អានតួអត្ថបទ
អូតង់

តើ​ប្រព័ន្ធ​ខែល​មីស៊ីល​ប្រឆាំង​មីស៊ីល​របស់​អាមេរិក​នៅ​អឺរ៉ុប​បាន​មក​ដល់​ត្រឹម​ណា​ហើយ?

នៅថ្ងៃ​អាទិត្យ​ចុងសប្តាហ៍នេះ អង្គការ​អាត្លង់ទិក​អូតង់ នឹង​បើក​កិច្ចប្រជុំ​កំពូល នៅទីក្រុង​Chicago។ នៅថ្ងៃចន្ទ​ទី ១៤ ឧសភា គឺ​នៅ​តែ​ប៉ុន្មាន​ថ្ងៃ មុន បើក​កិច្ច​ប្រជុំកំពូល ប្រធាន​អូតង់ គឺ​លោក​Anders Fogh Rasmussen បាន​អំពាវនាវ ជំរុញ​ឲ្យ​ប្រទេស​លោកខាងលិច​ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អូតង់​ប្រញាប់​រួសរាន់​សាងសង់ ដើម្បី​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ខែល​មីស៊ីល​ប្រឆាំង​មីស៊ីល។

ផែនទី​របស់​រុស្ស៊ី​ដែល​បង្ហាញ​ពី​យុទ្ធសាស្រ្ត​អាមេរិក​ដើម្បី​វាយប្រហារ​ទៅលើ​រុស្ស៊ី
ផែនទី​របស់​រុស្ស៊ី​ដែល​បង្ហាញ​ពី​យុទ្ធសាស្រ្ត​អាមេរិក​ដើម្បី​វាយប្រហារ​ទៅលើ​រុស្ស៊ី © REUTERS
ផ្សាយពាណិជ្ជកម្ម

បើតាម​លោក​Rasmussen ប្រធាន​អង្គការ​អូតង់ រហូតមកដល់​ពេលនេះ អូតង់​បាន​ដំឡើង ប្រព័ន្ធ​បញ្ជា និង​ត្រួតពិនិត្យ ដែល​តភ្ជាប់​ទៅនឹង​ប្រព័ន្ធ​ផ្កាយរណប​របស់​អាមេរិក រួចរាល់​ហើយ។ ប្រទេស​ហូឡង់​បារាំង និង​អាល្លឺម៉ង់ ដែល​ជា​សមាជិក​របស់​អូតង់​បាន​ផ្តល់​ជំនួយ ផ្នែក​បច្ចេកទេស និង​ទិន្នន័យ ដែល​អាច​ឲ្យ​គេ​ចាប់លឺ​សញ្ញា និង​បាញ់​ស្ទាក់​គ្រាប់មីស៊ីល​ដែល​ហោះសំដៅ​អឺរ៉ុប។ តួកគី ប៉ូឡូញ រ៉ូមានី និង​អេស្ប៉ាញ​វិញ​បាន​សន្យា យល់ព្រម​ឲ្យ​អាមេរិក ដែល​ជា​សមាជិក​សំខាន់ របស់​អង្គការ​អូតង់ ដំឡើង​​មីស៊ីល​ប្រឆាំង​មីស៊ីល​ក្នុង​ទឹកដី​របស់​ពួកគេ។ អាមេរិកវិញគ្រោង​នឹង​ដំឡើង​មីស៊ីល​ដែល​ខ្លួន​ទើប​អនុវត្ត​បាញ់​សាកល្បង​បាន​សម្រេច កាលពីសប្តាហ៍​មុន នៅក្នុង​ទឹកដី​រ៉ូមានី។ និយាយ​ឲ្យ​ចំ គឺ​ប្រព័ន្ធ​ខែលមីស៊ីល ប្រឆាំង​មីស៊ីល​នឹង​ត្រូវ​អាមេរិក​ដំឡើង​ឲ្យ​ចប់​រួចរាល់​ក្នុង​ប្រទេស​រ៉ូម៉ានី ឲ្យ​បាន​មុន​ឆ្នាំ ២០១៥។

 

Anders Fogh Rasmussen​ប្រធាន​អង្គការ​អូតង់
Anders Fogh Rasmussen​ប្រធាន​អង្គការ​អូតង់ ©Reuters

Rasmussen និយាយ​ថា បើ​សមាជិក​អឺរ៉ុប និង​សម្ព័ន្ធ​មិត្ត​របស់​អូតង់​ពន្លឿនការងារ​របស់​ខ្លួន​នោះ ប្រព័ន្ធខែល​មីស៊ីល​ប្រឆាំង​មីស៊ីល ជា​បណ្តោះអាសន្ន នឹង​លេច​រូបរាង​ឡើង ក្នុង​ពេល​ឆាប់ៗ នៅអឺរ៉ុប ហើយប្រព័ន្ធនេះ​នឹង​ជួយ​ការពារ​ទឹកដី និង​ប្រជាជន​អឺរ៉ុប​ទាំងមូល​ឲ្យ​រួចផុត​ពី​ការគំរាមកំហែង​របស់​អាវុធ​នុយក្លេអ៊ែរ។

 

ប៉ុន្តែ គម្រោង​បង្កើត​ប្រព័ន្ធខែលមីស៊ីល​ប្រឆាំង​មីស៊ីល​នៅទឹកដី​អឺរ៉ុប​បាន​ធ្វើ​ឲ្យ​រុស្ស៊ី​ប្រឆាំង​ខ្លាំង។ ខែល​មីស៊ីល​ដែល​អាមេរិក​នឹង​ដំឡើង នោះ គឺ​ស្ថិតនៅ​ក្នុង​ទឹកដី​ប៉ូឡូញ រូម៉ានី ជាដើម ដែល​ស្ថិតមក​ជាប់កៀក​នឹង​ទឹកដី​រុស្ស៊ី​ខ្លាំងពេក។ កាលពី​ដើមខែ​នេះ នៅក្នុង​សន្និសីទ​ស្តីពី​ប្រព័ន្ធខែលមីស៊ីល​រៀបចំក្នុង​ទីក្រុង​ម៉ូស្គូ រុស្ស៊ី​បាន​បង្ហាញថា ខែលមីស៊ីល​របស់​អាមេរិក​នៅ​ទឹកដី​​អឺរ៉ុប នឹង​អាច​មាន​សមត្ថភាព​ទាំក់ស្កាត់ចាប់ ហើយ​បំផ្លាញចោល​មីស៊ីល​របស់​រុស្ស៊ី គឺ​ក្នុង​ករណី​ដែល​អាមេរិក​ចង់​វាយប្រហារ​មកលើ​រុស្ស៊ី។ ឬអាច​និយាយ​ម្យ៉ាង​ទៀតថា ដោយសារ​ខែលមីស៊ីលរបស់​អាមេរិក នៅអឺរ៉ុប រុស្ស៊ីនឹង​មិន​ងាយ​បាន​សម្រេច​ក្នុង​ការវាយប្រហារ​ទៅលើ​អាមេរិក​ដែរ ព្រោះថា ថា គ្រាប់មីស៊ីល​របស់​រុស្ស៊ី​នឹង​ត្រូវ​បាញ់ស្ទាក់​ទុកជាមុន ដោយ​ខែល​មីស៊ីល​​របស់អាមេរិក ដែល​មាន​នៅ​ទឹកដី​ប៉ូឡូញ ឬ​ក៏រូម៉ានី​ជាដើម។

 

អតីត​ប្រធានាធិបតី​រុស្ស៊ី លោក​មេដវេឌេវ ធ្លាប់​បាន​គំរាម​ហើយថា នឹង​បាញ់​កម្ទេច​ប្រព័ន្ធ​ខែល​មីស៊ីល នៅក្នុង​ទឹកដី​អឺរ៉ុប ដែល​រុស្ស៊ី​វាយតម្លៃ​ថា អាច​គ្រោះថ្នាក់​សម្រាប់​រុស្ស៊ី ប្រសិន​បើ​គ្មាន​ការព្រមព្រៀង​ណាមួយ​រវាង​រុស្ស៊ី និងសម្ព័ន្ធមិត្ត​អូតង់។

 

បើតាម​អនុរដ្ឋមន្រ្តី​ការពារ​ជាតិរុស្ស៊ីវិញ ប្រព័ន្ធ​ការពារ​របស់​រុស្ស៊ី​មាន​គ្រប់គ្រាន់ និង​ត្រៀម​រួច​ហើយ ដើម្បី​បាញ់​បំផ្លាញ​ខែល​មីស៊ីល របស់​អាមេរិក​ប្រសិនបើ​ចាំបាច់។ រុស្ស៊ី​គ្រោង​ផងដែរ​នឹង​ដំឡើង​មីស៊ីល​ទំនើបបំផុត​នៅទីក្រុង​Kaliningrad ដែល​ជាទីក្រុង​មួយ របស់​រុស្ស៊ី ដែល​ស្ថិត​នៅចន្លោះ​ប្រទេស​ប៉ូឡូញ និង​ប្រទេស​លីទុយអានី៕

 

ប៉ុន្តែ អូតង់ និង​អាមេរិក​វិញ បាន​បញ្ជាក់ថា ប្រព័ន្ធ​ខែល​មីស៊ីល នៅអឺរ៉ុប គឺ​ដើម្បី​ការពារ​អឺរ៉ុប​ពី​ការវាយប្រហារ​នុយក្លេអ៊ែរ​ពី​អ៊ីរ៉ង់ និង​កូរ៉េខាងជើង ប៉ុន្តែ គ្មាន​យុទ្ធសាស្រ្ត​ណា​ដើម្បី​វាយប្រហារ​លើ​រុស្ស៊ី​នោះទេ។

 

រុស្ស៊ី​វិញ​នៅមិន​ទាន់ទុកចិត្ត និង​នៅតែ​សង្ស័យថា ប្រព័ន្ធ​ខែលមីស៊ីល​ប្រឆាំង​មីស៊ីល នៅទឹកដី​អឺរ៉ុប គំរាម​ដល់​សន្តិសុខ​ជាតិ​របស់ខ្លួន។ ដើម្បី​បញ្ចុះបញ្ចូល​រុស្ស៊ី អូតង់ និង​អាមេរិក ក៏​បាន​អញ្ជើញ​រុស្ស៊ី​ឲ្យ​ចូលរួម ក្នុង​ផែនការ​បង្កើត​ប្រព័ន្ធ​ខែលមីស៊ីល​ប្រឆាំង​មីស៊ីលនៅអឺរ៉ុប។ រុស្ស៊ី​យល់ព្រម​ចូលរួម ប៉ុន្តែ រុស្ស៊ី​នៅទាមទារ​ឲ្យ​អាមេរិក​ធ្វើ​កិច្ច​ព្រមព្រៀង​ជា​លាយ​លក្ខអក្សរ ដែល​បញ្ជាក់​តាមផ្លូវច្បាប់​ថា ប្រព័ន្ធ​ខែល​មីស៊ីល​នោះ​នឹង​មិនមែន​ធ្វើឡើង​ដើម្បី វាយប្រហារ​រុស្ស៊ីទេ។ អាមេរិក​ធ្លាប់​បាននិយាយ​ថា ខ្លួន​យល់ព្រម​តាម​ការទាមទារ​របស់​រុស្ស៊ី។ ប៉ុន្តែ រហូត​មកដល់​ពេល​នេះ អាមេរិក​នៅមិនទាន់​បាន​ធ្វើ​លិខិត​បញ្ជាក់​ទៅឲ្យ​រុស្ស៊ី នៅឡើយទេ។

 

រុស្ស៊ី បាន​បង្ហាញ​រួចហើយ​ពីគំនិត​ទុទ្ទិដ្ឋិនិយម​ថា កិច្ចប្រជុំកំពូល​នៅទីក្រុង​Chicago នឹង​មិន​ផ្តល់​លទ្ធផល​អ្វី​​ស្តីពី​ប្រព័ន្ធ​ខែលមីស៊ីលទេ ព្រោះថា បើតាម​រុស្ស៊ី រហូតមកដល់ពេលនេះ កិច្ចសន្យា ដែល​រុស្ស៊ី​ទាមទារ នោះ​អាមេរិក មិនទាន់​ធ្វើនៅឡើយទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ