អានតួអត្ថបទ
អ៊ុយក្រែន-រុស្ស៊ី

ប្រធានាធិបតី​អ៊ុយក្រែន​នឹងជួប​ប្រធានាធិបតី​រុស្ស៊ី​នៅប្រទេស​អ៊ីតាលី

ប្រធានាធិបតី​អ៊ុយក្រែន លោក​ពេត្រូ ប៉ូរ៉ូឆិនកូ បាន​ប្រកាស​នៅថ្ងៃ​សៅរ៍​ទី ១១ តុលាថា លោក​នឹង​ជួប​ ប្រមុខដឹកនាំ​រុស្ស៊ី លោកវ្លាឌីមៀរ ពូទីន នៅថ្ងៃ​សុក្រ​សប្តាហ៍ក្រោយ នៅក្នុង​ឱកាស​ជំនួប​កំពូល​អាស៊ី អ៊ឺរ៉ុប​ដែល​ត្រូវ​រៀបចំ​នៅទីក្រុង​មីឡង់ ប្រទេស​អ៊ីតាលី។ តាម​លោក​ប្រធានាធិបតី អ៊ុយក្រែន ជំនួបរបស់លោក ជាមួយ​លោក​ពូទីន នៅក្រៅ​កិច្ចប្រជុំ​កំពូល​អឺរ៉ុប អាស៊ី​នឹង​ផ្តោត​សំខាន់​ទៅលើ​ដំណើរ​ស្វែងរក​សន្តិភាព​នៅ​តំបន់​ភាគខាងកើត​អ៊ុយក្រែន។  

លោក​ប្រធានាធិបតី​អ៊ុយក្រែន​ធ្វើ​ទស្សនកិច្ច​នៅ​រោងចក្រ​ផលិត​សព្វាវុធ​នៅ​Kharkiv នៅថ្ងៃ​ទី ១១​ខែ​តុលា ២០១៤
លោក​ប្រធានាធិបតី​អ៊ុយក្រែន​ធ្វើ​ទស្សនកិច្ច​នៅ​រោងចក្រ​ផលិត​សព្វាវុធ​នៅ​Kharkiv នៅថ្ងៃ​ទី ១១​ខែ​តុលា ២០១៤ ©REUTERS/Ukrainian Presidential Press Service
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ទីក្រុង​ខាគៀវ នៃ​ភាគខាងកើត​ប្រទេស ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​តំបន់​គ្រប់គ្រង​ដោយ​ក្រុមឧទ្ទាម និយម​រុស្ស៊ី លោកប្រធានាធិបតី​អ៊ុយក្រែន​បាន​លើក​ឡើង​ពី​សុទិដ្ឋិនិយម​របស់លោក នៅក្នុង​ជំនួប​ជាមួយ​លោក​ពូទីន ប្រធានាធិបតី​រុស្ស៊ី នៅ​ថ្ងៃ​សុក្រ​សប្តាហ៍ក្រោយ។ ប៉ុន្តែ លោក​ទទួល​ស្គាល់​ថា ការចរចា​ទាំងឡាយ​ជាមួយ​លោក​ពូទីន​នឹង​មិន​ប្រព្រឹត្ត​ទៅ​ដោយ​ស្រួលៗ​ឡើយ។

 
តាម​លោក​ប្រធានាធិបតី​អ៊ុយក្រែន នាយករដ្ឋមន្រ្តី​ អង់គ្លេស អ៊ីតាលី និ​ង​អាល្លឺម៉ង់នឹង​ចូលរួម​ក្នុង​ជំនួប​រវាង​លោក និង​លោក​ពូទីន ក្នុង​ទីក្រុង​មីឡង់។

ជំនួប​ជាថ្មី​រវាង​ប្រមុខដឹកនាំ​អ៊ុយក្រែន និង​រុស្ស៊ី​អាច​ចេញ​ជា​រូបរាង បន្ទាប់ពី​ប្រមុខដឹកនាំ​ប្រទេស​ទាំងពីរ​ត្រូវ​​បាន​លើក​ទឹកចិត្ត​ឲ្យ​ជួបគ្នា នៅក្នុង​ពិធីបុណ្យ​ជាតិ​បារាំង កាលពីខែ​មិថុនា។ បន្ទាប់មក លោក​ប៉ូរ៉ូឆិនកូបាន​ជួប​ ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​ជាលើកទីមួយ ជាផ្លូវការ នៅក្នុង​កិច្ចប្រជុំ​ក្នុង​ប្រទេស​​បេឡូរុស្ស៊ី នៅថ្ងៃ​ទី ៥​កញ្ញា ដែល​នៅទីនោះ លោកពូទីន និង​លោក​ប៉ូរ៉ូឆិនកូ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង ជំរុញ​ឲ្យ​មាន​បទឈប់​បាញ់​នៅ​តំបន់​ភាគ​ខាង​កើត​​អ៊ុយក្រែន។

តាម​អង្គការ​សហប្រជាជាតិ ​បទ​ឈប់បាញ់នៅទីក្រុង​Minksបាន​កាត់បន្ថយ​ជម្លោះ​ប្រដាប់​អាវុធនៅ​អ៊ុយក្រែន ដែល​បាន​សម្លាប់មនុស្ស​ជាង ៣ពាន់ ៦​រយ​នាក់ នៅក្នុង​រយៈពេល​៦ខែ​ចុងក្រោយនេះ។ ប្រទេស​លោកខាងលិច ជាពិសេស អាមេរិក និង​ទីក្រុង​គៀវ បាន​ចោទ​រុស្ស៊ី​ថា ជា​អ្នកគាំទ្រ ផ្គង់ផ្គង់​អាវុធ​ដល់​ក្រុមឧទ្ទាម​ បំបែក​ទឹកដី​នៅភាគខាងកើត​អ៊ុយក្រែន។ ប៉ុន្តែ ទាំង​ទីក្រុង​ម៉ូស្គូ និង​ក្រុមបំបែក​ទឹកដី​អ៊ុយក្រែន បាន​ចោទ​រដ្ឋាភិបាល​អ៊ុយក្រែន​ថា បាន​​វាយប្រហារ​ទៅលើ​ភូមិ និង​សម្លាប់​ប្រជាជន​ស៊ីវិល នៅភាគខាងកើត​អ៊ុយក្រែន។

តាមអ្នកវិភាគ ជំនួប​ពិភាក្សា​រវាង​មេដឹកនាំ​រុស្ស៊ី និង​អ៊ុយក្រែន​អាចតានតឹង ឬ​ធូរស្រាល គឺ​អាស្រ័យ​ទៅលើ​លទ្ធផល​នៃ​ជំនួប​រវាង​ប្រមុខការបរទេស​រុស្ស៊ី និង​អាមេរិក ដែល​ត្រូវ​ធ្វើ​នៅទីក្រុង​ប៉ារីស នៅ​ថ្ងៃ​អង្គារ គឺ​បីថ្ងៃ មុនជំនួប​រវាង​​លោក​ប៉ូរ៉ូឆិនកូ និង​លោកពូទីន។​​

ក្រៅតែ​ពីជជែក​ជាមួយ​ប្រមុខ​ដឹកនាំ​រុស្ស៊ី ដើម្បី​ស្វែងរក​កិច្ចព្រមព្រៀង​សន្តិភាព​នៅ​តំបន់​ខាងកើត​អ៊ុយក្រែន លោក​ប្រធានាធិបតី​ប៉ូរ៉ូឆិនកូ​បាន​បញ្ជាក់ថា លោក​ និង​លោក​ពូទីន​នឹង​និយាយ​ផងដែរ​ពី​វិធានការ​កាត់ផ្តាច់ មិន​ផ្តល់​ឧស្ម័ន​រុស្ស៊ី​ទៅឲ្យ​អ៊ុយក្រែន។ រុស្ស៊ី​ផ្អាក​មិន​បញ្ជូន​ឧស្ម័ន​ទៅ​អ៊ុយក្រែន នឹង​ជា​ប្រធានបទ​សំខាន់​មួយ​ដែរ ដែល​គេ​នឹង​លើក​យក​ទៅ​ជជែក​នៅ​ប្រទេស​អាល្លឺម៉ង់ នៅថ្ងៃ​ទី ២១​ខែ​តុលានេះ។​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ