អានតួអត្ថបទ
កម្ពុជា

ជូនពរ​និង​រិះគន់​លាយឡំគ្នា​ជុំវិញ​ការប្រារព្ធ​ពិធី​បុណ្យ​ចូលឆ្នាំចិន​

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​និង​លោក​សម ​រង្ស៊ី​ ប្រធាន​គណបក្ស​ប្រឆាំង​ជូនពរ​ប្រជាពល​រដ្ឋ​ខ្មែរ​ជាប់​សែ​ស្រឡាយ​ចិន​នៅ​ប្រទេស​កម្ពុជា​ក្នុង​ពិធី​បុណ្យ​ចូលឆ្នាំ​ចិនឆ្នាំ​នេះ​ប៉ុន្តែ​ព្រមពេល​ជាមួយ​គ្នា លោក រ៉ុង ឈុន​ ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ​កម្ពុជា​បាន​អំពាវ​ដល់​សិស្សា​នុសិស្ស​និង​មន្ត្រី​អោយ​បន្ត​ធ្វើ​ការ​ធម្មតា។ ​ការ​អំពាវនាវ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​គេ​សង្កេត​ឃើញ​ថា ​មន្ត្រីរាជការ​កាល​ពី​ឆ្នាំ​កន្លងមក​មិនទៅ​ធ្វើការ​រីឯ​កូនសិស្ស​មិន​ទៅ​សាលា​រៀនទេ។

លោកនាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​​ បាន​ផ្ញើសារ​​ជូនពរ​​ទៅ​កាន់​​ប្រជាពលរដ្ឋ​​ខ្មែរ​ជាប់​សែ​​ស្រឡាយ​​ចិន​​នៅ​ក្នុង​​ប្រទេស​​កម្ពុជា​
លោកនាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​​ បាន​ផ្ញើសារ​​ជូនពរ​​ទៅ​កាន់​​ប្រជាពលរដ្ឋ​​ខ្មែរ​ជាប់​សែ​​ស្រឡាយ​​ចិន​​នៅ​ក្នុង​​ប្រទេស​​កម្ពុជា​ © ស៊ីវ​ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

មួយ​ថ្ងៃ​មុន​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ចូល​មកដល់​ លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន​ បាន​ផ្ញើសារ​ជូនពរ​ទៅ​កាន់​ប្រជាពលរដ្ឋ​ខ្មែរ​ជាប់​សែ​ស្រឡាយ​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​ប្រទេស​កម្ពុជា មាន​បងប្អូន​ខ្មែរ​ជាប់​សែ​ស្រឡាយ​ចិន​ប្រមាណ​ជា​ពី​៧០​ទៅ​៨០​ម៉ឺន​នាក់។

នៅ​ក្នុង​សារ​របស់​ខ្លួន ប្រមុខ​រាជរដ្ឋាភិបាល​លោក ហ៊ុន សែន បាន​សរសេរ​ថា ព្រះរាជាណាចក្រ​កម្ពុជា​គឺ​ជា​គេហដ្ឋាន​ដ៏​កក់​ក្តៅ​នៃ​ប្រជារាស្ត្រ​ទាំងអស់​ក្នុង​នោះ​មាន​បងប្អូន​ខ្មែរ​ជាប់​សែ​ស្រឡាយ​ចិន​ផង​ដែរ។

លោក​នាយករដ្ឋមន្រ្តី​បាន​បន្ត​បញ្ជាក់​ក្នុងសារ​របស់​លោក​ថា ប្រជាជន​ខ្មែរ​និង​ប្រជាជន​ខ្មែរ​ជាប់​សែ​ស្រឡាយ​ចិន​បាន​រួមសុខ រួម​ទុក្ខ​និង​បាន​រួម​សហការ​អភិវឌ្ឍន៍​ប្រទេស​ជា​មួយគ្នា​អស់រយៈ​ពេល​៣២​ឆ្នាំ​មក​ហើយ​រហូត​មក​ដល់​ពេល​នេះ។ ​លោក ហ៊ុន សែន​ បាន​បន្ត​ក្នុងសារ​របស់​លោក​ថា រូបគាត់​និង​ភរិយា​សូម​ចូលរួម​សប្បាយ​រីករាយ​ជា​មួយ​បងប្អូន​កាត់ចិន​ទាំងអស់​​និង​ជូនពរ​អោយ​ពួកគេ​ទទួល​បាន​សេរី​ជ័យ​មង្គល​នៅ​ក្នុង​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ។

ងាក​មក​លោក សម រង្ស៊ី ​ប្រធាន​គណបក្ស​ប្រឆាំង​សមរង្ស៊ីវិញ លោក ​ក៏​បាន​ឆ្លៀត​យក​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​ឆ្នាំ​នេះ​ជូនពរ​សារ​នយោបាយ​ដល់​បងប្អូន​ខ្មែរ​សែ​ស្រឡាយ​ចិន​ដែរ។ ​ក្នុង​សារ​​របស់​លោក លោក សម រង្ស៊ី​ បាន​និយាយ​ថា ជនជាតិ​ខ្មែរ​ជាប់​សែ​ស្រឡាយ​ចិន​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ប្រជាជាតិ​ខ្មែរ។ ពួកគេ​បាន​ចូល​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ធ្វើ​អោយ​ប្រទេស​កម្ពុជា​មាន​ភាព​រុងរឿង​និង​សម្បូណ៌​សប្បាយ។

ប្រធានគណបក្ស​ប្រឆាំង​រូបនេះ​បាន​បន្ត​ទៀត​ថា សហគមន៍​ខ្មែរ​ជាប់​សែ​​ស្រឡាយ​ចិន​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​ពង្រឹង​ចំណង​មិត្តភាព​រវាង​ប្រទេស​កម្ពុជា​និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន។ ប្រទេស​ចិន​គឺ​ជា​សម្ព័ន្ធមិត្ត​យូរ​អង្វែង​របស់​ប្រទេស​កម្ពុជា។
លោក សម រង្ស៊ី ដែល​បាន​បញ្ជាក់​ថា ជីតា​លួត​របស់​លោក​ជាជន​ជាតិ​ចិន​មក​ពី​ប្រទេសចិន​កាល​ពី​១០០​ឆ្នាំ​មុន​នោះ​ បាន​អំពាវ​នាវ​ជំរុញ​អោយ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​ត្រូវ​តែ​គាំទ្រ​គោល​ជំហរ​របស់​ប្រទេស​ចិន​ប្រជាមានិត​ក្នុង​ជម្លោះ​ប្រជុំ​កោះ Paracel ​ស្ថិត​ក្នុង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង។

សារ​របស់​លោក ​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន​ និង​សារ​របស់​លោក សម រង្ស៊ី​ ប្រធាន​គណបក្ស​ប្រឆាំង​នៅឆ្នាំ​នេះ​គឺ​ជា​សារ​ផ្លូវការ​ដ៏​កម្រ​មួយ​ដែលគេ​ពុំសូវ​បានឃើញ​ទេ​កាលពី​ពេលមុន។ ​សារទាំងពីរនេះ​ត្រូវ​បាន​គេ​មើលឃើញថា​ គឺ​បាន​ធ្វើឡើង​ចំពេល​ដែលតួនាទី​របស់​ប្រទេស​ចិន​មានសារៈ​សំខាន់​កាន់តែ​ខ្លាំង​ឡើង​ទាំង​នៅ​ក្នុងប្រទេស​កម្ពុជា​និងនៅ​ក្នុង​ពិភព​លោក​ទាំងមូល។​ ប៉ុន្តែ ​បើ​ទោះបី​ជា​យ៉ាងណា​ក៏​ដោយក៏​លោក រ៉ុង ឈុន ​ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ​​កម្ពុជា​បាន​អំពាវ​ដល់​សិស្សានុសិស្ស​និង​មន្ត្រី​​រាជការ​ទាំងអស់​អោយ​បន្ត​ធ្វើ​ការ​ជា​ធម្មតា​ពីព្រោះ​ពិធី​បុណ្យ​ចូលឆ្នាំ​ចិន​នេះ​មិនមែន​ជា​ពិធី​របស់​ខ្មែរ​ទេ។

ការ​អំពាវ​នាវ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​គេ​សង្កេត​ឃើញ​ថា ​មន្ត្រីរាជការ​និង​កូន​សិស្ស​ភាគច្រើន​កាល​ពី​ឆ្នាំ​កន្លង​មក​មិន​ទៅ​ធ្វើការ​និង​មិន​ទៅ​សាលា​រៀន​ទេ​នៅ​ក្នុង​ពិធី​បុណ្យ​ចូលឆ្នាំ​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ