លោក John Kerry បន្តដំណើរទស្សនកិច្ចរបស់លោកនៅដើមបូព៌ា
ក្រោយពីបំពេញទស្សនកិច្ចនៅក្រុង Ramallahកាលពីម្សិលមិញ លោក John Kerry រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានអញ្ជើញទៅកាន់ក្រុង Jérusalem នៅថ្ងៃចន្ទ៨មេសានេះ។ ប្រកបដោយគោលដៅយ៉ាងច្បាស់លាស់មួយ ដើម្បីជំរុញដល់កិច្ចចរចាសន្តិភាពឡើងវិញនៅតំបន់ដើមបូព៌ាដែលត្រូវជាប់គាំងតាំងពី២ឆ្នាំកន្លះមកហើយ។ ការអញ្ជើញមកកាន់តំបន់ដើមបូព៌ារបស់លោក John Kerry នាពេលនេះ គឺដើម្បីចាំស្តាប់ជំហររបស់គូភាគីបដិបក្សទាំងពីរនៅក្នុងតំបន់គឺប៉ាឡេស្ទីននិងអ៊ីស្រាអែល។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០៣:២២
ចេញពីប្រទេសតួកគី លោកJohn Kerry រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានវិលទៅកាន់តំបន់ដើមបូព៌ាវិញកាលពីថ្ងៃអាទិត្យម្សិលមិញ ដោយតម្រង់ឆ្ពោះទៅកាន់ក្រុង Ramallah ក្នុងតំបន់ Cisjordanie តែម្តង ។
គោលដៅគឺដើម្បីជួបសន្ទនាជាមួយលោក Mahmoud Abbas.ប្រធានរដ្ឋអំណាចប៉ាឡេស្ទីន ដែល ជាទស្សនកិច្ចលើកទី៣របស់លោករដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក នៅតំបន់ដើមបូព៌ាក្នុងរយៈពេលមិនដល់មួយខែផង។
នៅថ្ងៃអង្គារទី៩មេសាស្អែកនេះលោក John Kerry នឹងត្រូវជួបប្រាស្រ័យជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu។
ភាគីអាមេរិកនិងប៉ាឡេស្ទីន បានបន្តកិច្ចចរចារបស់ខ្លួន កាលពីចុងខែមីនាមុន នៅឱកាសដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តរបស់លោកប្រធានាធិបតីអាមេរិកបារ៉ាកអូបាម៉ានៅអ៊ីស្រាអែលនិងនៅដែនដីប៉ាឡេស្ទីន។
ជំនួបប្រាស្រ័យគ្នាលើកនេះ រវាងភាគីអាមេរិកនិងប៉ាឡេស្ទីនដែលស៊ីពេលអស់៨០នាទី ផ្តោតទៅលើ វិធីនៃការបង្កើត បរិយាកាសដែលប្រកបដោយវិជ្ជមានមួយសម្រាប់កិច្ចចរចាសន្តិភាពនៅតំបន់ដើមបូព៌ា។ អ្នកទទួលខុសត្រូវម្នាក់នៃក្រសួងការបរទេសអាមេរិកម្នាក់ បានវាយតម្លៃ ថា ជំនួបរវាងលោក Kerry និងលោក Abbas.ម្សិលមិញនេះមានលក្ខណៈប្រកបដោយការស្ថាបនា។
ប៉ុន្តែអ្វីដែលលោក Kerry ប្រាថ្នាចង់បានមុនគេបង្អស់នៅពេលនេះ គឺចង់ស្តាប់ឮពីជំហរ របស់ភាគីទាំងប៉ាឡេស្ទីននិងទាំងអីស្រាអែល ជាពិសេជំហរមួយដែលអាចនឹងផ្តល់សន្ទុះដល់កិច្ចចរចាសន្តិភាពឡើងវិញដែលត្រូវជាប់គាំងតាំងពីខែកញ្ញាឆ្នាំ២០១០មក។
ចំណែកលោកប្រធានរដ្ឋអំណាចប៉ាឡេស្ទីន បានឆ្លើយតបលោក Kerry វិញ ដោយបញ្ជាក់សារជាថ្មីទៀតការទាមទាររបស់លោក សុំឲ្យអ៊ីស្រាអែលលើកផ្អាកការសាងសង់លំនៅឋាននានានៅតំបន់អាណានិគម Juif ដែលជាបញ្ហាដ៏សំខាន់បំផុតសម្រាប់រូបលោកប្រធានរដ្ឋអំណាចប៉ាឡេស្ទីន។ មិនតែប៉ុណ្ណោះ លោក Mahmoud Abbas ថែមទាំងបានសុំឲ្យភាគីអ៊ីស្រាអែលធ្វើការដោះលែងអ្នកទោសប៉ាឡេស្ទីនដែលជាប់ទោសយូរជាងគេនៅក្នុងពន្ធនាគារអ៊ីស្រាអែលផងដែរ។
លោក Mahmoud Abbas ថែមទាំងសុំ ធ្វើការ ចរចាផងដែរ ឲ្យមានការដកកងទ័ពអ៊ីស្រាអែលទាំងអស់ចេញពីតំបន់ Cisjordanie និង ពីក្រុង Jérusalemខាងកើតដែលអ៊ីស្រាអែលបានកាន់កាប់តាំងពីតាំងពីឆ្នាំ១៩៦៧មក។
នៅ Istanbul រដ្ឋធានីនៃប្រទេសតួកគី លោករដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានតើនរំលឹកអ៊ីស្រាអែលនិងតួកគី ឲ្យធ្វើការពន្លឿនជាបន្ទាន់ដែរ ទំនាក់ទំនងជាមួយនឹងគ្នាជាប្រក្រតីឡើងវិញ ដោយលោកបានគូសបញ្ជាក់ផងដែរ ពីតួនាទីគន្លឺះដ៏សំខាន់របស់តួកគីក្នុងការផ្តល់សន្ទុះជាយថាហេតុដល់ដំណើរស្វែងរកសន្តិភាពនៅតំបន់ដើមបូព៌ា។
នៅចំពោះមុខអ្នកសារព័ត៌មាន លោក John Kerry បានថ្លែងថា « ប្រទេសតួកគី អាចដើរតួនាទីដ៏សំខាន់មួយតាមបែបផែនជាច្រើន ក្នុងការចូលរួមវិភាគទានដ៏សំខាន់បំផុតមួយដល់ដំណើរស្វែងរកសន្តិភាពនៅតំបន់់ដើមបូព៌ាដោយសារតែប្រទេសនេះមានថាមពលនិងភាពស្វាហាប់។
ក៏ប៉ុន្តែ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អ៊ីស្រាអែលលោក Tzipi Livni ដែលទទួលបន្ទុកសំណុំរឿងនៃកិច្ចចរចានេះ បានបដិសេធរូចជាស្រេចដែរ តួនាទីរបស់តួកគីនៅខណៈនេះ នៅលើការផ្តល់សន្ទុះឡើងវិញនូវកិច្ចចរចារវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ