អានតួអត្ថបទ
ម៉ាលី

បោះឆ្នោត​ប្រធានាធិបតី​ម៉ាលី៖​ បេក្ខជន​សំខាន់​ពីរ​ ប្រាប់ថា​ខ្លួន​មាន​ប្រៀប​លើ​​គេ​​​

ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ជុំទីមួយ នៅ​ប្រទេស​ម៉ាលី ​នៅ​ថ្ងៃ​អាទិត្យ​កន្លង​មក នៅ​មិន​ទាន់​​ផ្តល់​លទ្ធផល​​ជា​ផ្លូវការ​នៅ​ឡើយ​ទេ។ លទ្ធផល​នឹង​ប្រកាសអោយដឹង ​នៅ​ថ្ងៃ​សុក្រ​ទី​២សីហា​ យ៉ាងយូរ។ ប៉ុន្តែ យោងតាម​លទ្ធផល​មិន​ផ្លូវការ​ផ្តល់​ដោយ​សារព័ត៌មាន​ឯកជន​នានា​ ​បេក្ខជន​ អ៊ីប្រាហ៊ីម ប៊ូបាកា កីតា អតីត​នាយករដ្ឋមន្ត្រី​ម៉ាលី ​ប្រហែល​ជា​អាច​ឈ្នះ​ដោយ​សម្លេង​ភាគ​ច្រើនដាច់​ខាត ​​​​នៅ​ជុំ​ទីមួយ​នេះ​។ ទោះ​យ៉ាងនេះក្តី បេក្ខជន​ ស៊ូម៉ៃឡា ស៊ីសសេ ​ដែល​ជា​បេក្ខជន​មាន​ប្រជាប្រិយ​ភាព​​​ដែរ​នោះ ក៏​បាន​ប្រកាស​ថា លោក​ជា​អ្នក​ឈ្នះ​ក្នុង​ជុំទីមួយផងដែរ ហើយ​បន្ថែម​ថា នឹង​មាន​ការ​បោះឆ្នោត​នៅ​ជុំទីពីរ​ទៀត។

ការ​រាប់​សន្លឹកឆ្នោត​ កាលពី​ថ្ងៃ​អាទិត្យ​ទី​២៨ កក្កដា នៅ​ម៉ាលី។
ការ​រាប់​សន្លឹកឆ្នោត​ កាលពី​ថ្ងៃ​អាទិត្យ​ទី​២៨ កក្កដា នៅ​ម៉ាលី។ REUTERS/Joe Penney
ផ្សាយពាណិជ្ជកម្ម

បើ​គ្មាន​បេក្ខជន​ណា​ទទួល​សម្លេង​ភាគច្រើន​ដាច់​ខាតនោះ​ទេ ការបោះឆ្នោត​ជុំទីពីរ​​នឹង​ប្រព្រឹត្ត​ទៅ នៅ​ថ្ងៃ​​១១សីហា។ យោងតាម​ព័ត៌មាន​មិន​ផ្លូវការ​​ផ្តល់ដោយ​សារព័ត៌មាន​ឯកជន​ផ្សេងៗ អតីតនាយករដ្ឋមន្ត្រី អ៊ីប្រាហ៊ីម ប៊ូបាកា កីតា អាច​ទទួល​ជោគជ័យ​​ក្នុង​ការ​បោះឆ្នោត​​ជុំ​ទីមួយ​​ ជាមួយ​សម្លេងភាគច្រើន​ដាច់ខាត។ លោកកីតា​ផ្ទាល់​ ក៏​បាន​ប្រាប់​ដែរ​ថា យោង​តាម​ព័ត៌មាន​​ពី​​ក្រុម​លោក​ គឺ​លោក​ជា​អ្នក​ឈ្នះ​ ហើយ​ប្រហែល​ជា​គ្មាន​ការ​បោះឆ្នោត​នៅ​ជុំទីពីរ​នោះទេ។​

ដោយឡែក គូប្រជែង​របស់​លោក កីតា គឺ​បេក្ខជន​​ ស៊ូម៉ៃឡា ស៊ីសសេ ​អតីត​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ និង​ជាអតីត​​ប្រធាន​សហភាព​សេដ្ឋកិច្ចនិង​រូបិយវត្ថុ​អាហ្វ្រិក​ខាងលិច​ ​ បាន​បដិសេធ​ព័ត៌មាន​ផ្តល់ដោយ​សារព័ត៌មាន​ឯកជន ដោយ​លើកឡើង​ថា នឹង​មាន​​​ការ​បោះឆ្នោត​នៅ​ជុំទីពីរ​។ កាលពី​ថ្ងៃ​ចន្ទ​​ម្សិលមិញ​ បេក្ខជន​បីរូបទៀត​ដែល​ស្ថិត​ក្នុង​​រណសិរ្ស​ប្រឆាំង​នឹង​ការបះបោរ​​ក្រុម​នយោបាយ​ប្រដាប់​អាវុធ គឺ​រណសិរ្ស​​តែមួយ​ជាមួយ​លោកស៊ីសសេ​ដែរ​នោះ ក៏​បាន​លើកឡើងថា ការបោះឆ្នោត​ជុំទីពីរ​គឺ​ចៀស​មិន​រួច​នោះ​ទេ។ ពួក​គេ​បន្ថែម​ថា ការិយាល័យ​បោះឆ្នោត​បិទទ្វារ​មិន​ដល់​ពីរ​ម៉ោងផង សារព័ត៌មាននានា​ប្រញាប់​​​បង្ហាញ​លទ្ធផល​យ៉ាង​តក់​ក្រហល់ ហើយ​មិន​ដឹង​ថា​តើលទ្ធផល​នោះបាន​​ពី​ណាទៀតសោត។ បេក្ខជន​​ ស៊ូម៉ៃឡា ស៊ីសសេ ​សង្ស័យថា ការបោះ​ឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​​មាន​ភាព​មិន​ប្រក្រតី។

ទោះ​យ៉ាងនេះ​ក្តី កាលពី​ថ្ងៃ​អាទិត្យ​កន្លង​មក ប្រជាជន​ម៉ាលី​​​ប្រហែល​​​៦លាន​​៩សែន​នាក់ បាន​នាំគ្នា​ទៅបោះ​ឆ្នោត​រើស​ប្រធានាធិបតី។ តួលេខ​​នេះ​ត្រូវ​នឹង​៥០ភាគរយ គឺ​មាន​លើសលុប​ គឺ​លើស​​ពី​ការ​បោះ​ឆ្នោត​​​​កន្លង​មក ដែល​មាន​មិន​​លើស​ពី​៣៨ភាគរយ​ផង។

ជាង​នេះទៀត ការបោះ​ឆ្នោត​​បាន​ប្រព្រឹត្ត​ទៅ​ក្នុង​ភាព​ស្ងប់ស្ងាត់ ​គ្មានការ​ប៉ះទង្គិច រឺ​ហិង្សា​កើតឡើង​ឡើយ។ ប្រទេស​បារាំង​ដែល​​បាន​ធ្វើ​អន្តរាគមន៍ដោយ​ជោគជ័យ ​រំដោះប្រទេស​​ម៉ាលី​ អោយ​ផុត​ពី​​ក្រុម​ឧទ្ទាម​នោះ បាន​សំដែង​​ការ​​អបអរ​ចំពោះ​​ដំណើរ​​​ការបោះឆ្នោត​នេះ។ សហរដ្ឋអាមេរិក​វិញ​បាន​​ជំរុញ​​អោយ​​គ្រប់​បេក្ខជន​នយោបាយ​ទាំងអស់​​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ផ្លូវការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ