អានតួអត្ថបទ
រុស្ស៊ី-អាមេរិក

ម៉ូស្គូ​និង​វ៉ាស៊ីនតោន​នឹង​ពិភាក្សា​ឡើង​វិញ​លើ​សំណុំរឿង​”ខែល​មីស៊ីល​ប្រឆាំង​មីស៊ីល”​

ដំណឹង​នេះ ទើប​ប្រកាស​ដោយ​មន្ទីរ​បញ្ចកោណ​អាមេរិកបន្ទាប់​ពី​លោក​រដ្ឋមន្ត្រីការពារ​​​ជាតិ​​រុស្ស៊ី​ Serguei Shoigu ​បាន​​ទូរស័ព្ទ​​ទៅ​​សមភាគី​អាមេរិកាំង​លោក​ Chuck Hagel​ សំដែង​​ពី​​បំណង​​បន្ត​​ការ​​ពិភាក្សា​​នេះ ​ហើយ​​ក៏​​បាន​​ទទួល​​ការ​​ឯកភាព​ពី​​ខាង​​ភាគី​​អាមេរិកាំង។​

Le secrétaire d'Etat à la Défense, Chuck Hagel
Le secrétaire d'Etat à la Défense, Chuck Hagel Reuters
ផ្សាយពាណិជ្ជកម្ម

ដោយ​សំដែង​ការ​យល់​ព្រម​បន្ត​កិច្ចចរចា ទាក់ទង​នឹង​សាច់រឿង​ដែល​មាន លោក Chuck ​Hagel​ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិកាំង លើក​ឡើង​ថា បំណង​របស់​សម​ភាគី​រុស្ស៊ី គឺ​មាន​ន័យ​ជា​ការ​រួម​ចំណែក​សំខាន់​ក្នុង​ទំនាក់​ទំនង​អាមេរិក-រុស្ស៊ី។

តាម​ការ​លំអិត​ឲ្យ​ដឹង​នៃ​អ្នក​នាំពាក្យ​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក លោក George Little ការ​​ពិភាក្សា​នោះ ត្រូវ​បន្ត​ទៅ​គឺ​ក្នុង​ជាន់​ថ្នាក់​អនុ​រដ្ឋមន្ត្រី​ក្រសួង​ទាំង​ពីរ។

ការ​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​រវាង​រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី​និង​អាមេរិក បាន​ប្រព្រឹត្ត​ទៅ នៅ​ចំ​ពេល​ដែល​មន្ទីរ​បញ្ចកោណបាន​ប្រកាស​ធ្វើការ​កែខៃទៅ​លើ​កម្មវិធី​ខាង​ដំឡើង “ខែល​មីស៊ីល​ប្រឆាំង​​​មីស៊ីល” របស់​បក្ស​សម្ព័ន្ធ OTAN ដែល​នាំ​មុខ​ដោយ​ស.រ.អា.ផ្ទាល់ ខែល​ដែល​ថា​ទុក​សម្រាប់​ប្រឈម​នឹង​ការ​គម្រាម​កំហែង​ពី​ខាង​កាំជ្រួច​មីស៊ីល​របស់​អ៊ីរ៉ង់ ប៉ុន្តែ ដែល​ត្រូវ​ម៉ូស្គូ​ចាត់​ទុក​ជា​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ​រុស្ស៊ី​ទេ​តើ ពីព្រោះ​តាម​មតិ​ម៉ូស្គូ​ខែល​នោះ​ឯង​មុខ​ជា នឹង​បន្សោយ​សក្តានុពល​អាវុធ​បរមាណូ​របស់​រុស្ស៊ី​តែ​ម្ដង។

គម្រោង​កែ​ខៃ​នោះ ត្រូវ​ពួក​អ្នក​សង្កេតការណ៍​នៅ​ក្រុង​វ៉ាស៊ីនតោន នាំ​គ្នា​បក​ស្រាយ​ថាជា ការ​ឈោង​​ដៃ​មក​រក​ក្រុង​ម៉ូស្គូ ប៉ុន្តែ តាម​ការ​ថ្លែង​ឲ្យ​ដឹង​នៃ លោក​អនុរដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី Serguei Riabkov ការ​សម្រេចចិត្ត​អាមេរិក​នោះ​មិន​មែន​ជា​ការ​ធ្វើ​សម្បទាន​អ្វី​ណា​សោះ​ឡើយ ចំពោះ​រុស្ស៊ី។

គួរ​និយាយ​ថា តាម​រយៈ​សុន្ទរកថា​ខ្លួន ថ្លែង​កាលពី​ខែ​កុម្ភៈ​ស្តី​អំពី សភាពការណ៍​ប្រទេស​ជាតិ លោក​​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា បាន​ប្រកាស​ពី​បំណង ចង់​ចរចា​ជា​មួយ​រុស្ស៊ី ឆ្ពោះ​ទៅ​កាត់​បន្ថយ​ត​ទៅ​ទៀត ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​មហា​អំណាច​ទាំង​ពីរ ក្រោយ​ពី​ចុង​ឆ្នាំ​២០១០ បាន​​​ចូល​ជា​ធរមានទៅ​ហើយ “សន្ធិ​សញ្ញា​ស្តី​អំពីការ​កាត់​បន្ថយ​សព្វាវុធ​យុទ្ធសាស្ត្រ​នុយក្លេអ៊ែរ រុស្ស៊ី-អាមេរិក” ហៅ​កាត់​ថា START-3 សន្ធិសញ្ញា​ដែល​បាន​ទទួល​ការ​ចុះ​ហត្ថលេខា​នៅ​ក្រុង Prague កាលពី​ថ្ងៃ​ទី​៨ មេសា ឆ្នាំ​២០១០ ដោយ លោក​ប្រធានាធិបតី​អាមេរិក អូបាម៉ា​ផ្ទាល់​និង​សមភាគី​​រុស្ស៊ី​របស់​គាត់​កាល​ណោះ គឺ​លោក​ប្រធានាធិបតី មេដវេដេវ។ ហើយ​តាំង​ពី​ពេល​នោះ​​មក គ្មាន​ការ​ពិភាក្សា​អ្វី​ណា​ទៀត​ឡើយ អំពី ការ​រំសាយ​សព្វាវុធ​នុយក្លេអ៊ែរ រវាង​អតីត​គូ​ប្រជែង​ទាំង​ពីរ​នៃ​សម័យ​សង្គ្រាម​ត្រជាក់។

ជា​ការ​កត់​សម្គាល់ ពេល​សន្ទនា​នឹង​គ្នា​តាម​ទូរសព្ទ​នោះ រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី លោក Serguei Shoigu​និង​សមភាគី​អាមេរិក លោក Chuck Hagel ក៏​បាន​ផ្លាស់​ប្តូរ​ទស្សនៈ ជុំ​វិញ​ស្ថានការណ៍​នៅ​ប្រទេស អាហ្វហ្កានិស្ថាន​កូរ៉េ​ខាង​ជើង អ៊ីរ៉ង់និង ស៊ីរី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ