អានតួអត្ថបទ
បារំាង-កាតា

បារំាង៖លោកហ្រ្វង់ស័រ ហូឡង់​ទៅ​ទស្សនកិច្ច​ក្នុង​ប្រទេស​កាតា មុន​នឹង​ទៅ​ចូលរួម​ជំនួបកំពូល​ក្នុង​តំបន់

នៅ​ថ្ងៃ​ចន្ទ ទី៤ ឧសភា​នេះ លោក​ប្រធានាធិបតី​បារំាង​ហ្រ្វង់ស័រ ហូឡង់​បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​ក្នុង​ប្រទេស​កាតា​ដែល​លោក​បាន​ចូលរួម​នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​លក់​យន្តហោះចម្បំាងបារំាង Rafale ចំនួន ២៤គ្រឿង​ឲ្យ​ប្រទេស​កាតា។ បន្ទាប់​មក លោក​ហូឡង់​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​អារ៉ាប៊ីសាអូឌីត​ដើម្បី​ចូលរួម​នៅ​ក្នុង​ជំនួបកំពូល​នៃ​ក្រុមប្រឹក្សា​កិច្ចសហប្រតិបត្តិការ​ឈូងសមុទ្រពែក្ស​នៅ​ថ្ងៃ​អង្គារ ទី៥ ឧសភា​ស្អែក។ អ្វី​ជា​ការ​កត់សម្គាល់ លោក​ប្រមុខរដ្ឋបារំាង គឺ​ជា​ថ្នាក់ដឹកនំា​ជាន់ខ្ពស់​អឺរ៉ុប​តែ​ម្នាក់​ដែល​បាន​អញ្ជើញ​ឲ្យ​ចូលរួម​នៅ​ក្នុង​ជំនួបកំពូល​នោះ។

បារំាង៖លោកហ្រ្វង់ស័រ ហូឡង់​ទៅ​ទស្សនកិច្ច​ក្នុង​ប្រទេស​កាតា មុន​នឹង​ទៅ​ចូលរួម​ជំនួបកំពូល​ក្នុង​តំបន់
បារំាង៖លោកហ្រ្វង់ស័រ ហូឡង់​ទៅ​ទស្សនកិច្ច​ក្នុង​ប្រទេស​កាតា មុន​នឹង​ទៅ​ចូលរួម​ជំនួបកំពូល​ក្នុង​តំបន់ AFP PHOTO/ POOL / CHRISTOPHE ENA
ផ្សាយពាណិជ្ជកម្ម

លោក​ប្រធានាធិបតី​បារំាង​ហ្រ្វង់ស័រ ហូឡង់​ត្រូវ​បាន​ទទួល​ដោយ​ប្រមុខរដ្ឋ​កាតា ព្រះចៅ​ឆែកតាមីម បេនហាម៉ាដ អាល់ថានី​នៅ​ឯ​អាកាសយានដ្ឋាន​ក្នុង​ទីក្រុង​ដូហា ប្រទេស​កាតា។ បន្ទាប់​ពី​បាន​ជួប​សន្ទនា​គ្នា​រយៈពេល​ខ្លី​មក ប្រមុខ​រដ្ឋ​ទំាង​ពីរ​រូប​ក៏​បាន​ចូលរួម​នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​កុងត្រា​ដែល​ប្រទេស​កាតា​បាន​កម្ម៉ង់​ទិញ​យន្តហោះចម្បំាងបារំាង Rafale ចំនួន ២៤គ្រឿង​មាន​ទឹកប្រាក់​សរុប ៦ ៣០០លានអឺរ៉ូ។ ពិធី​ចុះហត្ថលេខា​លក់​យន្តហោះចម្បំាង​បារំាង Rafale ឲ្យ​ប្រទេស​កាតា​ពេល​នេះ ជា​សក្ខីកម្ម​ថ្មី​មួយ​ទៀត​ដែល​បញ្ជាក់​ពី​ជោគជ័យ​នៃ​ការ​លក់​យន្តហោះចម្បំាងបារំាង​ទៅ​កាន់​បរទេស​ជា​បន្តបន្ទាប់។ គួរ​រម្លឹក​ជូន​ថា ក្រៅ​ពី​ប្រទេស​កាតា​ពេល​នេះ អេហ្ស៊ីប និង​ឥណ្ឌា​ក៏​បាន​កម្ម៉ង់ទិញ​យន្តហោះចម្បំាង Rafale របស់​បារំាង​ដែរ​ក្នុង​ឆ្នំា ២០១៥ នេះ។

តាម​ពិត​ទៅ ដំណើរ​ទៅ​កាន់​ប្រទេស​កាតា​របស់​លោក​ហូឡង់​ថ្ងៃ​នេះ​មិន​បាន​គ្រោង​ទុក​ជា​មុន​ឡើយ គឺ​ទើប​តែ​លេច​ដំណឹង​រឿង​ប្រទេស​កាតា​ទិញ​យន្តហោះចម្បំាង​បារំាង Rafale ទេ​ដែល​លោក​ហូឡង់​បាន​ប្តូរ​កម្មវិធី​ទៅ​កាតា​ដើម្បី​ចូលរួម​នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​ជា​ផ្លូវការ​នៅ​ថ្ងៃ​នេះ។ បន្ទាប់​ពី​កាតា លោក​ហូឡង់​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​អារ៉ាប៊ីសាអូឌីត​ដើម្បី​ចូលរួម​នៅ​ក្នុង​ជំនួបកំពូល​នៃ​ក្រុមប្រឹក្សា​កិច្ចសហប្រតិបត្តិការ​ឈូងសមុទ្រពែក្ស​ដែល​នឹង​រៀបចំ​នៅ​ក្នុង​ទីក្រុង​រីយ៉ាដ​នា​ថ្ងៃ​អង្គារ ទី៥ ឧសភា។ វត្តមាន​របស់​លោក​ហូឡង់​នៅ​ក្នុង​ទឹកដី​អារ៉ាប៊ីសាអូឌីត​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​អារ៉ាប៊ីសាអូឌីត​កំពុង​ដឹក​នំា​កម្លំាង​សម្ព័ន្ធមិត្ត​វាយប្រហារ​លើ​ពួកឧទ្ទាម​ហ៊ូទី្ស​ក្នុង​ប្រទេស​យ៉េម៉ែន។

ដូច្នេះ​ស្ថានការណ៍​នៅ​យេម៉ែន រួម​ទំាង​សំណុំរឿង​ក្នុង​តំបន់​ជា​ច្រើន​ទៀត មាន​ដូច​ជា​បញ្ហា​នៅ​ក្នុង​ប្រទេស​ស៊ីរី នៅ​អ៊ីរ៉ាក់ ព្រម​ទំាង​បញ្ហា​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​នឹង​ក្លាយ​ជា​ប្រធានបទ​សំខាន់​ដែល​ថ្នាក់ដឹកនំា​នៃ​រាជានិយម​ក្នុង​តំបន់​ឈូងសមុទ្រពែក្ស​លើក​យក​ទៅ​ជជែក។ អ្វី​ជា​ការ​កត់សម្គាល់ លោក​ប្រមុខរដ្ឋ​បារំាង គឺ​ជា​ថ្នាក់ដឹកនំា​ជាន់ខ្ពស់​អឺរ៉ុប​តែ​ម្នាក់​ដែល​បាន​អញ្ជើញ​ឲ្យ​ចូលរួម​នៅ​ក្នុង​ជំនួបកំពូល​នៃ​ក្រុមប្រឹក្សា​កិច្ចសហប្រតិបត្តិការ​ឈូងសមុទ្រពែក្ស​រៀបចំ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ