អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​បាន​ជា​១ឆ្នំា​ទៅ​ហើយ លីបង់​នៅ​តែ​មិន​ទាន់​រក​ឃើញ​បេក្ខជន​ប្រធានាធិបតី?

ចុះផ្សាយ​នៅ​ថ្ងៃ៖

 ២៥ ឧសភា ២០១៤-២៥ ឧសភា ២០១៥ ពេញ​មួយ​ឆ្នំា​គត់​ដែល​កៅអី​ប្រធានាធិបតី​ក្នុង​ប្រទេស​លីបង់​នៅ​ទំនេរ​គ្មាន​មនុស្ស​អង្គុយ។ តំាង​ពី​អាណត្តិ​របស់​លោក​ប្រធានាធិបតី​មីស្ហែល ស្លេម៉ាន​បាន​បិទបញ្ចប់​កាល​ពី​ថ្ងៃទី២៥ ឧសភា ឆ្នំា​ទៅ​មិញ​មក សភា​លីបង់​បាន​ព្យាយាម​ជ្រើស​តំាង​ប្រមុខ​រដ្ឋ​ថ្មី​រហូត​ដល់​ទៅ ២៣ដង តែ​នៅ​មិន​ទាន់​អាច​ប្រមូល​បាន​សម្លេង​គំាទ្រ​ចំនួន ២ភាគ៣​ពី​ក្នុង​ចំណោម​អ្នកតំណាងរាស្រ្ត​ទំាង ១២៨នាក់​ដែល​ជា​សម្លេង​ចំាបាច់។ តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ដែល​បាន​ធ្វើ​ឲ្យ​សភា​បន្ត​ប្រទាញប្រទង់​គ្នា​នៅ​ក្នុង​ជម្រើស​បេក្ខជន និង​ថា តើ​អវត្តមាន​រូបប្រធានាធិបតី​នឹង​ធ្វើ​ឲ្យ​លីបង់​ជួប​វិបត្តិ​អ្វី​ខ្លះ? 

លោកនាយករដ្ឋមន្រ្តី​លីបង់ Tammam Salam
លោកនាយករដ្ឋមន្រ្តី​លីបង់ Tammam Salam Reuters/Jamal Saidi
ផ្សាយពាណិជ្ជកម្ម

អាច​ថា​ជា​ករណី​ពិសេស​សម្រាប់​ប្រទេស​លីបង់​ក៏​ថា​បាន​ដែរ ព្រោះ​ថា ប្រធានាធិបតី​មិន​មែន​ជាប់​ឆ្នោត​ដោយ​ការ​បោះឆ្នោត​របស់​ប្រជាជន​ទេ តែ​ជាប់​ឆ្នោត​ដោយ​ការ​បោះឆ្នោត​នៅ​ក្នុង​សភា មាន​ន័យ​ថា តំណាងរាស្រ្ត​ជា​អ្នក​បោះឆ្នោត​ឲ្យ និង​ដែល​បេក្ខជន​រូប​នោះ​ត្រូវ​មាន​សម្លេង​គំាទ្រ​យ៉ាង​តិច ២ភាគ៣ នៅ​ក្នុង​សភា។ រហូត​មក​ដល់​ថ្ងៃ​នេះ និង ១ឆ្នំា​ក្រោយ​ពី​អាណត្តិ​ប្រធានាធិបតី​មុន​បាន​បញ្ចប់​ទៅ សភា​លីបង់​បាន​ព្យាយាម​ជ្រើសតំាង​រូប​ប្រធានាធិបតី​ថ្មី​ដល់​ទៅ ២៣ដង តែ​ទទួល​បាន​បរាជ័យ​ជានិច្ច។ លើក​ណា​ក៏​ដូច​ជា​លើក​ណា​ដែរ សភា​មិន​អាច​ប្រមូល​បាន​សម្លេង​គំាទ្រ ២ភាគ៣ ឡើយ។

បើ​គេ​មើល​មួយ​ភ្លែត​ទៅ​ហាក់​ដូច​ជា​ពិបាក​យល់ តែ​បើ​គេ​ពិនិត្យ​មើល​ឲ្យ​បាន​ស៊ីជម្រៅ​បន្តិច​ទៅ​ឃើញ​ថា ជម្រៅ​នៃ​វិបត្តិ​គ្មាន​ប្រធានាធិបតី​នៅ​លីបង់​ពេល​នេះ​បាន​កើត​ចេញ​ពី​ការ​មិន​ចុះ​សម្រុង​គ្នា​នៅ​ក្នុង​ជម្រើស​បេក្ខជន។ នៅ​ម្ខាង គឺ​ក្រុម ១៤ មីនា​ដែល​ដឹកនំា​ដោយ​លោក​អតីត​នាយករដ្ឋមន្រ្តី​និកាយ​ស៊ុយនីត​សាដ ហារីរី និង​ដែល​ក្រុម​នេះ​ទទួល​បាន​ការ​គំាទ្រ​ពី​សហរដ្ឋអាមេរិក និង​ប្រទេស​អារ៉ាប៊ីសាអូឌីត។ បេក្ខជន​ប្រធានាធិបតី​ដែល​ក្រុម ១៤ មីនា​ចង់​បាន គឺ​លោក​សាមៀរ ចាចា ប្រមុខ​ដឹកនំា​កម្លំាង​លីបង់។ រីឯ​នៅ​ម្ខាង​ទៀត គឺ​ក្រុម ៨ មីនា​ដែល​ដឹកនំា​ដោយ​ចលនា​ហេស្បូឡា​និកាយ​ស្ហ៊ីអ៊ីត និង​ដែល​ក្រុម​នេះ​ជា​សម្ព័ន្ធមិត្ត​របស់​ប្រទេស​ស៊ីរី និង​ប្រទេស​លីបង់។ បេក្ខជន​ប្រធានាធិបតី​ដែល​ក្រុម ៨ មីនា​ចង់​បាន គឺ​លោក​មីស្ហែល អាអ៊ូន ប្រមុខ​ចលនា​មាតុភូមិ​សេរី។

មក​ដល់​ត្រង់​ចំណុច​នេះ​នំា​ឲ្យ​គេ​យល់​បាន​ភ្លាម​ថា កុំ​ថា​ឡើយ​ក្រុម ១៤ មីនា និង​ក្រុម ៨ មីនា​​មិន​ចុះ​សម្រុង​គ្នា​នៅ​ក្នុង​ជម្រើស​បេក្ខជន​ប្រធានាធិបតី សូម្បី​តែ​ប្រទេស​ក្រៅ​ដែល​បាន​ចេញ​មុខ​គំាទ្រ​ក្រុម​ប្រជែង​ទំាង​ពីរ​ខាង​លើ​ក៏​ជា​សត្រូវ​នឹង​គ្នា ឬ​មួយ​ក៏​មើល​មុខ​គ្នា​មិន​ចំ​ដែរ ពិសេស​ប្រទេស​អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់​ដែល​ជា​គូប្រជែង​ក្នុង​តំបន់។ អ៊ីចឹង​ហើយ​បាន​ជា​មាន​សំណួរ​ចោទ​ឡើង​ថា តើ​វិបត្តិ​គ្មាន​ប្រធានាធិបតី​នៅ​លីបង់​ពេញ​មួយ​ឆ្នំា​កន្លង​ទៅ​នេះ មិន​មែន​ដោយសារ​តែ​មាន​ការ​លូកដៃ​ចូល​ជ្រៀតជ្រែក​របស់​បរទេស​ខ្លះ​ទេ ឬ​យ៉ាង​ណា?

តាម​ពិត​ទៅ លីបង់​ជា​ប្រទេស​ពហុសាសនា តែ​មាន​សហគមន៍​សាសនា​តែ ៣គត់​ដែល​មាន​សម្លេង​ភាគច្រើន គឺ​សហគមន៍​សាសនា​អ៊ីស្លាម​និកាយស៊ុយនីត សហគមន៍​សាសនាអ៊ីស្លាម​និកាយស្ហ៊ីអ៊ីត និង​សហគមន៍​គ្រិស្តសាសនា​ម៉ារ៉ូនីត។ តំាង​ពី​ទទួល​បាន​ឯករាជ្យ​ពី​បារំាង​ក្នុង​ឆ្នំា ១៩៤៣ មក គ្រប់​ភាគីនយោបាយ​ទំាង​អស់​ក៏​បាន​ចុះ​ហត្ថលេខា​លើ​កតិកាសញ្ញាជាតិ​មួយ​ដោយ​បាន​ឯកភាព​គ្នា​ក្នុង​ការ​បែងចែក​អំណាច​រវាង​សហគមន៍​សាសនា​ទំាង ៣ ។ តំណែង​នាយករដ្ឋមន្រ្តី​ត្រូវ​ប្រគល់​ទៅ​ឲ្យ​សហគមន៍​សាសនា​អ៊ីស្លាម​និកាយស៊ុយនីត តំណែង​ប្រធាន​រដ្ឋសភា​ត្រូវ​ប្រគល់​ទៅ​ឲ្យ​សហគមន៍​សាសនា​អ៊ីស្លាម​និកាយស្ហ៊ីអ៊ីត និង​តំណែង​ប្រធានាធិបតី​ត្រូវ​ប្រគល់​ទៅ​ឲ្យ​សហគមន៍​គ្រិស្តសាសនា​ម៉ារ៉ូនីត។

ក៏​ប៉ុន្តែ និង​អ្វី​ជា​កត់សម្គាល់​នោះ​គឺ​ថា ទោះបី​ជា​មាន​ការ​បែងចែក​គ្នា​យ៉ាង​ច្បាស់​ដូច​នេះ​ក៏​ដោយ ក៏​លីបង់​នៅ​តែ​មិន​អាច​គេច​ផុត​ពី​វិបត្តិ​គ្មាន​ប្រធានាធិបតី​ដដែល និង​ដែល​លើក​នេះ មាន​រយៈពេល​យូរ​ជាង​គេ បើ​គិត​តំាង​ពី​ក្រោយ​ការ​បិទបញ្ចប់​សង្រ្គាមស៊ីវិល​ចន្លោះ​ឆ្នំា ១៩៧៥ និង​ឆ្នំា ១៩៩០។ ក្រោយ​ពី​ការ​ឈប់​ពី​តំណែង​របស់​លោក​ប្រធានាធិបតី​អេមីល ឡាហ៊ូដ​ក្នុង​ឆ្នំា ២០០៧ លីបង់​បាន​ជួប​វិបត្តិ​គ្មាន​ប្រធានាធិបតី​រយៈពេល ១៨៤ថ្ងៃ។ សំណួរ​ដែល​គ្រប់​គ្នា​ចង់​ដឹង​នោះ​គឺ​ថា បើ​គ្មាន​ប្រធានាធិបតី តើ​ប្រទេស​អាច​ដំណើរ​ការ​បាន ឬ​ទេ?។

ចម្លើយ​គឺ​បាន តែ​ប្រៀប​បី​ដូច​ជា​កូន​មិន​គ្រប់​ទឹកអ៊ីចឹង ព្រោះ​ចង់ ឬ​មិន​ចង់ វិបត្តិ​គ្មាន​ប្រធានាធិបតី​ជា​ភស្តុតាង​មួយ​ដែល​បញ្ជាក់​ថា លីបង់​កំពុង​បន្ត​មាន​ជម្ងឺ​មហារីក​យ៉ាង​រុំារ៉ៃ​មិន​ទាន់​ជា​សះស្បើយ​នៅ​ឡើយ​ទេ។ វិបត្តិ​គ្មាន​ប្រធានាធិបតី​បាន​ធ្វើ​ដំណើរ​ការ​របស់​ប្រទេស​ទំាង​មូល​មាន​ភាព​រអាក់រអួល ពិសេស​ចំ​ពេល​ដែល​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្រ្តី​តាមម៉ាម សាឡាម​ក៏​កំពុង​បែកបាក់ និង​ជួប​ការ​លំបាក​ក្នុង​ការ​អនុម័ត​ច្បាប់​សំខាន់ៗ​របស់​ប្រទេស​ដែរ។ តិច ឬ​ច្រើន វិបត្តិ​គ្មាន​ប្រធានាធិបតី​បាន​ធ្វើ​ឲ្យ​លីបង់​បន្ត​ទ្រំាទ្រ​នឹង​បញ្ហា​ផ្ទៃក្នុង​ជា​ច្រើន រួម​មាន​បញ្ហា​សេដ្ឋកិច្ច សន្តិសុខ និង​សង្គម។

កង្វះ​ឯកភាពជាតិ​នឹង​ធ្វើ​ឲ្យ​លីបង់​ផុង​ខ្លួន​កាន់​តែ​ជ្រៅ​ទៅ​ក្នុង​វិបត្តិផ្ទៃក្នុង​ផង និង​វិបត្តិ​ក្នុង​តំបន់​ផង ពិសេស​ឥទ្ធិពល​នៃ​ចំហាយ​សង្រ្គាម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​ស៊ីរី​ដែល​ក្រុម​យុទ្ធជន​ហេស្បូឡាលីបង់​បាន​ជួយ​ប្រយុទ្ធ​នៅ​ខាង​កម្លំាងទ័ព​របស់​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ។ ម្យ៉ាង​ទៀត លីបង់​ក៏​បាន​ទទួល​ជនភៀសខ្លួន​ស៊ីរី​ជាង ១លាននាក់​ឲ្យ​ជ្រកកោន​ក្នុង​ទឹកដី​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ