អានតួអត្ថបទ
អ៊ីរ៉ង់-នុយក្លេអ៊ែរ-AIEA

នុយក្លេអ៊ែរ៖គោលដៅ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​អគ្គនាយក AIEA នៅ​អ៊ីរ៉ង់

លោក​យូគីយ៉ា អាម៉ាណូ (Yukiya Amano) អគ្គនាយក​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ហៅកាត់​ថា AIEA កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់។ ទស្សនកិច្ច​របស់​ប្រមុខ AIEA នៅ​អ៊ីរ៉ង់​ពេល​នេះ​បាន​ធ្វើ​ឡើង នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចព្រមព្រៀង​ស្តីពី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដែល​សហគមន៍​អន្តរជាតិ និង​ទីក្រុង​តេហេរ៉ង់​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃទី១៤ កក្កដា​កន្លង​ទៅ។ នៅ​រសៀល​ថ្ងៃ​អាទិត្យ ទី២០ កញ្ញា លោក​អាម៉ាណូ​ត្រូវ​បាន​រដ្ឋអំណាច​ទីក្រុង​តេហេរ៉ង់​អនុញ្ញាត​ឲ្យ​ទៅ​ត្រួតពិនិត្យ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ប៉ាឈីន (Parchin) ដែល​សហគមន៍​អន្តរជាតិ​សង្ស័យ​ថា មាន​លាក់កំបំាង​កម្មវិធី​នុយក្លេអ៊ែរ​យោធា។

ជំនួប​រវាង​លោក Yukiya Amano (រូប​ឆ្វេង) ប្រមុខ AIEA និង​លោក​ប្រធានាធិបតី​អ៊ីរ៉ង់ Hassan Rohani ក្នុង​ទីក្រុង​តេហេរ៉ង់ ថ្ងៃ​ទី២០ កញ្ញា ២០១៥
ជំនួប​រវាង​លោក Yukiya Amano (រូប​ឆ្វេង) ប្រមុខ AIEA និង​លោក​ប្រធានាធិបតី​អ៊ីរ៉ង់ Hassan Rohani ក្នុង​ទីក្រុង​តេហេរ៉ង់ ថ្ងៃ​ទី២០ កញ្ញា ២០១៥ REUTERS
ផ្សាយពាណិជ្ជកម្ម

កម្មវត្ថុ​សំខាន់​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​អគ្គនាយក AIEA នៅ​អ៊ីរ៉ង់ គឺ​ដើម្បី​ស្វែង​រក​ការ​ពិត​ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់ ពោល​ដើម្បី​ចង់​ដឹង​ថា តើ​នៅ​ក្នុង​កម្មវិធី​នុយក្លេអ៊ែរ​ដែល​អ៊ីរ៉ង់​បាន​អនុវត្តន៍​នៅ​ក្នុង​អតីតកាល​មាន​បង្កប់​ដោយ​កម្មវិធី​នុយក្លេអ៊ែរ​យោធា ឬ​អត់?។ គួរ​ជម្រាប​ជូន​ថា វត្តមាន​របស់​លោក​អគ្គនាយក​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ AIEA ក្នុង​ទឹកដី​អ៊ីរ៉ង់​ពេល​នេះ​បាន​ធ្វើ​ឡើង នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដែល​សហគមន៍​អន្តរជាតិ និង​ទីក្រុង​តេហេរ៉ង់​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃទី១៤ កក្កដា ឆ្នំា ២០១៥ កន្លង​ទៅ។

ដើម្បី​អាច​ឲ្យ​ការ​អនុវត្តន៍​លើ​កិច្ចព្រមព្រៀង​នោះ​មាន​ដំណើរ​ទៅ​មុខ​ដោយ​រលូន​បាន លុះ​ត្រា​តែ​មាន​ការ​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់​ពី AIEA លើ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​មួយ​ចំនួន​របស់​អ៊ីរ៉ង់​ដែល​សហគមន៍​អន្តរជាតិ​កំពុង​សង្ស័យ​ថា ជា​មជ្ឈមណ្ឌល​ដែល​អ៊ីរ៉ង់​បាន​ប្រើ​សម្រាប់​កម្មវិធី​នុយក្លេអ៊ែរ​យោធា។ មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ដែល​សហគមន៍អន្តរជាតិ​កំពុង​សង្ស័យ និង​ដែល​បន្ត​ឋិត​ជា​អាថ៍កំបំាង​មក​ដល់​សព្វថ្ងៃ គឺ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ប៉ាឈីន​ស្ថិត​ប៉ែក​ខាង​កើត​ទីក្រុង​តេហេរ៉ង់។ តែ​ទីបំផុត​នា​ថ្ងៃ​អាទិត្យ ទី២០ កញ្ញា អ៊ីរ៉ង់​បាន​យល់​ព្រម​បើក​ទ្វារ​មជ្ឈមណ្ឌល​ប៉ាឈីន​ឲ្យ​ប្រមុខ AIEA លោក​អាម៉ាណូ​ចូល​ត្រួតពិនិត្យ។

គួរ​រម្លឹក​ជូន​ថា អ៊ីរ៉ង់​តែងតែ​បាន​បដិសេធ​មិន​ឲ្យ AIEA ចូល​ទៅ​ត្រួតពិនិត្យ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ប៉ាឈីន​ទេ​ដោយ​សំអាង​ថា ក្រុម​អធិការ​អន្តរជាតិ​ធ្លាប់​បាន​ទៅ​ត្រួតពិនិត្យ​ម្តង​ហើយ​ក្នុង​ឆ្នំា ២០០៥ ហើយ​ពួក​គេ​គ្មាន​រក​ឃើញ​អ្វី​ដែល​គួរ​ឲ្យ​សង្ស័យ​ឡើយ។ តែ​សហគមន៍​អន្តរជាតិ​មិន​ជឿ ហើយ​ថ្មីៗ​នេះ​ទៀត កាសែត​អាមេរិកំាង​ថែម​ទំាង​បាន​លើក​ឡើង​ពី​ការ​ដែល​អ៊ីរ៉ង់​បាន​ធ្វើ​ការ​ជួសជុល​គួរ​ឲ្យ​សង្ស័យ​លើ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ប៉ាឈីន។ អ៊ីចឹង​ហើយ​បាន​ជា​នៅ​ដើម​ខែ​កញ្ញា​កន្លង​ទៅ ប្រមុខ AIEA លោក​អាម៉ាណូ​ក៏​បាន​សុំ​អ៊ីរ៉ង់​ចូល​ទៅ​ត្រួតពិនិត្យ​លើ​មជ្ឈមណ្ឌល​ប៉ាឈីន​ដើម្បី​បញ្ចប់​ភាព​មន្ទិលសង្ស័យ​កន្លង​មក។

AIEA ត្រូវ​បញ្ជូន​របាយការណ៍​ស្តីពី​ការងារ​របស់​ខ្លួន​ឲ្យ​បាន​មុន​ថ្ងៃទី១៥ ធ្នូ

បន្ទាប់​ពី​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​នៅ​ក្នុង​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ប៉ាឈីន លោក​អគ្គនាយក AIEA អាម៉ាណូ​ក៏​បាន​ចូល​ជួប​សន្ទនា​ជា​មួយ​លោក​ប្រធានាធិបតី​អ៊ីរ៉ង់​រ៉ូហានី។ នៅ​ក្នុង​ជំនួប​នោះ លោក​អាម៉ាណូ​មិន​បាន​លំអិត​ពី​ចំណុច​ដែល​លោក​បាន​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់​នៅ​ក្នុង​មជ្ឈមណ្ឌល​ប៉ាឈីន​ទេ តែ​បាន​អះអាង​ពី​តួនាទី​របស់ AIEA នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ពេល​នេះ។ យោង​តាម​លោក​អាម៉ាណូ AIEA ស្វែង​រក​សេចក្តីបំភ្លឺ​លើ​សំណួរ និង​ភាព​មន្ទិលសង្ស័យ​មួយ​ចំនួន​ដែល​លោក​គិត​ថា ជា​មូលដ្ឋានគ្រឹះ​ដ៏​ល្អ​សម្រាប់​កិច្ចសហប្រតិបត្តិការ​យូរអង្វែង​រវាង​អ៊ីរ៉ង់ និង​សហគមន៍​អន្តរជាតិ។

លោក​អាម៉ាណូ​បាន​បន្ថែម​ថា អ្វី​ដែល AIEA កំពុង​ធ្វើ​ពេល​នេះ គឺ​ជា​កាតព្វកិច្ច​មួយ​ដែល​ត្រូវ​បំពេញ​មួយ​ជំហាន​ម្តងៗ​លើ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ព្រម​ទំាង​សង្ឃឹម​ថា AIEA នឹង​ត្រូវ​រៀបចំ​របាយការណ៍​មួយ​ស្តីពី​លទ្ធផល​ការងារ​របស់​ខ្លួន​ដែល​មាន​លក្ខណៈ​មិន​លំអៀង​ឲ្យ​បាន​មុន​ថ្ងៃទី១៥ ធ្នូ​ខាង​មុខ។ ចំណែក​លោក​ប្រធានាធិបតី​អ៊ីរ៉ង់​រ៉ូហានី​បាន​ថ្លែង​ថា អ៊ីរ៉ង់​នឹង​អនុវត្តន៍​លើ​ពិធីសារបន្ថែម​ស្តីពី​សន្ធិសញ្ញា​មិន​សាយភាយ​នុយក្លេអ៊ែរ​ដោយ​ស្ម័គ្រចិត្ត និង​សង្ឃឹម​ថា AIEA ក៏​នឹង​ធ្វើ​ការ​តាម​ដាន​លើ​ការ​អនុវត្តន៍​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ចុះ​ហត្ថលេខា​រវាង​សហគមន៍​អន្តរជាតិ និង​អ៊ីរ៉ង់​កាល​ពី​ថ្ងៃទី១៤ កក្កដា​ដោយ​យុត្តិធម៌។

ការ​បើក​ទ្វារ​មជ្ឈមណ្ឌល​ប៉ាឈីន​ឲ្យ AIEA ជា​ឆន្ទៈ​ល្អ​របស់​អ៊ីរ៉ង់

តាម​គម្រោង និង​ដើម្បី​អាច​អនុវត្តន៍​លើ​កិច្ចព្រមព្រៀង​ចុះ​ហត្ថលេខា​ថ្ងៃទី១៤ កក្កដា ឆ្នំា ២០១៥ រវាង​សហគមន៍​អន្តរជាតិ និង​អ៊ីរ៉ង់​បាន AIEA ត្រូវ​បញ្ជូន​របាយការណ៍​ការងារ​របស់​ខ្លួន​ដែល​នឹង​បំភ្លឺ​រាល់​ភាព​មន្ទិលសង្ស័យ​ទំាង​អស់​ទាក់ទង​នឹង​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឲ្យ​បាន​មុន​ថ្ងៃទី១៥ ធ្នូ​ខាង​មុខ។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ប្រមុខ AIEA លោក​អាម៉ាណូ​បាន​រក​ឃើញ​អ្វី​ខ្លះ​នៅ​ក្នុង​មជ្ឈមណ្ឌល​ប៉ាឈីន​នោះ​ទេ តែ​ការ​ដែល​អ៊ីរ៉ង់​បាន​យល់ព្រម​បើក​ទ្វារ​មជ្ឈមណ្ឌល​ប៉ាឈីន​ឲ្យ AIEA ចូល​ត្រួតពិនិត្យ​ពេល​នេះ គឺ​ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​ពី​ឆន្ទៈ​ល្អ​របស់​អ៊ីរ៉ង់​រួច​ទៅ​ហើយ។

គួរ​រម្លឹក​ជូន​ថា វិបត្តិ​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដែល​បាន​ផ្ទុះ​ឡើង​ដំបូង​ក្នុង​ឆ្នំា ២០០៣ គឺ​ជា​វិបត្តិ​មួយ​ស្មុគស្មាញ សំាញំា និង​ប្រទាញប្រទង់​គ្នា​យ៉ាង​ខ្លំាង​រវាង​សហគមន៍​អន្តរជាតិ និង​អ៊ីរ៉ង់។ សហគមន៍​អន្តរជាតិ​បាន​សង្ស័យ​ថា អ៊ីរ៉ង់​បាន​អនុវត្តន៍​កម្មវិធី​នុយក្លេអ៊ែរ​ក្នុង​គោលដៅ​យោធា តែ​អ៊ីរ៉ង់​តែងតែ​បដិសេធ​ដោយ​អះអាង​ថា កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​មាន​គោលដៅ​ស៊ីវិល​សុទ្ធសាធ និង​ថា ខ្លួន​ក៏​មាន​សិទ្ធិ​បំពាក់​នុយក្លេអ៊ែរ​ស៊ីវិល​ដូច​បណ្តា​ប្រទេស​មួយ​ចំនួន​ក្នុង​លោក​ដែរ។ តែ​សហគមន៍​អន្តរជាតិ​នៅ​តែ​មិន​ជឿ។

ការ​ចរចា​បាន​បន្ត​ជា​ហូរហែ និង​គេ​ត្រូវ​រង់ចំា​នៅ ១២ឆ្នំា​ក្រោយ​មក ពោល​​នៅ​ថ្ងៃទី១៤ កក្កដា ឆ្នំា ២០១៥ ទើប​ភាគី​ទំាង​ពីរ​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​មួយ។ នៅ​ក្នុង​កិច្ចព្រមព្រៀង​នោះ អ៊ីរ៉ង់​យល់ព្រម​កម្រិត​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន ព្រម​ទំាង​យល់ព្រម​ឲ្យ​មាន​ការ​ចូល​ត្រួតពិនិត្យ​ពី​ក្រុមអធិការ​អន្តរជាតិ ជា​ថ្នូរ​នឹង​ការ​លើក​ចេញ​វិញ​នូវ​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ