អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប៉ាណាម៉ា​ឃាត់​នាវា​កូរ៉េខាងជើង​ដែល​មាន​ដឹក​សព្វាវុធ

ចុះផ្សាយ​នៅ​ថ្ងៃ៖

អាជ្ញាធរ​នៃ​សាធារណរដ្ឋ​ប៉ាណាម៉ា​បាន​ឃាត់​កប៉ាល់ មួយ​គ្រឿង មាន​ដោតទង់ជាតិ​កូរ៉េខាងជើង ដែល​ចង់​ឆ្លងកាត់​ព្រែកជីក​ប្រទេស​ប៉ាណាម៉ា កាលពីល្ងាច​ថ្ងៃ​ចន្ទ​​ទី ១៥ កក្កដា។ បើតាម​ការប្រកាស​របស់​លោក​ប្រធានាធិបតី​ប៉ាណាម៉ា គេ​បាន​រកឃើញ​គ្រឿង​ប្រដាប់ប្រដារ​សម្រាប់​ផលិត​មីស៊ីល​នៅក្នុង​កប៉ាល់​របស់​កូរ៉េខាងជើង។

កប៉ាល់​កូរ៉េខាងជើង​ដឹកសព្វាវុធ​ឆ្លងកាត់​ពី​ប្រទេស​គុយបាជាប់​នៅ​កំពង់ផែ​ព្រែកជីក​ប្រទេស​ប៉ាណាម៉ា
កប៉ាល់​កូរ៉េខាងជើង​ដឹកសព្វាវុធ​ឆ្លងកាត់​ពី​ប្រទេស​គុយបាជាប់​នៅ​កំពង់ផែ​ព្រែកជីក​ប្រទេស​ប៉ាណាម៉ា ©reuters
ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរ​ប៉ាណាម៉ាមិន​បាន​ដឹង​មុន​ថា កប៉ាល់​កូរ៉េខាងជើង​មាន​ដឹក​សព្វាវុធទេ។ ដំបូងឡើយ អាជ្ញាធរ​បាន​ឃាត់កប៉ាល់ ដើម្បី​ឆែក​មើល ព្រោះ​គេ​សង្ស័យ​ថា មាន​ដឹក​ថ្នាំញៀន។ ប៉ុន្តែ ដោយសារ​តែ​ក្រុមជើងដើរ​កប៉ាល់​កូរ៉េខាងជើង ដែល​មាន​ចំនួន​៣៥​នាក់​ធ្វើការ​ប្រឆាំង បះបោរ​ដាច់ណាត់ មិន​ឲ្យ​ចុះឆែកឆេរ ហើយ​មេបញ្ជាការ​កប៉ាល់​នោះទៀត ក៏មាន​បំណង​ចង់​ធ្វើ​អត្តឃាត អ៊ីចឹង​គេ​ក៏​ចាប់​សង្ស័យ​កាន់តែខ្លាំង ពី​វត្ថុ​ដែល​ផ្ទុកក្នុង​កប៉ាល់។

 
នៅពេល​គេ​ចុះពិនិត្យ​គ្រប់កន្លែង​ក្នុង​កប៉ាល់ គេ​ឃើញ​ស្កក្រហម ជាង​២ម៉ឺនតោន​ដែល​គេ​ដាក់គរ បាំង​កុងទឺណែ។ ហើយ​ក្នុង​កុងទឺណែ គេ​រកឃើញ មីស៊ីល និង​គ្រឿងបំណែក​របស់វា​យ៉ាងច្រើន។ ប្រធានាធិបតី​ប៉ាណាម៉ា​ដែល​បាន​បង្ហោះ​រូបថត​គ្រាប់​មីស៊ីល​តាម​បណ្តាញសង្គម​Twetters បាន​មាន​ប្រសាសន៍ថា អាជ្ញាធរ​ប៉ាណាម៉ា​នឹង​ឃាត់​កប៉ាល់​កូរ៉េខាងជើង​មួយរយៈសិន ទម្រាំដល់​ពេល​អ្នកជំនាញ​ពី​អង្គការសហប្រជាជាតិ​ចុះ​មក​ពិនិត្យ​មើលថា តើសព្វាវុធ​ក្នុង​កប៉ាល់​ជា​ប្រភេទអាវុធ​អ្វី។

នៅតាម​កញ្ចក់​ទូរទស្សន៍ម្សិលមិញ ប្រធានាធិបតី ប៉ាណាម៉ា បាន​ប្រកាសហើយថា គេ​មិន​អាច​ដឹក​សព្វាវុធ​ឆ្លងកាត់​ព្រែកជីក​ប៉ាណាម៉ា ដោយ​គ្មាន​ការសុំអនុញ្ញាតិនោះទេ។

សូមបញ្ជាក់បន្តិចដែរថា ក្នុង​មួយ​ឆ្នាំៗ មាន​កប៉ាល់​ដឹកទំនិញ ជាង មួយម៉ឺនគ្រឿង​ឆ្លងកាត់​ព្រែកជីក​ប៉ាណាម៉ា គឺ​តំណាង​ឲ្យ​ពាណិជ្ជកម្ម​ពិភពលោក​៥ភាគរយ។ អាមេរិក​ដែល​បាន​ប្រគល់​ព្រែកជីក​ទៅ​ឲ្យ​ប៉ាណាម៉ា​គ្រប់គ្រងវិញ​នៅឆ្នាំ ១៩៩៩ មាន​សិទ្ធិ​សឹងតែផ្តាច់មុខ​ក្នុង​ការប្រើព្រីកជីកោះ ចំណែក​ប៉ាណាម៉ា វិញ ចាប់តាំងពី​បាន​សិទ្ធិគ្រប់គ្រង​ព្រែកជីក ប្រវែង ៨២​គីឡូម៉ែត្រនោះវិញ ពឹងអាស្រ័យ​ទាំងស្រុង​លើ​ព្រែកជីក ដែល​ជាប្រភពចំណូលជាតិ។
 

កប៉ាល់​កូរ៉េខាងជើង​ចេញដំណើរ​ពី​ប្រទេស​គុយបា ត្រូវ​ឆ្លងកាត់ព្រែក​ប៉ាណាម៉ា ដើម្បី​ឆ្លង​ពី​មហាសមុទ្រ​អាត្លង់ទិក ទៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​តំរង់​កូរ៉េខាងជើងវិញ។

គុយបា​ដែល​ជា​ប្រទេស​កុម្មុយនិស្ត​ចុងក្រោយ​គេ នៅ​អាមេរិកឡាទីន បាន​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​កូរ៉េខាងជើង។ ប្រទេស​កុម្មុយនិស្ត​ទាំងពីរ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា​តាំងពី​ទសវត្សរ៍ ឆ្នាំ ១៩៦០ នៅក្រោយ​សង្រ្គាម​ត្រជាក់ត្រូវ​បញ្ចប់។ នៅក្នុង​សម័យ​ដឹកនាំ​របស់​លោកប្រធានាធិបតី​គីម អ៊ីលស៊ុង ដែល​នៅពេលនោះ កូរ៉េខាងជើង​ស្គាល់​ភាពរុងរឿង ប្រធានាធិបតី​កូរ៉េខាងជើង បាន​បញ្ជូន​អ្នកបច្ចេកទេស​របស់ខ្លួន ទៅ​ជួយ​រដ្ឋាភិបាល​គុយបា ដែល​ត្រូវ​ប្រទេស​លោកខាងលិច ជាពិសេស​អាមេរិក ដាក់ឲ្យ​នៅក្រៅ​របង មិនរាប់រក។

ទំនាក់ទំនង​ស្អិតល្មួត​រវាង​ប្រទេស​កុម្មុយនិស្ត​ទាំងពីរ ស្តែង​ឡើង ផងដែរ នៅក្នុងពេល​លោកអគ្គមគ្គទេសក៍​គីម ជុងអ៊ីល ទទួល​មរណភាព។ កាលនៅះ រដ្ឋាភិបាល​គុយបា ដោយ​មិន​បាន​ពន្យល់លម្អិត​ពី​មូលហេតុ បាន​ប្រកាស​កាន់ទុក្ខជាតិ​ បីថ្ងៃ​សម្រាប់​លោក​គីម ជុងអ៊ីល។

គុយបា ប្រហែល​ជាត្រូវ​ងាក​ត្រលប់​ជួយ​សម្ព័ន្ធមិត្ត​របស់ខ្លួន​វិញ ព្រោះថា ទាំងផ្នែក​សេដ្ឋកិច្ច និង​នយោបាយ កូរ៉េខាងជើង ត្រូវ​ធ្លាក់ចុះដុនដាប ចាប់តាំង ពី​សហគមន៍​អន្តរជាតិ​ដាក់​ទណ្ឌកម្ម។ របប​កុម្មុយនិស្ត​បាន​បាញ់​សាកល្បង​មីស៊ីល ជាច្រើន​លើក ជាច្រើន សា ដោយ​ផ្គើន​នឹង​ការហាម​របស់​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ។ ជារួមទៅ អង្គការ​សហប្រជាជាតិ​បាន​ដាក់ទណ្ឌកម្ម​បន្ថេម​លើ​កូរ៉េខាងជើង និង​ហាម​មិន​ឲ្យ​មាន​ការដឹក​សព្វាវុធ លើកលែងតែ​អាវុធ​ធុនតូច សំដៅ​ចូល​ទៅ​កូរ៉េខាងជើង ឬ​ចេញពី​ប្រទេស​នេះ។

កូរ៉េខាងជើង​ពិតជាមាន​សមត្ថភាព​ផលិត​មីស៊ីល​បាញ់​បាន​ចម្ងាយឆ្ងាយមែនហើយ។ ដូច​បាន​និយាយ​ខាងដើម កូរ៉េខាងជើង ទើបបាញ់​ជោគជ័យ​ក្នុង​ការបាញ់​​មីស៊ីល រយៈចម្ងាយ​ឆ្ងាយ កាលពី​ខែ​កុម្ភៈ​កន្លងទៅ ដែល​បាន​បង្ក​ឲ្យ​មាន​ការមិនពេញចិត្ត​ពី​សហគមន៍​អន្តរជាតិ។ បើនិយាយ​ពី​មីស៊ីល​បាញ់​បាន​ចម្ងាយ​មធ្យម គឺ​អាចបាញ់ដល់​កូរ៉េខាងត្បូង ឬ​ជប៉ុន កូរ៉េខាងជើង​មាន​សមត្ថភាព​ចេះ​ផលិតរួចហើយដែរ។

ប៉ុន្តែ បើនិយាយ​ពី​មីស៊ីល​ដែល​អាច​ផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ គេ​នៅ​សង្ស័យ​នៅឡើយ ថា កូរ៉េខាងជើង​អាចមាន​សមត្ថភាព​ផលិត​បាន ព្រោះថា ការផលិត​មីស៊ីល ជាមួយ​ក្បាលគ្រាប់​នុយក្លេអ៊ែរ មាន​លក្ខណៈស្មុគស្មាញ​ខ្លាំងណាស់។ អ៊ីចឹងហើយ បាន​គេ​សង្ស័យថា គ្រឿង​ដំឡើង​មីស៊ីល​ដែល​មាន​លក្ខណៈ​ស្មុគស្មាញ ដែល​គេ​ចាប់បាន​ក្នុង​កប៉ាល់​កូរ៉េខាងជើង ដឹកចេញពី​គុយបា លើកនេះ អាច​នឹង​ត្រូវ​យក​ទៅប្រើ​ដើម្បី​ផលិត​មីស៊ីល​ផ្ទុកក្បាលគ្រាប់​នុយក្លេអ៊ែរ។

មួយវិញទៀត បើតាម​ការពន្លយព័ត៌មាន​ពី​សមាជិកតំណាងរាស្រ្ត​អាមេរិក កាលពី​ពេលថ្មីៗនេះ កូរ៉េខាងជើង​កំពុងត្រៀម​បាញ់​មីស៊ីល​ដែល​មាន​ផ្ទុកក្បាលគ្រាប់​នុយក្លេអ៊ែរ។ សមាជិក​សភា​អាមេរិក​បាន​យោង​ទៅលើ​របាយការណ៍​របស់​ទីភ្នាក់ងារស៊ើបការណ៍​សម្ងាត់​យោធា ដែល​ជាផ្នែកមួយ​របស់​ទីភ្នាក់ងារ​CIA។ ប៉ុន្តែ ទាំង​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន និង​សេអ៊ូល​បាន​បដិសេធ​ព័ត៌មាននេះ និង​នៅតែ​បញ្ជាក់​ពី​សមត្ថភាព​មាន​កម្រិត​របស់​ទីក្រុង​ព្យុងយ៉ាង​ដើម្បី​ផលិត​អាវុធ​ដ៏ទំនើបមួយនេះ។

ពីពេលនេះ ដល់​ចុងខែ​កក្កដា គេ​នឹង​បាន​មើលដឹង​ពី​សមត្ថភាព​ពិតប្រាកដ​របស់​ទីក្រុង​ព្យុងយ៉ាង ក្នុងការផលិត​គ្រាប់មីស៊ីល ព្រោះ​ថា ទីក្រុង​ព្យុងយ៉ាង​កំពុង​ត្រៀម​ខ្លួន​ប្រារព្ធ​ខួប​៦០​ឆ្នាំ​នៃ​ការបញ្ចប់​សង្រ្គាម​កូរ៉េ ដែល​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ទី ២៧​កក្កដា​ខាងមុខ។ បើតាម​រូបភាព​ថត​បាន​ពី​ផ្កាយរណប ទាហាន​១ម៉ឺននាក់កំពុង​ហ្វឹកហ្វឺន​រៀងរាល់ថ្ងៃ ដើម្បី​ដើរក្នុង​ព្យុហយាត្រា ចំណែក​មីស៊ីល​បាញ់​រយៈចម្ងាយ​ជិត និង​មធ្យម ត្រូវ​គេ​ដំឡើង​រួចហើយ ដាក់​លើ​តួម៉ាស៊ីនបាញ់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ