អានតួអត្ថបទ
កម្ពុជា-តុលាការ

បញ្ហា​សុខភាព​របស់​លោក​អៀង​សារី​ត្រូវ​បាន​តុលាការ​បើក​សវនាការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​

នៅ​​ថ្ងៃ​​ព្រហស្បតិ៍​ទី​៨​​វិច្ឆិកា​​នេះ ​អង្គ​ជំនុំ​ជម្រះ​​សាលាដំបូង​​របស់​​តុលាការ​​ខ្មែរ​ក្រហម ​បាន​​​បើក​​សវនាការ​ដើម្បី​​ស្តាប់​​សក្ខីកម្ម​​របស់​​សាក្សី​​ជំនាញ​​​វេជ្ជសាស្ត្រ​ដែល​​បាន​​ពិនិត្យ​​និង​​វាយ​តម្លៃ​​លើ​​​ស្ថានភាព​​សុខភាព​​របស់​​​លោក​ អៀង សារី​ក្នុង​​អំឡុង​​ពេល​​ដែល​​គាត់​​កំពុង​​ទទួល​​ការ​​សម្រាក​​​ព្យាបាល​​នៅ​​ក្នុង​​មន្ទីរពេទ្យ​​​មិត្តភាព​​កម្ពុជា​-​សូ​វៀត​។​

លោក អៀងសារី
លោក អៀងសារី RFI/Ly Meng Hour
ផ្សាយពាណិជ្ជកម្ម

អ្នកជំនាញ​វេជ្ជសាស្ត្រដែល​បាន​ធ្វើ​របាយការណ៍​សុខភាព​របស់​លោកអៀង សារី​និង​ដែល​បាន​​ចូល​មក​ឆ្លើយ​សំណួរ​របស់​ចៅក្រម​និង​ភាគី​ទាំង​អស់​នៅ​ក្នុង​សវនាការ គឺ​លោក​សាស្ត្រាចារ្យ​ ច​ន ខេ​ម​ប៊ែល មក​ពី​ប្រទេស​ញូវហ្សេលែន។ នៅ​ក្នុង​អំឡុង​សវនាការ​សាធារណៈ  នៅ​ព្រឹកមិញ លោក​សាស្ត្រាចារ្យ ចន ខេមប៊ែល បាន​ជម្រាប​ជូន​តុលាការ​ថា លោក អៀង សារី មិន​មាន​បញ្ហា​ខាង​បញ្ញា​ស្មារតី​ទេ ក៏​ប៉ុន្តែ​គាត់​មាន​ជំងឺ​​ប្រចាំ​កាយ​ជា​ច្រើន។

លោក​សាស្ត្រាចារ្យ ក៏​បាន​ផ្តល់​អនុសាសន៍​ថា ជន​ជាប់​ចោទ អៀង សារី អាច​ចូលរួម​សវនាការ​ពី​ចម្ងាយ តាម​រយៈ​បន្ទប់​ដែល​មាន​បំពាក់​ដោយ​ឧបករណ៍​សោតទស្សន៍​ដែល​ស្ថិត​នៅ​ជាន់​ខាង​​ក្រោម​នៃ​សាល​សវនាការ។ ដោយសា​រវ័យ ៨៧ ឆ្នាំ អៀង សារី មាន​ស្ថាន​ភាព​សុខភាព​ចុះខ្សោយ​ខ្លាំង​មួយ​រយៈ​ពេល​​ចុង​ក្រោយ​នេះ ហើយ​គាត់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​សូ​វៀត នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១២ និង​ទទួល​ការ​ព្យាបាល​ជាពិសេស​ពី​វេជ្ជបណ្ឌិត​នៅ​ទីនោះ​។ លោក អៀង សារី ត្រូវ​បាន​បញ្ជូន​ពី​មន្ទីរពេទ្យ មក​កាន់ អ​.​វ​.​ត​.​ក​. វិញ​ នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១២​។​

​សូម​រំឭក​ថា នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០១២ អង្គជំនុំជម្រះ​សាលាដំបូង នៃ​អ​.​វ​.​ត​.​ក បាន​ចាត់​តាំង​​អ្នកជំនាញ​វេជ្ជសាស្ត្រ​ផ្នែក​មនុស្ស​ចាស់ លោក ច​ន ខេ​ម​ប៊ែល ដើម្បី​ធ្វើ​កោសល្យ​វិច័យ​​ជាថ្មី​​ម្តងទៀត ព្រម​ទាំង​ធ្វើ​របាយការណ៍​លើ​ស្ថានភាព​វិវត្តន៍​ចុងក្រោយ នៃ​សុខភាព​របស់​លោក អៀង សារី ជូន​តុលាការ​។
យ៉ាងណាក៏ដោយ សេចក្តី​សំរេច​លើ​បញ្ហា​សុខភាព​របស់​លោក អៀង សារី ថា​តើ​អតីត​រដ្ឋមន្ត្រី​ការបរទេស​ខ្មែរក្រហម​រូប​នេះ អាច​មក​ចូល​រួម​សវនាការ​ដោយ​ផ្ទាល់ នៃ​ការ​កាត់ទោស​រូប​លោក ក្នុង​សំណុំរឿង​០០២ ជាមួយ​លោក នួនជា និង​លោក ខៀវ សំផន ឬ​ក៏​ត្រូវ​តាម​ដាន​សវនាការ​ពី​ចម្ងាយ​នោះ គឺ​អង្គ​ជំនុំជម្រះ នឹង​ចេញ​សេចក្តី​សម្រេច​នៅ​ពេល​ក្រោយ។

សូម​រម្លឹកថា ថ្មីៗ​នេះ តុលាការ​ខ្មែរក្រហម ទើប​បាន​សម្រេច​ដោះលែង​លោកស្រី អៀង ធីរិទ្ធ ភរិយា​របស់​លោក អៀង សារី ដោយ​សារតែ​លោកស្រី ត្រូវ​បាន​គ្រូពេទ្យ​រកឃើញ​ថា មាន​ជំងឺ​សសៃ​ប្រាសាទ វង្វេង​វង្វាន់​ធ្ងន់ធ្ងរ​មិន​អាច​នាំ​យក​មក​កាត់ទោស​បាន​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ