អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ីស្រាអែល ប៉ាឡេស្ទីន ៖ ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. ទាមទារ​ការ​​ឈប់បាញ់​បន្ទាន់​និង​​គ្មាន​លក្ខខណ្ឌ

ចុះផ្សាយ​នៅ​ថ្ងៃ៖

គំនាប​អន្តរជាតិ​ មាន​កាន់​តែ​ធ្ងន់​ដាក់​លើ ចលនា​ហាម៉ាស និង​អ៊ីស្រាអែល ... ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​អង្គការ​សហប្រជាជាតិ​ បាន​បើក​ជំនួប​ប្រជុំ​បន្ទាន់ នៅ​យប់​មិញ​ ទាមទារ​ឱ្យ​ភាគី​បក្សដិបក្ស​ហាម៉ាស និង​អ៊ីស្រាអែល គោរព​ច្បាប់​មនុស្សធម៌ ឈប់​បាញ់​ជា​បន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ​។ នៅ​ផ្ទាល់​កន្លែង​ តាំង​ពី​ព្រហាម​ថ្ងៃ​ចន្ទ​នេះ ដែល​ជា​​ថ្ងៃ​បិទ​បញ្ចប់​ការ​តម​អាហារ រ៉ាម៉ាដង់​របស់​​​សាសនា​អ៊ីស្លាម ​ភាព​ស្ងប់​ស្ងាត់​ហាក់​កំពុង​សណ្ឋិត​លើ​តំបន់​ហ្កាហ្សា។

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​ជា​ឯកឆ័ន្ទ​សេចក្តី​ថ្លែងការណ៍​ទាមទារ​បទ​ឈប់​បាញ់​នៅ​ហ្កាហ្សា ជា​បន្ទាន់​និង​ដោយ​គ្មាន​លក្ខខណ្ឌ​
ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​ជា​ឯកឆ័ន្ទ​សេចក្តី​ថ្លែងការណ៍​ទាមទារ​បទ​ឈប់​បាញ់​នៅ​ហ្កាហ្សា ជា​បន្ទាន់​និង​ដោយ​គ្មាន​លក្ខខណ្ឌ​ REUTERS/Eduardo Munoz
ផ្សាយពាណិជ្ជកម្ម

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដែល​​​បាន​ជួប​ប្រជុំ​គ្នា​ជា​បន្ទាន់​នៅ​យប់​មិញ នាទីក្រុង​ទីញូវយ៉ក បាន​សម្រេច​អនុម័ត​ចេញ​នូវ​សេចក្តី​ថ្លែងការណ៍​រួម ទាមទារ ឱ្យ​អ៊ីស្រាអែល និង​ហាម៉ាស ឈប់​បាញ់ ជា​បន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ នៅ​តំបន់​ហ្កាហ្សា។ ​អត្ថបទ​ថ្លែងការណ៍ ដែល​តាក់តែង​ឡើង​ដោយ​ប្រទេស​ហ្ស័កដានី ប្រទេសជា​សមាជិក​សម្ព័ន្ធ​អារ៉ាប​តែ​មួយ​គត់ ក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​ស្នើ​សុំ​ឱ្យ​អ៊ីស្រាអែល​ និង​ហាម៉ាស​ ធ្វើ​យ៉ាង​ណា​រក្សា​បទ​ឈប់បាញ់​ឱ្យ​បាន​ពេញ​មួយ​ថ្ងៃ​ចន្ទ និង​បន្ត​បន្ទាប់​ទៅ​មុខទៀត ដោយ​ឈរ​លើ​គោលការណ៍​មនុស្សធម៌។

គោរព​ច្បាប់​មនុស្សធម៌​អន្តរជាតិ

អង្គការ​សហប្រជាជាតិ​ ចង់​ឱ្យ​ភាគី​ទាំង​ពីរ គោរព​យ៉ាងពេញ​ទំហឹង​សិទ្ធិ​មនុស្សធម៌ អន្តរជាតិ និង​ជា​ពិសេស​ការ​ការពារ​ជីវិត​ជន​ស៊ីវិល។ សម្រាប់​ក្រុមប្រឹក្សា ផ្តល់ជំនួយ​មនុស្សធម៌ គឺ​ការ​ចាំបាច់​ដែល​ត្រូវ​ធ្វើ​​ដោយ​គ្មាន​បង្អង់ និង​អញ្ជើញ​ភាគី​បក្សដិបក្ស​ឱ្យ​ចូល​តុ​ចរចា ដើម្បី​ស្វែង​រក​បទ​ឈប់​បាញ់​ជា​និរន្តន៍បាន​​យូរអង្វែង​មួយ។

ប៉ុន្តែ​ ជា​ថ្មី​ម្តង​ទៀត តំណាង​ប៉ាឡេស្ទីន​ ប្រចាំ​អង្គការ​សហប្រជាជាតិ​​ បាន​សម្តែង​ការ​សោក​ស្តាយ​ ចំពោះ​ការ​សម្រេច​ ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ ដែល​បាន​ត្រឹម​ចេញ​សេចក្តីថ្លែងការណ៍​ មិន​មែន​ជា​សេចក្តីសម្រេចចិត្តអង្គការ​សហប្រជាជាតិ និង​គ្មាន​ឮ​សោះ​ការ​អំពាវនាវ​ឱ្យ​អ៊ីស្រាអែល​ លើក​ការ​បិទ​ខ្ទប់​តំបន់​ហ្កាហ្សា តាំង​ពី​ឆ្នាំ​២០០៦​។ ចំណែក​ខាង​អ៊ីស្រាអែល​វិញ តាម​រយៈ​តំណាង​ការទូត​ប្រចាំ​អង្គកា​រ​សហប្រជាជាតិ យល់​ថា សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុមប្រឹក្សា​ គ្មាន​ចែង​ចំ​ឈ្មោះ​ចលនា​ហាម៉ាស ការ​បាញ់​រ៉ុកកែត និង​សិទ្ធិ​ការពារ​ខ្លួន​របស់​អ៊ីស្រាអែល​។

 
លោក​ អូបាម៉ា និយាយ​តាម​ទូរស័ព្ទ​ដោយ​ផ្ទាល់​ ជួប​និយាយ​ជាមួយ​នឹង​នាយក​រដ្ឋមន្ត្រី​​អ៊ីស្រាអ៊ែល លោក ប៊ិនយ៉ាមីន នេតាន់យ៉ាហ៊ូ

តាំង​ពី​វិបត្តិ​អ៊ីស្រាអែល ប៉ាឡេស្ទីន​បាន​ផ្ទុះ​ឡើង​ជា​ថ្មី អ៊ីស្រាអែល​បើក​យុទ្ធនាការ​វាយ​សម្រុក​លើតំបន់ហ្កាហ្សា​មក គេ​ឃើញ​តែ​​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ លោក ចន ឃែរី​ ទេ ជា​អ្នក​ដើរ​តួ​ចេញ​មុខ​ចេញ​មាត់ ចុះ​ផ្ទាល់​ដល់​កន្លែង និង​ដឹកនាំ​ការ​ចរចា​ផ្សេងៗ ពីអេហ្ស៊ីប​ដល់ ប៉ារីស ។ល។ និង​។ល។ ប៉ុន្តែ​រាល់​កិច្ច​ខំប្រឹង​ប្រែង​ទាំង​អម្បាលម៉ាន សុទ្ធ​តែ​ទទួល​បរាជ័យ ៖ ​ហាម៉ាស និង​អ៊ីស្រាអែល​ ជួប​គ្នា​ចរចា​ តែ​និយាយ​ស្តាប់គ្នា​មិន​បាន គ្មាន​លទ្ធផល មិន​អាច​រក​ឃើញ​សោះ​កិច្ចព្រមព្រៀង​ឈប់​បាញ់។

ហេតុដូច្នេះ​ហើយ បាន​ជា​លោក​ប្រធានាធិបតី​ បាន​សម្រេច​ចិត្ត​ លើក​ទូរស័ព្ទ ហៅ​ និង​និយាយ​ដោយ​ផ្ទាល់​មាត់​ជាមួយ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល លោក ប៊ិនយ៉ាមីន នេតាន់យ៉ាហូ​តែម្តង ដោយ​សង្ឃឹម​ថា​យុទ្ធសាស្ត្រ​ថ្មី​នេះ​ អាច​មាន​ប្រសិទ្ធភាព​ជាង។ លោក អូបាម៉ា បាន​ប្រើ​សម្តី និង​ការ​គំរាម​ចំ​លើ​អ៊ីស្រាអែល ដោយ​ពន្យល់​ថា ដាក់ឱ្យ​ដំណើរការ​បទ​ឈប់​បាញ់​មនុស្សធម៌​ភ្លាម និង​ដោយ​គ្មាន​លក្ខខណ្ឌ​ ជា​យុទ្ធសាស្ត្រ​តែ​ត្រូវ​តែ​ទទួល​យក។ ប៉ុន្តែ​អ៊ីស្រាអែល ដែល​ធ្លាប់​ជា​សម្ព័ន្ធ​មិត្ត ធ្លាប់​គោរព​អាមេរិក ហាក់​ដូច​ជា​ហឹង​ត្រចៀក មិន​ស្តាប់​ មិន​ទទួល​យក​អ្វី​ដែល​ប្រធានាធិបតី​អាមេរិក​បាន​ស្នើ​ ដោយ​សំអាង​ថា​អ៊ីស្រាអែល​ធ្វើ​គ្រប់យ៉ាង​ដើម្បីការពារ​អាយុ​ជីវិត​ពលរដ្ឋ​អ៊ីស្រាអែល។

ភាព​ស្ងប់ស្ងាត់​ ដែលមិន​អាច​ទុក​ចិត្ត​បាន

 
ក្រោយ​ជំនួប​ជាមួយ​ប្រធានាធិបតី​អាមេរិក​តាម​ទូរស័ព្ទ និង​កាលពីប៉ុន្មាន​ម៉ោង​មុន តំណាង​រដ្ឋាភិបាល​អ៊ីស្រាអែល បាន​ប្រកាស​ ថា​ មើល​មិន​ឃើញ​ប្រយោជន៍​ទទួល​បាន​ពី​បទ​ឈប់​បាញ់​ថ្មីឡើយ ក្នុង​ជម្លោះ​ជាមួយ​សកម្មជន​ប្រដាប់​អាវុធ​នៅ​តំបន់​ហ្កាហ្សា ! ជា​ភាសា​បដិសេធ​នឹង​សំណើ​ឈប់​បាញ់​របស់​អាមេរិក បើ​ទោះ​បី​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ គឺ​ខាង​ភាគី​អ៊ីស្រាអែល ជា​អ្នក​សុំ​​មុន​ឱ្យ​បន្ត​​ការ​ឈប់​បាញ់​បន្ថែម​២៤​ម៉ោង ទៀត តែ​ខាង​ហាម៉ាសច្រាន​ចោល។ ពីរបី​ម៉ោង​ក្រោយ ខាង​ហាម៉ាស ងាក​មក​ស្នើ​ឈប់​បាញ់​ម្តង  ប៉ុន្តែ​វាដូច​ជា​ហួស​ពេល​បន្តិច អ៊ីស្រាអែល​ប្តូរ​ចិត្ត​ ច្រាន​ចោល​វិញ​សំណើ​របស់​ប៉ាឡេស្ទីន ព្រោះ​ពួក​ហាម៉ាស បាញ់​គ្រាប់​រ៉ុក​ឥត​ឈប់ គ្រាន់​តែ​ផុត​ម៉ោង​សន្យា​ឈប់​បាញ់​ភ្លាម។

ប៉ុន្តែ​បើ​តាមប្រភព​យោធា​អ៊ីស្រាអែល អ៊ីស្រាអែល​ សុំ​មិន​បញ្ចេញ​ឈ្មោះ​ អ៊ីស្រាអែល​ទំនង​ជា​នឹង​គោរព​បទ​ឈប់បាញ់ ហើយ​ជា​បទ​ឈប់​បាញ់​ដែល​គ្មាន​បញ្ជាក់​រយៈ​ពេល​ ពោល​គឺ​ជា​ការ​ឈប់​បាញ់​ដោយ​គ្មាន​កាល​កំណត់ ប៉ុន្តែ​កង​កម្លាំង​អ៊ីស្រាអែល​នៅ​បន្ត​ប្រតិបត្តិការ​ប្រឆាំង​នឹង​រូង​ក្រោម​ដី ដែល​ពួក​ហាម៉ាស​ប្រើ​សម្រាប់​វាយប្រហារ​អ៊ីស្រាអែល និង​សម្រាប់​លាក់​អាវុធ​យុទ្ធភណ្ឌ។

ចំណែក​នៅ​ខាង​ហាម៉ាសវិញ ជាការពិត គេ​ពុំ​ឃើញ​មាន​ការ​បាញ់​គ្រាប់​រ៉ុកកែត តាំង​ពី​យប់​មិញ​មក និយាយ​ឱ្យ​ចំ​តាំង​ពី​ពេល​ចូល​ដល់​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធីបុណ្យ​បួស​តម​អាហារ​ រ៉ាម៉ាដង់​របស់​បណ្តាជន​ហ្កាហ្សា​ អ្នក​កាន់​សាសនា​អ៊ីស្លាម​។ សង្ឃឹម​ថា ការ​ឈប់បាញ់​នេះ​អាច​នឹង​បន្ត​បាន​យូរ​ ! ប៉ុន្តែ​គេ​មិន​ទាន់​អាច​រីក​រាយ​នឹង​ភាព​ស្ងប់ស្ងាត់​ ដែល​អូស​បន្លាយ​ពេល​ជា​ច្រើន​មក​ហើយ​បាន​ទេ គ្មាន​អ្វី​ជា​ទៀង​ទាត់​ឡើយ​ ព្រោះ​អ៊ីស្រាអែល និង​ហាម៉ាស មិន​ទាន់​រក​ឃើញ​កិច្ច​​ព្រមព្រៀងរួម​​គ្នា​ ឈប់​បាញ់​នៅ​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ