អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

អ៊ីស្រាអែល​ផ្អាក​មិន​ផ្ទេរ​​លុយ​ទៅ​ឲ្យ​ប៉ាឡេស្ទីន និង​សន្យា​ការពារ​កងទ័ព​មិន​ឲ្យ​គេ​យក​ទៅ​កាត់ទោស​នៅ​CPI

អស់​ពីពាក្យ​គំរាមកំហែង អ៊ីស្រាអែល​ចាប់ផ្តើម​ធ្វើ​សកម្មភាព​ជាក់ស្តែង​ដើម្បី​ដាក់​ពិន័យ​ប៉ាឡេស្ទីន។ កាលពី​សៅរ៍ ពោល​គឺ​នៅ​មួយ​ថ្ងៃ​ក្រោយ​ប៉ាឡេស្ទីន​ដាក់​ពាក្យ​សុំ​ជា​ផ្លូវការ ដើម្បី​ចូល​ជា​សមាជិក​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ មន្រ្តី អ៊ីស្រាអែល​បាន​អះអាង​ថា រដ្ឋាភិបាល​នឹង​ដាក់​ពិន័យ​លើ​ប៉ាឡេស្ទីន ដោយ​នឹង​ផ្អឹប មិន​បញ្ជូន​ថវិកា​ប្រចាំខែ ជាង ១០០​លាន​អឺរ៉ូ ទៅ​ឲ្យ​ប៉ាឡេស្ទីន​នៅ​ខែ​ក្រោយ​នេះទេ។ 

នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​ធ្លាប់​បាន​ព្រមាន​ប៉ាឡេស្ទីន​រួចហើយ​ពីរឿង​ចង់​ដាក់​ពាក្យ​សុំ​ចូល​ជា​សមាជិក​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ
នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​ធ្លាប់​បាន​ព្រមាន​ប៉ាឡេស្ទីន​រួចហើយ​ពីរឿង​ចង់​ដាក់​ពាក្យ​សុំ​ចូល​ជា​សមាជិក​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ REUTERS/Amir Cohen
ផ្សាយពាណិជ្ជកម្ម

អ៊ីស្រាអែល​បាន​ចាត់​វិធានការ​ក្តៅ សងសឹក​នឹង​ប៉ាឡេស្ទីន​ដែល​នៅតែ​ចចេស​ដាក់​ពាក្យ​សុំ​ជា​សមាជិក​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ យោងតាម​មន្រ្តី​រដ្ឋាភិបាល​អ៊ីស្រាអែល​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ លោក​នាយករដ្ឋមន្រ្តី​បិនចាមីន នេតានីញ៉ាហ៊ូ បាន​កោះប្រជុំ​គណៈរដ្ឋមន្រ្តី​តាំងពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​និយាយ​ពី​ការដាក់​ទណ្ឌកម្ម​ទៅ​លើ​ប៉ាឡេស្ទីន។ ទើប​តែ​នៅ​ថ្ងៃ​សៅរ៍ គឺ​នៅ​ក្រោយ​ដឹងថា ប៉ាឡេស្ទីន​បាន​ដាក់​ពាក្យ​សុំ​ជា​ផ្លូវការ អ៊ីស្រាអែល​ក៏​ចាប់​ប្រកាស​ពីការផ្អឹប​ទុក មិន​ផ្ទេរ​ថវិកា​១០៦​លាន​អឺរ៉ូ​ទៅ​ឲ្យ​រដ្ឋអំណាច​ប៉ាឡេស្ទីន និង​ប្រកាស​គំរាម​ប្តឹង​មេដឹកនាំ​ប៉ាឡេស្ទីន​ទៅ​​តុលាការនៅ​​អាមេរិក ឬ​នៅ​ប្រទេស​ផ្សេង ពីបទ​ឧក្រិដ្ឋកម្ម​​ប្រឆាំង​មនុស្ស​ជាតិ។

 
នៅ​ថ្ងៃ​អាទិត្យនេះដែរ នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល បិនចាមីន នេតានីញ៉ាហ៊ូ បាន​ប្រកាស​នៅក្នុង​អំឡុង​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍​ថា អ៊ីស្រាអែល​នឹង​មិន​ព្រម អនុញ្ញាត​ឲ្យ​ទាហាន​របស់ខ្លួន ត្រូវ​គេ​យក​ទៅ​ជំនុំជម្រះ​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ទេ។ “កងកម្លាំង​ការពារ​ជាតិ​អ៊ីស្រាអែល​នឹង​នៅ​តែ​បន្ត​ការពារ​អ៊ីស្រាអែល​ជាមួយ​នឹង​ការប្តេជ្ញា​ខ្ពស់។ ទាហាន​អ៊ីស្រាអែល​ការពារ​ពួកយើង ដូច្នេះ យើង​ត្រូវ​តែ​ការពារ​ពួកគេ ជាមួយ​នឹង​ការប្តេជ្ញា យ៉ាងមោះមុត”។ នេះ​ជា​សំដី​របស់​លោក​នាយក​រដ្ឋមន្រ្តី អ៊ីស្រាអែល បិនចាមីន នេតានីញ៉ាហ៊ូ។

 
យោងតាម​កិច្ចព្រមព្រៀង​ក្រុងអូស្លូ ឆ្នាំ ១៩៩៣ ដែល​និយាយ​ពី​ស្វ័យភាព អ៊ីស្រាអែល​មាន​ភារកិច្ច​ប្រមូល​ពន្ធ​លើ​ទំនិញ​ដែល​ត្រូវ​ដឹក​ជញ្ជូន​ទៅ​ក្នុង​ទឹកដី​ប៉ាឡេស្ទីន ជំនួស​ឲ្យ​ប៉ាឡេស្ទីន (រាល់​ទំនិញ​នាំចូល​ត្រូវ​ឆ្លងកាត់​តាម​កំពង់ផែ​អ៊ីស្រាអែល)។ ជារៀងរាល់​ខែ អ៊ីស្រាអែល​ត្រូវ​ផ្ទេរ​មូលនិធិ​​ប្រមាណ​ជាង ១០០​លាន​អឺរ៉ូ ទៅ​ឲ្យ​រដ្ឋអំណាច​ប៉ាឡេស្ទីន។

ការសម្រេច​របស់​អ៊ីស្រាអែល​កាលពីថ្ងៃ​សៅរ៍​បាន​បង្ក​ឲ្យ​មាន​ការខឹង ថ្កោលទោស​ពីសំណាក់​អាជ្ញាធរ​ប៉ាឡេស្ទីន។ ប្រធាន​ផ្នែក​ចរចា​របស់​ប៉ាឡេស្ទីន លោក​Saëb Erakat​បាន​ចាត់ទុក​ចំណាត់ការ​របស់​អ៊ីស្រាអែល​ថា ជា​ឧក្រិដ្ឋកម្ម​សង្រ្គាម​មួយ​ទៀត ដែល​អ៊ីស្រាអែល​ធ្វើ​ទៅលើ​ប្រជាជន​ប៉ាឡេស្ទីន ព្រោះថា លុយ​ទាំងនោះ​ជា​លុយ​របស់​ប្រជាជន​ប៉ាឡេស្ទីន ដែល​អ៊ីស្រាអែល​គ្រាន់​តែ​ត្រូវ​ប្រមូល​ជំនួស​តែប៉ុណ្ណោះ។ ពន្ធ​ដែល​អ៊ីស្រាអែល​ប្រមូល​បាន និង​បញ្ជូន​ទៅ​ឲ្យ​ប៉ាឡេស្ទីន ជារៀងរាល់​ខែ មាន​សារៈសំខាន់​ណាស់​សម្រាប់​សេដ្ឋកិច្ច​ប៉ាឡេស្ទីន ព្រោះ​វា​តំណាង​ឲ្យ​ជិត​ពាក់កណ្តាល​នៃ​ថវិកា​ជាតិ​របស់​ប៉ាឡេស្ទីន។

នយោបាយ​ផ្អឹប មិន​បញ្ជូន​លុយ​ទៅ​ឲ្យ​ប៉ាឡេស្ទីន ត្រូវ​បាន​អ៊ីស្រាអែល​ធ្វើ​ដដែលៗ ជាច្រើន​ដង ដើម្បី​ដាក់​សម្ពាធ​លើ​ប៉ាឡេស្ទីន។ កាលពី​ខែ​ឆ្នាំ ២០១២ អ៊ីស្រាអែល​បាន​ផ្អាក​មិន​បញ្ជូន​លុយ​ទៅ​ឲ្យ​ប៉ាឡេស្ទីន បន្ទាប់ ពី​ប៉ាឡេស្ទីន​បាន​ទទួល​សិទ្ធិ​ជា​សមាជិក​សង្កេតការណ៍​របស់​អង្គការ​សហប្រជាជាតិ។

អ៊ីស្រាអែល មិន​ចង់​ឲ្យ​ប៉ាឡេស្ទីន​សុំ​ចូល​ជា​សមាជិក​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ព្រោះថា បើ​សិន​ជា ប៉ាឡេស្ទីន អាច​ចូល​ជា​សមាជិក​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បាន​សម្រេច មាន​ន័យ​ថា ​ប៉ាឡេស្ទីន នឹង​មាន​លទ្ធភាព​ដាក់​ពាក្យ​បណ្តឹង ប្តឹង​មេដឹកនាំ​អ៊ីស្រាអែល​ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ទៅ​តុលាការ​CPI។

អាមេរិក​វិញ  ដែល​ប្រឆាំង​នឹង​វិធានការ​ឯកតោ​ភាគី​របស់​ប៉ាឡេស្ទីន បាន​ព្រមាន​រួចហើយ​ថា នឹង​ផ្តាច់​ជំនួយ ៤០០​លាន​ដុល្លារ ដែល​អាមេរិក​ផ្តល់​ទៅ​ឲ្យ​ប៉ាឡេស្ទីន ជារៀងរាល់​ឆ្នាំ បើ​សិន​ជា​ប៉ាឡេស្ទីន​ចង់​ប្តឹង​អ៊ីស្រាអែល​តាម​ផ្លូវ​តុលាការ​អន្តរជាតិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ