​មិន​អាច​យក​ជា​ការ​បាន​ដែរ ព្រោះ​ថ្មីៗ​នេះ​ តុលាការ​សមាគម​អឺរ៉ុប ទើប​តែ បាន​ចេញ​សាលដីការ លុប​ក្រុម​ហាម៉ាស ប៉ាឡេស្ទីន ចេញ​ពី​បញ្ជីរ​ក្រុម​ភេរវករ។ យើង​ឃើញ​ថា សង្គ្រាម​ការទូត របស់​ប៉ាឡេស្ទីន កំពុង​ហុចផល​ ជា​សន្សឹមៗ​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ