អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូរ៉េខាងជើង​ទាមទារ​ឲ្យ​ប៉ាណាម៉ា​ដោះលែង​នាវា​ដឹក​អាវុធ​របស់​ខ្លួន

ចុះផ្សាយ​នៅ​ថ្ងៃ៖

បញ្ហា​ចម្រូងចម្រាស​នៅតែ​បន្ត​កើតមាន ជុំវិញ​ការ​ដែល​ប៉ាណាម៉ា​ចាប់កប៉ាល់​របស់​កូរ៉េ​ខាងជើង ដែល​​គេ​ឆែក​ឃើញ​មាន​ដឹក​គ្រឿងសព្វាវុធ។ គុយបា​បាន​អះអាង​ថា អាវុធ​នៅលើ​កប៉ាល់​កូរ៉េ​ខាងជើង​នេះ គឺ​ជា​អាវុធ​របស់​គុយបា។ កាលពីថ្ងៃ​ពុធ​ម្សិលមិញ កូរ៉េ​ខាងជើង​ទាមទារ​ឲ្យ​ប៉ាណាម៉ា​ដោះលែង​កប៉ាល់​ និង​អ្នក​ដើរកប៉ាល់​របស់​ខ្លួន​​វិញ​ជាបន្ទាន់។ ក៏ប៉ុន្តែ អាជ្ញាធរប៉ាណា​ម៉ាមិន​ព្រម ដោយសង្ស័យថា ការដឹកនាំ​គ្រឿង​សព្វាវុធ​នេះ គឺ​ជា​ការ​រំលោភ​លើ​ទណ្ឌកម្ម​របស់​អ.ស.ប។

ទាហាន​ប៉ាណាម៉ា​ឈរយាម​កុងតេន័រ​ដឹក​គ្រឿងសព្វាវុធ នៅលើ​កប៉ាល់​របស់​កូរ៉េ​ខាង​ជើង
ទាហាន​ប៉ាណាម៉ា​ឈរយាម​កុងតេន័រ​ដឹក​គ្រឿងសព្វាវុធ នៅលើ​កប៉ាល់​របស់​កូរ៉េ​ខាង​ជើង ©Reuters.
ផ្សាយពាណិជ្ជកម្ម

សំណួរ-តើ​ប៉ាណាម៉ា​សំអាង​លើ​សិទ្ធិអំណាច​អ្វី ដែល​អាច​ស្ទាក់ចាប់​កប៉ាល់​របស់​កូរ៉េ​ខាងជើង​បែបនេះ?

អាជ្ញាធរ​ប៉ាណាម៉ា​មានសិទ្ធិអំណាច​ ក្នុងការ​ស្ទាក់ចាប់ និង​ឆែកឆេរ​កប៉ាល់​របស់​កូរ៉េ​ខាងជើង​បាន ព្រោះ​នេះ​ជា​សិទ្ធិ​អំណាច ដែល​ទទួលបាន​ពី​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.។ គឺ​សេចក្តីសម្រេច​លេខ ១៧១៨ ចុះថ្ងៃទី១៤ ខែ​តុលា ឆ្នាំ​២០០៦ នៅក្រោយ​ពេល​ដែល​កូរ៉េ​ខាងជើង​បាន​ធ្វើការ​សាកល្បង​អាវុធ​នុយក្លេអ៊រ។

សេចក្តីសម្រេច​នេះ​មាន​ចែង​ច្រើន​ចំណុច ក្នុងនោះ មាន​មួយចំណុច​ចែង​ថា ប្រទេស​ជា​សមាជិក​អ.ស.ប មាន​សិទ្ធិ​ស្ទាក់ចាប់​កប៉ាល់​ដែល​បើកចេញ​ពី​កូរ៉េ​ខាងជើង ឬ​ធ្វើ​ដំណើរ​ឆ្ពោះទៅ​កូរ៉េ​ខាងជើង ដើម្បី​ឆែកឆេរ​មើល​ក្រែង​មាន​ដឹក​គ្រឿងសព្វាវុធ ដែល​ហាមឃាត់​ដោយ​អ.ស.ប។

សេចក្តីសម្រេច​ដដែល​នេះ​ក៏មាន​ចែង​ផងដែរ អំពី​ការ​ហាមឃាត់​រាល់ការ​នាំចេញ និង​នាំចូល​ទៅ​កូរ៉េ​ខាងជើង នូវ​រាល់​គ្រឿងសព្វាវុធ​ធុនធ្ងន់ ដូចជា រថក្រោះ រថពាសដែក មីស៊ីល យន្តហោះចម្បាំង ព្រមទាំង​គ្រឿង​បន្លាស់ និង​ផ្នែក​ផ្សេងទៀត ដែល​គណៈកម្មាធិការ​ទណ្ឌកម្ម​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ជា​អ្នក​កំណត់។

ដូច្នេះ អ្វី​ដែល​ប៉ាណាម៉ា​ធ្វើ​នៅពេលនេះ (ស្ទាក់ចាប់ និង​ឆែកឆេរ​កប៉ាល់​កូរ៉េ​ខាងជើង រួចហើយ​រាយការណ៍​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប) គឺ​ស្រប​ទៅនឹង​ការចែង​នៃ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​។

សំណួរ-ទាំងកូរ៉េ​ខាងជើង និង​ទាំងគុយបា​សុទ្ធតែ​បាន​អះអាង​ដូចគ្នា​ថា គ្រឿងសព្វាវុធ​នៅលើ​កប៉ាល់នេះ គឺ​ជា​របស់​គុយបា ដែល​បញ្ជូន​ទៅ​ឲ្យ​កូរ៉េ​ខាងជើង​ជួសជុល។ តើ​នេះ​អាច​ជា​ការ​រំលោភលើ​ទណ្ឌកម្ម​របស់​អ.ស.ប​ដែរ​ឬទេ?
 
ការដឹក​គ្រឿងសព្វាវុធ​នេះ​រំលោភ​លើ​ទណ្ឌកម្ម​របស់​ក្រុមប្រឹក្សាសន្តិសុខ​​ដែរ​ឬ​ក៏​អត់ ទាល់តែ​អ្នកជំនាញ​មក​ពី​​គណៈកម្មាធិការ​​របស់​ក្រុមប្រឹក្សា​សន្តិសុខ ដែល​ទទួលបន្ទុក​អនុវត្ត​ទណ្ឌកម្ម​លើ​កូរ៉េ​ខាងជើង​ជា​អ្នក​ត្រួតពិនិត្យ​មើល​ទើប​អាច​ដឹង​ច្បាស់។ រដ្ឋាភិបាល​ប៉ាណាម៉ា​បាន​ស្នើ​សុំ​​ជាផ្លូវការ​រួច​ហើយ​ ឲ្យ​អ្នក​ជំនាញ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​មក​ពិនិត្យ​កប៉ាល់​របស់​កូរ៉េ​ខាងជើង ហើយ​តាម​គម្រោង អ្នក​ជំនាញ​របស់​អ.ស.ប នឹង​ម​កដល់​ប៉ាណាម៉ា នៅ​ថ្ងៃទី៥ សីហា​ខាងមុខ។

ចំណុច​សំខាន់ គឺគេ​​នៅ​មិនទាន់​អាច​សន្និដ្ឋាន​ឲ្យ​បាន​ប្រាកដ​ច្បាស់​ថា តើ​គ្រឿងសព្វាវុធ​ទាំងនេះ គឺ​ពិត​ជា​អាវុធ​ចាស់ៗ ដែល​គុយបា​បញ្ជូន​ទៅ​ឲ្យ​កូរ៉េ​ខាងជើង​ជួសជុល​ពិតមែន ឬ​មួយ​ក៏​វា​ជា​គ្រឿងសព្វាវុធ ឬ​គ្រឿង​បន្លាស់​សព្វាវុធ ដែលដឹកចេញ​ពី​​គុយបា ឬ​ដឹកចេញ​ពី​ប្រទេស​ណាផ្សេង កាត់តាម​គុយបា ដើម្បី​​លក់​ឲ្យ​កូរ៉េ​ខាងជើង?
 
សំណួរ-ក៏ប៉ុន្តែ បើ​តាម​អ្នកជំនាញ​ខាង​គ្រឿងសព្វាវុធ ដែល​បាន​ឃើញ​រូបថត​ផ្សព្វផ្សាយ​ដោយ​អាជ្ញាធរ​ប៉ាណាម៉ា គេ​យល់ថា អាវុធ​ដែល​នៅលើ​កប៉ាល់​របស់​កូរ៉េ​ខាងជើង​នេះ គឺ​ពិត​ជា​អាវុធ​ធុនចាស់ៗ​ ដែល​ផលិត​តាំង​ពី​សម័យ​សហភាព​សូវៀតម៉្លេះ ហើយ​គេ​ថា កូរ៉េ​ខាងជើង​​ដូចជា​មិន​ត្រូវ​ការ​​ទិញ​អាវុធ​ចាស់ៗ​​ហួសសម័យ​បែបនេះទេ។
 
អ្នកជំនាញ​ខាង​គ្រឿងសព្វាវុធ ទាំងអ្នក​ជំនាញ​ឯករាជ្យ និង​អ្នកជំនាញ​របស់​កូរ៉េ​ខាង​ត្បូង គេ​យល់ថា គ្រឿងសព្វាវុធ​ទាំងអស់​នេះ អាច​ជា​អាវុធ​ចាស់ៗ ដែល​គុយបា​បញ្ជូន​ទៅ​​ឲ្យ​កូរ៉េ​ខាងជើង​ធ្វើការ​ជួសជុល​ ដូចជា​ការអះអាង​របស់​គុយបា និង​កូរ៉េ​ខាងជើង​អ៊ីចឹង​មែន ហើយ​ស្ករ ស ដែល​ដឹក​ក្នុង​កប៉ាល់​ កប់ពីលើ​គ្រឿងសព្វាវុធ​នេះ អាច​ជាស្ករ​របស់​គុយបា ឲ្យ​ទៅ​កូរ៉េ​ខាង​ជើង ដើម្បី​ធ្វើ​ជា​ថ្លៃ​ឈ្នួល​ជួសជុល​គ្រឿងសព្វាវុធ​នេះ។

ក៏ប៉ុន្តែ យ៉ាងណា​ក៏ដោយ គេ​នៅមាន​សំណួរ​ចោទ​សំខាន់មួយ គឺ​នៅត្រង់ថា ប្រសិន​បើ​ការ​ដឹក​គ្រឿងសព្វាវុធ​ទាំងអស់​នេះ​មិនមែន​ជា​រឿង​ខុសច្បាប់ និង​មិន​​​រំលោភ​ទៅលើ​ទណ្ឌកម្ម​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ទេ ហេតុអ្វី​បាន​ជា​​កូរ៉េ​ខាងជើង​ចាំបាច់​លាក់បាំង​ធ្វើ​អ្វី? ហេតុអ្វី​បាន​ជា​ចាំបាច់​យក​គ្រឿងសព្វាវុធ​ទៅ​កប់​ពី​ក្រោម​ថង់ស្ករ ស ហើយ​ដាក់​ក្នុង​ឯកសារ​ដឹកជញ្ជូន​ថា​ជា​កប៉ាល់​ដឹកស្ករ ស ដោយ​មិនរាយការណ៍​ពី​គ្រឿងសព្វាវុធ​នេះ? ម្យ៉ាងទៀត ​នៅ​ពេល​ដែល​អាជ្ញាធរ​ប៉ាណាម៉ាឡើងទៅឆែកឆេរ​កប៉ាល់​នេះ ក្រុម​អ្ន​ក​ដើរកប៉ាល់​កូរ៉េ​ខាងជើង​បាន​ព្យាយាម​រារាំង​មិន​ឲ្យ​ឆែកឆេរ។

ហេតុដូច្នេះហើយ​បាន​ជា​​មាន​មន្រ្តី​ការទូត​អ.ស.ប​ខ្លះ​គិត​ថា ការដឹកជញ្ជូន​គ្រឿងសព្វាវុធ នៅលើ​កប៉ាល់​របស់​កូរ៉េ​ខាងជើង​នេះ ប្រហែល​​ជា​មាន​ការ​រំលោភលើ​ទណ្ឌកម្ម​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ