អានតួអត្ថបទ
អ៊ុយក្រែន

កងទ័ពអ៊ុយក្រែន បានថ្លែងអំពីការឈប់បាញ់នៅខេត្តបះបោរ ដូណេត និង លូហ្កាន់

គឺ​ថ្ងៃ​អង្គារ​ទី​៩​ធ្នូ​នេះ ដែល​ស្រប​នឹង​សេចក្តី​ថ្លែងការណ៍​ធ្វើ​កាលពី​សប្តាហ៏​មុន ដោយ​លោក​ប្រធានាធិបតី ប៉េត្រូ ប៉ូរ៉ូឆេនកូ នៅ​តាម​ដែនដី​ខេត្ត​បះបោរ​ទាំង​ពីរ​នេះ ប៉ែក​ខាង​កើត អ៊ុយក្រែន ក្រោម​ឈ្មោះ​រួម​ថា ដុនបាស់ ដែល​មាន​ទំនោរ​មក​ខាង​រុស្ស៊ី ត្រូវ​ចាប់​ផ្តើម​គោរព​តាម បទ​ឈប់បាញ់។ ចំណែក​កាលបរិច្ឆេទ​បើក​ធ្វើ​កិច្ច​ចរចា​ឡើង​វិញ​នៅ​ក្រុង​មិនស្ក៏ រដ្ឋធានី បេឡារុស គឺ​ថ្ងៃ​សុក្រ​ទី​១២ធ្នូ។

ស្រ្តីម្នាក់ដើរលុយ​​ទឹកកក​ក្បែរទីបូជនីយដ្ឋានបាក់បែកមួយក្បែរកូនភ្នំមួយនៅខាងកើត​ខេត្តដូណេត
ស្រ្តីម្នាក់ដើរលុយ​​ទឹកកក​ក្បែរទីបូជនីយដ្ឋានបាក់បែកមួយក្បែរកូនភ្នំមួយនៅខាងកើត​ខេត្តដូណេត REUTERS/Maxim Shemetov
ផ្សាយពាណិជ្ជកម្ម

គឺ​តំណាង​នៃ​ទី​បញ្ជាការ​កងទ័ព​អ៊ុយក្រែន​ដែល​បាន​ប្រកាស​អំពី​ការ​ឈប់បាញ់ ថ្ងៃ​នេះ ប៉ុន្តែ​ទាំង​គូស​បញ្ជាក់​ថា ប្រសិនបើ​មាន​ការ​វាយប្រហារ​ពី​ខាង​ពួក​ឧទ្ទាម នោះ​គេ​នឹង​បាញ់ ឆ្លើយ តបវិញ​ដោយ​ឥត​បង្អែរ​បង្អង់​ឡើយ។

 
ចំណែក​សេនាធិការដ្ឋាន​កង​កម្លាំង​ពួក​ឧទ្ទាម ព្រឹក​ថ្ងៃ​៩​ធ្នូ​នេះ សង្កេត​ឃើញ មាន​ភាព​ស្ងប់ស្ងាត់​សណ្ឋិត​នៅ​តាម​ខ្សែ​ប្រឈមមុខ​ដាក់​គ្នា​រវាង​អង្គភាព​ទ័ព​អ៊ុយក្រែន​និង ពួក​ក្រុម​សេនាជន។

ជាការរំលឹក ការ​ឈប់បាញ់​ថ្ងៃ​៩​ធ្នូ​នេះ ដែល​ប្រកាស​ដោយ លោក​ប្រធានាធិបតី​អ៊ុយក្រែន ប៉ូរ៉ូឆេនកូ បាន​ត្រូវ​បញ្ជាក់​ដោយ​លោក Pourghine ជា​ប្រធាន​រដ្ឋសភា សាធារណរដ្ឋ ស្វ័យប្រកាស​ដូណេត​ហៅកាត់​ថា DNR និង​ដោយ​លោក Plotnitski ជា​ប្រមុខ សាធារណរដ្ឋ ស្វ័យ​ប្រកាស​លូហ្កាន់ ហៅកាត់​ថា LNR។

កិច្ចព្រមព្រៀង​ចុះ​នៅ​ក្រុង​មិនស្ក៏ កាលពី​ថ្ងៃ ទី​៥​កញ្ញា​និង​ថ្ងៃ​១៩​កញ្ញា ស្តី​អំពីបទ​ឈប់បាញ់ និង​ដែល​ចែង​ឲ្យ​ម្ខាងៗ ដក​សព្វាវុធ​ធុន​ធូន់​រៀងៗ​ខ្លួន ចេញពី​ខ្សែ​ប៉ះទង្គិច​គ្នា ទៅ​ចម្ងាយ ១៥ គ.ម. ដើម្បី​បង្កើត​ឡើង​ជា តំបន់​ទ្រនាប់ ទទឹង​៣០​គ.ម. តាម​សក្ខីកម្ម​នៃ​ក្រុម​អ្នក​ត្រួតពិនិត្យ របស់ “អង្គការ​ដើម្បី​សន្តិសុខ​និង​សហប្រតិបត្តិការ​នៅ​ទ្វីប​អឺរ៉ុប” OSCE គឺ​ត្រូវ​បាន​រំលោភ ជាច្រើនដង ដោយ​សង​ខាង​តែម្តង។

សាច់រឿង​មួយ​នៃ​កិច្ចចរចា​ថ្ងៃ​១២​ធ្នូ​ខាង​មុខ នៅ​ក្រុងមិនស្ក៏ រដ្ឋធានី​បេឡារុស គឺ​អំពី​ការបន្ត ប្តូរ​ឈ្លើយ​សឹក​ទៅវិញ​ទៅមក​តាម​រូបមន្ត​“​ទាំងអស់​ទល់​នឹង​ទាំង​អស់” ។ នឹង​ចូលរួម​ក្នុង កិច្ចចរចា​នេះ ក្រោម​ឈ្មោះ​ថា ក្រុម​ទំនាក់ទំនង គឺ​ តំណាង​របស់​អាជ្ញាធរ​អ៊ុយក្រែន តំណាង របស់​រុស្ស៊ី​តំណាង​របស់​អង្គការ​OSCE ព្រមទាំង​តំណាង​ភាគី​បះបោរ​នៅ​អ៊ុយក្រែន។

តាម​ទិន្នន័យ អ.ស.ប. ក្នុង​៨​ខែ​កន្លងទៅ នៃ​ជម្លោះ​ប្រដាប់អាវុធ​នៅ​តំបន់​ខាងកើត​អ៊ុយក្រែន មាន​បណ្តាជន ធ្លាក់​ខ្លួន​ស្លាប់​អស់​ជាង ៤.៣០០​នាក់ របួស ប្រមាណ ១០.០០០​នាក់។ គិតមក ទល់​ចុង​ខែ​វិច្ឆិកា ដោយ​មកពី​ភ្លើង​សង្គ្រាម មាន​អ្នក​ស្រុក​តំបន់​នេះ ជាង​១​លាន​នាក់​ បាន បោះបង់​លំនៅ​ខ្លួន​ហើយ​ក្លាយ​ជា​ជនភៀស​ខ្លួន​ពីក្នុង​នោះ តាមតួ​លេខ​ស្ថាប័ន​អន្តោប្រវេសន៍ រុស្ស៊ី មាន ២​សែន​២​ម៉ឺន​៥​ពាន់​នាក់​បាន​សុំ​ជម្រក​ជ្រកកោន​នៅ​រុស្ស៊ី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ