អានតួអត្ថបទ
រុស្ស៊ី

ពូទីន​ថ្លែង​របាយការណ៍​ប្រចាំឆ្នាំ​ទៅ​កាន់​សភា​ឌូម៉ា

លោក​ពូទីន​ដែល​ថ្ងៃទី​១១ មេសា​នេះ ថ្លែង​ពី​លើ​វេទិកា​សភា​ឌូម៉ា គឺ​ដើម្បី​លើក​ឡើង​អំពី​ការងារ​រដ្ឋាភិបាល​គាត់ ទាំង​ក្នុង​ឆ្នាំ​២០១១​កន្លង​ទៅ ទាំង​បូក​សរុប​លទ្ធផល​ក្នុង​រយៈពេល ៤ ឆ្នាំ ដែល​គាត់​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​តាំង​ពី​ឆ្នាំ​២០០៨​មក។ ហើយ​ជា​លើកទី១ គឺ​ក្នុង​ឋានៈ​ជា​ប្រធានាធិបតី​ឈ្នះឆ្នោត​ដែល​នឹង​ឡើង​កាន់​តំណែង​កំពូល​នេះ នៅ​ថ្ងៃទី៧ ឧសភា​ខាង​មុខ។

លោក ពូទីន នាយករដ្ឋមន្រ្តី​រុស្ស៊ី
លោក ពូទីន នាយករដ្ឋមន្រ្តី​រុស្ស៊ី
ផ្សាយពាណិជ្ជកម្ម

ជា​បឋម គួរ​និយាយ​ថា ពិត​ជា​ក្នុង​សម័យ​ដែល​លោក​ពូទីន​ធ្វើជា​នាយក​រដ្ឋមន្ត្រី​តែ​ម្តង ដែល ”ច្បាប់​ស្តី​អំពី​រដ្ឋាភិបាល” តម្រូវ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​រាយការណ៍​ជូន​ពួក​អ្នកតំណាងរាស្ត្រ អំពី​សកម្មភាព​គណៈរដ្ឋមន្ត្រី​ខ្លួន​នៃ​ឆ្នាំ​កន្លង​ទៅ។ ជាក់ស្តែង​ដោយ​ថ្លែង​របាយការណ៍​បែប​នេះ​ជា​លើកទី១​ក្នុង​ឆ្នាំ​២០០៩ លោក​ពូទីន​បាន​រៀបរាប់​អំពី​វិធានការ​ជំនះ​យ៉ាង​ជោគជ័យ​លើ​វិបត្តិ ឆ្នាំ​២០០៨។ បន្ទាប់​មក របាយការណ៍​គាត់​ក្នុង​ឆ្នាំ ២០១០ គឺ​អំពី​ស្ថិរកម្ម​នៃ​ស្ថានការណ៍​សេដ្ឋកិច្ច។ ហើយ​ក្នុង​ឆ្នាំ២០១១ គឺ​អំពី​ចំណាត់ការ​ឆ្ពោះ​ទៅ​ស្តារ​ឡើង​វិញ ចង្វាក់​នៃ​កំណើន​សេដ្ឋកិច្ច។ ឥឡូវ ក្នុង​របាយការណ៍​ឆ្នាំ​២០១២​នេះ លោក​ពូទីន​ថ្លែង​ថា គិត​មក​ទល់​ចុង​ឆ្នាំ​២០១១ ទំនោរ​វិបត្តិ​ត្រូវ​បាន​រដ្ឋាភិបាល​គាត់​កំចាត់​បាន​ទាំង​ស្រុង។

តាម​ប្រសាសន៍​លោកពូទីន ចំពោះ​លទ្ធផល​នៃ​ការងារ​ដែល​មាន​បំពេញ​បាន រដ្ឋាភិបាល​គាត់​គ្មាន​អ្វី​គួរ​ឲ្យ​អៀន​ខ្មាស​ឡើយ។ យ៉ាង​ណា​មិញ៖ ផលិតផល​សរុប​ក្នុង​ប្រទេស ហៅ​ថា GDP បាន​កើន​ខ្ពស់​ជាង​សម័យ​មុន​វិបត្តិ​ទៅ​ហើយ។ អតិផរណា​ក្នុង​ឆ្នាំ​២០១១​កន្លង​ទៅ ចុះ​មក​នៅ​ត្រឹម​៦,១% ទល់​នឹង ១៣,៣% កាល​ពី​៤ឆ្នាំ​មុន។ ក្នុង​ឆ្នាំ ២០១១ កសិផល​ក្នុង​ប្រទេស​បាន​កើន​ឡើង ២២% ហេតុ​ដែល​លើក​ទំហំ​នៃ​ស្រូវ​សាលី​ដែល​រុស្ស៊ី​នាំ​ចេញ​ទៅ​ក្រៅ ឡើង​ដល់​ចំណាត់​ថ្នាក់​ទី២​នៅ​ក្នុង​លោក។ ប្លែក​ខុស​ពី​រដ្ឋ​ភាគច្រើន​ក្នុង​លោក ថវិកាជាតិ​រុស្ស៊ី​បាន​បញ្ចប់​ឆ្នាំ​ហិរញ្ញវត្ថុ ២០១១ ដោយ​ខ្ទង់​ចំណូល លើស​ពី​ខ្ទង់​ចំណាយ ទេ​តើ។ បើ​ប្រៀប​ទៅ​នឹង​ប្រទេស​លូតលាស់​ជា​ច្រើន បែប​យ៉ាង ស.រ.អា. ដែល​បំណុល​រដ្ឋ​វាត់​ខ្ពស់​ជាង ១០០% នៃ GDP ហើយ​នៅ​អឺរ៉ុប​ខាង​លិច ទ្រនិច​លេខ​មធ្យម​នៃ​បំណុល​នេះ គឺ​ម្តុំ៩០%នៃ GDP បំណុល​នេះ​របស់​រុស្ស៊ី គឺ​មាន​កម្រិត​មិន​ដល់​ទាំង ១០%ផង នៃ GDP ដែល​ពី​ក្នុង​នោះ គឺ​តែ​២% ប៉ុណ្ណោះ​ដែល​ជំពាក់​បរទេស។ ទ្រនិច​លេខ​បំណុល​រដ្ឋ​របស់​រុស្ស៊ី តាម​ដែល​លោកពូទីន​គូស​បញ្ជាក់ គឺ​ជា​ទ្រនិច​លេខ​មួយ​ដ៏​ប្រសើរ​ជាង​គេ ទាំង​ក្នុង​ចំណោម​ប្រទេស G-8 G-20 និង BRICS។

ប៉ុន្តែ​លោក​ពូទីន នៅ​តូច​ចិត្ត ដោយ​សង្កេត​ឃើញ​ថា គម្លាត​រវាង​ចំណូល​របស់​ពួក​អ្នកមាន និង​អ្នកក្រ​នៅ​រុស្ស៊ី នៅ​តែ​ខ្ពស់​ដដែល ដល់​ទៅ​១៦​ដង បើ​ប្រៀប​ទៅ​នឹង​តួលេខ​បែប​នេះ នៅ​បស្ចិមលោក ឧទាហរណ៍ នៅ​ប្រទេស​អាល្លឺម៉ង់ និង​បារាំង​ដែល​តែ​ពី៥ ទៅ ៧​ដង​ប៉ុណ្ណោះ។

សុន្ទរកថា​លោក​នាយក​រដ្ឋមន្ត្រី​ពូទីន នៅ​ពី​មុខ​សភា​ឌូម៉ា​រុស្ស៊ី ដែល​លើក​ឡើង​អំពី​សមិទ្ធិផល​រដ្ឋាភិបាល​គាត់​លើ​គ្រប់​វិស័យ​នៃ​សេដ្ឋកិច្ចជាតិ​បាន​ពន្យារ​ទៅ​អស់ ១ម៉ោង​និង ៤០នាទី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ