អានតួអត្ថបទ
កម្ពុជា

ក្លឹប​អ្នក​កាសែត​កម្ពុជា បើក​វេទិកា​តុ​មូល​ប្រមូល​មតិ​អ្នក​កាសែត ចំពោះ​ការ​បង្កើត​ច្បាប់​ស្ដី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​

អ្នក​កាសែត​ខ្មែរ​ជាង​៥០​នាក់ មក​ពី​ស្ថាប័ន​សារព័ត៌មាន​ជា​ច្រើន បាន​ជួប​ប្រជុំ​គ្នា​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៣០​ធ្នូ​នេះ នៅ​ក្នុង​វេទិកា​តុ​មូល ស្ដី​ពី​អនុសាសន៍​អ្នក​សារព័ត៌មាន ចំពោះ​ការ​បង្កើត​ច្បាប់​ស្ដី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន។ នៅ​ក្នុង​ការ​ជជែក​ពិភាក្សា​ពេញ​មួយ​ព្រឹក​នេះ អ្នក​កាសែត​បាន​លើក​ឡើង​ពី​បទ​ពិសោធ ការ​ប្រឈម និង​ជា​ពិសេស អនុសាសន៍​ដែល​នឹង​ត្រូវ​យក​ទៅ​ពិភាក្សា​នៅ​ក្នុង​វេទិកា​និពន្ធ​នាយក នៅ​ពេល​រសៀល​នេះ។  

វេទិកា​តុ​មូល​ដើម្បី​ប្រមូល​អនុសាសន៍​របស់​អ្នក​កាសែត។
វេទិកា​តុ​មូល​ដើម្បី​ប្រមូល​អនុសាសន៍​របស់​អ្នក​កាសែត។ RFI/Im Rachana
ផ្សាយពាណិជ្ជកម្ម

វេទិកា​តុ​មូល​ដើម្បី​ប្រមូល​អនុសាសន៍​របស់​អ្នក​កាសែត ចំពោះ​ការ​បង្កើត​ច្បាប់​ទទួល​បាន​ព័ត៌មាន ត្រូវ​បាន​បើក​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៣០​ធ្នូ​នេះ នៅ​ឯ​សណ្ឋាគារ កាំបូឌីយ៉ាណា។ ជា​វេទិកា ដែល​រៀប​ចំ​ដោយ​ក្លឹប​អ្នក​កាសែត​កម្ពុជា ក្នុង​បំណង​ធ្វើ​យ៉ាង​ណា ​ឲ្យ​​ច្បាប់ស្ដី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន ​ឆ្លើយតប​នឹង​សេចក្តីត្រូវការ​របស់​អ្នកកាសែត នៅក្នុង​ការបំពេញ​ការងា​រ​​​ប្រកបដោយ​ប្រសិទ្ធភាព​។

ក្នុង​វេទិកា​ជជែក​ពិភាក្សា​ពេញ​មួយ​ព្រឹក វាគ្មិន​ជា​និពន្ធ​នាយក​មក​ពី​ស្ថាប័ន​សារព័ត៌មាន​ផ្សេង​ៗ បាន​លើក​ឡើង​ពី​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នៅ​ប្រទេស​នានា ដូច​ជា បារាំង ជប៉ុន និង​អាមេរិក ជា​ដើម​។ ជា​ការ​លើក​ឡើង ដើម្បី​ជា​ទុនដល់​អ្នក​កាសែត​នានា ស្វែង​យល់ មុន​នឹង​ឈាន​ទៅ​ពិភាក្សា​អំពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នៅ​កម្ពុជា។

ជា​លទ្ធផល អ្នក​កាសែត​ បាន​លើក​ជា​អនុសាសន៍​ថា ក្រសួង​ព័ត៌មាន ដែល​ទទួល​បន្ទុក​តាក់តែង​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន គួរ​តែ​រៀប​ចំ​ជា​សិក្ខា​សាលា​ថ្នាក់​ជាតិ​ជា​សាធារណៈ ដើម្បី​ប្រមូល​មតិ​យោបល់​ផ្សេង​ៗ ទាំង​មុន និង​ក្រោយ​​ការ​បង្កើត​សេចក្ដី​ព្រាង​ច្បាប់។ ហើយ​សេចក្ដី​ព្រាង​ច្បាប់​នោះ​ទៀត​សោត គួរ​តែ​ត្រូវ​បានតាក់តែង​​ដោយ​អ្នក​ជំនាញ​ច្បាប់ ដែល​មាន​បទពិសោធ​នៅ​ក្នុង​វិស័យ​សង្គម និង​ព័ត៌មាន​។

ដោយ​ចំពោះ​​ច្បាប់​ស្ដី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន អ្នក​កាសែត​បាន​ជំរុញ​ឲ្យ​មាន​បទ​បញ្ញត្តិ​ ចាប់​បង្ខំ​ឲ្យ​ក្រសួង​ស្ថាប័ន​រដ្ឋ​នីមួយ​ៗ រៀបចំ​ឲ្យ​មាន​អ្នក​នាំ​ពាក្យ។ ហើយ​អ្នក​នាំ​ពាក្យ​នោះ​ទៀត​សោត ត្រូវ​តែ​ជា​បុគ្គល​ដែល​យល់​ដឹង​ពី​កិច្ច​ការ​របស់​​ក្រសួង​។ ក្នុង​ករណី​ដែល​អ្នក​នាំ​ពាក្យ​នោះ មិន​ផ្ដល់​ព័ត៌មាន​ដែល​អ្នក​កាសែត​គួរ​តែ​ដឹង ច្បាប់​ត្រូវ​តែ​ដាក់​ពិន័យ​ឲ្យ​បាន​ធ្ងន់ធ្ងរ។

នៅ​មាន​អនុសាសន៍​ជា​ច្រើន​ផ្សេង​ទៀត ដែល​​ត្រូវ​បាន​អ្នក​កាសែត​លើក​ឡើង​ផង​ដែរ ក្នុង​នោះ​រួម​មាន ការ​កំណត់​និយម​ន័យ​ពាក្យ​ដែល​ប្រើ​ប្រាស់​ឲ្យ​បាន​ច្បាស់​លាស់ ការ​រើស​អើង​ស្ថាប័ន​ព័ត៌មាន ការ​បង្កើត​គណៈកម្មការ​ឯករាជ្យ​ត្រួត​ពិនិត្យ​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន និង​ការ​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​​ដោយ​សង្ខេប​រវាង​រាជរដ្ឋាភិបាល និង​អ្នក​កាសែត​ជា​ដើម។

បទ​ពិសោធ ការ​ប្រឈម និង​ជា​ពិសេស អនុសាសន៍​ទាំង​អស់​ដែល​ត្រូវ​បាន​លើក​ឡើង ​ត្រូវ​យក​ទៅ​ពិភាក្សា​នៅ​ក្នុង​វេទិកា​និពន្ធ​នាយក នៅ​ពេល​រសៀល មុន​នឹង​ដាក់​ជូន​ទៅ​ក្រសួង​ព័ត៌មាន ដែល​ជា​ស្ថាប័ន​ទទួល​បន្ទុក​តាក់​តែង​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ