អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប៉ាឡេស្ទីន​ច្រានចោល​ផែនការ​ចរចា​សន្តិភាព​ស្នើឡើង​ដោយ​លោក​ចន ឃែរី

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅទីបំផុត​ទៅ ថ្នាក់ដឹកនាំ​ប៉ាឡេស្ទីន​បាន​ច្រានចោល​ផែនការ​សន្តិភាព ដែល​សម្របសម្រួល​ដោយ​លោក​ចន ឃែរី រដ្ឋមន្រ្តី​ការបរទេស​អាមេរិក។ លោក​ឃែរី ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​ហ្សកដានី​ កំពុង​​ស្វះស្វែង​ព្យាយាម​​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​ប៉ាឡេស្ទីន​​បន្ថែម​ទៀត ដើម្បី​​ឲ្យ​បើក​ការចរចា​សន្តិភាព រវាងអ៊ីស្រាអែល និង​ប៉ាឡេស្ទីន។

លោក​ចន ឃែរី រដ្ឋមន្រ្តី​ការបរទេស​អាមេរិក នៅ​ក្នុង​ប្រទេស​ហ្សកដានី
លោក​ចន ឃែរី រដ្ឋមន្រ្តី​ការបរទេស​អាមេរិក នៅ​ក្នុង​ប្រទេស​ហ្សកដានី REUTERS/Mandel Ngan/Pool
ផ្សាយពាណិជ្ជកម្ម

 

សំណួរ-តើ​ផែនការ​សន្តិភាព ដែល​សម្របសម្រួល​ដោយ​លោក​ចន ឃែរី នៅពេលនេះ មាន​ខ្លឹមសារ​យ៉ាងម៉េច​ខ្លះ?
 
ផែនការ​សន្តិភាព ដែល​លោក​ចន ឃែរី កំពុង​តែ​ព្យាយាម​សម្របសម្រួល​ឲ្យ​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល​យក​ធ្វើ​ជា​គោល ដើម្បី​បើក​ការចរចា ​នៅពេលនេះ មិនមែន​ជា​ផែនការ​ថ្មី​ទេ ប៉ុន្តែ​ ជា​ផែនការ​ចាស់​តាំង​ពី​ឆ្នាំ​២០០២​ម៉្លេះ។ វា​ក៏​មិនមែន​ជា​ផែនការ ដែល​ស្នើ​ឡើង​ដោយ​សហរដ្ឋ​អាមេរិក​នោះដែរ ប៉ុន្តែ វា​កើតចេញ​ពី​គំនិត​ផ្តួចផ្តើម​របស់​អារ៉ាប៊ី​សាអ៊ូឌីត ហើយ​ដែល​មាន​ការ​គាំទ្រ​ពី​សម្ព័ន្ធ​អារ៉ាប់។

នៅ​ក្នុង​ផែនការ​សន្តិភាព​នេះ បើ​និយាយ​ដោយ​សង្ខេប ប្រទេស​អារ៉ាប់​ទាំងអស់​សន្យាថា៖

  • នឹង​​​ទទួលស្គាល់​រដ្ឋ​អ៊ីស្រាអែល​យ៉ាងពេញលេញ
  • នឹងចុះ​កិច្ចព្រមព្រៀង​សន្តិភាព ដើម្បី​បញ្ចប់​សង្រ្គាម​ជាស្ថាពរ​ជាមួយ​អ៊ីស្រាអែល
  • នឹង​បង្កើត​ទំនាក់ទំនង​ការទូត​ជាធម្មតា​ជាមួយ​អ៊ីស្រាអែល​ឡើងវិញ
  • នឹង​ធ្វើ​យ៉ាងណា​រក្សា​សន្តិសុខ​ដល់​អ៊ីស្រាអែល ជាពិសេស គ្រប់​ប្រទេស​អារ៉ាប់​ទាំងអស់​នឹង​មិន​គាំទ្រ ឬ​មិន​ផ្តល់​ទីជម្រក​ឲ្យ​ក្រុម​ប្រដាប់​អាវុធ​ប៉ាឡេស្ទីន​ណាមួយ​ ដែល​បង្ក​អសន្តិសុខ​នៅ​អ៊ីស្រាអែល​ទេ។

 
ជាថ្នូរមកវិញ គេ​ទាមទារ​ ៣ចំណុច​ពី​អ៊ីស្រាអែល៖

  • ទីមួយ អ៊ីស្រាអែល​ត្រូវ​តែ​ដក​ថយ​ចេញ​ពី​ដែនដី ដែល​អ៊ីស្រាអែល​ដណ្តើម​កាន់កាប់​ នៅ​ក្នុង​អំឡុង​​សង្រ្គាម​ជាមួយ​ប្រទេស​អារ៉ាប់​ (សង្រ្គាម៦ថ្ងៃ) កាល​ពី​ឆ្នាំ​១៩៦៧។
  • ទីពីរ អ៊ីស្រាអែល​ត្រូវ​តែ​អនុញ្ញាត​ឲ្យ​ជន​ជាតិ​ប៉ាឡេស្ទីន ដែល​ភៀសខ្លួន​ដោយ​សារ​សង្រ្គាម​ រវាង​អ៊ីស្រាអែល និង​អារ៉ាប់ អាច​វិលត្រឡប់​ទៅ​ស្រុក​កំណើត​របស់​ខ្លួន​វិញ ទៅតាម​សេចក្តីសម្រេច​​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ (សេចក្តីសម្រេច​លេខ​ ១៩៤) កាល​ពី​ឆ្នាំ​១៩៤៨។
  •  ទីបី អ៊ីស្រាអែល​ត្រូវ​តែ​ទទួល​ស្គាល់​យ៉ាង​ពេញលេញ នូវ​រដ្ឋ​ប៉ាឡេស្ទីនឯករាជ្យ​មួយ ដោយ​យក​ខ្សែបន្ទាត់​ព្រំដែន ដែល​មាន​មុន​សង្រ្គាម​ឆ្នាំ​១៩៦៧ ហើយ​ដែល​មាន​ក្រុងយេរូសាឡឹម​ខាងកើត ជា​រដ្ឋធានី។

 
ថ្មីៗ​នេះ សម្ព័ន្ធ​អារ៉ាប់​បាន​បន្ទន់ជំហរ​បន្ថែម​ទៀត ទាក់ទង​នឹង​ខ្សែបន្ទាត់​ព្រំដែន​មុន​ឆ្នាំ​១៩៦៧។ គេ​មិនទាមទារ​ថា ចាំបាច់​ត្រូវ​តែ​យក​តាម​​ខ្សែបន្ទាត់​ព្រំដែន​នេះ​ទាំងស្រុង​ទេ គឺ​គ្រាន់តែ​យក​វា​មក​ធ្វើ​ជា​គោលការណ៍ ហើយ​បើ​សិន​ជា​មាន​ជនជាតិ​អ៊ីស្រាអែល​ដែល​បាន​តាំង​ទីលំនៅ ចូល​ទៅហួស​ខ្សែបន្ទាត់​ព្រំដែន​នេះ​រួចហើយ ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​ការ​បណ្តេញ​ប្រជាជន​អ៊ីស្រាអែល​ចេញ គេ​នឹង​សុខចិត្ត​ឲ្យ​មាន​ការ​ដោះដូរ​ដីគ្នា​។

សំណួរ-បើផែនការ​នេះ​ជា​គំនិត​ផ្តួចផ្តើម​របស់​ប្រទេស​អារ៉ាប់ ហើយ​គាំទ្រ​ដោយ​សម្ព័ន្ធ​អារ៉ាប់។ តើ​ហេតុអ្វី​បាន​ជា​ប៉ាឡេស្ទីន​បែរ​ជា​ច្រាន​ចោល​បែបនេះ​ទៅវិញ?
 
មេដឹកនាំ​ប៉ាឡេស្ទីន​មិនបាន​ច្រានចោល​សំណើ​របស់​លោក​ចន ឃែរី ទាំងស្រុង​ទេ ប៉ុន្តែ គេ​ទាមទារ​ឲ្យ​មាន​ការកែប្រែ​ចំណុច​ខ្លះ ជាពិសេស គឺ​ទាមទារ​ឲ្យ​មានការប្រកាស​ធានា​ច្បាស់លាស់​ថា ការចរចា​បង្កើត​រដ្ឋ​ប៉ាឡេស្ទីន​នេះ​ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​យក​ខ្សែបន្ទាត់​ព្រំដែន​មុន​ឆ្នាំ​១៩៦៧​ធ្វើជាគោល ហើយ​ក្នុង​អំឡុង​ពេល​ចរចា​នេះ អ៊ីស្រាអែល​មិន​ត្រូវ​បន្ត​សាងសង់​លំនៅដ្ឋាន​ចូល​ហួស​ពី​ខ្សែបន្ទាត់​ព្រំដែន​នេះ។

សម្រាប់​មេដឹកនាំ​ប៉ាឡេស្ទីន ចំណុច​ពីរនេះ គឺ​ជា​ចំណុច​សំខាន់​ដែល​មិន​អាច​ខ្វះបាន ហើយ​ទាមទារ​ថា ប្រសិន​បើ​មាន​ការឯកភាព​គ្នា​បើក​កិច្ចចរចា​ហើយ នៅ​ពេល​ដែល​ប្រកាស​បើក​កិច្ចចរចា នៅ​ក្នុង​សេចក្តីប្រកាស​នេះ ត្រូវ​តែ​មាន​ចែង​ច្បាស់ៗ អំពី​ចំណុច​ទាំងពីរ​នេះ។

ដោយសារ​តែ​មាន​ការទាមទារ​បែបនេះ​ហើយ​ បាន​ជា​លោក​ចន​ ឃែរី មិនទាន់​ចេញ​ពី​ហ្សកដានី មក​អាមេរិក​វិញ នៅថ្ងៃ​នេះ ដើម្បី​​ជួប​ចរចា​ជាមួយ​តំណាង​ប៉ាឡេស្ទីន​ជាថ្មី​ទៀត។ បើ​គិត​ទៅ ចាប់តាំង​ពី​ឡើងកាន់​តំណែង​ជា​រដ្ឋមន្រ្តី​ការបរទេស​ជំនួស​លោកស្រី​ហ៊ីឡារី គ្លីនតុន លោក​ចន ឃែរី បាន​ធ្វើ​ដំណើរ​ទៅ​ដើមបូព៌ា ៥លើក​រួចហើយ។ លើកនេះ គឺ​ជា​លើកទី៦ ហើយ​បើ​តាម​គម្រោង លោក​ចន ឃែរី ចង់បញ្ចប់​​ដំណើរទស្សនកិច្ច​លើកនេះ ជាមួយ​នឹង​សេចក្តីប្រកាស​មួយ​ថា អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ ព្រមព្រៀង​គ្នា​​វិល​ត្រឡប់​មក​រក​តុចរចា​ឡើងវិញ។

សំណួរ-ពី​ខាង​ភាគី​​អ៊ីស្រាអែលវិញ តើ​អ៊ីស្រាអែល​មាន​ជំហរ​យ៉ាងម៉េច​ដែរ ចំពោះសំណើ​របស់​លោក​ចន ឃែរី ឲ្យ​បើក​កិច្ចចរចា​ជាមួយ​ប៉ាឡេស្ទីន​ឡើងវិញ​នេះ?
 
កាលពី​ម្សិលមិញ មន្រ្តី​អ៊ីស្រាអែល​ម្នាក់​ដែល​សុំ​មិនបញ្ចេញ​ឈ្មោះ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​ថា អ៊ីស្រាអែល​ទទួល​យក​សំណើ​របស់​លោក​ចន ឃែរី ក្នុងការ​បើក​ការចរចា​លើ​ផែនការ​សន្តិភាព ដែល​ផ្អែកលើ​ខ្សែបន្ទាត់​ព្រំដែន​មុន​ឆ្នាំ​១៩៦៧ និង​សុខចិត្ត​ទទួលយក​គោលការណ៍​នៃ​ការ​ដោះដូរ​ដីគ្នា​ជាមួយ​ប៉ាឡេស្ទីន។ ក៏ប៉ុន្តែ ក្រោយ​មក អ្នកនាំពាក្យ​របស់​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល បាន​ចេញ​មុខ​មក​បដិសេធ​ព័ត៌មាន​នេះ​វិញ។

រហូតមកទល់ពេលនេះ យើងឃើញ​ថា អ៊ីស្រាអែល​នៅ​តែ​ប្រកាន់​ជំហរ​ដដែល​ដូចពីមុន គឺ​ចង់​ឲ្យ​មាន​ការ​ចរចា​ឡើងវិញ​ជាមួយ​ប៉ាឡេស្ទីន ក៏ប៉ុន្តែ ការចរចានេះ​ត្រូវ​តែ​បើក​ធ្វើ​ដោយ​មិនត្រូវ​​ដាក់​លក្ខខណ្ឌ​អ្វី​ជាមុន​ទេ។ និយាយ​ជារួម​អ៊ីស្រាអែល​នៅតែ​​បដិសេធ​មិន​ព្រម​ផ្អាក​ការ​សាងសង់​លំនៅដ្ឋាន​ជនជាតិ​ជ្វីហ្វ នៅ​ក្នុង​ទឹកដី​របស់​ប៉ាឡេស្ទីន។

ជាក់ស្តែង យើងឃើញ​ថា កាល​ពីថ្ងៃ​ពុធ នៅពេល​ដែល​លោក​ចន ឃែរី កំពុង​តែ​ព្យាយាម​បញ្ចុះបញ្ចូល​ឲ្យ​​ប៉ាឡេស្ទីន​ត្រឡប់​មក​តុ​ចរចា​វិញ ស្រាប់តែ​រដ្ឋាភិបាល​អ៊ីស្រាអែល​​សម្រេច​​សាងសង់​លំនៅដ្ឋាន​ចំនួន ៧០០​កន្លែង​បន្ថែម​ទៀត នៅ​ Cisjordanie ដែល​ជា​ទឹកដី​របស់​ប៉ាឡេស្ទីន​ បើ​គិត​តាម​ខ្សែបន្ទាត់​ព្រំដែន​មុនឆ្នាំ​១៩៦៧។

ការបន្ត​សាងសង់​លំនៅដ្ឋាន​ក្នុង​ទឹកដី​ប៉ាឡេស្ទីន​នេះ​ បើ​និយាយ​តាម​ច្បាប់​អន្តរជាតិ គឺ​ជា​រឿង​ខុសច្បាប់។ សហគមន៍​អន្តរជាតិ​ជាទូទៅ ទាំង​សហភាព​អឺរ៉ុប និង​ទាំង​រដ្ឋាភិបាល​របស់​លោក​អូបាម៉ា​ សុទ្ធតែ​បាន​ទាមទារ​ឲ្យ​អ៊ីស្រាអែល​ផ្អាក​ការ​សាងសង់​លំនៅដ្ឋាន​នេះ។ ក៏ប៉ុន្តែ រដ្ឋាភិបាល​របស់​លោក​បេនយ៉ាមីន នេតាន់យ៉ាហ៊ូ មិន​ព្រម​ស្តាប់តាម។ នេះ​ហើយ ដែល​ជា​ឧបសគ្គ​ធំបំផុត ក្នុងការ​ចរចា​សន្តិភាព​ រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ