អានតួអត្ថបទ
លីប៊ី

លីប៊ី៖ហេតុអ្វី​បាន​អង្គការ​រដ្ឋអ៊ីស្លាម​កាន់​តែ​ឡើង​ឥទ្ធិពល?

ស្ថានការណ៍​កំពុង​បន្ត​ដុនដាប​នៅ​ក្នុង​ប្រទេស​លីប៊ី។ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៧ មករា មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ៧៤នាក់ និង​របួស​ជា​ច្រើន​រយ​នាក់​ផ្សេង​ទៀត។ បើ​គិត​តាំង​ពី​ឆ្នាំ ២០១១ ពោល​តាំង​ពី​ការ​ដួល​រលំ​របប​ដឹកនាំ​ដោយ​មេផ្តាច់ការ​កាដាហ្វី​ក្នុង​ខែ​កុម្ភៈ ឆ្នាំ ២០១១ មក នេះ​ជា​អំពើ​ភេរវកម្ម​ដែល​បាន​សម្លាប់​ច្រើន​ជាង​គេ​នៅ​ក្នុង​ទឹកដី​លីប៊ី។ សហគមន៍​អន្តរជាតិ​បាន​ថ្កោលទោស​លើ​អំពើ​ភេរវកម្ម និង​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ឯកភាព​រវាង​ប្រជាជន​លីប៊ី ពិសេស​រវាង​ភាគី​ជម្លោះ​ផ្ទៃក្នុង​ដែល​កំពុង​បន្ត​ហែកហួរ​គ្នា​ដើម្បី​អំណាច។ អ្វី​ដែល​សហគមន៍​អន្តរជាតិ​បារម្ភ​ខ្លាំង គឺ​ខ្លាច​តែ​លីប៊ី​ធ្លាក់​ក្នុង​កណ្តាប់ដៃ​របស់​អង្គការ​រដ្ឋអ៊ីស្លាម។

រូបភាព​ក្រោយ​អំពើភេរវកម្ម​អត្តឃាត​ក្នុង​ប្រទេស​លីប៊ី ថ្ងៃទី៧ មករា ២០១៦
រូបភាព​ក្រោយ​អំពើភេរវកម្ម​អត្តឃាត​ក្នុង​ប្រទេស​លីប៊ី ថ្ងៃទី៧ មករា ២០១៦ REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ការ​ផ្តួល​រំលំ​របប​ផ្តាច់ការ​របស់​កាដាហ្វី​ក្នុង​ថ្ងៃទី១៧ កុម្ភៈ ឆ្នាំ ២០១១ ប្រជាជន​លីប៊ី​សង្ឃឹម​នឹង​ទទួល​បាន​ភាព​រុងរឿង និង​សិទ្ធិសេរីភាព​ពេញលេញ។ តែ​ក្តី​សង្ឃឹម​នេះ​គ្រាន់​ជា​សុបិន្ត​ប៉ុណ្ណោះ ព្រោះ​តាំង​ពី​ពេល​នោះ​មក ប្រទេស​លីប៊ី​ទំាង​មូល​បាន និង​កំពុង​បន្ត​ប្រឈម​មុខ​នឹង​អំពើហិង្សា និង​អស្ថិរភាព​នយោបាយ​មក​ដល់​សព្វថ្ងៃ ដូច​យ៉ាង​អំពើ​ភេរវកម្ម​អត្តឃាត​ចំនួន​ពីរ​ផ្តាច់​ជីវិត​មនុស្ស​ជាង ៧០នាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៧ មករា ឆ្នាំ ២០១៦ ជា​ឧទាហរណ៍​ជាក់ស្តែង។

គួរ​រម្លឹក​ជូន​ឡើង​វិញ​ថា ៤ឆ្នំា ក្រោយ​ការ​ដួល​រលំ​របប​ផ្តាច់ការ​កាដាហ្វី​មក លីប៊ី​កំពុង​បន្ត​ស្ថិត​ក្រោម​ការ​ដឹកនំា​របស់​រដ្ឋាភិបាល​បណ្តោះអាសន្ន​មក​ដល់​បច្ចុប្បន្ន។ តែ​ទន្ទឹម​គ្នា​នឹង​រដ្ឋាភិបាល​បណ្តោះអាសន្ន​ដែល​មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង​តូព្រុក និង​ដែល​ទទួល​ស្គាល់​ដោយ​សហគមន៍​អន្តរជាតិ ក៏​នៅ​មាន​រដ្ឋាភិបាល​ក្រៅ​ខោ​មួយ​ដែល​មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង​ទ្រីប៉ូលី និង​ដែល​សហគមន៍​អន្តរជាតិ​មិន​បាន​ទទួល​ស្គាល់​ទេ។ រដ្ឋាភិបាល​ក្រៅខោ​នៅ​ទ្រីប៉ូលី​នោះ​កំពុង​ដឹកនំា​ដោយ​ក្រុម​អ៊ីស្លាម​និយម​ជ្រុល​ដែល​បាន​តាំង​ខ្លួន​ជា​អ្នកបដិវត្ដន៍​ប្រឆាំង​នឹង​របប​ផ្តាច់ការ​របស់​កាដាហ្វី។

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ភាគី​ជម្លោះ​ផ្ទៃក្នុង​ទាំង​ពីរ​បាន​ប្រឈម​មុខ​ដាក់​គ្នា​ដើម្បី​ក្រសោប​អំណាច​គ្រប់គ្រង​ប្រទេស។ តែ​បញ្ហា​នៅ​ត្រង់​ថា ភាព​ប្រទូស្រ្តាយ​រវាង​គូបដិបក្ខ​ទាំង​ពីរ​បាន​ធ្វើ​ឲ្យ​ស្ថានការណ៍​ក្នុង​ប្រទេស​កាន់​តែ​ធ្លាក់​ដុនដាប​ទៅៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ទាំង​នៅ​ក្នុង​ផ្នែក​សន្តិសុខ និង​សេដ្ឋកិច្ច។ ទំាង​នេះ​ពិត​ជា​រូបភាព​មួយ​ដែល​ប្រជាជន​លីប៊ី​មិន​បាន​រង់ចំា​ទាល់​តែ​សោះ នៅ​ក្រោយ​ការ​ធ្វើ​បដិវត្តន៍​របស់​ពួក​គេ។

អង្គការ​រដ្ឋអ៊ីស្លាម​ឆក់ឱកាស​ក្នុង​ពេល​លីប៊ី​បែកបាក់​ផ្ទៃក្នុង

កាល​ពី​ថ្ងៃ​ទី១៧ ធ្នូ ឆ្នាំ ២០១៥ និង​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​អង្គការ​សហប្រជាជាតិ រដ្ឋាភិបាល​ទាំង​ពីរ​នៅ​លីប៊ី​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​បង្កើត​ឲ្យ​មាន​រដ្ឋាភិបាល​ឯកភាពជាតិ។ កិច្ចព្រមព្រៀង​នោះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​នៅ​ក្នុង​ប្រទេស​ម៉ារ៉ុក ពោល​មិន​មែន​ក្នុង​ទឹកដី​លីប៊ី​ទេ ព្រោះ​កុំ​ឲ្យ​មាន​ការ​ប្រទាញប្រទង់​គ្នា​រវាង​ភាគី​ជម្លោះ​ផ្ទៃក្នុង​ទាំង​ពីរ។ តាម​ធម្មតា ក្រុម​អ្នកតំណាង​រដ្ឋាភិបាល​ទាំង​ពីរ​នៅ​លីប៊ី​នឹង​ត្រូវ​ឲ្យ​សច្ចាប័ន្រ​លើ​កិច្ចព្រមព្រៀង​ដែល​ខ្លួន​បាន​ចុះ​ហត្ថលេខា​ឲ្យ​បាន​មុន​ថ្ងៃទី១៧ មករា​ខាង​មុខ ហើយ​រដ្ឋាភិបាល​ឯកភាពជាតិ​នឹង​ត្រូវ​ចេញ​រូបរាង​នៅ​ចុង​ខែ​មករា​នេះ។

តែ​បើ​តាម​មើល​ទៅ គឺ​ប្រហែល​ជា​ពិបាក​បន្តិច ព្រោះ​ក្រុម​អ្នក​តំណាង​រដ្ឋាភិបាល​ក្រៅ​ខោ​នៅ​ទ្រីប៉ូលី​ទើប​បាន​យល់​ឃើញ​ថា កិច្ចព្រមព្រៀង​នោះ​បាន​ផ្តល់​ផលចំណេញ​តិចតួច​ណាស់​ចំពោះ​ខ្លួន។ យ៉ាង​ណា​ក៏​ដោយ ប្រេសិត​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​វិបត្តិ​លីប៊ី​លោក Martin Kobler បាន​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ពី​ភាព​ចាំបាច់​ដែល​ភាគី​ជម្លោះ​ទាំង​ពីរ​ត្រូវ​អនុវត្តន៍​កិច្ចព្រមព្រៀង​ឲ្យ​បាន​ឆាប់ និង​បន្ទាន់​បំផុត។ គេ​មិន​ដឹង​ថា តើ​អំពើភេរវកម្ម​អត្តឃាត​បង្ក​ឡើង​ដោយ​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ថ្ងៃទី៧ មករា ឆ្នាំ ២០១៦ អាច​នឹង​ជួយ​ដាស់​សតិ​ភាគី​ជម្លោះ​ទាំង​ពីរ​ឲ្យ​យល់​ពី​ផលវិបាក​ដែល​ប្រទេស​កំពុង​ជួប​ប្រទះ ឬ​អត់​ទេ។

តែ​លោក Martin បាន​ព្រមាន​ទុក​ជា​មុន​ថា ការ​បន្ត​ពន្យារ​ពេល​ទៅ​មុខ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ឯកភាពជាតិ គឺ​មាន​ន័យ​ស្មើ​នឹង​ទុក​ពេល​ឲ្យ​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ឡើង​ចាង​កាន់​តែ​ខ្លាំង។ ការ​អះអាង​របស់​ប្រេសិត​ពិសេស​សហប្រជាជាតិ​រូប​នេះ​ពិត​ជា​មិន​ខុស​ទេ ព្រោះ​ថា អង្គការ​រដ្ឋអ៊ីស្លាម​កំពុង​ឆក់ឱកាស​ក្នុង​ពេល​ដែល​លីប៊ី​កំពុង​ច្របូកច្របល់ ពោល​ក្នុង​ពេល​ដែល​លីប៊ី​គ្មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង​រឹងមាំ។ ចំណែក​សហគមន៍​អន្តរជាតិ​វិញ​ក៏​គ្មាន​ជម្រើស​អ្វី​នឹង​ជួយ​លីប៊ី​ដែរ ព្រោះ​ថា បើ​លីប៊ី​ធ្លាក់​ក្នុង​ដៃ​របស់​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម គឺ​ជា​រឿង​គ្រោះថ្នាក់​ខ្លាំង​ណាស់​សម្រាប់​ពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ