អានតួអត្ថបទ
អ៊ុយក្រែន-រុស្ស៊ី

ក្រុងគៀវ​ព្រមាន​ម៉ូស្គូ​កុំ​ឲ្យ​ជ្រៀតជ្រែក ក្នុង​រឿង អ៊ុយក្រែន​ចង់ចូល​ជា​សមាជិក​អូតង់

មូលហេតុ មកពី​ក្នុង​សម្ភាសន៍​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អង់គ្លេស BBC អ្នកនាំពាក្យ វិមាន​ក្រេមឡាំង ថ្លែង​ថា រុស្ស៊ី​ត្រូវការ​ឲ្យ​មាន​ការសន្យា​ធានា​ពី​ខាង​អូតង់ថា នឹង​ពុំ​ទទួល អ៊ុយក្រែន ចូលជា​សមាជិក បក្ស​សម្ព័ន្ធនេះ​ឡើយ។ ការទាមទារ​បែប​នេះ របស់​រុស្ស៊ី បាន​ញ៉ាំង ឲ្យ​ក្រសួង​ការបរទេស​អ៊ុយក្រែន បញ្ចេញ​ប្រតិកម្ម​ដោយ​ច្រឡោត។  

ប្រធានាធិបតី​អ៊ុយក្រែន​ជួប​ជាមួយ​អនុប្រធានាធិបតី​អាមេរិក ចូ បាយដិន នៅថ្ងៃ​ទី ២១ វិច្ឆិកា
ប្រធានាធិបតី​អ៊ុយក្រែន​ជួប​ជាមួយ​អនុប្រធានាធិបតី​អាមេរិក ចូ បាយដិន នៅថ្ងៃ​ទី ២១ វិច្ឆិកា ©REUTERS/Valentyn Ogirenko
ផ្សាយពាណិជ្ជកម្ម

ក្នុង​បទសម្ភាសន៍​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អង់គ្លេស BBC  អ្នកនាំពាក្យ​ផ្លូវការ​របស់​វិមានក្រមឡាំង លោក ឌ្មីទ្រី ពេស្កូវ ថ្លែង​ថា រហូតមក​ទល់​ឥឡូវ គ្មាន​នរណា​ម្នាក់ បាន​ផ្តល់​មក រុស្ស៊ី នូវ​ពាក្យសន្យា​ធានា​ឲ្យ​បាន ១០០% ឡើយ​ថា អ៊ុយក្រែន​នឹង​ពុំ​ត្រូវ​ទទួល​ឲ្យ​ចូល ជា សមាជិក​បក្ស​សម្ព័ន្ធ អូតង់។ ម៉្លោះ​ហើយ​បាន​ជា​ស្ថានការណ៍​បែបនេះ ញ៉ាំង​ក្រុងម៉ូស្គូ ឲ្យ ព្រួយបារម្ភ​ជានិច្ច លុះទាល់តែ​បង្ខំ ភាគី​រុស្ស៊ី ឲ្យចាត់​វិធានការ​បង្ការ​ខ្លួន​ជា​មុន។

 
ព្រមជាមួយ​នេះ មន្ត្រី​ជាន់ខ្ពស់​រូបនេះ តំណាង​ឲ្យ​វិមាន​ក្រេមឡាំង ចោទ​បស្ចិមលោក ថា កំពុង​តែ “ឡោមព័ទ្ធ“ ប្រទេស​រុស្ស៊ី​តែម្តង។

ចំណែក លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី ស៊ែររហ្គៃ ឡាវ្រ៉ូវ  ថ្លែង​ក្នុង​សភាឌូម៉ា លើក​ឡើង​ថា ការដែល​អ៊ុយក្រែន​ពុំព្រម​បោះបង់​លក្ខន្តិកៈ​ខ្លួន ជា រដ្ឋស្ថិត​នៅក្រៅ ប្លុក​យោធា  គឺ​មាន ន័យ​ថា អ៊ុយក្រែន​ប្រកាន់​យក​បន្ទាត់​ឆ្ពោះទៅ ដោះស្រាយ​វិបត្តិ តាមផ្លូវ​ប្រើ​កម្លាំង​អាវុធ។

ប្រតិកម្ម​ពី​ខាង​ក្រុងគៀវ គឺ​រំលេច​ឲ្យ​ឃើញ​ដោយ សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ការបរទេស អ៊ុយក្រែន​ដែល​ថា ៖ អ៊ុយក្រែន​ជា​រដ្ឋឯករាជ្យ អធិបតេយ្យ ហើយមាន​តែ​ប្រជាជន​អ៊ុយក្រែន ប៉ុណ្ណោះ ដែល មានសិទ្ធិ​សម្រេច តើ​ប្រទេស​ខ្លួន ត្រូវដើរ​តាម​មាគ៌ា​ណាៗ ត្រូវចូ ឬមិនចូល ក្នុង​បក្សសម្ព័ន្ធ​នេះ​ឬនោះ? អ៊ុយក្រែន​ឥត​ត្រូវការ​ដំបូន្មាន ពី​ខាង​នរណាឡើយ កុំថា ដល់ទៅ សម្ពាធ​មកលើ​ខ្លួន ក្នុង​បញ្ហា​បែបនេះ សម្ពាធ​ដែលអ៊ុយក្រែន ច្រាន​ចោល ជា​ដាច់ខាត។

ក្រុងគៀវ​ចង់​ទទួល​ពី​ម៉ូស្គូ នូវ​ការធានា​ឲ្យ​បាន ១០០% ថា រុស្ស៊ី មិនលូកដៃ​ជ្រៀតជ្រែក​ចូល កិច្ចការ​ផ្ទៃក្នុង​អ៊ុយក្រែន មិន​បញ្ជូន​កងទ័ព​ខ្លួន ចូល​ដែនដី​អ៊ុយក្រែន មិន​ភ្ជាប់​យក​ទឹកដី អ៊ុយក្រែន ទៅជា​ទឹកដី​ឧបសម្ព័ន្ធ​របស់​រុស្ស៊ីឡើយ។ ប៉ុន្តែ មកទល់ឥឡូវ  រុស្ស៊ី​មិនព្រម​ផ្តល់ ការធានា​បែបនេះ​ដល់​អ៊ុយក្រែន​ឡើយ។ ឬមួយ ម៉ូស្គូ​ធ្វើ​ខ្វាក់ មិនព្រម​ឃើញ​ទឹកចិត្ត​ក្តៅក្រហាយ នៅក្នុង​លោកទាំងមូល ចំពោះ​ទង្វើរុស្ស៊ី ទល់​នឹង អ៊ុយក្រែន។

រីឯ សេតវិមាន​ក្រុងវ៉ាស៊ីនតោន ទើប​ថ្លែង​ថា ការសម្រេចចិត្ត​របស់​អ៊ុយក្រែន ថា អាចចូល​ជា សមាជិក អូតង់ ត្រូវតែ​អនុម័ត គឺ ដោយ​អាជ្ញាធរ​អ៊ុយក្រែន និង ដោយ ថ្នាក់ដឹកនាំ​អូតង់​តែម្តង ដោយ​គ្មាន​ការលូកដៃ​ពីក្រៅ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ