អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីបានជា​កម្លាំង​សម្ព័ន្ធមិត្ត​ចង់​បើក​សមរភូមិ​ថ្មី​នៅ​លីប៊ី​ដើម្បី​ប្រឆាំង​អង្គការ​រដ្ឋអ៊ីស្លាម?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អង្គារ ទី២ កុម្ភៈ ក្រុម​ប្រទេស​នៅ​ក្នុង​សម្ព័ន្ធមិត្ត​ប្រឆាំង​អង្គការ​រដ្ឋអ៊ីស្លាម ដឹកនាំ​ដោយ​អាមេរិក​បាន​រួម​ប្រជុំ​គ្នា​ក្នុង​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី។ គោលដៅ​នៃ​កិច្ចប្រជុំ គឺ​ដើម្បី​ធ្វើ​តុល្យការ និង​ពិនិត្យមើល​ស្ថានភាព​រួម​ស្តីពី​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​លើ​សមរភូមិ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ីរី។ តែ​អ្វី​ក្រុម​សម្ព័ន្ធមិត្ត​កំពុង​គិតគូរ​ដោយ​យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ពេល​នេះ គឺ​ការ​បើក​សមរភូមិ​ថ្មី​ប្រឆាំង​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ក្នុង​ប្រទេស​លីប៊ី។ ហេតុអ្វី​បាន​ជា​ជ្រើស​យក​ប្រទេស​លីប៊ី?

កិច្ចប្រជុំ​​ក្នុង​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី​នៃ​ក្រុមប្រទេស​សម្ព័ន្ធ​មិត្ត​ប្រឆាំ​ង​នឹង​អង្គការ​រដ្ឋអ៊ីស្លាម
កិច្ចប្រជុំ​​ក្នុង​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី​នៃ​ក្រុមប្រទេស​សម្ព័ន្ធ​មិត្ត​ប្រឆាំ​ង​នឹង​អង្គការ​រដ្ឋអ៊ីស្លាម Reuters/Nicholas Kamm/Pool
ផ្សាយពាណិជ្ជកម្ម

« ការពារ​ប្រសើរ​ជាង​ព្យាបាល » និង « ប្រដៅ​មនុស្ស​ទាន់​នៅ​ក្មេង » គឺ​ពាក្យ​ស្លោក​ទាំង​ពីរ​ខាង​នេះ​ហើយ​ដែល​សម្ព័ន្ធមិត្ត​ប្រឆាំង​អង្គការ​រដ្ឋអ៊ីស្លាម​យក​មក​ប្រើ​ដើម្បី​ត្រៀម​បើក​សមរភូមិ​ថ្មី​ប្រឆាំង​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ក្នុង​ប្រទេស​លីប៊ី។ ជម្រើស​យក​លីប៊ី​ដើម្បី​បើក​សមរភូមិ​ថ្មី​ប្រឆាំង​អង្គការ​រដ្ឋអ៊ីស្លាម​មិនមែន​ជា​ជម្រើស​ចៃដន្យ​ទេ មិន​ចៃដន្យ​ព្រោះ​ទី១ សហគមន៍​អន្តរជាតិ​កំពុង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​វិបត្តិ​នយោបាយ​ផ្ទៃក្នុង​ដែល​នៅ​មិន​ទាន់​មាន​ច្រក​ចេញ និង​ទី២ គឺ​ការ​កើន​ឡើង​ជា​លំដាប់​នៃ​ចំនួន​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម និង​ឥទ្ធិពល​របស់​អង្គការ​ភេរវនិយម​មួយ​នេះ​ក្នុង​ទឹកដី​លីប៊ី។

មែនទែន​ទៅ កំណើន​នៃ​ចំនួន​ជីហាត និង​ឥទ្ធិពល​របស់​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​លីប៊ី​សព្វថ្ងៃ ក៏​ដោយសារ​តែ​ប្រទេស​អាហ្រ្វិក​មួយ​នេះ​កំពុង​បន្ត​ហែកហួរ​គ្នា​យ៉ាង​ខ្លាំង។ សូម​ជម្រាប​ជូន​ថា តាំង​ពី​ក្រោយ​ការ​ផ្តួល​រំលំ​របប​ផ្តាច់ការ​ដឹកនាំ​ដោយ​កាដាហ្វី​ក្នុង​ឆ្នាំ ២០១១ មក លីប៊ី​ត្រូវ​បាន​ពុះ​ចែក​ជា​ពីរ នៅ​ម្ខាង គឺ​រដ្ឋាភិបាល​បណ្តោះអាសន្ន​កើត​ចេញ​ពី​បដិវត្តន៍​ប្រជាជាន​មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង​តូព្រុក និង​ទទួល​ស្គាល់​ដោយ​សហគមន៍​អន្តរជាតិ រីឯ​នៅ​ម្ខាង​ទៀត គឺ​រដ្ឋាភិបាល​ដឹកនំា​ដោយ​ក្រុម​អ៊ីស្លាម​និយម​ជ្រុល​មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង​ទ្រីប៉ូលី និង​ដែល​សហគមន៍​អន្តរជាតិ​មិន​បាន​ទទួល​ស្គាល់​ទេ។

ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ភាគី​ជម្លោះ​ទាំង​ពីរ​ដើម្បី​ក្រសោប​អំណាច​គ្រប់គ្រង​ប្រទេស​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ បាន​ធ្វើ​ឲ្យ​ស្ថានការណ៍​ក្នុង​ប្រទេស​កាន់​តែ​ធ្លាក់​ដុនដាប​ទៅៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ទាំង​នៅ​ក្នុង​ផ្នែក​សន្តិសុខ និង​សេដ្ឋកិច្ច។ កាល​ពី​ថ្ងៃ​ទី១៧ ធ្នូ ឆ្នាំ ២០១៥ និង​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​អង្គការ​សហប្រជាជាតិ រដ្ឋាភិបាល​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​បង្កើត​ឲ្យ​មាន​រដ្ឋាភិបាល​ឯកភាពជាតិ​មួយ​នៅ​ដំណាច់​ខែ​មករា​កន្លង​ទៅ។

តែ​ពេល​នេះ​ឈាន​ចូល​ដល់​ខែ​កុម្ភៈ​ទៅ​ហើយ រដ្ឋាភិបាល​ឯកភាពជាតិ​នៅ​តែ​គ្មាន​រូបរាង សូម្បី​តែ​ស្រមោល​ក៏​គ្មាន​ដែរ។ ផ្ទុយ​ទៅ​វិញ អ្នក​ដែល​បាន​ឆក់ឱកាស​ទាញ​ចំណេញ​ពី​ការ​បែកបាក់​ផ្ទៃក្នុង​នៅ​លីប៊ី​សព្វថ្ងៃ គឺ​គ្មាន​នរណា​ក្រៅ​អង្គការ​រដ្ឋអ៊ីស្លាម​ទេ។ ត្រង់​ចំណុច​នេះ សហគមន៍​ពិត​ជា​យល់​មិន​ច្រឡំ​ទេ​ថា ការ​ទុក​បណ្តោយ​ឲ្យ​លីប៊ី​បន្ត​ធ្លាក់​ក្នុង​វិបត្តិ​ផ្ទៃក្នុង មាន​ន័យ​ស្មើ​នឹង​ទុក​បណ្តោយ​ឲ្យ​អង្គការ​រដ្ឋអ៊ីស្លាម​ឡើង​សោយរាជ្យ។ គឺ​នៅ​ក្នុង​ន័យ​នេះ​ហើយ​បាន​ជា​ក្រុមសម្ព័ន្ធមិត្ត​ប្រឆាំង​អង្គការ​រដ្ឋអ៊ីស្លាម​យល់​ឃើញ​ថា វា​ជា​រឿង​បន្ទាន់​បំផុត​ដែល​ត្រូវ​បើក​សមរភូមិ​ថ្មី​នៅ​លីប៊ី​ដើម្បី​កំចាត់​ពួក​នេះ។ បើ​ពុំ​នោះ​សោត​ទេ គឺ​ប្រទេស​លីប៊ី​ទាំង​មូល​តែ​ម្តង​ដែល​នឹង​ក្លាយ​ជា​ជង្រុក​របស់​អង្គការ​រដ្ឋអ៊ីស្លាម។

ការ​ទុក​បណ្តោយ​ឲ្យ​អង្គការ​រដ្ឋអ៊ីស្លាម​សោយរាជ្យ​នៅ​លីប៊ី​មិនមែន​ជា​គ្រោះថ្នាក់​សម្រាប់​លីប៊ី​តែ​មួយ​ទេ តែ​វា​នឹង​បង្ក​គ្រោះថ្នាក់​ដល់​តំបន់ និង​ពិភពលោក​ទាំង​មូល។ ក្រុមប្រទេស​សម្ព័ន្ធមិត្ត​អន្តរជាតិ​ប្រឆាំង​អង្គការ​រដ្ឋអ៊ីស្លាម​បាន​យល់​ឃើញ​ដូច​គ្នា​ថា អន្តរាគមន៍​នៅ​លីប៊ី​ត្រូវ​តែ​ធ្វើ​ឡើង​ដូច​អន្តរាគមន៍​នៅ​អ៊ីរ៉ាក់ និង​ស៊ីរី ពោល​ជា​អន្តរាគមន៍​ផ្លូវអាកាស ការ​ប្រើ​យន្តហោះ​គ្មាន​មនុស្សបើកបរ និង​ការ​បញ្ជូន​កម្លាំង​ពិសេស​នៅ​នឹង​កន្លែង ព្រម​ទាំង​មាន​មាន​ជំនួយ​ពី​កម្លាំងលីប៊ី​ក្នុង​ស្រុក។ គោលដៅ​របស់​ក្រុម​សម្ព័ន្ធមិត្ត គឺ​វាយប្រហារ​ឲ្យ​ចំ​ទីតាំង​របស់​ពួកជីហាត​រដ្ឋអ៊ីស្លាម​ដើម្បី​ចៀសវាង​ការ​ស្លាប់​ជនស៊ីវិល​ស្លូតត្រង់។

នៅ​ក្នុង​ចំណោម​ប្រទេស​សម្ព័ន្ធមិត្ត អាមេរិក​ហាក់​ដូច​ជា​សម្រេច​ចិត្ត​មុន​គេ តែ​មិន​ចង់​ក្លាយ​ជា​អ្នកដឹកនាំ​ម្នាក់​ឯង​ដូច​ដែល​ខ្លួន​បាន​ធ្វើ​នៅ​អ៊ីរ៉ាក់ និង​ស៊ីរី​ទេ។ អាមេរិក​ចង់​មាន​ការ​សហការណ៍​រួម​គ្នា​ពី​ប្រទេស​អ៊ីតាលី​ដែល​ជា​អតីត​ម្ចាស់អាណានិគម​លីប៊ី ប្រទេស​បារាំង ប្រទេស​អង់គ្លេស និង​ប្រហែល​ជា​មាន​ប្រទេស​អារ៉ាប់​មួយ​ចំនួន។ តែ​យ៉ាង​ណា​ក៏​ដោយ សំណួរ​ដែល​កំពុង​បន្ត​ចោទ​ឡើង​ដោយ​នៅ​មិន​ទាន់​មាន​ចម្លើយ​ពេល​នេះ​គឺ​ថា តើ​អន្តរាគមន៍​របស់​កម្លាំងសម្ព័ន្ធមិត្ត​អាច​នឹង​ចាប់​ផ្តើម​នៅ​ពេល​ណា និង​ក្រោម​ទ្រង់ទ្រាយ​យ៉ាង​ម៉េច​ខ្លះ?។

ជា​ការ​ពិត ក្រុម​ប្រទេស​សម្ព័ន្ធមិត្ត​បាន​យល់​ដូច​គ្នា​ពី​ភាព​ចាំបាច់ និង​បន្ទាន់​ដែល​គេ​ត្រូវ​ទប់ស្កាត់​ការ​ឡើង​ឥទ្ធិពល​របស់​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ក្នុង​ប្រទេស​លីប៊ី។ តែ​អ្វី​ដែល​គ្រប់ភាគី​ជម្លោះ​ផ្ទៃក្នុង​លីប៊ី​មិន​ចង់​ឃើញ​នោះ គឺ​ការ​ប្រែ​ក្លាយ​អន្តរគមន៍​យោធា​របស់​កម្លាំង​សម្ព័ន្ធមិត្ត​លើ​អង្គការ​រដ្ឋអ៊ីស្លាម​ទៅ​ជា​មធ្យាបាយ​ដើម្បី​ដំណោះស្រាយ​វិបត្តិផ្ទៃក្នុង​នៅ​លីប៊ី។ សម្រាប់​ប្រទេស​ខ្លះ​នៅ​ក្នុង​ក្រុមប្រទេស​សម្ព័ន្ធមិត្ត ពិសេស​បារាំង​បាន​បញ្ជាក់​ថា អ្វី​ដែល​សំខាន់​នៅ​ចំពោះ​មុខ គឺ​មិនមែន​អន្តរាគមន៍​យោធា​នៅ​លីប៊ី​ទេ តែ​គឺ​ការពង្រឹង​រដ្ឋាភិបាល​បង្រួបបង្រួមជាតិ​មួយ​ដើម្បី​ឲ្យ​លីប៊ី​និយាយ​សម្លេង​តែ​មួយ។

ការ​យល់​ឃើញ​របស់​បារាំង​ពិត​ជា​មិន​ខុស​ទេ ព្រោះ​ថា ស្ថិរភាព​នយោបាយ​នៅ​លីប៊ី​អាច​ជា​បច្ច័យ​មួយ​ដ៏​សំខាន់​ដើម្បី​ទប់ស្កាត់​ការ​ឡើង​ចាង​របស់​អង្គការ​រដ្ឋអ៊ីស្លាម។ តែ​បើ​អន្តរាគមន៍​យោធា​របស់​ក្រុមសម្ព័ន្ធមិត្ត​ប្រឆាំង​អង្គការ​រដ្ឋអ៊ីស្លាម​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​លីប៊ី​កំពុង​ប្រកាប់ប្រចាក់​គ្នា​ឯង​នោះ វានឹង​រឹត​តែ​ធ្វើ​វិបត្តិនយោបាយ​លីប៊ី​ផុង​ខ្លួន​កាន់​តែ​ជ្រៅទៅវិញ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ