អានតួអត្ថបទ
អ៊ីរ៉ង់-នុយក្លេអ៊ែរ

អ៊ីរ៉ង់​ប្រគល់​ឯកសារ​ស្តីពី​សកម្មភាព​នុយក្លេអ៊ែរ ​ជូន​AIEA ​ តាម​ការ​សន្យា

ដូច​ការ​គ្រោងទុក ​និង​ការ​សន្យា​របស់​អ៊ីរ៉ង់ ​រដ្ឋាភិបាល​អ៊ីរ៉ង់​​ ទើប​បាន​ប្រគល់​ជូន​ ទី​ភ្នាក់​ងារ​ថាមពល​បរមាណូ​អន្តរជាតិ ​ហៅ​កាត់​ថា ​AIEA​ នូវ​សំណុំ ​ឯកសារ​ជា​ច្រើន ​ស្តី​ពី​សកម្មភាព​នុយក្លេអ៊ែរ​ របស់​អ៊ីរ៉ង់​កន្លង​មក។ នេះ​ជា​ការគោរព ​ទៅ​តាម​កិច្ច​ព្រមព្រៀង ​ដែល​អ៊ីរ៉ង់​បាន​ចុះ​ជាមួយ​ប្រទេស​មហា​អំណាច​ទាំង​៦ ​ដើម្បី​លាត​ត្រដាង​ ពី​សកម្មភាព​ផលិត​ជាតិ​អ៊ុយរ៉ានីញ៉ូម​ របស់​អ៊ីរ៉ង់ ​ដែល​កន្លង​មក​ត្រូវ​គេ​សង្ស័យ​ថា​ យក​ទៅ​ផលិត​គ្រាប់​បែក​បរមាណូ។

លោក​Yukiya Amano​​ អគ្គនាយក ភ្នាក់ងារបរមាណូ​អន្តរជាតិ​ (AIEA)  ជាមួយ​នឹង​លោក  Mohammad Javad Zarif​ រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់
លោក​Yukiya Amano​​ អគ្គនាយក ភ្នាក់ងារបរមាណូ​អន្តរជាតិ​ (AIEA) ជាមួយ​នឹង​លោក Mohammad Javad Zarif​ រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់ REUTERS/Lukas Barth
ផ្សាយពាណិជ្ជកម្ម

 

អ្នក​នាំ​ពាក្យ ​ទី​ភ្នាក់​ងារ​ថាមពល​បរមាណូ​អន្តរជាតិ ​ហៅ​កាត់​ថា ​AIEA ​ដែល​មាន​តួនាទី ​ត្រួត​ពិនិត្យ​សកម្មភាព​នុយក្លេអ៊ែរ ​របស់​អ៊ីរ៉ង់​ ទៅ​តាម​កិច្ច​ព្រម​ព្រៀង ​ បាន​បញ្ជាក់​ថា ​ខ្លួន​ទើប​បាន​ទទួល​សំណុំ​ឯកសារ​​ស្តីពី​សកម្មភាព​នុយក្លេអ៊ែរ​កន្លង​មក​របស់​អ៊ីរ៉ង់ ​ដែល​ភ្នាក់ងារ​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ​ទើប​ប្រគល់​ជូន​ នៅ​ថ្ងៃ​អាទិត្យ​ ទី​ ១៦​សីហា​នេះ។

អ្នក​នាំពាក្យ​កិច្ចការ​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ​បាន​អះអាង​ថា ​ អ៊ីរ៉ង់​បាន​ធ្វើ​នូវ​អ្វី​ ដែល​ខ្លួន​បាន​សន្យា ​ ដោយ​គោរព​ទៅ​តាម​កិច្ច​ព្រមព្រៀង ​ ដែល​បាន​ចុះ​ហត្ថលេខា​ កាល​ពី​ថ្ងៃទី​ ១៤ ​កក្កដា ​ជាមួយ​នឹង​ប្រទេស​មហា​អំណាច​ទំាង​៦ ​មាន​បារាំង ​អាមេរិក​ អង់គ្លេស​ ចិន​ រុស្ស៊ី ​និង​អាល្លឺម៉ង់។

ការ​ប្រគល់​ឯកសារ​ស្តីពី​សកម្មភាព​ផលិត​ជាតិ​អ៊ុយរ៉ានីញ៉ូម​ របស់​អ៊ីរ៉ង់​នេះ ​គឺ​ជា​ជំហាន​ទីមួយ ​នៃ​កម្មវិធី​គ្រប់គ្រង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ អ្វី​ដែល​សហគម​អន្តរជាតិ​ចង់​បាន​គឺ ​ភាព​ស្មោះត្រង់​របស់​អ៊ីរ៉ង់ ​ថា​ពិត​ជា​មិន​យក​ ធាតុ​អ៊ុយរ៉ានីញ៉ូម​ទាំង​នោះ ​ទៅ​ផលិត​គ្រាប់​បែក​បរមាណូ។ ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ដែល​គេ​សង្ស័យ​ថា ​រដ្ឋាភិបាល​ក្រុង​តេអេរ៉ង់​ បាន​លួច​ផលិត​គ្រាប់​បែក​បរមាណូ​ ដោយ​សំងាត់។ ជា​ថ្នូរ​ជាមួយ​នឹង​ការ​ចូល​ទៅ​ឆែកឆេរ ​ និង​ត្រួត​ពិនិត្យ​របស់ ​ភ្នាក់ងារ​បរមាណូ​អន្តរជាតិ ​អ៊ីរ៉ង់​ នឹង​ត្រូវ​បាន​ប្រទេស​មហាអំណាច​ ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ចេញ ​ដើម្បី​ឲ្យ​សេដ្ឋកិច្ច​អ៊ីរ៉ង់​ មាន​ដង្ហើម​ដក​ ឡើង​វិញ។

ទោះ​បី​ជា​កិច្ច​ព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​ ស្តីពី​ការ​គ្រប់គ្រង់​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ ត្រូវ​បាន​គេ​អបអរ​ក៏​ដោយ​ ក៏​ប្រទេស​មួយ​ចំនួន​ ដែល​មាន​និន្នាការ​ស្អប់​អ៊ីរ៉ង់ ​ដូច​ជា​អារ៉ាប៊ីសាអ៊ូឌីត​ និង ​អ៊ីស្រាអែល ​ជាដើម​ នាំ​គ្នា​រិះគន់​ថា ​ប្រទេស​មហា​អំណាច​ទាំង​៦ ​កំពុង​តែ​ចាញ់​បោក​អ៊ីរ៉ង់​ហើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ